ប៉ូលិសក្នុងរដ្ឋ Wisconsin ដែលស្ថិតនៅភាគកណ្តាលខាងលិចសហរដ្ឋអាមេរិក បាននិយាយថា ជនសង្ស័យម្នាក់ដែលបានបើករថយន្តទម្លុះក្បួនដង្ហែក្នុងពិធីបុណ្យ Christmas មួយ ដោយបានសម្លាប់មនុស្ស៥នាក់ និងរបួស៤៨នាក់ផ្សេងទៀតនោះ មានពាក់ព័ន្ធនឹងបញ្ហាក្នុងគ្រួសារប៉ុន្មាននាទីមុនពេលហេតុការណ៍នេះកើតឡើង។
ស្នងការប៉ូលិសក្នុងទីក្រុង Waukesha លោក Dan Thompson បាននិយាយនៅក្នុងសន្និសីទកាសែតកាលពីថ្ងៃចន្ទថា ពុំមានភស្តុតាងណាមួយដែលបញ្ជាក់ថា ការបុកទម្លុះចូលក្នុងពិធីហែក្បួននៅក្នុងទីក្រុងតួចមួយនេះ ពាក់ព័ន្ធនឹងអំពើភេរវកម្មនោះឡើយ។
លោក Thompson បន្ថែមថា ប៉ូលិសបានទទួលព័ត៌មានថា ជនសង្ស័យ មានពាក់ព័ន្ធនឹងបញ្ហាក្នុងគ្រួសារមុនពេលហេតុការណ៍នេះកើតឡើង ប៉ុន្តែលោកថា ប៉ូលិសពុំមានពេលវេលាដើម្បីឆ្លើយតបដល់បណ្តឹងមុនពេលដែលជនល្មើសបានចាកចេញពីទីកន្លែងមានជម្លោះ ហើយបើករថយន្តបុកចូលក្នុងពិធីដង្ហែក្បួននោះទេ។
ប៉ូលិសនិយាយថា ពិធីដង្ហែក្បួនបុណ្យ Christmas ប្រចាំឆ្នាំនៅទីក្រុង Waukesha បានប្រព្រឹត្តិទៅនៅល្ងាចថ្ងៃអាទិត្យម៉ោងនៅក្នុងស្រុក ស្រាប់តែជនលើ្មសរូបនោះបានបើករថយន្ត SUV យ៉ាងលឿនបុកចូលក្នុងក្បួនដង្ហែ។
ស្នងការប៉ូលិសរូបនេះបន្តទៀតថា ជនល្មើសរូបនេះដែលត្រូវបានគេស្គាល់ឈ្មោះថា Darrell Brooks មានអាយុ៣៩ឆ្នាំ មិនត្រូវបានប៉ូលិសដេញចាប់នៅពេលនោះទេ។ លលោក Brooks មកពីទីក្រុង Milwaukee ហើយត្រូវបានរងការចោទប្រកាន់ចំនួន៥ករណីពីបទមនុស្សឃាតដោយចេតនា។
លោក Thompson ក៏បានលើកឡើងផងដែរថា មន្ត្រីប៉ូលិសម្នាក់ដែលបានឃើញហេតុការណ៍នោះ បានបាញ់កាំភ្លើងដើម្បីបញ្ឈប់ជនល្មើសនោកុំឲ្យបើករថយន្តចូលក្នុងក្បួនដង្ហែនោះ ប៉ុន្តែបានឈប់បាញ់វិញ ដោយខ្លាចធ្វើឲ្យមានគ្រោះថ្នាក់ដល់អ្នកផ្សេងទៀត។ ស្នងការប៉ូលិសរូបនេះបន្តទៀតថា ប៉ូលិសបានដាក់របាំងបិទផ្លូវចូលទៅក្នុងកន្លែងហែក្បួន និងមានប៉ូលិសឈរយាមនៅទីនោះផង ប៉ុន្តែជនល្មើសបានបើករថយន្តទម្លុះរបាំងឃាំងផ្លូវរបស់ប៉ូលិស។
ជនរងគ្រោះទាំង៥នាក់ ដែលបានស្លាប់នៅក្នុងហេតុការណ៍នោះ មាន៤នាក់ជាស្ត្រី ដែលមានអាយុចន្លោះពី៥២ ដល់៧៩ឆ្នាំ និងបុរសចំណាស់ម្នាក់ដែលមានអាយុ៨១ឆ្នាំ។
បុគ្គលិកមន្ទីរពេទ្យនិយាយថា ក្នុងចំណោមអ្នករបួសទាំង៤៨នាក់ មាន១០នាក់ជាកុមារកំពុងស្ថិតក្នុងការសង្គ្រោះបន្ទាន់។
ស្នងការប៉ូលិសលោកThompson និយាយថា ជនល្មើសត្រូវបានចាប់ខ្លួនក្រោយហេតុការណ៍នោះ។ ប្រធានប៉ូលិសរូបនេះថ្លែងទៀតថា «យើងជឿជាក់ថា ជនល្មើសរូបនេះ បានប្រព្រឹត្តិអំពើនេះដោយឯកឯង»៕
ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះ ត្រូវបានផ្តល់ឲ្យដោយទីភ្នាក់ងារព័ត៌មាន AP, Reuters និង AFP។