Hello VOA សុខភាព៖ ការធ្វើលំហាត់ប្រាណទាំងកាយសម្បទា និងខួរក្បាលអាចជួយបង្ការជំងឺ Alzheimer's និងជំងឺវង្វេងស្មារតី(Dementia)
Your browser doesn’t support HTML5
អ្នកជំនាញវេជ្ជសាស្ត្រគឺ លោក តាំង តេកហុង វេជ្ជបណ្ឌិតខ្មែរនៅទីក្រុង Jacksonville រដ្ឋ Florida សហរដ្ឋអាមេរិកថ្លែងថា វិធីព្យាបាលជំងឺវង្វេងស្មារតី គឺត្រូវថែរក្សាសតិបញ្ញារបស់អ្នកជំងឺឲ្យបានល្អប្រសើរ និងត្រូវព្យបាលអាក្បកិរិយារបស់អ្នកជំងឺដែលមានអាការៈឆាប់ខឹងឆេវឆាវ ឬអន្ទះសារ និងគេងមិនសូវលក់ជាដើម។ ការព្យាបាលម្យ៉ាងទៀតគឺត្រូវប្រើប្រាស់ថ្នាំដើម្បីជំនួយដល់ការចងចាំឡើងវិញ។ ថ្នាំទាំងនោះមានដូចជា Donepezil, Rivastigmine និង Galantamine។ មានថ្នាំមួយក្រុមទៀតដែលជួយខួរក្បាលរបស់អ្នកជំងឺកុំឲ្យខូចខ្លាំងបន្ថែមទៀត ថ្នាំនោះមានឈ្មោះថា Memantine។ លោកវេជ្ជបណ្ឌិតក៏បានបន្ថែមទៀតថា វិតាម៉ីនE ក៏អាចជួយទប់ស្កាត់ជំងឺនេះកុំឲ្យវិវត្តកាន់តែធ្ងន់ធ្ងរឡើងផងដែរ។ ចំពោះវិធីបង្ការវិញ លោកវេជ្ជបណ្ឌិតបានមានប្រសាសន៍ថា ការបរិភោគអាហារមាន ដូចជាបន្លែ ផ្លែឈើ ត្រី គ្រាប់ធញ្ញជាតិ និងប្រេងអូលីវ អាចជួយកាត់បន្ថយ ហានិភ័យ កើតជំងឺវង្វេងស្មារតីបាន។ លោកវេជ្ជបណ្ឌិតក៏បានបន្ថែមទៀតថា វិធីសាស្រ្តដែលអាចជួយបង្ការកុំឲ្យកើតជំងឺវង្វេងស្មារតីបានជាពិសេសសម្រាប់អ្នកដែលមានសមាជិកគ្រួសារធ្លាប់កើតជំងឺនេះ គឺការធ្វើលំហាត់ប្រាណទាំងកាយសម្បទា និងខួរក្បាលមានដូចជា ការដើរលំហែកាយ លេងតន្ត្រី អានសៀវភៅ ឬធ្វើកិច្ចណា ដែលជាចំណង់ចំណូលចិត្តរបស់ខ្លួន ដែលសកម្មភាពទាំងនេះជាជំនួយដល់ខួរក្បាល ការពារកុំឲ្យកើតជំងឺនេះបាន។ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, Hello VOA សុខភាព, វ៉ាស៊ីនតោន, ១៧ សីហា ២០១៧)