គណបក្សជំទាស់បានបដិសេធការចោទប្រកាន់ជាសាធារណៈរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនពាក់ព័ន្ធនឹងការបរិហារកេរ្តិ៍សាវតាកូនប្រុសរបស់លោក។ ប្រតិកម្មរបស់លោក ហ៊ុន សែនកើតឡើងក្រោយពេលដែលលោកនាយករដ្ឋមន្ត្រីអះអាងថា មានការបង្ខូចកេរ្តិ៍ឈ្មោះគ្រួសារលោកដែលថា កូនប្រុសច្បងរបស់លោកមិនមែនជាកូនលោក តែគឺជាកូនរបស់មេដឹកនាំវៀតណាម។
ភ្លាមៗ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានអះអាងថាគណបក្សជំទាស់ជាអ្នកនៅពីក្រោយការបង្ខូចឈ្មោះគ្រួសារលោក ដែលមានការចោទប្រកាន់ថា លោកហ៊ុន ម៉ាណែតមិនមែនជាកូនរបស់លោក តែជាកូនប្រុសរបស់មេដឹកនាំវៀតណាមនោះ គណបក្សជំទាស់បានបដិសេធថា ខ្លួនមិនជាប់ពាក់ព័ន្ធ ហើយនឹងមិនដឹងរឿងដែលចោទប្រកាន់ដោយលោកនាយករដ្ឋមន្ត្រីនោះទេ។ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិអះអាងថា៖
«គណបក្សសង្គ្រោះជាតិគឺប្រកាន់ខ្ជាប់នូវវប្បធម៌ដោយគោរពនូវសេចក្តីថ្លៃថ្នូរ និងមនុស្សគ្រប់ៗរូប។ យើងប្រកាន់យកគោលការណ៍ខ្មែរតែមួយ មិនយកខ្មែរណាជាសត្រូវ ហើយជាពិសេសគណបក្សសង្គ្រោះជាតិមិនយកបញ្ហាបុគ្គលធ្វើជារឿងនយោបាយទេ។ យើងបានបញ្ជាក់ជំហរច្បាស់រួចហើយ»។
ការបដិសេធរបស់លោកយឹម សុវណ្ណកើតឡើងក្រោយពេលដែលលោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានចោទប្រកាន់ជាសាធារណៈក្នុងសន្ទកថារបស់លោកកាលពីថ្ងៃព្រហស្បតិ៍ថា៖
«នេះជារឿងអាណោចអធម ប៉ុន្តែខ្ញុំអត់គិតថា ពួកប្រឆាំងអាចធ្វើអំពើថោកទាបបែបនេះបានទេ អត់នឹកដល់។ ដូច្នេះខ្ញុំក៏ត្រូវប្រកាន់ឥរិយាបទមួយ ព្រោះខ្ញុំបាននិយាយ បើអ្នកឯងមិនឲ្យខ្ញុំសុខ ខ្ញុំក៏មិនឲ្យអ្នកឯងសុខដែរ។ ថ្នាក់ដល់កម្រិតថា កូនខ្ញុំនេះ ប្រពន្ធរបស់ខ្ញុំនេះ ជាប្រពន្ធមេដឹកនាំវៀតណាមណាមួយនោះ រួចហើយបានកូន ហ៊ុន ម៉ាណែតនេះយកទៅឲ្យសុខ អានចិញ្ចឹម។ គេអាចទៅរួច! មួលបង្កាច់បែបនេះទៅរួច! តើរឿងស្អីទៀតដែលគេមិនអាចមួលបង្កាច់បាន? ធ្វើអីមិនកើត ទៅអាមេរិកបាតុកម្មគ្រប់កន្លែង តែអ្នកធ្វើបាតុកម្ម៥០នាក់ អ្នកចូលរួមទទួលហ៊ុន ម៉ាណែត៥០០ឬលើស៥០០។ អានេះ៣០នាក់ អានោះ៥០០។ អានេះ ២៥ អានោះ៥០០។ ហើយដល់ធ្វើអីមិនកើត បង្ហោះហ្វេសប៊ុក។ អាហ្នឹងមិនមែនរឿងថ្មីរបស់បក្សប្រឆាំងទេ»។
លោកហ៊ុន សែន ដែលមិនសប្បាយចិត្តនឹងការបរិហារកេរ្តិ៍គ្រួសារលោកនោះ បានអះអាងថា លោកទំនងជាមិនជួយក្រុមប្រឆាំងឲ្យរួចទោសក្រោយតុលាការកាត់ទោសរួចទេ។ តាមច្បាប់ នាយករដ្ឋមន្ត្រីមានសិទ្ធិស្នើឲ្យមានការលើកលែងទោសពីព្រះមហាក្សត្រ។
