ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ភាព​ចម្រូង​ចម្រាស​នៃ​ការ​បង្កើត​ច្បាប់​មិន​ស្រប​តាម​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​នៅ​តែ​ជា​សំណួរ​នៅ​ឡើយ​


រូបឯកសារ៖ ពលរដ្ឋនៅរាជធានីភ្នំពេញគយគន់មើលប្រទីបរដ្ឋសភា ដាក់តាំងនៅមុខព្រះបរមរាជវាំងពេលរាត្រី ក្នុងឱកាសអបអរ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​ បណ្តែត​ប្រទីប និង​សំពះព្រះខែ​អកអំបុក ដែល​នឹង​ប្រព្រឹត្ត​ទៅ​រយៈពេល​បី​ថ្ងៃ​ចាប់ពី​ថ្ងៃទី​២១ ដល់​ថ្ងៃទី​២៣ វិច្ឆិកា ឆ្នាំ ២០១៨។
រូបឯកសារ៖ ពលរដ្ឋនៅរាជធានីភ្នំពេញគយគន់មើលប្រទីបរដ្ឋសភា ដាក់តាំងនៅមុខព្រះបរមរាជវាំងពេលរាត្រី ក្នុងឱកាសអបអរ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​ បណ្តែត​ប្រទីប និង​សំពះព្រះខែ​អកអំបុក ដែល​នឹង​ប្រព្រឹត្ត​ទៅ​រយៈពេល​បី​ថ្ងៃ​ចាប់ពី​ថ្ងៃទី​២១ ដល់​ថ្ងៃទី​២៣ វិច្ឆិកា ឆ្នាំ ២០១៨។

ភាព​ចម្រូង​ចម្រាស​ថា ​តើ​មាន​ការ​អនុវត្ត​ស្រប​តាម​រដ្ឋ​ធម្មនុញ្ញ​របស់​កម្ពុជា​ឬ​យ៉ាង​ណា នៅ​តែ​ជា​បញ្ហា​នៅ​ឡើយ​ ជាពិសេស​ការ​បង្កើត​ច្បាប់​នានា​ដែល​អ្នក​ធ្វើ​ការ​លើ​ផ្នែក​សិទ្ធិ​មនុស្ស​ យល់​ឃើញ​ថា​ មាន​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​ប្រជា​ពលរដ្ឋ។​

ថ្ងៃ​ទី​ ២៤ ​ខែ​កញ្ញា ​ឆ្នាំ ​១៩៩៣​ ជា​ការ​ប្រកាស​ឲ្យ​ប្រើប្រាស់​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​ដែល​កំពុង​មាន​វត្តមាន​បច្ចុប្បន្ន​នេះ។​ រយៈ​ពេល​ ២៧ ​ឆ្នាំ​មក​នេះ​ កម្ពុជា​ក៏​ត្រូវ​បាន​រិះគន់​ថា ​មិន​អនុវត្ត​ឲ្យ​បាន​ពេញ​លេញ​នូវ​រដ្ឋ​ធម្មនុញ្ញ​របស់​ខ្លួន​ ដោយ​សារ​ច្បាប់​មួយ​ចំនួន​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មិន​ស្រប​តាម​រដ្ឋ​ធម្មនុញ្ញ​ ដែល​ជា​ច្បាប់​កំពូល​របស់​ប្រទេស​ ហើយ​កម្ពុជា​មិន​បាន​ផ្តល់​សិទ្ធិ​សេរីភាព​ដល់​ប្រជា​ពលរដ្ឋ​ក្នុង​ការ​ប្រមូល​ផ្តុំ​ បញ្ចេញ​មតិ ​និង​ធ្វើ​នយោបាយ​ ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នោះ​ទេ។​

