ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​កម្ពុជា​បើក​វគ្គ​បណ្តុះ​បណ្តាល​ជំនាញ​វិជ្ជា​ជីវៈ ដោយ​ដាក់​គោលដៅ​សម្រាប់​ពលរដ្ឋ​១​លាន​៥​សែន​នាក់


រូបឯកសារ៖ ជាងកំពុង​ជួសជុល​រថយន្ត​ក្នុង​យានដ្ឋាន​មួយ​ នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០២៣។ (កាន់ វិច្ឆិកា/វីអូអេ)
រូបឯកសារ៖ ជាងកំពុង​ជួសជុល​រថយន្ត​ក្នុង​យានដ្ឋាន​មួយ​ នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០២៣។ (កាន់ វិច្ឆិកា/វីអូអេ)

រដ្ឋា​ភិបាល​បាន​ប្រកាសដាក់​ប្រើ​ប្រាស់​ជា​ផ្លូវ​ការនូវ​កម្ម​វិធី​បណ្តុះ​បណ្តាល​ជំនាញ​វិជ្ជា​ជីវៈ និង​បច្ចេក​ទេស​ដល់​យុវ​ជន​មក​ពី​គ្រួសារ​ក្រីក្រ ​និង​ងាយ​រង​ហានិ​ភ័យ ដែល​មាន​គោល​ដៅ​បណ្តុះ​បណ្តាល​ចំនួន​១​លាន​៥​សែន​នាក់។

នៅ​ថ្ងៃ​អង្គារ​នេះ លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន ម៉ាណែត ​បាន​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​ជាផ្លូវ​ការ​នូវ​«​កម្ម​វិធី​បណ្តុះ​បណ្តាល​ជំនាញ​វិជ្ជា​ជីវៈ​ និង​បច្ចេក​ទេស​ដល់​យុវ​ជន​មក​ពី​គ្រួសារ​ក្រីក្រ ​និង​ងាយ​រង​ហានិ​ភ័យ»។

លោក ហ៊ុន ម៉ាណែត ថ្លែង​ថា​ កម្មវិធី​នេះ​ជា​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​ក្នុង​ការ​លើក​កម្ពស់​សុខុ​មាល​ភាព​ប្រជា​ជន និង​កាត់​បន្ថយ​ភាព​ក្រីក្រ ដែលនឹង​ធ្វើ​ដំណើរ​ស្រប​គ្នា​ជាមួយ​យុទ្ធសាស្ត្រ​ជាតិ​ ស្តីពី«ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ​ឆ្នាំ​ ២០​២៣​-​២០​២៨»​ ​ក្នុង​គោល​ដៅ​ផ្តល់​ជំនាញ និងទទួល​បា​ន​ការងារ​សម​រម្យ និង​ប្រកប​មុខ​ងារ​ដោយ​ខ្លួន​ឯង។

​លោក​ថ្លែង​ថា​៖ ​«​ជា​រួម​ការ​ដាក់​ចេញ ​ដាក់​ឱ្យ​អនុវត្ត​នូវ​កម្ម​វិធី​របប​សន្តិ​សុខ​សង្គម​ផ្នែក​ថែ​ទាំ​សុខ​ភាព​តាម​របប​ភាគ​ទាន​ ​ដោយ​ស្ម័គ្រ​ចិត្ត​ និងកម្ម​វិធី​បណ្តុះ​បណ្តាល​ជំនាញ​វិជ្ជា​ជីវៈ​ និង​បច្ចេក​ទេស​ដល់​យុវ​ជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារងាយ​រង​ហានិ​ភ័យ​ គឺ​ជា​យុទ្ធ​សាស្ត្រ​របស់​រាជ​រដ្ឋា​ភិបាល​ នៅ​ក្នុង​ការ​លើក​កម្ពស់​សុខុ​មាល​ភាព​ប្រជា​ជន​ ការ​បង្កើនឱកាស​ទទួល​បា​នការ​បណ្តុះ​បណ្តាលជំនាញ និង​ជា​យុទ្ធ​សាស្ត្រ​គន្លឹះ​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ជូ​ន​ប្រជា​ជន»។

លោក ហ៊ុន ម៉ាណែត ក៏​បាន​អំពាវ​នាវទៅ​អាណា​ព្យាបាល​ដែល​មាន​ជីវ​ភាព​ខ្វះ​ខាត​ឱ្យ​ជួយ​ជំរុញ​កូន​ ទៅ​ទទួល​ការ​បណ្តុះ​បណ្តាលវិជ្ជា​ជីវៈ ​និង​បច្ចេក​ទេស ​ដើម្បី​ទទួល​បាន​ជំនាញមួយ​ពិត​ប្រាកដ​។

លោក ហេង សួរ រដ្ឋ​មន្ត្រី​ក្រសួង​ការងារ ​ថ្លែង​ក្នុង​ពិធី​នោះថាក្នុងជំហាន​ដំបូង ក្រសួង​បាន​កំណត់​មុខ​ជំនាញ​ចំនួន៣៨​ក្នុង​ការ​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ ដោយ​ផ្តោត​លើវិស័យ​អាទិ​ភាព​ចំនួន​១០ ​ដែល​រួម​មានសំ​ណង់​ អគ្គិ​សនី​និង​ថាម​ពល​ អេឡិច​ត្រូនិក​ បរិក្ខារ​ត្រជាក់​និង​កម្ដៅ​ ​កម្មន្ត​សាល មេកា​និក​ទូទៅ ​មេកា​និក​រថយន្ត​ ទេស​ចរណ៍​ សេវា​កម្ម​ កសិ​កម្ម ​និង​កសិ​-ឧស្សាហកម្ម​ ​ ​ធុរ​កិច្ច​និង​ព័ត៌​មាន​វិទ្យា។ ​លោក​បន្ត​ថាកម្ម​វិធី​បណ្តុះ​បណ្តាលនឹង​មា​ន​ការ​រៀប​ចំ​ជាវេន​យប់ ​និងវេន​ចុង​សប្តាហ៍​ បន្ថែម​ពី​វេន​ធម្មតាផង​ដែរ​ ដើម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​យុវ​ជន​ក្នុង​ការ​ចូល​រៀន​ជំនាញ​ទាំង​នោះ​។ ការ​សិក្សា​ជំនាញ​នីមួយៗ ​អាច​មាន​រយៈ​ពេល៤​ខែ​។​

យុវ​ជ​ន​ដែល​មាន​អាយុ​ចាប់​ពី​១៥​ឆ្នាំ​ឡើង​ទៅ ​អាច​ចុះ​ឈ្មោះ​ចូល​រៀន​ជំនាញ​វិជ្ជា​ជីវៈ​ និង​បច្ចេក​ទេសដោយ​ឥត​គិត​ថ្លៃ​ ចាប់​ពី​ពេល​នេះ​ត​ទៅ ​ដោយ​អាច​ចុះ​ឈ្មោះ​បានតាម​រយៈ​កម្ម​វិធី​ទូរ​សព្ទ​ដៃ ​ដែល​មាន​ឈ្មោះ «​TVET ​1.5m​» ឬ​ទៅ​ចុះ​ឈ្មោះ​ដោយផ្ទាល់​នៅ​តាម​វិទ្យា​ស្ថាន​អប់រំ​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ មន្ទីរការងារ ​មជ្ឈ​មណ្ឌល​ការងារ​រាជ​ធានី​ខេត្ត​ចំនួន​១៤ ​មជ្ឈ​មណ្ឌលការងារ​ចល័ត​ចំនួន​៥ ​និង​ដៃ​គូ​សង្គម​ផ្សេង​ទៀត ​ដែល​មាន​បំណង​ស្ម័គ្រ​ចិត្ត​ចូល​រួម​ក្នុង​ការ​ជួយ​ចុះ​ឈ្មោះ​។ នេះ​បើ​តាម​រដ្ឋមន្រ្តី​ក្រសួង​ការងារ​។

​បើ​តាម​លោក ហេង សួរ ​«ជំនាញ​វិជ្ជា​ជីវៈ​ដូន​តា» ​ក៏​ត្រូវ​បាន​រៀប​ចំបណ្តុះ​បណ្តាល​ជំនាញ​ផង​ដែរ ដែល​អនុវត្ត​ដោយ​ក្រសួង​វប្ប​ធម៌ ​និង​វិចិត្រ​សិល្បៈ ​ក្នុង​គោល​បំណង​អភិ​រក្ស​ចំណេះ​ដឹង​ និង​ជំនាញ​ដូនតា​ឱ្យ​បាន​គង់​វង្ស ​និង​អភិវឌ្ឍ«​ឧស្សា​ហកម្ម​វប្បធម៌​ និង​ច្នៃ​ប្រឌិត​បង្កើត​ថ្មី»​។

​លោក កត្តា ​អន​ អ្នក​នាំ​ពាក្យក្រសួង​ការងារ​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​ថាប្រជា​ពល​រដ្ឋ​ដែល​មាន​អាយុ​១៥​ឆ្នាំ​ឡើង​ទៅ​ ក៏​អាច​ចូល​រៀន​វគ្គ​បណ្តុះ​បណ្តាល​ជំនាញ​វិជ្ជា​ជីវៈ​ និង​បច្ចេក​ទេស​ដោយ​ឥ​ត​គិត​ថ្លៃ​ផង​ដែរ​។

