ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ជួប​ជាមួយ​នឹង​ក្រុម​​ផ្លាស់ប្តូរ​គណៈ​រដ្ឋមន្ត្រី​​ថ្ងៃទី២


សេតវិមាន​ឆ្នាំ ២០១៦
សេតវិមាន​ឆ្នាំ ២០១៦

ប្រធានាធិបតី​ជាប់ឆ្នោត​របស់​អាមេរិក​លោក Donald Trump កំពុង​ជួប​ជាមួយ​ក្រុម​ធ្វើ​ការ​ផ្លាស់​ប្តូរ​គណរដ្ឋ​មន្ត្រី​របស់​សេតវិមាន​ នៅ​ក្នុង​ថ្ងៃ​ទី២ ក្នុង​ខណៈ​ពេល​ដែល​ពួកគេ​កំពុង​ព្យាយាម​បំពេញ​តំណែង​គណៈរដ្ឋមន្ត្រី​និង​តំណែង​រដ្ឋបាល​កំពូល​ផ្សេង​ទៀត​ផង​ដែរ​នោះ។

មុខ​តំណែង​ជា​នាយកខុទ្ទកាល័យ​សេតវិមាន​ ដែល​គ្រប់​គ្រង​ទៅ​លើ​ការិយាល័យ​ប្រតិបត្តិ​របស់​ប្រធានាធិបតី​ ត្រូវ​បាន​គេ​រំពឹង​ថា​មាន​សារៈ​សំខាន់​ខ្លាំង​នៅ​ក្នុង​រដ្ឋបាល​របស់​លោក Trump ដោយ​សារ​តែ​លោក Trump មិន​មាន​បទពិសោធន៍​តាក់តែង​គោលនយោបាយ​ហើយ​ខ្វះ​ទំនាក់​ទំនង​ជា​មួយ​នឹង​អ្នកមាន​អំណាច​មួយ​ចំនួន​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន។

ប្រធាន​គណកម្មាធិការ​ជាតិ​របស់​គណបក្ស​សាធារណរដ្ឋ​លោក Reince Priebus ត្រូវ​បាន​គេ​លើក​ឡើង​ថា កំពុង​ត្រូវ​បាន​ពិចារណា​ថា​នឹង​ប្រគល់​មុខ​តំណែង​នេះ​ដល់​លោក ដូច​គ្នា​ជាមួយ​នឹង​លោក Stephen Bannon ប្រធាន​យុទ្ធនាការ​របស់​លោក Trumpផង​ដែរ។​

លោក​ Trump បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ចេញ​កាលពី​ថ្ងៃ​សុក្រ​ថា ក្រុម​របស់​លោក​កំពុង​ស្វែង​រក​ក្រុម​មេដឹកនាំ​ដែល​ជោគជ័យ​និង​សាកសម​បំផុត​ដែល​នឹង​អាច​អនុម័ត​របៀប​វីរៈ​នៃ​ការ​ផ្លាស់​ប្តូរ​នានា​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន។

លោក Trump បាន​តែង​តាំង​លោក Mike Pence ដែល​ជា​អនុ​ប្រធានាធិបតី​របស់​លោក ឲ្យ​គ្រប់​គ្រង​ទៅ​លើ​ក្រុម​ធ្វើ​ការ​ផ្លាស់​ប្តូរ​គណៈ​រដ្ឋ​មន្ត្រី​ ជំនួស​ឲ្យ​លោក Chris Chistie។

កូន​ទាំង​បី​របស់​លោក​ Trump ហើយ​និង​កូន​ប្រសារ​ប្រុស​របស់​លោក​គឺ​លោក Jared Kushner ក៏​ត្រូវ​បាន​រាប់​បញ្ចូល​ទៅ​ក្នុង​គណៈ​កម្មាធិកា​ប្រតិបត្តិ​ដែល​មាន​សមាជិក​១៦​នាក់​នេះ​ផង​ដែរ ដែល​ការ​សម្រេច​ចិត្ត​នេះ​អាច​នឹង​ធ្វើ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ជុំវិញ​ទំនាស់​ផល​ប្រយោជន៍​។

សមាជិក​ផ្សេង​ទៀត​របស់​គណកម្មាធិកា​ប្រតិបត្តិ​នៃ​ក្រុម​ផ្លាស់​ប្តូរ​គណៈរដ្ឋ​មន្ត្រី​នេះ​រួមមាន​លោក​សមាជិក​ព្រឹទ្ធសភា Jeff Sessions អតីត​អភិបាល​រដ្ឋ New York លោក Rudolph Giuliani អតីត​ប្រធាន​សភា​លោក Newt Gingrich នាយ​ឧត្តម​សេនីយ៍​ទោ​ចូល​និវត្តន៍​លោក Michael Flynn និង​អតីត​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ​លោក Ben Carson។ អ្នក​ទាំង​អស់​នេះ​គឺ​សុទ្ធ​តែ​កំពុង​ត្រូវ​បាន​ពិចារណា​ឲ្យ​ចូល​កាន់​មុខ​តំណែង​កំពូល​ណា​មួយ​នៅ​ក្នុង​រដ្ឋបាល​របស់​លោក Trump។

ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ ក្រុម​នេះ​មាន​តួនាទី​ត្រូវ​បំពេញ​មុខ​តំណែង​គណៈ​រដ្ឋ​មន្ត្រី​ចំនួន​១៥​ និង​តួនាទី​ចំនួន​ប្រហែល​១០០០កន្លែង​ទៀត​ដែល​ត្រូវ​អនុម័តដោយ​ព្រឹទ្ធសភា៕

XS
SM
MD
LG