លោក​នាយក​រដ្ឋមន្ត្រី Johson នៃ​ចក្រភព​អង់គ្លេស​​ច្រានចោល​កិច្ចព្រមព្រៀង Brexit ហើយថា​នឹង​ដក​អង់គ្លេស​ចេញ​ពី ​EU​

នាយករដ្ឋមន្រ្តី​អង់គ្លេស​លោក Boris Johnson ថ្លែង​នៅ​ក្នុង House of Commons ក្នុង​ទីក្រុង​ឡុងដ៍​ប្រទេស​អង់គ្លេស​កាលពី​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ២០១៩។

លោកនាយក​រដ្ឋមន្ត្រី​អង់គ្លេស Boris Johson បាន​អំពាវនាវ​ដល់​សហភាពអឺរ៉ុប​ឱ្យ​ពិចារណា​ជាថ្មី​អំពី​សេចក្តី​សម្រេចរបស់​ខ្លួន​ក្នុងការ​មិនធ្វើការ​ចរចា​ជា​ថ្មីអំពី​កិច្ច​ព្រមព្រៀង Brexit ហើយ​លោកបានសន្យា​ថា​នឹង​ដក​ចក្រភាពអង់គ្លេសចេញ​ពី bloc នេះ​ដែល​មានប្រទេសជាតិ២៨​ជា​សមាជិក​ដោយមិនមានកិច្ចព្រមព្រៀង​ថ្មីមួយ​បើ​ជា​ការ​ចាំ​បាច់។

នៅ​ក្នុង​សុន្ទរកថា​ទី​មួយ​របស់លោក​កាលពីថ្ងៃព្រហស្បតិ៍​នៅខាង​មុខ​សភា​ចាប់តាំង​ពី​លោក​បានកាន់តំណែង​នាយករដ្ឋមន្ត្រីមក លោក​ Johson បាននិយាយ​ថា​កិច្ចព្រមព្រៀង Brexit ដែល​បានត្រូវធ្វើការ​ចរចា​ដោយលោកស្រី Theresa May ដែលជា​អ្នកកាន់តំណេង​មុនលោក​ជាការ«មិនអាច​ទទួល​យក​បានទេ» ដោយ​លោកនៅតែនិយាយអះអាង​ថា​លោក​ស្រី​បាន«បោះបង់ចោល» ឯករាជ្យ​ខាងសេដ្ឋកិច្ច​និង​ខាង​រដ្ឋាភិបាល​របស់​អង់គ្លេស។​

លោក Johson បាន​និយាយ​ទទូចថា​លោក​ចង់ឱ្យមានកិច្ចព្រមព្រៀង​ថ្មី​មួយ ក៏ប៉ុន្តែ​លោកក៏​បាន​ថ្លែង​ដែរថាចក្រភពអង់គ្លេស​ប្រុង​ប្រៀប​ល្អប្រសើរ​ជាងការណ៍​ដែលអ្នកសង្កេតការ​ភាគ​ច្រើន​មានជំនឿដោយ​ចាកចេញ​ពី​សហភាព​អឺរ៉ុប​ដោយគ្មាន​កិច្ច​ព្រមព្រៀងមួយ។​

លោក Johson បាននិយាយថា៖ «ខ្ញុំ​សង្ឃឹម​ថា​សហភាព​អឺរ៉ុប​ក៏មាន​ការប្រុង​ប្រៀបដូចគ្នា​ដែរហើយថា​ពួក​គេ​នឹងពិចារណា​ជា​ថ្មី​អំពី​ការប្រកែក​ក្នុងពេល​បច្ចុប្បន្ន​របស់ពួកគេ​មិនព្រមធ្វើការកែប្រែ​ណាមួយ​ដល់​កិច្ចព្រមព្រៀង​ដក​ខ្លួននេះ។ ប្រសិនបើពួកគេ​មិនពិចារណា​ជា​ថ្មី ជាការ​ពិត យើង​នឹង​ត្រូវតែ​ចាកចេញ​ពី​សហភាព​អឺរ៉ុប​ដោយ​គ្មាន​កិច្ចព្រមព្រៀងទេ»។

បើតាម​មន្ត្រី​សហភាពអឺរ៉ុប​ម្នាក់​ដែល​គេ​មិនប្រាប់ឈ្មោះ​ថាលោក​ Jean-Claude Juncker ប្រធានគណៈកម្មការ​សហភាព​អឺរ៉ុបបាន​និយាយ​ប្រាប់លោក Johson នៅ​ក្នុង​ការ​សន្ទនា​គ្នា​តាមទូរសព្ទ​កាលពីថ្ងៃ​ព្រហស្បតិ៍ថា​កិច្ចព្រមព្រៀង​ដែលមានហើយ​នោះជា«កិច្ចព្រមព្រៀង​ល្អបំផុតនិង​ជា​កិច្ចព្រមព្រៀង​តែ​មួយ​គត់​ដែលអាច​មាន​បាន»៕