​លោក​ថ្លែង​ថា៖ ​«​ចំពោះ​យុវ​ជន​ដែល​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសាររង​ហានិ​ភ័យ​ គឺ​ពួក​គាត់​អាច​ចុះ​ឈ្មោះ​ចូល​រៀន​ ដោយ​មិន​បង់​ប្រាក់ ​ហើយ​និង​មាន​ការ​ឧបត្ថម្ភ​ជា​រៀង​រាល់​ខែ​២៨​ម៉ឺន​រៀល​ទៀ​ត​។ ​ចំណែក​យុវជន ដែល​មិន​មែន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​រង​ហានិ​ភ័យ​ទេ គឺ​ថា​ពួក​គាត់​អាចចុះ​ឈ្មោះ​ចូល​រៀន ​ដោយ​មិន​បង់​ថ្លៃ​សាលា ប៉ុន្តែ​នឹង​មិន​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​២៨​ម៉ឺន​រៀល​នោះ​ទេ​»។

​គ្រួសារ​ក្រីក្រ ​និង​ងាយ​រង​ហានិ​ភ័យ​ត្រូវ​កំណត់​តាម​ប្រព័ន្ធបណ្ណ​សម​ធម៌​របស់​រដ្ឋា​ភិបាល ឬ​បណ្ណ​សម្គាល់​គ្រួសារ​ងាយ​រង​ហានិ​ភ័យ។

​បើ​តាម​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ រដ្ឋា​ភិបាល​នឹង​ប្រើ​ប្រាស់​ថវិកា​ជាតិ​ចំនួន​៣៦​លាន​ដុល្លារ​អាមេរិក​សម្រាប់កម្ម​វិធី​បណ្តុះ​បណ្តាល​នេះ​។

លោក​ វន់ ពៅ ប្រធាន​សមា​គម​ប្រជា​ធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​(IDEA)​ យល់​ថា​ការ​បង្កើតកម្ម​វិធី​បណ្តុះ​បណ្តាល​នេះ គឺ​ជា​រឿង​ល្អ ​ដែល​ផ្តល់​ឱកាស​ដល់​ពល​រដ្ឋ​ដែល​មិន​មាន​លទ្ធ​ភាព​រៀន​នៅ​ម​ហា​វិទ្យា​ល័យ។ ​ប៉ុន្តែលោក​ជំរុញ​រដ្ឋា​ភិបាល​កំណត់​ឱ្យ​បាន​ច្បាស់​លាស់​ ទាក់​ទង​នឹង​ពលរដ្ឋ​ក្រីក្រ និង​ងាយ​រង​ហានិភ័យ​ពិត​ប្រាកដ និង​ត្រូវ​បង្កើត​មជ្ឈ​មណ្ឌល​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ឱ្យ​បាន​ច្រើន ​ជាពិសេស​ដាក់​ឱ្យ​ដល់​ទីជន​បទ​ ដើម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ប្រជា​ពល​រដ្ឋ​។ លោក​បន្ថែម​ថា​រដ្ឋ​ក៏​ត្រូវ​គិត​គូរ​ដល់​ការ​បង្កើត​ឱកាស​ការងា​រ ​និង​ផ្តល់​ជា​កម្ចី​ឥណ​ទាន​របស់​រដ្ឋ ដល់​ពលរដ្ឋ ដើម្បី​ធ្វើ​ជា​ដើម​ទុន​រក​ស៊ី។

លោក​ប្រាប់​វីអូអេ​ថា៖ «​ប្រសិន​បើ​បណ្តុះ​បណ្តាល​ជំនាញ​ ដែល​គាត់ប្រកប​របរ​ខ្លួន​ឯង​បាន ​រដ្ឋ​គួរ​តែ​រៀប​ចំ​បង្កើតជា​ឥណ​ទានរបស់​រដ្ឋ​ក្នុង​ការ​ផ្តល់​ប្រាក់​កម្ចី បន្ទាប់​ពី​គាត់​មាន​ជំនាញ​វិជ្ជា​ជីវៈ​ពិត​ប្រាកដ​ ក្រោយ​ពី​បណ្តុះ​បណ្តាល​។ ​អាហ្នឹង​ខ្ញុំ​គិត​ថា​ វា​អាច​ជា​កត្តា​សំខាន់​ណាស់ បន្ថែម​ទៀត​ ​សម្រាប់​ពួក​គាត់​ដើម្បី​គាត់​មាន​ដើ​ម​ទុន​ទៅ​ប្រកប​មុខ​របរ​វិជ្ជា​ជីវៈ​ ទៅ​តាម​ជំនាញដែល​គាត់​បាន​ឆ្លង​កាត់សាលាបណ្តុះ​បណ្តាល​នេះ»។

​ក្រៅពីនេះ ​លោក​ថា​រដ្ឋ​ក៏ត្រូវ​ពង្រីក​ទីផ្សារ​ការងារ​សម្រាប់​និស្សិត​ដែល​រៀន​ចប់​បរិញ្ញា​បត្រ​នៅ​សាកល​វិទ្យា​ល័យ ដើម្បី​បញ្ចៀស​ភាព​គ្មាន​ការងារ​ធ្វើ​រ​បស់​និស្សិត​ទាំង​នោះ​៕

XS
SM
MD
LG