អ្នកនាំ​ពាក្យ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​លោក ​សឹង សែនករុណា​ ដែល​ធ្វើ​ការ​លើ​ផ្នែក​សិទ្ធិ​មនុស្ស​ច្រើន​ឆ្នាំ​មក​ហើយ​ មាន​ប្រសាសន៍​ថា ​កន្លង​មក​ច្បាប់​ចម្រូង​ចម្រាស​នានា​តែងតែ​អនុម័ត​ដោយ​រលូន​មិន​មាន​ការ​រារាំង​ពី​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​នោះ​ទេ ​ក្នុង​នោះ​មាន​ច្បាប់​អង្គការ​សមាគម​ ច្បាប់​សហជីព ​និង​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​ជា​ដើម​ ដែល​អង្គការ​សង្គម​ស៊ីវិល​យល់​ថា មិន​ទាន់​គោរព​តាម​រដ្ឋ​ធម្មនុញ្ញ​នៅ​ឡើយ​ទេ។

លោក​មាន​ប្រសាសន៍​ថា៖ «ប៉ុន្តែ​កន្លង​មក​យើង​ឃើញ​ថា​ បើ​កាល​ណា​នីតិ​ប្រតិបត្តិ​ខាង​រដ្ឋាភិបាល​ហ្នឹង​ ស្នើ​ច្បាប់​ទៅ​នីតិបញ្ញត្តិ​ យើង​ឃើញ​ថា​ច្បាប់​ហ្នឹង​តែង​តែ​រលូន​ ដោយ​មិន​មាន​ការ​រារាំង​ពី​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ទេ»។​

រូបឯកសារ៖ ប៉ូលិសរារាំងអ្នកដើរហែក្បួនប្រឆាំងនឹងច្បាប់សមាគមនិងអង្គការ ទៅកាន់រដ្ឋសភាជាតិ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៥។
រូបឯកសារ៖ ប៉ូលិសរារាំងអ្នកដើរហែក្បួនប្រឆាំងនឹងច្បាប់សមាគមនិងអង្គការ ទៅកាន់រដ្ឋសភាជាតិ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៥។

វិសោធន​កម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ដែល​នាំ​ឲ្យ​តុលាការ​អាច​រំលាយ​គណបក្ស​នយោបាយ​និង​កាត់​សិទ្ធិ​នយោបាយ​របស់​អ្នក​នយោបាយ​ ត្រូវ​បាន​អនុម័ត​ដោយ​មិន​មាន​ការ​រារាំង​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ។ ​វិសោធន​កម្ម​នេះ​នាំ​ឲ្យ​មាន​ការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ​ នៅ​ក្នុង​ខែ​វិច្ឆិកា ​ឆ្នាំ​ ២០១៧​ ហើយ​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ​ មិន​អាច​ចូល​រួម​ការ​បោះ​ឆ្នោត​បាន។

​វិសោធន​កម្ម​ច្បាប់​នេះ​ក៏​អនុញ្ញាត​ឲ្យ​រំលាយ​តំណែង​របស់​អ្នក​នយោបាយ​ថ្នាក់​ក្រោម​របស់​គណបក្ស​ប្រឆាំង​មួយ​នេះ​ជាង ​៥ ​ពាន់​នាក់ ​និង​កាត់​សិទ្ធិ​នយោបាយ​របស់​សមាជិក​គណបក្ស​ចំនួន​ ១១៨ ​រូប។​ នេះ​នាំ​ឲ្យ​មាន​ការ​រិះគន់​ថា ​មិន​ស្រប​តាម​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​ដែល​ចែង​ថា​ប្រជា​ពលរដ្ឋ​មាន​សិទ្ធិ​ធ្វើ​នយោបាយ។​

លោក ​សឹង សែនករុណា ​អ្នក​នាំពាក្យ​សមាគម​អាដហុក​បន្ត​ថា​ ការ​បែង​ចែក​មិន​ដាច់​គ្នា​នៃ​អំណាច​ធំៗ​ក៏​ជា​ការ​លំបាក​មួយ​សម្រាប់​ការ​អនុវត្ត​តួនាទី​ ដូច​ជា​សមាជិក​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ជា​មន្រ្តី​គណបក្ស​កាន់​អំណាច​ជា​ដើម។​

