មន្ដ្រីប៉ាគិស្ថានបានចេញបញ្ជាឲ្យក្រុមហ៊ុនផ្ដល់សេវា អ៊ីនធើណិត រាំងខ្ទប់គេហទំព័រ វីដេអូចែកគ្នាមើល ដែលមានប្រជាប្រិយភាព YouTube ដោយនិយាយថា ខ្សែអាត់វីដែអូ នោះមានមាតិការប្រមាថសាសនាកាន់តែច្រើនឡើង។ អ្នកឆ្លើយឆ្លងព័ត៌មាន វីអូអេ Sean Maroney រាយការណ៍ពិស្ដារពីទីក្រុងអ៊ិស្លាមាបាដ។ លោក អ៊ូ ធួក សូមជូនសេចក្ដីប្រែសម្រួល។
ការហាមប្រាមប្រឆាំងមកលើបណ្ដាញវីដេអូ អ៊ីនធើណិត YouTube នៅក្នុងប្រទេសប៉ាគីស្ថាន កើតឡើងមួយថ្ងៃក្រោយពីតុលាការកំពូលរបស់ប្រទេសប៉ាគិស្ថានបានរាំងខ្ទប់មួយរយៈនូវគេហទំព័ររបស់បណ្ដាញសង្គមទាក់ទងគ្នា Facebook។ ក្រុមហ៊ុន Facebook និយាយថា នឹងធ្វើការស៊ើបអង្កេតមកលើឧប្បតិ្ដហេតុនេះ។
ក្រុមមេធាវីអ៊ិស្លាមបានជំទាស់នឹងទំព័រមួយនៅក្នុង Facebook ដែលលើកទឹកចិត្ដអ្នកប្រើប្រាស់គេហទំព័រឲ្យយករូបព្យាករីមហាមាដ យកទៅបិទនៅលើគេហទំព័រ។ អ្នកកាន់សាសនាអ៊ិស្លាមភាគច្រើនចាត់ទុកគ្រប់រូបព្យាការី មហាមាដ ដែលប្រឌិតឡើងជាការប្រមាថពិសិដ្ឋមើលងាយ។
មន្ដ្រីរដ្ឋាភិបាលនិយាយថា គេនឹងតាមឃ្លាំមើលដឹតដល់ ថាតើអ្នកប្រើប្រាស់បណ្ដាញអ៊ីនធើណិត យករូបព្យាការីទៅប្រើនៅលើគេហទំព័រដទៃទៀត ហើយបើប្រសិនជាគេធ្វើដូច្នេះមែន មន្ដ្រីរដ្ឋាភិបាលនឹងបន្ដការហាមប្រាមមកលើបណ្ដាញអ៊ីនធើណិត។ អ្នកនាំពាក្យក្រសួងការបរទេសប៉ាគិស្ថាន លោក Abdul Basit បានឆ្លើយទៅនឹងកាសែតថា៖
“ការវាយប្រហារ តាមព្យាបាទ និងអាក្រក់បែបនេះ ធ្វើឲ្យមានការចុកចាប់ដល់អារម្ភរបស់ក្រុមអ៊ិស្លាម នៅជុំវិញពិភពលោក ដោយគេមិនអាចទទួលយកបានឡើយនៅក្រោមខែលការពារ សេរីភាពក្នុងការសម្តែងមតិ”។
គេឃើញមានមនុស្សដើរតវ៉ាយូរៗម្ដង ទូទាំងប្រទេសប៉ាគិស្ថាន ដោយមានអ្នកខ្លះទាមទារឲ្យរដ្ឋាភិបាលចេញបម្រាមអចិន្រ្ដៃយ៍មកលើបណ្ដាញ Facebook។
លោក Wajah-us-siraj ប្រធានប្រតិបត្ដិនាយករបស់ក្រុមហ៊ុន អ៊ីនធើណិត Service Provider Natayel ក្នុងប្រទេសប៉ាគីស្ថាន បាននិយាយប្រាប់ វីអូអេ អំពីបទបញ្ជាដែលលោកបានទទួលពីអាជ្ញាធរប៉ាគីស្ថាន។
