ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

វេទិកា​សេដ្ឋកិច្ច​ពិភពលោក​អំពាវនាវ​ឲ្យ​ប្រទេស​អាស៊ី​ដឹកនាំ​ពិភពលោក​​កាត់​បន្ថយ​ភាព​ក្រីក្រ។


ប្រធានាធិបតីឥណ្ឌូណេស៊ី Susilo Bambang Yudhoyono

អ្នក​ចូលរួម​នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​នៅ​ប្រទេស​ ឥណ្ឌូនេស៊ី​កំពុង​តែ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​នៅ​អាស៊ី​ដឹកនាំ​ពិភពលោក​ ក្នុងការ​កាត់​បន្ថយ​ភាព​ក្រីក្រ។ លោក​ Brian​ Padden​ អ្នកឆ្លើយឆ្លង​ព័ត៌មាន​របស់​វីអូអេ​រាយ​ការណ៍​ពី​ទីក្រុង​ហ្សាកាតា​ថា​ ពួក​គេ​និយាយ​ថា ការ​អនុវត្ត​នេះ​នឹង​តម្រូវ​ឲ្យ​មាន​ការ​តំឡើង​ពន្ធដា​និង​ចំណាយ​ជា​ច្រើន​ថែមទៀត​លើ​កម្មវិធី​គាំទ្រ​អាហារូបត្ថម្ភ​ជា​មូលដ្ឋាន​ ការ​ថែរក្សា​សុខភាព​ និង​ ការ​សិក្សា​អប់រំ។

នៅ​ក្នុង​ឆ្នាំ​២០០០​ ប្រទេស​ ១៩២​ បាន​យល់​ព្រម​គាំទ្រ​គោលដៅ​អភិវឌ្ឍ​សហវត្សរ៍​របស់​អង្គការ​សហប្រជាជាតិ​ដើម្បី​លុប​បំបាត់​ភាព​ក្រីក្រ​យ៉ាង​ខ្លាំង​ និង​កាត់​បន្ថយ​អត្រា​ស្លាប់​របស់​កុមារ​ឲ្យ​បាន​នៅ​ដើម​ឆ្នាំ​២០១៥។

ចាប់​តាំង​ពី​ឆ្នាំ​នោះ​មក​ មាន​ប្រទេស​អាស៊ី​ជា​ច្រើន​មាន​ការ​កើន​ឡើង​នូវ​សេដ្ឋកិច្ច​ទ្វេ​ដង​ដែល​បាន​ជួយ​សម្រាល​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​រាប់​លាន​នាក់។

ក៏​ប៉ុន្តែ​ លោក​ Rajat​ Nag ជា​ប្រធាន​ដឹកនាំ​កិច្ចការ​ទូទៅ​នៃ​ធនាគារ​អភិវឌ្ឍ​អាស៊ី​ដែល​បាន​ចូលរួម​ក្នុង​ក្រុម​អ្នក​សេដ្ឋវិទូ​ និង​មេដឹកនាំ​នានា​ នៅ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​នៅ​ទីក្រុង​ហ្សាកាតា​ បាន​មាន​ប្រសាសន៍​ថា​ រដ្ឋាភិបាល​នានា​ត្រូវ​ធ្វើ​ការងារ​បន្ថែម​ទៀត​ដើម្បី​សម្រេច​គោលដៅ​អភិវឌ្ឍ​សហវត្សរ៍។

លោក​ Nag​ មាន​ប្រសាសន៍​ថា​ ទោះជា​មាន​ការ​កើន​ឡើង​នៃ​សេដ្ឋកិច្ច​យ៉ាង​ឆាប់​រហ័ស​ក៏​ដោយ​ ក៏​នៅ​មាន​ប្រជាពលរដ្ឋ​៩០០​លាន​នាក់​ដែល​រក​ប្រាក់​ចំណូល​បាន​តែ​ ១​ដុល្លារ​២៥​សេន​ ក្នុង​មួយ​ថ្ងៃ​ និង​ ៤៥០​លាន​នាក់​ខ្វះ​ទឹក​ស្អាត​ប្រើប្រាស់​ ហើយ​និង​ មាន​ក្មេង​ជាង​១០០​លាន​នាក់​នៅ​តែ​ស្លាប់​ពេល​កើត​ជា​រៀង​រាល់​ឆ្នាំ។

លោក​មាន​ប្រសាសន៍​ថា​ រដ្ឋាភិបាល​នានា​នៅ​ប្រទេស​អាស៊ី​ត្រូវ​តែ​ធ្វើ​កិច្ច​ការងារ​បន្ថែម​ទៀត ក្នុង​ការ​ផ្តល់​ជំនួយ​ដល់​កម្មវិធី​អាហារូបឧបត្ថម្ភ​មូលដ្ឋាន​ផ្សេងៗ ផ្តល់​ការ​ថែរក្សា​សុខភាព​ និង​ការ​សិក្សា​អប់រំ។ លោក​ Nag​ មាន​ប្រសាសន៍​ថា​ ការ​ ចំណាយ​ទៅ​លើ​កម្មវិធី​ទាំង​នេះ​មាន​ន័យ​ថា​ នឹង​ត្រូវ​បង្កើន​ពន្ធ​ផ្សេងៗ​ជាច្រើន។

«នៅ​ប្រទេស​អាស៊ី​ ពន្ធ​ផ្សេងៗ​ជា​មធ្យម​ដែល​បាន​ប្រមូល​បើ​គិត​ជា​ភាគរយ​នៃ​ផលិត​ផល​សារុប​ក្នុង​ស្រុក​គឺ​ទំនង​ជា​នៅ​ក្រោម​១០​ភាគរយ​ប៉ុណ្ណោះ។ នៅ​ប្រទេស​អភិវឌ្ឍ​វិញ​គឺ​មាន​យ៉ាង​តិច​២០​ភាគរយ។ ដូច្នេះ​មាន​ចំនួន​ធនធាន​ជា​សាធារណៈជា​ច្រើន​ដែល​អាច​ប្រមួល​បាន។ មិន​គ្រាន់​តែ​យើង​អាច​បង្កើន​អត្រា​ពន្ធដា​ប៉ុណ្ណោះ​ទេ តែ​គឺ​បង្កើន​ពន្ធ​ជា​មូលដ្ឋាន​ ដើម្បី​ជំរុញ​ការ​ប្រមូល​ពន្ធ»។

លោក​អនុប្រធានាធិបតី​ឥណ្ឌូនេស៊ី​ Boediono​ មាន​ប្រសាសន៍​ថា​ ខណៈ​ពេល​ដែលមាន​ការ​រីកចម្រើន​យ៉ាង​ឆាប់​រហ័ស​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​របស់​លោក លោក​ទទួល​ស្គាល់​ថា​ កម្ម​វិធី​ជា​ច្រើន​ និង​ការ​បង្កើន​ពន្ធដា​ត្រូវ​តែ​អនុវត្ត​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ។

ប្រែ​សម្រួល​ដោយ ហ៊ុយ​ សម្ផស្ស​។

XS
SM
MD
LG