លោក​មាន​ប្រសាសន៍​ថា៖ «រួម​ទាំង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ជា​ដើម​ យើង​ឃើញ​ថា​ សុទ្ធ​តែ​ជា​មនុស្ស​ក្នុង​គណបក្ស​នយោបាយ​ មាន​និន្នាការ​នយោបាយ​ជាប់​ទៅ​នឹង​ខ្លួន​ថា​ តើ​គាត់​ហ៊ាន​សម្រេច​ក្លាហាន​មិន​ទទួល​យក​សំណើ​របស់​រដ្ឋាភិបាល​ឬ​អត់?»​

មាត្រា​ ៥១ ​នៃ​រដ្ឋ​ធម្មនុញ្ញ​ចែង​ថា ​ព្រះ​រាជាណាចក្រ​កម្ពុជា​អនុវត្ត​នយោបាយ​ប្រជា​ធិបតេយ្យ​ សេរី​ពហុបក្ស។​ ប្រជា​ពលរដ្ឋ​ខ្មែរ​ជា​ម្ចាស់​វាសនា​នៃ​ប្រទេស​ជាតិ​របស់​ខ្លួន។​ អំណាច​ទាំង​អស់​ជា​របស់​ប្រជា​ពលរដ្ឋ។​ ប្រជា​ពលរដ្ឋ​ប្រើ​អំណាច​របស់​ខ្លួន​ តាម​រយៈ​រដ្ឋ​សភា​ព្រឹទ្ធសភា​ រាជ​រដ្ឋាភិបាល​ និង​សាលា​ជម្រះ​ក្ដី។​ អំណាច​បែង​ចែក​ដាច់​ពី​គ្នា​រវាង​អំណាច​នីតិបញ្ញត្តិ​ អំណាច​នីតិ​ប្រតិបត្តិ​ និង​អំណាច​តុលាការ។​

លោកស្រី​ ចក់ សុភាព​ នាយិកា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ មាន​ប្រសាសន៍​ថា ​រាល់​នីតិវិធី​ច្បាប់​ផ្សេងៗ​ត្រូវ​តែ​អនុលោម​ទៅ​តាម​គោល​ការណ៍​ ដែល​មាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ​ ដើម្បី​កុំ​ឲ្យ​ច្បាប់​ទាំង​នោះ​អធម្មនុញ្ញ​ភាព។​

លោកស្រី​ថ្លែង​បែប​នេះ​ នៅ​ក្នុង​កិច្ច​ពិភាក្សា​មួយ​ស្តីពី​ «ការ​អនុវត្ត​រដ្ឋ​ធម្មនុញ្ញ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​រយៈ​ពេល​ ២៧ ​ឆ្នាំ» ​ដែល​បង្ហោះ​លើ​វេបសាយ​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា។​

លោក​ស្រី​បន្ត​ថា​ ច្បាប់​ដែល​ត្រូវ​បាន​អនុម័ត​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ​ រង​ការ​រិះគន់​ក្នុង​នោះ​មាន​ច្បាប់​អង្គការ​សមាគម​ ច្បាប់​ស្តីពី​សហជីព​ ច្បាប់​ស្តីពី​ទូរគមនាគមន៍​ និង​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សណ្តាប់​ធ្នាប់​សាធារណៈ​ ដែល​សាធារណ​ជន​កំពុង​ចាប់​អារម្មណ៍។​ លោកស្រី​បន្ថែម​ទៀត​ថា​ សេរីភាព​របស់​ប្រជា​ពលរដ្ឋ​រង​ការ​រឹត​ត្បិត​ ទាំង​សេរីភាព​បញ្ចេញ​មតិ​ និង​ការ​ប្រមូល​ផ្តុំ។​

លោកស្រី​មាន​ប្រសាសន៍​ថា៖​ «ពាក់​ព័ន្ធ​នឹង​សេរីភាព​ជា​មូលដ្ឋាន​ ដូច​ជា​សេរីភាព​បញ្ចេញ​មតិ​ ការ​ជួប​ជុំ​ដោយ​សន្តិវិធី​ ឬ​ក៏​សេរីភាព​ក្នុង​ការ​ចង​ក្រង​ជាសមាគម ​ដែល​យើង​មាន​សេរីភាព​ទៅ​ចូល​រួម​ក្នុង​បក្ស​ ឬ​ក៏​ទៅ​ចូលរួម​ក្នុង​ក្លឹប​ ឬ​ក៏​ក្នុង​បណ្តាញ​ណា​មួយ ​គឺ​ត្រូវ​បាន​ប្រឈម​មែន​ទែន»។​

មាត្រា ​៣១ ​នៃ​រដ្ឋ​ធម្មនុញ្ញ​ចែង​ថា​ កម្ពុជា​ទទួល​ស្គាល់​និង​គោរព​សិទ្ធិ​មនុស្ស​ ដូច​មាន​ចែង​ក្នុង​ធម្មនុញ្ញ​នៃ​អង្គការ​សហ​ប្រជាជាតិ​ សេចក្ដី​ប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិ​មនុស្ស​ និង​កតិកា​សញ្ញា​ ព្រម​ទាំង​អនុ​សញ្ញា​ទាំងឡាយ​ ទាក់​ទង​ទៅ​នឹង​សិទ្ធិ​មនុស្ស​សិទ្ធិ​នារី​ និង​សិទ្ធិ​កុមារ។​

មាត្រា​នេះ​ចែង​បន្ត​ថា​ ប្រជា​ពលរដ្ឋ​ខ្មែរ​មាន​ភាពស្មើគ្នា​ចំពោះ​មុខ​ច្បាប់​មាន​សិទ្ធិ​សេរីភាព ​និង​ករណីយ​កិច្ច​ដូច​គ្នា​ទាំង​អស់ ដោយ​ឥត​ប្រកាន់​ពូជសាសន៍​ ពណ៌​សម្បុរ​ ភេទ ​ភាសា ​ជំនឿ​សាសនា​ និន្នាការ​នយោបាយ​ ដើម​កំណើត​ជាតិ ​ឋានៈ​សង្គម​ ធនធាន​ ឬ​ស្ថានភាព​ឯ​ទៀត​ឡើយ។​ ការ​ប្រើ​សិទ្ធិ​សេរីភាព​ផ្ទាល់​ខ្លួន​របស់​បុគ្គល​ម្នាក់ៗ​ មិន​ត្រូវ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​អ្នក​ដទៃ​ឡើយ។​ ការ​ប្រើ​សិទ្ធិ​សេរីភាព​នេះ​ត្រូវ​ប្រព្រឹត្ត​តាម​លក្ខខណ្ឌ​កំណត់​ក្នុង​ច្បាប់។​

ត្រង់​ចំណុច​នេះ​ លោកស្រី​ ចក់ សុភាព​ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ មាន​ប្រសាសន៍​ថា៖​«កន្លែង​នេះ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​បាន​ឲ្យ​តម្លៃ​សំខាន់​មែន​ទែន ​ដល់​ការ​គោរព​ទៅ​ដល់​និយាម​នៃ​ស្តង់​ដារ​សិទ្ធិ​មនុស្ស​អន្តរជាតិ»។​

