ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ ដែលរាតត្បាតទូទាំងសកលលោកបានកើនឡើងដល់ជាង ៣ ម៉ឺន ១ពាន់ នាក់។ ចំនួនអ្នកស្លាប់នៅក្នុងសហរដ្ឋអាមេរិក និងបារាំងបានកើនឡើងដល់ជាង ២ ពាន់នាក់ ចំណែកឯប្រទេសអេស៉្បាញវិញ ចំនួនអ្នកស្លាប់ក្នុងមួយថ្ងៃកើនឡើងខ្ពស់បំផុតរហូតដល់ ៨៣២ នាក់។ នេះបើយោងតាមស្ថិតិរបស់សាកលវិទ្យាល័យ Johns Hopkins នៅក្នុងសហរដ្ឋអាមេរិក។
ប្រទេសអ៊ីតាលីមានអ្នកស្លាប់រហូតដល់ជាង ១ ម៉ឺននាក់ ដែលស្មើនឹងមួយភាគបីនៃតួលេខអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ នេះនៅទូទាំងពិភពលោក។
ឥឡូវនេះ ចំនួនករណីឆ្លងជំងឺកូវីដ ១៩ នេះ កើនឡើងដល់ជិត ៦ សែន ៨ ម៉ឺននាក់ នៅទូទាំងពិភពលោក។ ចំនួនករណីឆ្លងជំងឺកូវីដ ១៩ នៅក្នុងសហរដ្ឋអាមេរិកកើនឡើងដល់ជិត ១ សែន ២ ម៉ឺន ៥ ពាន់នាក់។ កាលពីថ្ងៃសុក្រ សហរដ្ឋអាមេរិកបានក្លាយជាប្រទេសដែលមានចំនួនករណីឆ្លងជំងឺនេះច្រើនជាងគេបង្អស់នៅក្នុងពិភពលោក នៅពេលដែលតួលេខអ្នកឆ្លងកើនឡើងដល់ជាង ១ សែននាក់។
រដ្ឋញូវយ៉ក ដែលមានចំនួនអ្នកឆ្លងជាង ៥ ម៉ឺន ២ ពាន់នាក់ និងចំនួនអ្នកស្លាប់ជាង ៧០០ នាក់ គឺជារដ្ឋដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយសារជំងឺកូវីដ ១៩ នេះនៅក្នុងសហរដ្ឋអាមេរិក។
ដើម្បីជួយសម្រាលបន្ទុកប្រព័ន្ធសុខាភិបាលក្នុងរដ្ឋញូវយ៉ក ដែលកំពុងតែវក់វីដោយសារការឆ្លងរាតត្បាតវីរុសកូរ៉ូណាថ្មីនេះ ទាហានជើងទឹកសហរដ្ឋអាមេរិកកំពុងបញ្ជូននាវាពេទ្យមួយគ្រឿងឈ្មោះថា USNS Comfort ទៅកាន់កំពង់ផែញូវយ៉ក ដើម្បីជួយថែទាំអ្នកជំងឺផ្សេងៗក្រៅពីជំងឺកូវីដ ១៩។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើដំណើរទៅកាន់ទីក្រុង Norfolk រដ្ឋ Virginia កាលពីថ្ងៃសៅរ៍ ដើម្បីជូនដំណើរនាវា USNS Comfort។ នាវាដែលផ្ទុកទាហានជើងទឹកចំនួន ១.២០០ នាក់នេះ គ្រោងនឹងទៅដល់រដ្ឋញូវយ៉កនៅថ្ងៃច័ន្ទស្អែកនេះ។ នាវាពេទ្យនេះមានគ្រែពេទ្យចំនួន ១.០០០ សម្រាប់ព្យាបាលអ្នកជំងឺ។
ខណៈដែលរដ្ឋញូវយ៉កព្យាយាមទប់ស្កាត់កុំឲ្យវីរុសកូរ៉ូណានេះឆ្លងរាតត្បាតកាន់តែខ្លាំងថែមទៀត លោកAndrew Cuomo អភិបាលរដ្ឋនេះ បានថ្លែងកាលពីថ្ងៃសៅរ៍ថា ការបោះឆ្នោតបឋមដើម្បីជ្រើសរើសបេក្ខជនប្រធានាធិបតីនឹងត្រូវប្ដូរកាលបរិច្ឆេទពីថ្ងៃទី ២៨ ខែមេសា ទៅថ្ងៃទី ២៣ ខែមិថុនា វិញ៕
ប្រែសម្រួលដោយអ្នកស្រី ហុង ចិន្ដា