ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជ័យលាភី​«អ្នក​បន្តវេន»​ជំរុញ​ឱ្យ​មាន​ការ​បោះឆ្នោត​ជ្រើសរើស​អភិបាល​ខេត្តក្រុង


នាង អៀង លីនដា ជ័យលាភី​រង្វាន់​លេខ​មួយ​ក្នុង​កម្មវិធី​«អ្នក​បន្តវេន» ផ្តល់​បទ​សម្ភាសន៍​ជាមួយ​លោក ម៉ែន គឹមសេង នៃ​ VOA នៅ​បន្ទប់​ផ្សាយ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។ (VOA)
នាង អៀង លីនដា ជ័យលាភី​រង្វាន់​លេខ​មួយ​ក្នុង​កម្មវិធី​«អ្នក​បន្តវេន» ផ្តល់​បទ​សម្ភាសន៍​ជាមួយ​លោក ម៉ែន គឹមសេង នៃ​ VOA នៅ​បន្ទប់​ផ្សាយ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។ (VOA)

ជ័យលាភី​រង្វាន់​លេខ​មួយ​ក្នុង​កម្មវិធី​«អ្នក​បន្តវេន​» បន្ត​ជំរុញ​គំនិត​ដែល​គាំទ្រ​ឱ្យ​មាន​ការ​បោះឆ្នោត​ជ្រើសរើស​អភិបាល​ខេត្ត​ក្រុង​ដោយ​ផ្ទាល់​ពី​ប្រជាពលរដ្ឋ​ជា​ជាង​ការ​តែងតាំង​ពី​រដ្ឋាភិបាល។​

ក្នុង​វគ្គ​ចុងក្រោយ​នៃ​កម្មវិធី​«អ្នក​បន្ត​វេន» ដែល​ឧបត្ថម្ភ​ថវិកា​ដោយ​វិទ្យាស្ថាន​អន្តរជាតិ​សាធារណរដ្ឋ​ (IRI) របស់​សហរដ្ឋ​អាមេរិក ​នាង អៀង លីនដា បានជាប់​ចំណាត់​ការ​ថ្នាក់​លេខ​មួយ​ដោយ​សារ​បានឆ្លើយ​ការពារ​ប្រធានបទ​ដែល​ថា​អភិបាល​ខេត្ត​ក្រុង​ត្រូវ​តែ​ទទួល​ការ​បោះឆ្នោត​ដោយ​ផ្ទាល់​ពី​ប្រជាពលរដ្ឋ។

នាង​លីនដាបាន​បញ្ជាក់​ឡើង​វិញ​នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​នឹង​ VOA ​ក្នុង​ការិយាល័យ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ថា៖​

«យើង​ជា​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​ហ្នឹង​យើង​គួរ​តែ​មាន​សិទ្ធិ​បោះឆ្នោត​ជ្រើសរើស​អ្នក​តំណាង​ឱ្យ​យើង​ជា​ជាង​រដ្ឋាភិបាល​ជា​អ្នក​តែងតាំង​តំណាង​ឱ្យ​ប្រជាពលរដ្ឋ»។

នាង​បាន​ពន្យល់​ថា​ ការ​ឱ្យ​អភិបាល​ខេត្ត​ក្រុង​ទទួល​ការ​តែងតាំង​ពី​រដ្ឋាភិបាល​ដោយ​មិន​ឆ្លង​កាត់​ការ​បោះឆ្នោត​គឺ​ពួកគាត់​ធ្វើ​ការ​តម្រូវ​តាម​តែ​គោល​នយោបាយថ្នាក់​ជាតិ​ច្រើន​ជាង​តម្រូវ​ការ​ជាក់​ស្តែង​នៅ​ក្នុង​មូលដ្ឋាន។

នាង​បាន​បន្ថែម​ថាតម្រូវ​ការ​របស់​ប្រជាពលរដ្ឋ​នីមួយៗ​គឺ​ខុសគ្នា​អញ្ចឹង​គោល​នយោបាយ​តែមួយ​គឺ​មិន​ស្រប​នឹង​ឆន្ទៈ​ប្រជាពលរដ្ឋ​បាន​ទូទាំង​ប្រទេស​ទេ៖​

