ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Putin ទៅ​ជួប​លោក Xi នៅ​ចិន​ដើម្បី​បង្ហាញ​ភាព​ជា​ដៃគូ «គ្មាន​ដែន​កំណត់»


ប្រធានាធិបតី​រុស្ស៊ី​ Vladimir Putin បាន​មកដល់​ពិធី​ស្វាគមន៍​សម្រាប់​គណប្រតិភូ​ដើម្បីចូល​រួម​វេទិកា​ Belt and Road ក្នុង​ទីក្រុង​ប៉េកាំង​ ប្រទេសចិន​កាលពីថ្ងៃទី​១៧ តុលា ឆ្នាំ២០២៣។(Konstantin Zavrazhin, Sputnik, Kremlin Pool Photo via AP)
ប្រធានាធិបតី​រុស្ស៊ី​ Vladimir Putin បាន​មកដល់​ពិធី​ស្វាគមន៍​សម្រាប់​គណប្រតិភូ​ដើម្បីចូល​រួម​វេទិកា​ Belt and Road ក្នុង​ទីក្រុង​ប៉េកាំង​ ប្រទេសចិន​កាលពីថ្ងៃទី​១៧ តុលា ឆ្នាំ២០២៣។(Konstantin Zavrazhin, Sputnik, Kremlin Pool Photo via AP)

ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ទីក្រុង​ប៉េកាំង​នៃ​ប្រទេស​ចិន​នៅ​ថ្ងៃ​អង្គារ​នេះ​ដើម្បី​ជួប​ជាមួយ​នឹង​ប្រធានាធិបតី​ចិន​លោក Xi Jinping ក្នុង​ដំណើរ​ទស្សនកិច្ច​ដែល​គេ​តាមដាន​មើល​យ៉ាង​ទូលំទូលាយ​មួយ​ដែល​មាន​បំណង​បង្ហាញ​ទំនុកចិត្ត​និង​ភាព​ជា​ដៃគូ «គ្មាន​ដែន​កំណត់» រវាង​ប្រទេស​ទាំង​ពីរ បើ​ទោះបីជា​សង្គ្រាម​នៅ​អ៊ុយក្រែន​នៅ​បន្ត​ក៏ដោយ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​បរទេស​លើក​ទី​ពីរ​ដែល​គេ​ដឹង​ឮ​នេះ​តាំង​ពី​ពេល​ដែល​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) បាន​ចេញ​ដីកា​ចាប់​ខ្លួន​រូប​លោក​កាលពី​ខែ​មីនា​មក លោក Putin និង​មន្ត្រី​ហែហម​របស់​លោក​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ទីក្រុង​ប៉េកាំង​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ។ នេះ​បើ​យោង​តាម​វីដេអូ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

លោក Putin ត្រូវ​បាន​ទទួល​ស្វាគមន៍​ដោយ​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ចិន​លោក Wang Wentao។

ទស្សនកិច្ច​លើក​នេះ​ក៏​ជា​ទស្សនកិច្ច​ផ្លូវការ​ដំបូង​បង្អស់​របស់​លោក Putin ទៅ​ក្រៅ​អតីត​សហភាព​សូវៀត​ផង​ដែរ​នៅ​ក្នុង​ឆ្នាំ​នេះ បន្ទាប់ពី​លោក​បាន​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​កៀហ្ស៊ីស៊ីស្ថាន (Kyrgyzstan ) ​ដែល​ជា​អតីត​សាធារណរដ្ឋ​មួយ​របស់​សហភាព​សូវៀត​កាលពី​ដើម​ខែ​នេះ។

តុលាការ ICC ដែល​បាន​ចោទ​ប្រកាន់​លោក Putin ថា​បាន​ចាប់​បង្ខំ​បញ្ជូន​កុមារ​ដោយ​ខុស​ច្បាប់​ពី​អ៊ុយក្រែន​ទៅ​រុស្ស៊ី តម្រូវ​ឱ្យ​សមាជិក​ទាំង ១២៣ ប្រទេស​នៃ​តុលាការ​នេះ​ចាប់​ខ្លួន​លោក Putin និង​ផ្ទេរ​លោក​ទៅ​កាន់​ទីក្រុង​ឡាអេ​នៃ​ប្រទេស​ហូឡង់​ដើម្បី​បើក​សវនាការ​កាត់ទោស ប្រសិនបើ​លោក​ធ្វើ​ដំណើរ​ទៅ​ដល់​ទឹកដី​នៃ​ប្រទេស​ជា​សមាជិក​ទាំង​នោះ។ ទាំង​ប្រទេស​កៀហ្ស៊ីស៊ីស្ថាន​និង​ប្រទេស​ចិន​សុទ្ធតែ​មិន​មែន​ជា​សមាជិក​របស់​តុលាការ ICC។ តុលាការ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​កាត់ទោស​ឧក្រិដ្ឋកម្ម​សង្គ្រាម។

លោក Xi បាន​ជួប​ជាមួយ​នឹង​លោក Putin ដែល​ជា «មិត្ត​សំឡាញ់» របស់​លោក​នៅ​ក្នុង​ទីក្រុង​មូស្គូ​នៃ​ប្រទេស​រុស្ស៊ី​ក្នុង​ពេល​តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​ប៉ុណ្ណោះ​បន្ទាប់ពី​តុលាការ ICC បាន​ចេញ​ដីកា​ចាប់​ខ្លួន​លោក Putin។ នៅ​ពេល​នោះ លោក Xi បាន​អញ្ជើញ​លោក Putin ឱ្យ​ចូលរួម​នៅ​ក្នុង​វេទិកា​ក្រវាត់​ផ្លូវ​ពាណិជ្ជកម្ម (BRI) លើក​ទី ៣ នៅ​ក្នុង​ទីក្រុង​ប៉េកាំង ដែល​ជា​វេទិកា​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ដែល​ផ្ដួចផ្ដើម​ដោយ​លោក Xi។

លោក Putin គ្រោង​នឹង​ចូលរួម​នៅ​ក្នុង​ពិធី​បើក​ជា​ផ្លូវការ​នៃ​វេទិកា​នេះ​ដែល​រៀបចំ​ដោយ​លោក Xi និង​គ្រោង​ពិភាក្សា​ជាមួយ​នឹង​មេដឹកនាំ​នៃ​ប្រទេស​វៀតណាម ថៃ ម៉ុងហ្គោលី និង​ឡាវ​នៅ​ថ្ងៃ​អង្គារ​នេះ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រុស្ស៊ី៕

XS
SM
MD
LG