«សុំផ្តាំទៅខាងបក្សប្រឆាំង បើអ្នកឯងចង់លេង ខ្ញុំកំដរលេងជាមួយអ្នកឯង។ កូនប្រុសខ្ញុំវ៉ៃ (សារមកខ្ញុំ)ថា ឥឡូវពុកខ្ញុំសុំប្រកាសតែម្តងត្រូវដាក់ខសន្យាជាមួយគ្នា។ បើធ្វើការវិភាគ DNA ទៅ ខ្ញុំមិនមែនជាកូនពុក អ្នកឯងត្រូវដកខ្លួនចេញពីនយោបាយ។ តែផ្ទុយទៅវិញ បើសិនជាខ្ញុំមិនមែនជាកូនរបស់ពុក គឺខាងយើងក៏ត្រូវដកខ្លួនចេញពីនយោបាយ។ ខ្ញុំវ៉ៃត្រឡប់ទៅវិញ កុំរវល់ជាមួយពួកវា។ ហ៊ុន ម៉ាណែតគឺជាមនុស្សនឹងន៎ជាងគេក្នុងចំណោមកូនរបស់ខ្ញុំ។ ក៏ប៉ុន្តែ វាអត់ទ្រាំមិនបានជាមួយនឹងការប្រមាថ។ អញ្ចឹងប្រមាថប្រពន្ធរបស់ខ្ញុំស្មើទៅនឹងស្រីរបស់មេដឹកនាំវៀតណាមម្នាក់ ប្រមាថកូនរបស់ខ្ញុំទៅជាកូនរបស់មេដឹកនាំវៀតណាមម្នាក់។ អញ្ចឹងហើយចំណុចនេះមួយ ខ្ញុំប្រាប់ឲ្យហើយ គឺដាច់ខាតហើយគឺអ្នកឯងគ្មានការកែតម្រូវណាមួយ គ្មានការណែនាំណាមួយឲ្យខ្ញុំធ្វើ ហើយអ្នកឯងមិនចាំបាច់មករកដៃហ៊ុន សែនជួយអីទេ។ ដំណើរការក្តីតុលាការគឺត្រូវធ្វើដោយតុលាការ ដោយគ្មានការពាក់ព័ន្ធជាមួយហ៊ុន សែន»។
លោកហ៊ុន សែនពុំបានបញ្ជាក់លម្អិតថា តើក្រុមប្រឆាំងណាមួយ បុគ្គលណាមួយ ភស្តុតាងអ្វី ដែលលោកចាត់ទុកថា ជាមូលដ្ឋាននៃការបរិហារកេរ្តិ៍នោះ។
ទោះជាយ៉ាងណាក្តី អ្នកច្បាប់ក្នុងប្រទេសកម្ពុជាគឺលោកសុខ សំអឿនបានយល់ថា រឿងបែបនេះគឺជាបទបរិហារកេរ្តិ៍ជាសាធារណៈ ដែលគេអាចប្តឹងបាន។ លោកបានបញ្ជាក់បន្ថែមពីការកត់សម្គាល់របស់លោកថា ក្រុមអ្នកនយោបាយមិនធ្វើការប្តឹងទេកន្លងមក ដោយសារថាបទបរិហារកេរ្តិ៍សាធារណៈមានទោសស្រាល ដោយគ្រាន់តែជាប់ពិន័យមិនជាប់គុក។
«តែអ្នកដែលផ្សព្វផ្សាយអីហ្នឹង ឬ Share ត្រូវប្រយ័ត្នបន្តិច ព្រោះរឿងហ្នឹងគេអាចប្តឹងបាន ព្រោះគេរកការណ៍ពិតមិនមិនឃើញ គេអាចប្តឹងបទបរិហារកេរ្តិ៍សារធារណៈបាន»។
ម៉្យាងទៀត គេសង្កេតឃើញថា ការបរិហាកេរ្តិ៍ក្រុមគ្រួសារលោកនាយករដ្ឋមន្ត្រី ដែលថា លោកហ៊ុន ម៉ាណែតជាកូនប្រុសមេដឹកនាំវៀតណាម ឡេ ដឹកថូនោះ កើតមានលើបណ្តាញសង្គមហ្វេសប៊ុកជារឿយៗ ពីក្រុមមនុស្សដែលចូលចិត្តរិះគន់ឥតសំចៃមាត់លើលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលបានឡើងកាន់អំណាចកាលពីឆ្នាំ១៩៧៩ដោយមានការគាំទ្រពីវៀតណាម ក្រោយពេលវៀតណាមបានបណ្តេញក្រុមខ្មែរក្រហមចេញពីអំណាច។ ការរិះគន់ធ្ងន់ៗដូចគ្នានឹងការប្រមាថលើលោកសម រង្ស៉ី និងលោកកឹម សុខា មេដឹកនាំគណបក្សសង្គ្រោះជាតិក៏កើតមានជារឿយៗផងដែរ។
ក្រុមមេដឹកនាំគណបក្សសង្គ្រោះជាតិជាច្រើនត្រូវរងគ្រោះជាប់គុកនិងត្រូវចោទប្រកាន់ពីតុលាការ ក្នុងនោះរួមមានទាំងលោកសម រង្ស៉ី ដែលកំពុងនីរទេសខ្លួនពីបណ្តឹងបរិហារកេរ្តិ៍ និងរឿងព្រំដែន ហើយលោក កឹម សុខាកំពុងជាប់ក្តីក្តាំតុលាការពីបទចោទប្រកាន់រឿងអាស្រូវស្នេហាផ្ទាល់ខ្លួន។
គណបក្សទាំងពីរនៅបន្តវាយប្រហារគ្នាទៅវិញទៅមកខាងនយោបាយដោយទុកចោលវប្បធម៌សន្ទនាមួយអន្លើ។ ក្រុមប្រឆាំងចាត់ទុកថា ការបង្រ្កាបនិងធ្វើទុក្ខបុកម្នេញពួកគេនាពេលចុងក្រោយនេះគឺជាល្បិចកលរបស់គណបក្សកាន់អំណាចដែលគ្រប់គ្រងប្រទេសជាង៣០ឆ្នាំដើម្បីបំបិទសំឡេងពួកគេមុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០១៧ និងការបោះឆ្នោតសភានៅឆ្នាំ២០១៨។ តែគណបក្សកាន់អំណាចវិញអះអាងថា ការចាប់ខ្លួន និងការចោទប្រកាន់លើក្រុមប្រឆាំងជាការអនុវត្តច្បាប់ និងនីតិរដ្ឋ៕