ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ជប៉ុន​សន្យា​ផ្តល់​១លាន​៤​សែន​ដុល្លារ​ដល់​សាលាក្តី​​ខ្មែរក្រហម

  • សុខ ខេមរា

ទិដ្ឋភាព​​ទូទៅ​នៃ​សាលាក្តី​កាត់ទោស​មេដឹកនាំ​ខ្មែរ​ក្រហម។

ភាគី​អន្តរជាតិនៃ​សាលាក្តី​កាត់ទោស​ខ្មែរក្រហម​ទទួល​បាន​ការ​សន្យា​ជាទឹក​ប្រាក់​ជំនួយ​ជិត​១លាន៤​សែន​ដុល្លារ​ស.រ.អា.ពីរដ្ឋាភិបាល​ជប៉ុន​ដើម្បី​ដំណើរការ​កាត់ទោស​ពួក​អតីត​មេដឹកនាំ​ខ្មែរក្រហម​ដែល​នៅ​រស់រាន​មាន​ជីវិត​ពីរនាក់។​ ក៏ប៉ុន្តែសាលាក្តី​នេះ​នៅខ្វះ​ខាត​ថវិកាក្នុង​ដំណើរ​ការ​របស់​ខ្លួន​សម្រាប់​ការ​ចំណាយ​ឆ្នាំ​២០១៥។

ប្រទេស​ជប៉ុន​បាន​សម្រេច​ផ្តល់​ទឹក​ប្រាក់ជិត​១លាន៤​សែនដុល្លារ​ស.រ.អា.ដល់ សាលាក្តី​កាត់ទោស​ខ្មែរក្រហម​ដែល​ចូលរួម​ដោយ​អ.ស.ប.ដើម្បី​បន្ត​ទ្រទ្រង់​ដំណើរ​ការ​កាត់ទោស។​ នេះបើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សាលាក្តី។​

លោក​នេត្រ ភក្ត្រា ​អ្នក​នាំពាក្យ​នៃ​សាលាក្តី​កាត់ទោស​ខ្មែរក្រហម​ បាន​អះអាង​ បន្ថែម​ប្រាប់​វីអូអេ​កាលពី​ថ្ងៃច័ន្ទ​ដែរ​ថា៖​

«នៅ​ថ្ងៃ​នេះ​គឺ​ប្រទេស​ជប៉ុន​បាន​សម្រេច​ផ្តល់ថវិកាចំនួន​ជាង​១លាន៣សែន៨​ម៉ឺន​ដុល្លារ​ស.រ.អា.ដល់​សាលាក្តី​ខ្មែរក្រហម​សម្រាប់​ភាគី​អន្តរជាតិ​ ដែល​ជួយ​សម្រួល​ក្នុង​ការ​ចំណាយ​ថវិកាក្នុង​ឆ្នាំ​២០១៥​របស់​ភាគី​អន្តរជាតិ»។​

លោក​បាន​បន្តថា​ ដោយ​ឡែក​សម្រាប់​ភាគី​ជាតិ​ ដែល​ក្នុង​គម្រោង​ថវិកា​ត្រូវ​ការ​ចំណាយ​ចំនួន​៦​លាន​ដុល្លារ​ស.រ.អា.នោះ មិន​ទទួល​បានការ​សន្យា​ណា​មួយពី​ប្រទេស​ផ្សេងៗ​នៅ​ឡើយ​ទេ។​ លោក​និយាយ​ថា ​បាន​ថវិកា​តែ​រាជ​រដ្ឋាភិបាល​កម្ពុជាប៉ុណ្ណោះ​ ដែល​បាន​សន្យាផ្តល់​ប្រាក់​ប្រចាំ​ឆ្នាំ​ដើម្បី​ទ្រទ្រង់​លើ​សេវា​ប្រតិបត្តិការទូទៅ​ក៏​ដូច​ជា​សន្យា​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រាក់​បៀវត្សរ៍​មន្ត្រី​បុគ្គលិក​ជាតិ​រយៈ​ពេល​៦ខែ​ដោយ​ឆ្លងតាម​ស្មារតី​នៃ​កិច្ច​ប្រជុំ​រវាង​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ហើយ​នឹង​លោកបាន់ គីម៊ូន ​អគ្គលេខាធិការ​អ.ស.ប.នៅប្រទេស​ភូមា​នោះ។

សាលាក្តី​កាត់ទោស​ខ្មែរក្រហម​ត្រូវការ​ទឹកប្រាក់​២២​លាន​៩សែន​ដុល្លារ​សម្រាប់​ ភាគី​អន្តរជាតិ។​ ហើយ​សម្រាប់​ភាគី​ជាតិ​វិញ​គឺ​ត្រូវការ​ទឹកប្រាក់​៦​លាន​ដុល្លារ។​ ភាគី​ជាតិ​នៅ​ខ្វះ​ថវិកា៣​លាន​ដុល្លារ​ទៀត​សម្រាប់​ការ​ចំណាយ​ដល់​ប្រាក់​ខែ​ បុគ្គលិក​នៅ​ឆ្នាំ​២០១៥ ​និង​ការ​ចំណាយ​ផ្សេងៗ​ទៀត។​ ប្រទេស​ជប៉ុន​ជាប្រទេស​ផ្តល់​ជំនួយ​ធំជាង​គេ​បង្អស់​សម្រាប់​សាលាក្តី​នេះ​តាំងពី​ដើមមក​ ដោយ​បាន​បរិច្ចាក​ថវិកា៨២​លាន​ដុល្លារ​ស.រ.អា.ដើម្បី​គាំទ្រ​សាលាក្តី។​

លោក​នេត្រ ភក្ត្រា​បាន​អះអាង​ថា​ សាលាក្តី​ខ្មែរក្រហម​កំពុង​រង់ចាំ​មើល​ការ​ សន្យា​ពី​ក្រុម​ប្រទេស​ម្ចាស់​ជំនួយ​ផ្សេងៗបន្ថែម​ទៀត​ដើម្បី​គាំទ្រ​ដល់​ដំណើរ​ការ​ កាត់​ទោស។​

សាលាក្តី​កាត់ទោស​ខ្មែរក្រហម​ ថ្មីៗ​នេះ ​ត្រូវ​គេ​ដឹង​ថា​ បាន​កាត់​បន្ថយ​ទំហំ​វិសាល​ភាព​កិច្ចការ​របស់​ខ្លួន​ជាច្រើន ​ដោយសារខ្វះខាត​ថវិកាសម្រាប់​ទ្រទ្រង់​ការ​ ចំណាយ​នានា។​

សាលាក្តី​ខ្មែរក្រហម​កំពុង​បន្ត​ដំណើរការ​កាត់ទោស​សំណុំ​រឿង​០០២ ​វគ្គ​ទី​២​ ដែល​មាន​ជន​ជាប់​ចោទ​ពីរ​នាក់​គឺ​នួន ជា ​បង​ធំ​ទី២​ និង​ខៀវ សំផន​ អតីត​ ប្រមុខ​រដ្ឋ​របប​ខ្មែរ​ក្រហម ​ពីបទ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ជា​ច្រើន ​ដែល​ពាក់​ព័ន្ធ​នឹង​ ការ​សម្លាប់​ពលរដ្ឋ​ខ្មែរ​ជាង​១​លាន​៧​សែន​នាក់​ក្នុង​សម័យ​ខ្មែរក្រហម​ពីខែ​មេសា​ឆ្នាំ​១៩៧៥​ដល់​ខែ​មករា​ឆ្នាំ​១៩៧៩៕

XS
SM
MD
LG