ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ World Central Kitchen ថា​ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល​នៅ​ហ្កាហ្សា​សម្លាប់​បុគ្គលិក​របស់​ខ្លួន​៧នាក់


មនុស្សនាំគ្នាពិនិត្យមើល​ទីតាំង​ដែល​បុគ្គលិក​របស់​អង្គការ​ World Central Kitchen ត្រូវបានសម្លាប់​នៅ​ទីក្រុង Deir al-Balah ក្នុងតំបន់​ហ្កាហ្សា នាថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤។
មនុស្សនាំគ្នាពិនិត្យមើល​ទីតាំង​ដែល​បុគ្គលិក​របស់​អង្គការ​ World Central Kitchen ត្រូវបានសម្លាប់​នៅ​ទីក្រុង Deir al-Balah ក្នុងតំបន់​ហ្កាហ្សា នាថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤។

អង្គការ World Central Kitchen (WCK) ​បាន​បញ្ជាក់​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ការ​វាយ​ប្រហារ​តាម​អាកាស​របស់​អ៊ីស្រាអែល​បាន​សម្លាប់​បុគ្គលិក​របស់​ខ្លួន៧​នាក់​នៅ​ក្នុង​តំបន់​ហ្កាហ្សា (Gaza) ​និង​ថា ​ខ្លួន​បាន​ផ្អាក​កិច្ចការ​របស់​ខ្លួន​ជា​បន្ទាន់​នៅ​ក្នុង​តំបន់​នោះ។

អង្គការ​នេះ​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា ខ្លួន​បាន​បញ្ចប់​ការ​បញ្ជូន​ជំនួយ​ម្ហូប​អាហារ​ចំនួន ១០០ តោន​ទៅកាន់​ឃ្លាំង​នៅ​ក្នុង​ទីក្រុង Deir al-Balah នៃ​តំបន់​ហ្កាហ្សា និង​ថា​រថពាស​ដែក​ពីរ​គ្រឿង​ដែល​មាន​និមិត្ត​សញ្ញា​អង្គការ​នេះ​បាន​ចាកចេញ​ពី​តំបន់​នោះ​នៅ​ពេល​ដែល​រង​ការ​វាយ​ប្រហារ។

អង្គការ​នេះ​បាន​បន្ថែម​ថា ការ​វាយ​ប្រហារ​តាម​អាកាស​នេះ​បាន​កើតឡើង ទោះបីជា​មាន​ការ​សម្របសម្រួល​ការ​ដឹក​ជញ្ជូន​ជំនួយ​របស់​ខ្លួន​ជាមួយ​នឹង​យោធា​អ៊ីស្រាអែល​ក៏ដោយ។

អ្នក​ដែល​ត្រូវ​បាន​សម្លាប់​រួមមាន​ជនជាតិ​ប៉ាឡេស្ទីន​ម្នាក់​និង​ក្រៅពី​នេះ​គឺ​ជនជាតិ​អូស្ត្រាលី ប៉ូឡូញ ចក្រភព​អង់គ្លេស និង​ម្នាក់​ទៀត​មាន​សញ្ជាតិ​ពីរ​គឺ​អាមេរិក​និង​កាណាដា។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អង្គការ WCK នេះ។

ប្រធាន​អង្គការ WCK អ្នកស្រី Erin Gore បាន​ហៅ​ការ​វាយ​ប្រហារ​នេះ​ថា «មិន​អាច​លើកលែង​ឱ្យ​បាន»។

ស្ថាបនិក​អង្គការ​នេះ​លោក Jose Andres បាន​បញ្ជាក់​តាម​បណ្ដាញ​សង្គម​អនឡាញ​ថា លោក «ឈឺចាប់​និង​សោកសៅ» បន្ទាប់ពី​បាន​បាត់បង់ «បុគ្គលិក​ជាច្រើន​នៅ​ក្នុង​ការ​វាយ​ប្រហារ​របស់​កងទ័ព​អ៊ីស្រាអែល​នៅ​ហ្កាហ្សា»។

អង្គការ WCK បាន​ចាប់ផ្ដើម​ប្រើ​ផ្លូវ​ទឹក​ដើម្បី​ដឹក​ជញ្ជូន​ម្ហូប​អាហារ​ដែល​ត្រូវការ​ខ្លាំង​បំផុត​ទៅកាន់​តំបន់​ហ្កាហ្សា ដែល​នៅ​ទីនោះ អង្គការ​មនុស្សធម៌​នានា​បាន​ត្អូញត្អែរ​អំពី​ការ​បង្អាក់​របស់​យោធា​អ៊ីស្រាអែល​លើ​ការ​ដឹក​ជញ្ជូន​ជំនួយ​តាម​រថយន្ត​ដឹក​ទំនិញ និង​កង្វះ​សុវត្ថិភាព​ក្នុង​ការ​ចូល​ទៅ​កាន់​តំបន់​ដែល​មនុស្ស​កំពុង​ត្រូវការ​ជំនួយ។

យោធា​អ៊ីស្រាអែល​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា ខ្លួន «កំពុង​ពិនិត្យ​មើល​ឱ្យ​បាន​ហ្មត់ចត់​នៅ​កម្រិត​ខ្ពស់​បំផុត​ដើម្បី​ស្វែងយល់​អំពី​ស្ថានការណ៍​នៃ​ឧបត្តិហេតុ​ដ៏​ខ្លោចផ្សា​នេះ»។ យោធា​អ៊ីស្រាអែល​ថា ខ្លួន​បាន «ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​នឹង​អង្គការ WCK» ដើម្បី​ផ្ដល់​ជំនួយ​ដល់​ប្រជាជន​ប៉ាឡេស្ទីន។

ប្រធាន​ផ្នែក​មនុស្សធម៌​នៃ​អង្គការ​សហប្រជាជាតិ​លោក Martin Griffiths បាន​និយាយ​ថា លោក «ខឹង» ចំពោះ​ការ​វាយ​ប្រហារ​នេះ និង​បាន​ហៅ​ទង្វើ​នៃ​អ្នក​ដែល​បាន​ធ្វើ​ការ​វាយ​ប្រហារ​នេះ​ថា «គ្មាន​ហេតុផល​ដែល​អាច​ការពារ​បាន»៕

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវបាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP ទីភ្នាក់ងារ​សារព័ត៌មាន Reuters និង​ទីភ្នាក់ងារ​សារព័ត៌មាន AFP។

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG