ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​ចិន​និង​រុស្ស៊ី​ជួប​ពិភាក្សា​គ្នា​ដោយ​ប្ដេជ្ញា​ពង្រឹង​ទំនាក់​ទំនង​យុទ្ធសាស្ត្រ


ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin និង​ប្រធានាធិបតី​ចិន​លោក Xi Jinping ចាប់ដៃ​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ទ្វេភាគី​ នៅទីក្រុង​ប៉េកាំង ប្រទេសចិន នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤។
ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin និង​ប្រធានាធិបតី​ចិន​លោក Xi Jinping ចាប់ដៃ​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ទ្វេភាគី​ នៅទីក្រុង​ប៉េកាំង ប្រទេសចិន នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤។

ប្រធានាធិបតី​ចិន​លោក Xi Jinping បាន​សរសើរ​ទំនាក់ទំនង​រវាង​ចិន​និង​រុស្ស៊ី​និង​បាន​សន្យា​ពង្រឹង​ភាពជា​ដៃគូ​រវាង​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​ជ្រាលជ្រៅ​បន្ថែម​ទៀត នៅ​ពេល​ដែល​លោក​ទទួល​ជួប​ពិភាក្សា​ជាមួយ​នឹង​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin នៅ​ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន។

លោក Putin ដែល​កំពុង​ធ្វើ​ទស្សនកិច្ច​រយៈពេល​ពីរ​ថ្ងៃ​នៅក្នុង​ប្រទេស​ចិន បាន​ហៅ​ទំនាក់ទំនង​នេះ​ថា​ជា​កត្តា​ដែល​ធ្វើ​ឱ្យ​មាន​ស្ថិរភាព​នៅលើ​ពិភពលោក និង​បាន​និយាយ​ថា​ទំនាក់ទំនង​រវាង​រុស្ស៊ី​និង​ចិន «មិន​ប្រឆាំង​ដោយ​ផ្ទាល់​លើ​នរណា​ម្នាក់​នោះទេ»។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន RIA Novosti របស់​រដ្ឋាភិបាល​រុស្ស៊ី។

លោក Putin បាន​សម្ដែង​ការ​ដឹងគុណ​ចំពោះ​ប្រទេស​ចិន​សម្រាប់​អ្វី​ដែល​លោក​ហៅ​ថា​ជា​កិច្ច​ប្រឹងប្រែង​របស់​ចិន​នៅក្នុង​ការ​ដោះស្រាយ​ស្ថានការណ៍​នៅក្នុង​ប្រទេស​អ៊ុយក្រែន ​និង​បាន​និយាយ​ថា​លោក​នឹង​ជូន​ដំណឹង​ដល់​លោក Xi អំពី​រឿងរ៉ាវ​វិវត្តន៍​ចុងក្រោយ។

រុស្ស៊ី​បាន​ឈ្លានពាន​អ៊ុយក្រែន​កាលពី​ខែ​កុម្ភៈ ឆ្នាំ ២០២២ ដែល​ការ​ឈ្លានពាន​នេះ​បាន​ធ្វើ​ឱ្យ​មាន​ការ​ថ្កោលទោស​ពី​សំណាក់​អន្តរជាតិ​និង​ការ​ដាក់​ទណ្ឌកម្ម​ពី​បស្ចិម​ប្រទេស​ក្នុង​បំណង​ជំរុញ​លោក Putin ឱ្យ​ដក​កងទ័ព​ទៅវិញ។

ទីភ្នាក់ងារ​សារព័ត៌មាន Xinhua របស់​ចិន​បាន​ស្រង់​សម្ដី​របស់​លោក Putin ដែល​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា រុស្ស៊ី «មិន​ដែល​ច្រានចោល​ការ​ចរចា» រក​ដំណោះស្រាយ​សម្រាប់​សង្គ្រាម​នេះ​ទេ និង​ថា រុស្ស៊ី​ចង់​បាន «ដំណោះស្រាយ​គ្រប់​ជ្រុងជ្រោយ ឋិតថេរ និង​យុត្តិធម៌​សម្រាប់​សង្គ្រាម​នេះ​តាមរយៈ​មធ្យោបាយ​សន្តិវិធី»។

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​ស្នើ​នូវ​ផែនការ​សន្តិភាព ហើយ​ប្រទេស​ស្វីស​គ្រោង​នឹង​រៀបចំ​ការ​ចរចា​សន្តិភាព​នៅ​ខែ​ក្រោយ ប៉ុន្តែ​រុស្ស៊ី​មិន​ត្រូវបាន​អញ្ជើញ​ឱ្យ​ចូលរួម​នៅក្នុង​ការ​ប្រជុំ​នេះ​ទេ។ អ៊ុយក្រែន​ចង់​ឱ្យ​រុស្ស៊ី​ដក​ទ័ព​ចេញ​ទាំងស្រុង​ពី​អ៊ុយក្រែន ដែល​ក្នុងនោះ​រួម​ទាំង​ពី​តំបន់​ដែល​រុស្ស៊ី​អះអាង​ថា​បាន​ភ្ជាប់​យក​នៅក្នុង​វិធានការ​មួយ​ដែល​សហគមន៍​អន្តរជាតិ​ច្រានចោល​ផងដែរ។

រុស្ស៊ី​បាន​បង្កើន​ការ​វាយ​ប្រហារ​របស់​ខ្លួន​លើ​តំបន់ Kharkiv នៅ​ភាគ​ឦសាន​ប្រទេស​អ៊ុយក្រែន​ក្នុង​ពេល​មួយ​សប្ដាហ៍​កន្លង​មក​នេះ ដោយ​បង្ខំ​ឱ្យ​មនុស្ស​ជិត ៨.០០០ នាក់​គេច​ចេញ​ពី​ផ្ទះ​សម្បែង​របស់​ខ្លួន។

ចិន​បាន​បញ្ជាក់​ថា ខ្លួន​គឺជា​ភាគី​អព្យាក្រឹត្យ​នៅក្នុង​សង្គ្រាម​នៅ​អ៊ុយក្រែន​នេះ។ ប៉ុន្តែ ចិន​បាន​គាំទ្រ​រុស្ស៊ី​តាម​ផ្លូវ​សេដ្ឋកិច្ច នយោបាយ និង​វោហារសាស្ត្រ និង​បាន​បដិសេធ​មិន​ធ្វើ​ការ​ថ្កោលទោស​ការ​វាយ​ប្រហារ​របស់​រុស្ស៊ី៕

ព័ត៌មាន​ខ្លះ​នៅក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវបាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP ទីភ្នាក់ងារ​សារព័ត៌មាន AFP និង​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។ អ្នក​យក​ព័ត៌មាន​របស់ VOA ផ្នែក​ភាសា​ចិន​កុកងឺ​លោក John Xie និង​អ្នក​យក​ព័ត៌មាន​របស់ VOA ផ្នែក​ភាសា​អ៊ុយក្រែន​អ្នកស្រី Tatiana Vorozhko រួម​ចំណែក​នៅក្នុង​សេចក្ដី​រាយការណ៍​នេះ។

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG