ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពិភពលោក​កំពុង​រង់ចាំ​មើល​​គោល​នយោបាយ​របស់​លោក Trump ចំពោះ​កិច្ចការ​បរទេស


លោក Donald Trump និង​អតីត​ប្រធាន​សភា​អាមេរិក​លោក Newt Gingrich កាល​ពី​ពេល​ឃោសនា​បោះ​ឆ្នោត​កន្លង​ទៅ។
លោក Donald Trump និង​អតីត​ប្រធាន​សភា​អាមេរិក​លោក Newt Gingrich កាល​ពី​ពេល​ឃោសនា​បោះ​ឆ្នោត​កន្លង​ទៅ។

វោហារសាស្ត្រ​របស់​លោក Donald Trump ដែល​ជា​ប្រធានាធិបតី​ជាប់​ឆ្នោត​របស់​សហរដ្ឋ​អាមេរិក នៅ​ក្នុង​ការ​ធ្វើ​យុទ្ធនាការ​រក​សំឡេង​ឆ្នោត​របស់​លោក​កន្លង​មក បាន​ធ្វើ​ឲ្យ​សាធារណជន​ទូទៅ​មាន​ការ​ស្រពិច​ស្រពិល​អំពី​គោលនយោបាយ​ការបរទេស​របស់​សហរដ្ឋ​អាមេរិក ដែល​លោក​នឹង​អនុវត្ត។

នៅ​ក្នុង​យុទ្ធនាការ​រក​ការ​គាំទ្រ​នៅ​ក្នុង​ការ​បោះឆ្នោត​កន្លង​មក ​លោក ​Trump មិន​បាន​បញ្ជាក់​ឲ្យ​បាន​ច្បាស់​អំពី​បញ្ហា​សំខាន់ៗ​មួយ​ចំនួន ដូចជា​បញ្ហា​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​ជ្រុលនិយម​ក្រុម​រដ្ឋ​ឥស្លាម​ជាដើម។

ចំពោះ​បញ្ហា​ផ្សេងៗ​ទៀត គឺ​លោក​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា លោក​នឹង​មិន​ប្ដូរ​គោលជំហរ​របស់​លោក​ចំពោះ​ការ​បដិសេធ​កិច្ច​ព្រមព្រៀង​ដៃគូ​ពាណិជ្ជកម្ម​ឆ្លង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក TPP ការ​ចរចា​ឡើង​វិញ​នូវ​កិច្ច​ព្រមព្រៀង​អាវុធ​នុយក្លេអ៊ែរ​ជាមួយ​ប្រទេស​អ៊ីរ៉ង់ និង​ការ​ដក​ខ្លួន​ចេញ​ពី​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ស្ដីពី​ការ​ប្រែប្រួល​អាកាសធាតុ នោះ​ទេ ដែល​ចំណុច​ទាំង​អស់នេះ​ត្រូវ​បាន​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា​ ផ្ដោត​លើ​ខ្លាំង​បំផុត។

កិច្ច​ព្រមព្រៀង ​TPP ​នៅតែ​មាន​សារៈ​សំខាន់​ ទោះ​បីជា​មាន​ការ​រាយការណ៍​ថា សេតវិមាន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​បាន​លះបង់​ចោល​នូវ​ការ​ប្រឹងប្រែង​ឲ្យ​មាន​ការ​អនុម័ត​លើ​កិច្ច​ព្រមព្រៀង​នេះ​ពី​សភា​សហរដ្ឋ​អាមេរិក​ក៏​ដោយ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក ​John Kerry ​ដែល​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ក្នុង​ប្រទេស​នូវែលហ្សេឡង់ ​នៅ​ថ្ងៃ​អាទិត្យ​នេះ។

នា​ពេល​ថ្មីៗ​នេះ អ្នក​នាំ​ពាក្យ​របស់​វិមាន​ក្រឹមឡាំង (Kremlin) ដែល​ជា​វិមាន​ប្រធានាធិបតី​រុស្ស៊ី បាន​ប្រកាស​ថា គោល​នយោបាយ​ការបរទេស​របស់​លោក Donald Turmp ដែល​ជា​ប្រធានាធិបតី​ជាប់​ឆ្នោត​របស់​សហរដ្ឋ​អាមេរិក គឺ​មាន​លក្ខណៈ​ស្រដៀង​ទៅ​នឹង​គោល​នយោបាយ​ការបរទេស​របស់​លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin​ ដែរ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG