ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden កាលពីថ្ងៃអង្គារ បានព្រមានថា ការបញ្ចប់ជំនួយយោធាអាមេរិកដល់អ៊ុយក្រែនអាចក្លាយជា«អំណោយបុណ្យណូអែល»ដល់រុស្ស៊ី ខណៈពេលដែលការស្នើសុំជាបន្ទាន់របស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ដើម្បីជំនួយបន្ថែម បានប្រឈមនឹងការជំទាស់ពីសមាជិកនៃគណបក្សសាធារណរដ្ឋ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។
នៅពេលដែលរដ្ឋាភិបាលរុស្ស៊ីបានអះអាងដណ្តើមកាន់កាប់ជាបន្តបន្ទាប់នៅសមរភូមិថ្មីៗនេះ ហើយបានទស្សន៍ទាយថារាល់ជំនួយថ្មីដល់រដ្ឋាភិបាលអ៊ុយក្រែនអាចនឹងជា «បរាជ័យដ៏ធំ» នោះ លោក Zelenskyy បានថ្លែងទៅកាន់លោក Biden ក្នុងជំនួបមួយនៅសេតវិមានថា «អ៊ុយក្រែនអាចឈ្នះ»។
លោក Zelenskyy អាយុ ៤៥ឆ្នាំ បានចាប់ដៃជាមួយនឹងមេដឹកនាំអាមេរិកលោក Biden អាយុ ៨១ឆ្នាំ ខណៈមេដឹកនាំទាំងពីរអង្គុយពិភាក្សាគ្នានៅក្នុងការិយាល័យប្រធានាធិបតីអាមេរិក។
លោក Biden បានថ្លែងទៅកាន់លោក Zelenskyy ថា៖ «យើងនឹងឈរនៅខាងអ្នក» បើទោះបីជាការអំពាវនាវដ៏តក់ក្រហល់របស់មេដឹកនាំអ៊ុយក្រែនទៅសភាអាមេរិកឱ្យអនុម័តសំណើថវិកា ៦០ពាន់លានដុល្លារអាមេរិកក្នុងជំនួយថ្មីមួយដល់អ៊ុយក្រែនមិនត្រូវបានអើពើក៏ដោយ។
លោក Biden បានថ្លែងបន្ថែមថា៖ «សភាអាមេរិកចាំបាច់ត្រូវតែអនុម័តសំណើជាមូលនិធិបន្ថែមដល់អ៊ុយក្រែន … មុនពេលពួកគេឱ្យលោក Putin នូវអំណោយបុណ្យណូអែលដ៏អស្ចារ្យនោះ»។
បន្ទាប់ពីសេតវិមានបានព្រមានថា មូលនិធិសម្រាប់រដ្ឋាភិបាលអ៊ុយក្រែននឹងអស់នៅចុងឆ្នាំនេះមក កិច្ចប្រឹងប្រែងរបស់ លោក Zelenskyy ក្នុងការរក្សាការគាំទ្ររបស់អាមេរិកដល់អ៊ុយក្រែនបានធ្លាក់ចូលក្នុងតថភាពនៃភាពបែកខ្ញែកគ្នាខាងនយោបាយក្នុងស្រុកដ៏ជូរចត់របស់សហរដ្ឋអាមេរិក។
ប្រធានរដ្ឋសភាអាមេរិកមកពីគណបក្សសាធារណរដ្ឋលោក Mike Johnson ដែលជាអ្នកចាត់ចែងលើកិច្ចព្រមព្រៀងគ្នាលើសំណើនេះ បានថ្លែងថា គណបក្សរបស់លោកនឹងមិនយល់ព្រមតាមសំណើរបស់លោក Biden ក្នុងការផ្តល់ជំនួយបន្ថែមដល់អ៊ុយក្រែនឡើយ លុះត្រាតែគណបក្សប្រជាធិបតេយ្យសម្រេចធ្វើតាមការទាមទាររបស់បក្សសាធារណរដ្ឋពាក់ព័ន្ធនឹងបញ្ហាអន្តោប្រវេសន៍ និងព្រំដែនសហរដ្ឋអាមេរិក-ម៉ិកស៊ិក។
លោក Johnson បានថ្លែងប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីបានជួបពិភាក្សាជាមួយលោក Zelenskyy ថា៖ «អ្វីដែលរដ្ឋបាលលោក Biden ទំនងនឹងស្នើសុំនោះគឺទឹកប្រាក់រាប់ពាន់លានដុល្លារបន្ថែមទៀតដោយគ្មានការត្រួតពិនិត្យត្រឹមត្រូវ គ្មានយុទ្ធសាស្ត្រដើម្បីជ័យជម្នះឱ្យបានច្បាស់លាស់ និងគ្មានចម្លើយទៅនឹងអ្វីដែលខ្ញុំគិតថា ពលរដ្ឋអាមេរិកត្រូវការនោះ»៕