ទីក្រុង អាឡិចសាន់ឌ្រៀ៖ ខណៈដែលវិវាទស្តីពីការគាបសង្កត់របស់រដ្ឋាភិបាលទៅលើដំណើការបោះឆ្នោត បានយាយីតំបន់អាឡិចសាន់ឌ្រៀ (Alexandria) មនុស្សជាច្រើននៅក្នុងទីក្រុងធំបំផុតលំដាប់ទីពីររបស់ប្រទេសអេហ្សីប ក៏មានការខឹងសម្បារទៅនឹងការស្លាប់របស់ លោកអាក់ម៉ែត សាបាន (Ahmed Shaban) ផងដែរ។ សាកសពយុវជនរូបនេះ ត្រូវបានប្រទះឃើញ កាលពីដើមខែនេះ ដែលមានរយៈពេលបីបួនថ្ងៃ បន្ទាប់ពីការប៉ះទង្គិចជាមួយកងសន្តិសុខ។ នេះជាការស្លាប់លើកទីពីរហើយ ដែលជាប់ពាក់ព័ន្ធជាមួយនឹងប៉ុស្តិ៍ប៉ូលីសមូលដ្ឋានដដែលនេះ កាលពីប៉ុន្មានខែថ្មីៗនេះ។ អ្នកដែលមានបំណងនិយាយអំពីរឿងក្តីនេះ បង្ហាញពីការភ័យខ្លាចខាងសន្តិសុខ ដែលលើសពីការភ័យខ្លាច ដែលធ្វើឡើងដោយក្រុមប្រឆាំងខាងនយោបាយរបស់រដ្ឋាភិបាលទៅទៀត។
បងស្រីរបស់លោក អាក់ម៉េត សាបាន ឈ្មោះ ណាហ្ក្លា (Naglaa) គ្មានបំណងនិយាយនៅខាងមុខម៉ាស៊ីនថតវីដេអូ ឬសូម្បីតែឲ្យគេថតសម្លេងឡើយ។ កញ្ញាណាហ្ក្លា បាននិយាយមួយថ្ងៃមុន ទៅកាន់ក្រុមអ្នកយកព័ត៌មាននិងក្រុមសិទ្ធិមនុស្ស។ កញ្ញាបានថ្លែងថា ក្នុងរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ កងសន្តិសុខរបស់រដ្ឋ បានគំរាមសងសឹកមកលើរូបកញ្ញា ប្រសិនបើកញ្ញាបន្តនិយាយអំពីរឿងក្តីនេះទៀត។
បុរសម្នាក់នៅក្នុងសង្កាត់នោះដែរ ដែលហៅខ្លួនគាត់ថា អាមៀរ (Amir) បានព្រមានអំពីគ្រោះថ្នាក់ ដោយនិយាយថា នៅទីនេះ គ្មាននរណាម្នាក់ចង់និយាយជាមួយអ្នកឯងទេ។ លោក បញ្ជាក់ទៀតថា នរណាក៏ដោយឲ្យតែនិយាយ រដ្ឋាភិបាលនឹងមកដល់ ហើយចាប់ចងពួកគេយកចេញទៅ។
សូម្បីតែមានការគំរាមកំហែងដូចបានរាយការណ៍ក៏ដោយ កញ្ញា ណាហ្ក្លា សាបាន យល់ព្រមជួបនៅតាមចញ្ចើមផ្លូវងងឹតមួយ ដែលស្ថិតនៅមិនឆ្ងាយពីផ្ទះរបស់នាង ក្នុងសង្កាត់វណ្ណៈកម្មករនេះ ដែលមេធាវីរបស់កញ្ញា និងមិត្តភ័ក្រម្នាក់ ស្ថិតនៅក្បែរនោះដែរ។ កញ្ញា បានពណ៌នាហេតុការណ៍នោះ តាមដែលក្រុមគ្រួសាររបស់កញ្ញា ហើយសាក្សីជាច្រើនអាចមានលទ្ធភាពប្រមូលផ្តុំបញ្ចូលគ្នាបាន។
ប្អូនប្រុសអាយុ ១៩ឆ្នាំរបស់កញ្ញា ឈ្មោះអាក់ម៉ែត ព្រមទាំងមិត្តភ័ក្ររបស់លោក ឈ្មោះអាក់ម៉ែត ហ្វារ៉ាក ឡាប៊ីប (Ahmed Farrag Labib) បានត្រឡប់មកផ្ទះវិញ ក្រោយពីការចូលរួមក្នុងពិធីមង្គលការ នៅថ្ងៃទី៧ ខែវិច្ឆិកា ស្រាប់តែពេលនោះ ពួកគេត្រូវបានបញ្ឈប់ដោយកងកម្លាំងសន្តិសុខ។ យុវជនទាំងពីរនាក់នេះ ត្រូវបានជឿថា បានតវ៉ាប្រឆាំង និងការទាមទារមួយ ដើម្បីឆែកពួកគេ។ សាក្សីជាច្រើននិយាយថា បន្ទាប់មកក្រុមប៉ូលីស បាននាំពួកគេទៅកាន់ប៉ុស្តិ៍ប៉ូលីសស៊ីឌីហ្គាប៊ឺ (Sidi Gaber)។
