ក្រសួង​មហាផ្ទៃ​ត្រៀម​កម្លាំងការ​ពារ​សុវត្ថិ​ភាព​ការ​ឃោសនា​បោះឆ្នោត

យុទ្ធនាការមុន​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំសង្កាត់២០១២របស់​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ជិត​ព្រះបរមរាជវាំង ក្នុង​ទីក្រុង​ភ្នំពេញ។

រយៈពេល​មួយ​ថ្ងៃមុន​ការ​ឃោសនា​រក​សំឡេង​ឆ្នោត​របស់​គណបក្ស​នយោបាយ​គ្រោង​នឹង​ឈាន​មក​ដល់​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែកនេះ​ ក្រសួង​មហាផ្ទៃ​បាន​ប្រកាស​ថា​ នឹង​ប្រើប្រាស់​កម្លាំង​ប្រមាណ​២​ម៉ឺន​នាក់​ ដើម្បី​ដាក់​ពង្រាយ​នៅ​តាម​គោល​ដៅ​សំខាន់ៗ​ ក្នុង​គោល​បំណង​ការ​ពារ​សុវត្ថិភាព​អ្នក​ចូល​រួម​ឃោសនា​បោះឆ្នោត។​ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​ជាន់​ខ្ពស់​នៃ​អគ្គ​ស្នង​ការ​នគរបាល​ជាតិ។​

លោក​ឧត្តម​សេនីយ៍ឯក​ គៀត ​ច័ន្ទថារិទ្ឋ​ អ្នក​នាំពាក្យ​អគ្គស្នង​ការ​នគរបាល​ជាតិ​បាន​និយាយ​ថា​ រដ្ឋាភិបាល​បាន​ត្រៀម​យ៉ាង​ហ្មត់ចត់​អំពី​ផែន​ការ​ និង​វិធាន​ការ​ទាំង​ឡាយ​សម្រាប់​ការ​ពារ​សន្តិសុខ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​សមាជិក​សភា​អាណ្ណត្តិ​ទី​៥​នេះ។​

លោក​បាន​បញ្ជាក់​ថា ​ក្រសួង​បាន​រៀប​ចំ​យន្តការ​បញ្ជា​ដឹក​នាំ ​និង​ត្រៀម​លក្ខណៈ​ដើម្បី​ចាត់​ចែង​មន្ត្រី​ដែល​ពាក់​ព័ន្ធ​បាន​ចប់​សព្វគ្រប់​ហើយ​សម្រាប់ការពារ​សុវត្តិភាព​នៅ​ពេល​ឃោសនា​រក​សំឡេង​ឆ្នោត។​

លោក​ថ្លែងថា៖ «​ជម្រាប​ដោយ​សង្ខេប​ នៅ​ថ្នាក់​ជាតិ​យើង​មាន​គណ​បញ្ជាការ​សន្និសុខ​អចិន្ត្រៃយ៍​សម្រាប់ការពារ​សណ្តាប់​ធ្នាប់​ពេល​បោះ​ឆ្នោត​ដែល​ដឹកនាំ​ដោយ​លោក​ឧប​នាយក​រដ្ឋមន្ត្រី​ស ខេង​ រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​ជា​ប្រធាន»។​

គណបក្ស​នយោបាយ​ទាំង​៨​ដែល​បាន​ចុះ​បញ្ជី​ចូលរួម​បោះឆ្នោត​ជ្រើស​រើស​តំណាង​រាស្រ្ត​អាណត្តិ​ទី​៥​គ្រោង​នឹង​ចាប់​ផ្តើម​យុទ្ធនាការ​រក​សំឡេង​ឆ្នោត​រយៈ​ពេល​មួយ​ខែ​ ដោយ​ចាប់​ផ្តើម​ពី​ថ្ងៃទី​ ២៧​ខែ​មិថុនា​ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃទី​២៦ ​ខែកក្កដា។​

លោក​គៀត ច័ន្ទថារិទ្ធ​បាន​និយាយ​ថា​ កម្លាំង​សមត្ថកិច្ចនឹង​ដាក់​ពង្រាយ​ទីតាំង​សំខាន់ៗ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ ដោយ​មួយ​ក្រុម​មាន​គ្នា​បីនាក់​ និង​មាន​អាវុធ​មួយ​ដើម ​គ្រាប់​ចំនួន​៣០​គ្រាប់។

លោក​ឧប​នាយក​រដ្ឋមន្ត្រី​ស ខេង​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​ចេញ​សេចក្តី​ណែនាំ​មួយ​ដោយ​ជំរុញ​ឲ្យ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ខិតខំ​ស្រាវ​ជ្រាវ​ ស៊ើប​អង្កេត​ឲ្យ​បាន​ហ្មត់ចត់​នូវ​បទល្មើស​នានា​ដែល​កើត​ឡើង​ ជាពិសេស​បទ​ល្មើស​ព្រហ្ម​ទណ្ឌ​ដែល​មាន​ការ​ចោទ​ប្រកាន់​ពាក់​ព័ន្ធ​នឹង​ផ្នែក​នយោបាយ ​ដើម្បី​ស្វែង​រក​ចាប់​ខ្លួន​ជន​ប្រព្រឹត្ត​បទ​ល្មើស​ទៅផ្តន្ទាទោស​តាម​ច្បាប់។​

គណបក្ស​ប្រឆាំង​ធ្លាប់​បាន​ចោទ​ក្រុម​សមត្ថកិច្ច​ថា​ ការ​បំពេញ​ភារកិច្ច​របស់​ពួក​គេ​មាន​ភាព​លំអៀង​ក្នុង​ពេល​បោះ​ឆ្នោត។ ​ដោយ​សារ​តែសមត្ថ​កិច្ច​បាន​ជួយ​សម្រួល​គ្រប់​បែប​យ៉ាង​សម្រាប់​ការ​លើក​ស្លាក​សញ្ញា​របស់​គណបក្ស​គ្រប់គ្រង​អំណាច​ ​ក៏ប៉ុន្តែ​បែរ​ជា​រារាំង​ការ​លើក​ស្លាក​សញ្ញា​របស់​គណបក្ស​ប្រឆាំង​ទៅវិញ។​

លោក​យឹម សុវណ្ណ​ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ​បាន​និយាយ​ថា​ យ៉ាង​តិច​មាន​ជាង​១០០​កន្លែង​នៅ​ទូទាំង​២៤​ខេត្ត​ក្រុង​ អាជ្ញាធរ​មិន​បាន​សម្រួល​ដល់​សកម្មភាព​លើក​ស្លាក​សញ្ញា​របស់​គណបក្ស​ប្រឆាំង​ទេ។ ​លោក​បាន​បញ្ជាក់​ថា​អាជ្ញាធរ​មិន​ត្រឹម​តែ​មិន​ការពារ​ទេ​ តែ​បែរ​ជា​មក​រារាំង​ និង​រំខាន​គ្រប់​បែប​យ៉ាង​ដល់​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ការ​ធ្វើ​សកម្មភាព​របស់​ខ្លួន​មុន​ការ​បោះឆ្នោត។​

លោក​និយាយ​ថា៖​ «មាន​រូបភាព​ពីរ ​រូប​ភាព​ទីមួយ​ជា​រូបភាព​ដែល​ក្នុង​គោល​បំណង​ការពារ​សន្តិសុខ​ ក៏ប៉ុន្តែ​មាន​រូប​ភាពទី​ពីរ​គឺនៅ​តាម​មណ្ឌល​បោះ​ឆ្នោត​ ពួកគេ​មួយចំនួន​ក្លាយ​ទៅ​ជា​រូប​ភាព​ដែល​គំរាម​កំហែង​ទៅ​លើ​អ្នក​បោះ​ឆ្នោត​ទៅ​វិញ»។​

គណបក្ស​ដែល​បាន​ចុះ​បញ្ជី​សម្រាប់ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣​មាន​ចំនួន​៨​គណបក្ស​ ដែល​ក្នុង​នោះ​មាន​តែ​គណបក្ស​ធំៗ​តែ​ពីរ​ប៉ុណ្ណោះ​ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​និង​គណបក្ស​សង្គ្រោះ​ជាតិ​របស់​លោក​សម រង្ស៊ី​ ដែល​ជា​គណបក្ស​សក្តិសម​ជាដៃ​គួ​ប្រកួត​ប្រជែង​នៅ​ក្នុង​ពេល​បោះ​ឆ្នោត។​

គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​៩០​អសនៈ​ ចំណែក​ឯ​គណបក្ស​ប្រឆាំង​របស់​លោក​សម រង្ស៊ីទទួល​បាន​២៦​អសនៈ​ក្នុង​ការ​បោះ​ឆ្នោត​កាលពី​អាណត្តិ​ទី​៤៕​