រូបឯកសារ៖ ក្រុម​សន្តិសុខ​កំពុង​ទាញ​ និង​អូស​ប្រជាពលរដ្ឋ​មាន​ទំនាស់​ដី​ធ្លី​ជាមួយក្រុមហ៊ុន​ចិន ​Union Dev​el​o​pm​ent Group (UDG) ដែល​តវ៉ាសុំ​អន្តរាគមន៍នៅ​មុខ​ស្ថាន​ទូត​ចិន​ ​ ចេញ​ពីស្ថានទូត​ នា​ថ្ងៃទី​១៣ ខែសីហា​ ឆ្នាំ​២០១៩។ (កាន់ វិច្ឆិកា/វីអូអេ)
រូបឯកសារ៖ ក្រុម​សន្តិសុខ​កំពុង​ទាញ​ និង​អូស​ប្រជាពលរដ្ឋ​មាន​ទំនាស់​ដី​ធ្លី​ជាមួយក្រុមហ៊ុន​ចិន ​Union Dev​el​o​pm​ent Group (UDG) ដែល​តវ៉ាសុំ​អន្តរាគមន៍នៅ​មុខ​ស្ថាន​ទូត​ចិន​ ​ ចេញ​ពីស្ថានទូត​ នា​ថ្ងៃទី​១៣ ខែសីហា​ ឆ្នាំ​២០១៩។ (កាន់ វិច្ឆិកា/វីអូអេ)

រូបឯកសារ៖ អ្នក​គាំទ្រ​លោក រ៉ុង ឈុន នាំ​គ្នា​តវ៉ា​នៅ​មុខ​សាលាឧទ្ធរណ៍​ក្នុង​រាជធានី​ភ្នំពេញ ឲ្យ​ដោះលែង​លោក ថ្ងៃទី២៦ ខែ​សីហា ឆ្នាំ​២០២០។ (អូន ឆេងប៉រ/វីអូអេ)
រូបឯកសារ៖ អ្នក​គាំទ្រ​លោក រ៉ុង ឈុន នាំ​គ្នា​តវ៉ា​នៅ​មុខ​សាលាឧទ្ធរណ៍​ក្នុង​រាជធានី​ភ្នំពេញ ឲ្យ​ដោះលែង​លោក ថ្ងៃទី២៦ ខែ​សីហា ឆ្នាំ​២០២០។ (អូន ឆេងប៉រ/វីអូអេ)

លោក ​គង់ សំអុន ​ដែល​ជា​មេធាវី​ជើងចាស់ម្នាក់​នៅ​កម្ពុជា ​មាន​ប្រសាសន៍​ថា​ រដ្ឋ​ធម្មនុញ្ញ​បាន​ផ្តល់​សិទ្ធិ​សេរីភាព​ដល់​ប្រជា​ពលរដ្ឋ​ ប៉ុន្តែ​ក៏​មាន​ចែង​ថា ​វា​ស្ថិត​នៅ​ក្រោម​ច្បាប់។​ លោក​ថ្លែង​បែប​នេះ​នៅ​ក្នុង​កិច្ច​ពិភាក្សា​មួយ ​ដែល​រៀបចំ​ដោយ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា។​

លោក​មាន​ប្រសាសន៍​ថា៖​ «អ៊ីចឹង​ យើង​មើល​ឃើញ​រដ្ឋ​ធម្មនុញ្ញ​របស់​យើង​ហ្នឹង ​គឺ​ថា​ ទី​មួយ​ផ្តល់​ (សិទ្ធិ​សេរី​ភាព)​ ឲ្យ អាច​ថា​ឲ្យ​ដៃ​មួយ​ចំហៀង ​អាដៃ​មួយ​ចំហៀង​ទៀត​ទាញ​យក​វិញ»។​

លោក​បន្ថែម​ថា៖ «ហើយ​ខ្ញុំ​ជឿ​ថា ​អាច​មាន​ច្បាប់​ខ្លះ​មាន​បញ្ហា​ដែល​មិន​ស្រប​ទៅ​នឹង​គោល​ការណ៍​រដ្ឋ​ធម្មនុញ្ញ​ ជាពិសេស​ទាក់ទង​ទៅ​នឹង​សិទ្ធិ​សេរីភាព​របស់​ប្រជា​ពលរដ្ឋ​មួយ​ចំនួន»។​

លោក​ តាំង រតនា ​អគ្គ​លេខាធិការ​និង​ជា​អ្នក​នាំពាក្យ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ ថ្លែង​ប្រាប់ ​VOA ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​មាន​តួនាទី​ក្នុង​បកស្រាយ​រដ្ឋ​ធម្មនុញ្ញ​បក​ស្រាយ​ច្បាប់​ ពិនិត្យ​ធម្មនុញ្ញ​ភាព​នៃ​ច្បាប់​ ហើយ​និង​ដោះស្រាយ​បណ្តឹង​នៃ​ការ​បោះ​ឆ្នោត​រដ្ឋសភា ​និង​ព្រឹទ្ធសភា។​ លោក​បន្ត​ថា​ ក្រុមប្រឹក្សា​បាន​ពិនិត្យ​លើ​ច្បាប់​នានា​ ដោយ​ឈរ​លើ​គោល​ការណ៍​ឯករាជ្យ​ និង​អព្យាក្រឹត​ហើយ​ការ​យល់​ឃើញ​របស់​អង្គការ​សង្គម​ស៊ីវិល​ថា ​ច្បាប់​អធម្មនុញ្ញ​ភាព​ជា​សិទ្ធិ​សេរីភាព​របស់​ពួកគេ។​

លោក​មាន​ប្រសាសន៍​ថា៖​ «អាហ្នឹង​ជា​ការ​យល់​ឃើញ​របស់​បុគ្គល​ជា​ការ​យល់​ឃើញ​របស់​ឯកជន​ទេ​បាទ។​ ដូច​ជាខ្ញុំ​បាន​ជម្រាប​អ៊ីចឹង​ថា​ អ្នក​ដែល​មាន​សិទ្ធិ​ថា​ ខុស​ឬ​ក៏​ត្រូវ មាន​ន័យ​ថា​ស្រប​ឬ​មិន​ស្រប​រដ្ឋ​ធម្មនុញ្ញ​ គឺ​មាន​តែ​ក្រុម​ប្រឹក្សា​រដ្ឋ​ធម្មនុញ្ញ​មាន​សមត្ថកិច្ច​នៅ​ក្នុង​ការ​ពិនិត្យ​ថា​ ច្បាប់​ហ្នឹង​ស្រប​ឬ​ក៏​មិន​ស្រប»។​

លោក​បន្ថែម​ថា៖​ «ស្រប​ឬ​ក៏​មិន​ស្រប ​គឺ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​មាន​មូលដ្ឋាន​ត្រឹម​ត្រូវ​ មាន​មូលដ្ឋាន​ច្បាស់​លាស់ ​និង​រឹង​មាំ​ នៅ​ក្នុង​ការ​បញ្ជាក់​ឈរ​ទៅ​លើ​គោល​ការណ៍​ឯករាជ្យ​អព្យាក្រឹត»។​

លោក​បន្ត​ថា​ ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ធ្លាប់​ប្រកាស​អធម្មនុញ្ញ​ភាព​នៃ​ច្បាប់​ ដូច​ជា​ច្បាប់​ស្តីពី​ការ​បង្កើត​ក្រសួង​កិច្ចការ​នារី​ ដែល​កាល​នោះ​ចែង​ថា ​ក្រសួង​កិច្ចការ​នារី​ត្រូវ​ដឹកនាំ​ដោយ​រដ្ឋមន្រ្តី​មួយ​រូប​ជា​នារី​ ដូច្នេះ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​សម្រេច​ថា​ ចំណុច​នេះ​មាន​ការ​រើស​អើង។