“គេនិយាយថា ពេលណាដែល Facebook និង YouTube បានដកចេញនូវ វីដេអូ និង មាតិការគេមិនចូលចិត្ដនោះ អាជ្ញាធរនឹងអនុញ្ញាតឲ្យគេហទំព័រនោះបើកទ្វារឡើងវិញ នៅក្នុងប្រទេសប៉ាគីស្ថាន។
សេវា Blackberry ក៏បានត្រូវបញ្ឈប់មួយគ្រាសិនដែរ។ សកម្មជនការពារសិទ្ធិមនុស្សដ៏ល្បីឈ្មោះ ជនជាតិប៉ាគីស្ថាន លោកស្រី Farzana BarI និយាយប្រាប់ វីអូអេថា វាមិនមែនមុខនាទីរបស់រដ្ឋាភិបាលទេ ក្នុងការចាប់ពិរុទ្ធការសម្តែងមតិដោយសារតែមានមនុស្សខ្លះអាចមើលឃើញរឿងនេះ ជាការប្រឆាំងនឹងខ្លួន។
“ខ្ញុំយល់ថា នេះជាការឆ្លើយតបមិនសមហេតុផល។ វាដូចគ្នា។ វាដូចគ្នានឹងការចាត់ទុកមនុស្សខ្លះថា មិនអាចធ្វើសេចក្ដីសម្រេចត្រឹមត្រូវ ដោយចាត់ទុកមនុស្សទាំងនោះដូចកូនក្មេង”។
ព័ត៌មានចុះនៅក្នុងគេហទំព័រ ដោយអ្នកបង្កើតទំព័រចម្រូងចម្រាសក្នុងFacebook និយាយថា វាជាទ្រង់ទ្រាយមួយនៃការតវ៉ាប្រឆាំងការគំរាមពីសំណាក់ក្រុមអ៊ិស្លាមនិយមជ្រុលមកលើក្រុមអ្នកបង្កើតគំនូររូបកំប្លែង ក្នុងទូរទស្សន៍អាមេរិកាំងនៃកម្មវិធីហៅថា “South Park”។ ក្រុមនិយមជ្រុលនោះបានគំរាមផលិករកម្មវិធីទូរទស្សន៍ ដោយធ្វើឲ្យអ្នកស្ដាប់យល់ថា ព្យាការី មហាមាដ បានត្រូវគេមើលឃើញស្លៀកពាក់ស្បែកខ្លាឃ្មុំ ដូចគេបង្ហាញកាលពីដើមឆ្នាំនេះ។ ក្រោយមក គេបានប្រាប់ឲ្យដឹងថា ព្យាការី មហាមាដមិនបានលាក់ខ្លួននៅក្នុងសម្លៀកបំពាក់នោះទេ តែក្រោយមកព្យាការីបានត្រូវបិទបាំងដោយគំនូសខ្មៅ។
ប្រទេសប៉ាគីស្ថានបានរាំងខ្ទប់គេហទំព័រ YouTube បណ្ដោះអាសន្ន កាលពីឆ្នាំ២០០៨ ដោយសារតែអ្នកសរសេររឿងភាពយន្ដនៅទីកន្លែង បានពិព័រណ៍នាគម្ពីរកូរន ថា ជាសៀវភៅហ្វាស៊ីសនិយម។
បាតុកម្មមានកំហឹងក៏បានដើរតវ៉ាទូទៅក្នុងប្រទេសនិយមសាសនាអ៊ិស្លាម កាលពីឆ្នាំ២០០៥ និង ២០០៦ ក្រោយដែលកាសែតនៃប្រទេសដាណឺម៉ាកបានបោះពុម្ពផ្សាយតុក្កតាកំប្លែងជាច្រើន ជារូបព្យាករីមហាមាដ៕