ប៉ុន្មានថ្ងៃក្រោយមក សាច់ញាតិរបស់លោកសាបាន ធ្វើដំណើរទៅកាន់ប៉ុស្តិ៍ប៉ូលីសនោះ និងការិយាល័យរដ្ឋាភិបាលដទៃទៀត ដើម្បីសួរព័ត៌មាន។ អជ្ញាធរបានថ្លែងថា ពួកគេមិនដឹងថាលោក សាបាន ស្ថិតនៅទីណាទេ។ ក្រោយមក មានការហៅទូរស័ព្ទអនាមិកមួយប្រាប់ថា ទូរស័ព្ទនិងអាវធំរបស់លោកអាក់ម៉ែត ត្រូវបានប្រទះឃើញនៅឯព្រែកមួយក្បែរនោះ។ នៅថ្ងៃទី១២ ខែវិច្ឆិកា ក្រុមប៉ូលីស បានប្រាប់សមាជិកគ្រួសារថា សពរបស់លោកអាក់ម៉ែត ត្រូវបានរកឃើញ ហើយស្ថិតនៅកន្លែងតម្កល់សព។ សាច់ញាតិបានបញ្ជាក់ថា សពនោះគឺ លោកអាក់ម៉ែតមែន ហើយនិយាយថា ដៃនិងដងខ្លួនរបស់លោក ត្រូវបានរហែកចេញពីគ្នា ហើយក្រចកដៃនិងក្រចកជើង ត្រូវបានដកចេញ។
ក្រុមប៉ូលីសឲ្យយោបល់ថា លោកអាក់ម៉ែត បានធ្វើអត្តឃាត ដោយលោតចូលទៅក្នុងព្រែកនោះ ដោយនិយាយបន្ថែមទៀតថា ស្នាមរបួសនោះ ប្រហែលជាបង្កដោយខ្លួនឯង។ ក្រុមគ្រួសារបាននិយាយថា ពួកគេមិនត្រូវបានអនុញ្ញាតឲ្យប្រារព្ធពិធីបុណ្យសពត្រឹមត្រូវទេ ហើយកងកម្លាំងសន្តិសុខទៅតាមពួកគេនៅពេលបញ្ចុះសព។
ខណៈដែលកាសែតផ្លូវការមិនអើពើចំពោះរឿងនេះ ទំព័រអ៊ីនធឺណិតរួមគ្នាដ៏សកម្មផុលផុសរបស់អេហ្សីប មានប្រតិកម្មតបភ្លាមៗចំពោះរឿងនេះ ដោយធ្វើការប្រៀបធៀបការស្លាប់របស់លោក ខាឡេដ សាអ៊ីឌ (Khaled Said) ដែលបុរសវ័យក្មេងម្នាក់នេះ បានស្លាប់កាលពីខែមិថុនា បន្ទាប់ពីប៉ះទង្គិចជាមួយក្រុមប៉ូលីសសម្ងាត់ ដែលចេញមកពីប៉ុស្តិ៍ ស៊ីឌីហ្គាប៊ឺដែរ។ សាក្សីជាច្រើន រំឭកអំពីរបៀបដែលលោកសាអ៊ីឌ ត្រូវបានអូសចេញពីកន្លែងអ៊ីនធឺណិតកាហ្វេមួយ ហើយវាយសម្លាប់នៅខាងក្រៅ នៅតាមដងផ្លូវ។ ក្រុមប៉ូលីស បាននិយាយភ្លាមៗថា លោក សាអ៊ីឌ ព្យាយាមលាក់ថ្នាំញៀនខុសច្បាប់មួយកញ្ចប់ ដោយលេបថ្នាំញៀននោះ ហើយក៏បានថប់ដង្ហើមស្លាប់ទៅ។ រូបភាពវះកាត់ពិនិត្យសពដ៏គួរឲ្យខ្ពើមរអើម បានបង្ហាញពីស្នាមរបួសជាច្រើនកន្លែង មានដូចជា បាក់ឆ្អឹងធ្គាម បាក់ធ្មេញ និងប្រេះលលាដ៏ក្បាល ដែលពាក់ព័ន្ធទៅនឹងការវាយដំយ៉ាងសាហាវ ជាជាងការថប់ដង្ហើមដោយចៃដន្យ។
ចំពោះមនុស្សដូចជាអ្នកជិតខាងរបស់ លោក អាក់ម៉ែត គឺលោក អាមៀរ រឿងរ៉ាវបែបនេះ គឺមានកើតឡើងញឹកញាប់ណាស់។
ដោយនិយាយសំដៅទៅកងកម្លាំងសន្តិសុខ លោកអាមៀរ មានប្រសាសន៍ថា «សត្វឥន្ទ្រីយ៍» ខ្លាំងជាងពួកយើង។ ព្រះអាទិទេពស្ថិតនៅលើមេឃឯណោះ ប៉ុន្តែសត្វឥន្ទ្រីយ៍វិញនៅលើដី។ លោក បានបន្ថែមទៀតថា សូមឲ្យព្រះជួយបញ្ចៀសការឈឺចាប់ដោយឲ្យសត្វទាំងនេះ ផុតពីពួកយើង។
ប៉ុន្តែកាលពីពេលថ្មីៗនេះ ការតវ៉ាជាសាធារណៈ បានធ្វើឲ្យមានការផ្លាស់ប្តូរ នៅក្នុងរបៀបដែលកងកម្លាំងសន្តិសុខ បញ្ចេញប្រតិកម្មតបវិញ។ ពីដំបូង រដ្ឋាភិបាលបានបដិសេធដដែលៗ អំពីជាប់ពាក់ព័ន្ធរបស់ក្រុមប៉ូលីសទៅនឹងការស្លាប់របស់លោក ខាឡេដ សាអ៊ីឌ។ ប៉ុន្តែ បន្ទាប់ពីមានយុទ្ធនាការតាមប្រព័ន្ធអ៊ីនធឺណិត ព្រមទាំងការតវ៉ាសាធារណៈ និងការអំពាវនាវពីក្រុមសិទ្ធិមនុស្សអន្តរជាតិ ក្រុមមន្ត្រីអេហ្សីប បានបើករឿងក្តីនោះឡើងវិញ។ បច្ចុប្បន្ន មន្រ្តីប៉ូលីសពីរនាក់ កំពុងប្រឈមមុខនឹងការកាត់សេចក្តី។
ទំព័រអ៊ីនធឺណិតរួមគ្នា ក៏ប្រញាប់ប្រញាល់ចោទសួរពីការស្លាប់របស់លោកអាក់ម៉ែត សាបាន។ អង្គការសិទ្ធិមនុស្សអន្តរជាតិ Amnesty International ក៏បានទាមទារឲ្យមានការស៊ើបអង្កេតពេញលេញមួយដែរ។ បងស្រីរបស់លោកអាក់ម៉ែត ឈ្មោះណាហ្ក្លា និយាយថា ជំហានបន្ទាប់របស់កញ្ញា គឺត្រូវរង់ចាំរបាយការណ៍វះកាត់ពិនិត្យសពជាផ្លូវការ។ ប្រសិនបើរបាយការណ៍នោះបញ្ជាក់ថា លោកអាក់ម៉ែត ស្លាប់ដោយសារមូលហេតុធម្មតា កញ្ញានឹងទាមទារឲ្យមានគណៈកម្មាធិការពិសេសមួយ មកពីទីក្រុងខាយរ៉ូ ដើម្បីគាស់សពប្អូនប្រុសរបស់កញ្ញាមកវិញ។
ខណៈដែលគេកំពុងរង់ចាំចម្លើយទៅនឹងសំណួរទាំងនោះ មានទិដ្ឋភាពមិនទាន់អាចដោះស្រាយបានមួយទៀត ទាក់ទងទៅនឹងរឿងក្តីនេះ ដែលជាជោគវាសនារបស់ លោកអាក់ម៉ែត ហ្វារ៉ាក ឡេប៊ីប (Ahmed Farrag Labib)។ ក្រុមប៉ូលីសអះអាងថា លោកឡេប៊ីប ដែលជាមិត្តភ័ក្តិរបស់លោកអាក់ម៉ែត នៅល្ងាចនៃការបាត់ខ្លួនលោកនោះ ហើយទំនងជាសាក្សីសំខាន់ក្នុងរឿងក្តីនេះ ស្ថិតក្នុងកន្លែងឃុំខ្លួន ពីបទចោទបទប្រកាន់មិនជាប់ពាក់ព័ន្ធគ្នាមួយ។ ប៉ុន្តែ កន្លងមករាល់សំណើរទាំងអស់ ពីសំណាក់គ្រួសារ មិត្តភ័ក្តិ មេធាវី និងក្រុមសិទ្ធិមនុស្ស ដើម្បីធ្វើការទាក់ទងជាមួយយុវជនរូបនេះ បានទទួលការបដិសេធ៕
ប្រែសម្រួលដោយ លី សុខឃាង