«ដោយឡែក​ការរស់​នៅ នៅ​ក្នុង​មូលដ្ឋាន​គឺ​តម្រូវ​ការ​របស់​ប្រជាពលរដ្ឋ​អត់​ដូច​គ្នា​ទេ។​ បាន​ន័យ​ថា​ដូច​នៅ​ក្នុង​ខេត្ត​មួយ​អញ្ចឹង​គឺ​គាត់​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ​គ្រប់​បែប​យ៉ាង​ហើយ​ អ្វី​ដែល​ត្រូវ​ការ​គឺ​សាលារៀន​ មន្ទីរពេទ្យ​ជាដើម។ល។ ប៉ុន្តែ​នៅ មូលដ្ឋាន​ផ្សេង​ទៀត​គឺ​គាត់​ត្រូវ​ការ​ទឹក​ផ្លូវ​ភ្លើង​ជាដើម»។​

នាង អៀង លីនដា​ បាន​មក​ទស្សនកិច្ចសិក្សារយៈ​ពេល​មួយ​សប្តាហ៍​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​សប្តាហ៍​មុនដើម្បី​សិក្សា​ពី​ដំណើរការ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ សហរដ្ឋ​អាមេរិក​ដោយ​ក្នុង​នោះ​រួម​មាន​ការ​សង្កេត​មើលពី​ការ​ចូលរួម​របស់​និស្សិត​នៅ​ក្នុង​ដំណើរការ​ជំរុញ​លទ្ធិ​ប្រជាធិបតេយ្យ​តាម​រយៈ​ការ​លើក​កម្ពស់​វប្បធម៌ពិភាក្សា​ដេញដោល​គ្នា​លើ​បញ្ហា​ទាក់ទង​នឹង​សហគមន៍របស់គេ។ ​

នាង អៀង លីនដា​ យល់​ថា ​តាម​រយៈ​កម្មវិធី«អ្នក​បន្តវេន»ដែល​នាង​បាន​ចូលរួមនោះ​គឺ​បាន​បញ្ចេញ​ផល​លើ​អ្នក​តាម​ដាន​មួយ​ចំនួន​និង​បាន​បង្ហាញ​នូវ​គោលគំនិត​ដែល​ពលរដ្ឋ​ចង់​និយាយ​ប៉ុន្តែ​មិន​មាន​ឱកាស។ ហើយ​វា​ក៏​ផ្លាស់​ប្តូរ​ឥរិយាបទ​ផ្ទាល់​ខ្លួន​របស់​នាង​ដែរ។

នាង​លីនដា​បញ្ជាក់​ថា៖​ «ការ​ជជែក​តទល់​គឺ​ជា​ផ្នែក​មួយ​នៃ​ជីវិត​របស់​ខ្ញុំ។ វា​ផ្លាស់ប្តូរ​ជីវិត​ខ្ញុំ​ច្រើន​មែន​ទែន ពីព្រោះ​ថា ​ពេល​ដែល​យើង​ជជែក​តទល់​អាកប្បកិរិយា​របស់​យើង​ត្រូវ​ធ្វើ​ឱ្យ​រឹងមាំ​ដូច​ជា​អ្នក​ដឹកនាំ​ហើយ​ត្រូវ​មាន​ភាព​ជឿជាក់​ខ្ពស់​ហើយ​ការ​និយាយ​របស់​យើង​ត្រូវ​ប្រកប​ដោយ​ហេតុផល ហើយ​ហេតុផល​នេះ​មិន​មែន​តែ​គំនិត​ផ្ទាល់​ខ្លួន​របស់​យើង​ទេ យើង​ត្រូវ​មាន​ឯកសារ​យោង។ យើង​ត្រូវ​មាន​អំណះអំណាង​ច្បាស់​លាស់​ដើម្បី​គាំទ្រ​គំនិត​របស់​យើង។​ ម្លោះ​ហើយ​វាផ្លាស់​ប្តូរ​ជីវិត​របស់​ខ្ញុំ​មុននឹង​និយាយ​អ្វី​គឺ​យើង​និយាយ​មាន​ហេតុផល»។​

នាង​សង្ឃឹម​ថា​ក្នុង​ពេល​ខាងមុខ​នាង​នឹង​អាចបន្តចូលរួម​ជំរុញ​វប្បធម៌​នៃ​ការ​ពិភាក្សា​ដេញដោល​គ្នា​ឱ្យ​បាន​ច្រើន​ជាងមុន​នៅ​ក្នុង​ស្រទាប់​យុវជន​ជំនាន់​ក្រោយ​របស់​កម្ពុជា៕

សូម​រង់​ចាំ​វីដេអូ​នៃ​បទ​សម្ភាសន៍​នៅ​ពេល​ខាង​មុខ។

XS
SM
MD
LG