មាន​ការ​លើក​ឡើង​អំពី​សមាសភាព​នៃ​សមាជិក​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ ៩ ​រូប​ ដែល​ប្រធាន​ក្រុម​ប្រឹក្សា​បច្ចុប្បន្ន​នេះ​គឺ​លោក ​អ៊ឹម ឈុនលឹម​ ជា​អតីត​រដ្ឋមន្រ្តី​ក្រសួង​ដែនដី​នគរូបនីយ​កម្ម​និង​សំណង់ ​និង​ជា​សមាជិក​គណៈ​អចិន្រ្តៃយ៍​របស់​គណបក្ស​ប្រជាជន​កម្ពុជា។​

លោក​ តាំង រតនា ​អគ្គ​លេខាធិការ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ មាន​ប្រសាសន៍​ថា​ សមាជិក​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ​៩​ រូប​ ដោយ ​៣ ​រូប ​ត្រូវ​បាន​តែង​តាំង​ដោយ​ព្រះ​មហាក្សត្រ ​៣ ​រូប​ ត្រូវ​ជ្រើស​តាំង​ដោយ​រដ្ឋ​សភា​ និង ​៣ ​រូប​ទៀត​ ជ្រើស​តាំង​ដោយ​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម។ លោក​បញ្ជាក់​ថា​ ការ​ជ្រើស​រើស ​គឺ​ធ្វើ​ឡើង​ទៅ​តាម​នីតិវិធី។​

លោក​មាន​ប្រសាសន៍​ថា៖​ «អ៊ីចឹង​ គឺ​អ្វីៗ​នីតិវិធី​នៃ​ការ​រើស ​គឺ​យើង​អនុលោម​ទៅ​តាម​ច្បាប់។​ ចំពោះ​លក្ខណៈ​បុគ្គល​ ហើយ​ការ​យល់​ឃើញ​របស់​បុគ្គល​ជា​ឯកជន​ដូច​គ្នា​ដែរ​ អាហ្នឹង​ជា​ការ​យល់​ឃើញ​ជា​លក្ខណៈ​ឯក​ជន​ទេ ​ប៉ុន្តែ​សូម​មើល​ថា​ តើ​នីតិវិធី​នៃ​ការ​រើស​ហ្នឹង​ស្រប​ច្បាប់​ឬ​ទេ?»​

គួរ​បញ្ជាក់​ថា​ រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​ឆ្នាំ​ ១៩៩៣​ គឺ​ជា​រដ្ឋ​ធម្មនុញ្ញ​ទី​ ៦​ ចាប់​តាំង​ពី​ប្រទេស​កម្ពុជា​បាន​ទទួល​យក​ប្រព័ន្ធ​ដឹកនាំ​រដ្ឋ​បែប​ទំនើប​តាម​បែប​បស្ចិម​ប្រទេស ​ដោយ​បាន​ប្រកាស​ឲ្យ​ប្រើ​រដ្ឋ​ធម្មនុញ្ញ​ទំនើប​លើក​ដំបូង​ ក្នុង​ឆ្នាំ ​១៩៤៧​ ដែល​មាន​គុណ​តម្លៃ​គ្រឹះ​នៃ​ធម្មនុញ្ញ​និយម ​រួម​មាន​ប្រជា​ធិបតេយ្យ​ សិទ្ធិ​មនុស្ស​ ការ​បែងចែក​អំណាច ​និង​នីតិរដ្ឋ។​

លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ បាន​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ ដោយ​អបអរ​សាទរ​ខួប​ ២៧ ​ឆ្នាំ​នៃ​ទិវា​ប្រកាស​ឲ្យ​ប្រើប្រាស់​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា។​ លោក​បន្ថែម​ថា​ ការ​ប្រកាស​ឲ្យ​ប្រើ​ប្រាស់​នេះ​ផ្តើម​ចេញ​ពី​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស ​ស្តីពី​ដំណោះ​ស្រាយ​រួម​បញ្ចប់​នូវ​វិបត្តិ​កម្ពុជា​ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​ ២៣ ​ខែ​តុលា​ឆ្នាំ​ ១៩៩១៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG