ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វៀតណាម​កាន់​តែ​ជិតស្និទ្ធ​ជាមួយ​នឹង​សហរដ្ឋអាមេរិក ប៉ុន្តែ​មិន​ជិត​ស្និទ្ធពេក​នោះ​ទេ


កុងតឺន័រ​ត្រូវ​បាន​គេ​រៀប​ដាក់​ទៅ​លើ​កប៉ាល់​មួយ​នៅ​ផែ Tien Sa ក្នុង​ក្រុង Da Nang ប្រទេស​វៀតណាម កាលពី​ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០។

នាវា​ដឹក​យន្ដហោះ​ចម្បាំង​ទី​ពីរ​របស់​សហរដ្ឋអាមេរិក​បាន​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​វៀតណាម​កាល​ពី​ថ្ងៃ​ទី​៥ ខែមីនា​កន្លង​ទៅ​នេះ ប៉ុន្តែ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​នៅ​តែ​តឹងរ៉ឹង​ចំពោះ​រឿង​ពាណិជ្ជកម្ម​ជាមួយ​នឹង​អតីត​សត្រូវ​សម័យ​សង្គ្រាម​វៀតណាម​មួយ​នេះ។ ​​

សហរដ្ឋអាមេរិក​បាន​បញ្ជូន​នាវា​ដឹក​យន្ដហោះ​ចម្បាំង​ទី​ពីរ​របស់​ខ្លួន​ទៅ​កាន់​វៀតណាម​ក្នុង​ពេល​ថ្មីៗ​នេះ។ ការណ៍​នេះ​កើតឡើង​បន្តិច​ក្រោយ​ពី​សហរដ្ឋអាមេរិក​ពង្រឹង​ចំណង​សេដ្ឋកិច្ច​ជាមួយ​នឹង​ប្រទេស​វៀតណាម ដោយសារ​ព្រួយបារម្ភ​អំពី​អតុល្យភាព​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ។

វៀតណាម​យល់ព្រម​ធ្វើ​តាម​ចំណាត់ការ​ទាំង​ពីរ​នេះ​របស់​សហរដ្ឋអាមេរិក​ ប៉ុន្តែ​វៀតណាម​មិន​សង្កត់ធ្ងន់​ថា រឿង​ទាំង​នេះ​សំខាន់​នោះ​ទេ។ ​

ចំណង​ទាក់ទង​រវាង​វៀតណាម​និង​សហរដ្ឋអាមេរិក​កាន់​តែ​ជិតស្និទ្ធ បើ​ទោះ​ជា​ប្រទេស​ទាំង​ពីរ​មាន​សង្គ្រាម​ដ៏​ជូរចត់​នឹង​គ្នា​កាល​ពី​៥០​ឆ្នាំ​មុន​ក៏​ដោយ។ ក្រុម​អ្នក​វិភាគ​និយាយ​ថា នេះ​ក៏​ដោយសារ​តែ​ប្រទេស​ទាំង​ពីរ​សង្ឃឹម​ថា នឹង​តាមដានមើល​ការ​ពង្រីក​ដែនដី​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។ ក៏​ប៉ុន្តែ​ប្រព័ន្ធ​នយោបាយ​កុម្មុយនិស្ត​របស់​វៀតណាម​និង​ការណ៍​ដែល​វៀតណាម​ចង់​ផ្សាភ្ជាប់គោលនយោបាយ​ការ​បរទេស​ជាមួយ​នឹង​ប្រទេស​ចម្រុះ​ជាជាងការ​គាំទ្រ​បស្ចិម​ប្រទេស​តែ​មួយ​ទំនង​ជា​នឹង​ធ្វើ​ឲ្យ​វៀតណាម​មិន​ទៅ​ជិតស្និទ្ធ​នឹង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ពេក​នោះ​ទេ។

ក្រុម​មន្ត្រី​សហរដ្ឋអាមេរិក​ព្រួយបារម្ភ​អំពី​ពាណិជ្ជកម្ម​លើសលប់​របស់​សហរដ្ឋអាមេរិក​ជាមួយ​វៀតណាម។

លោក Sean King អនុប្រធាន​ក្រុមហ៊ុន​ប្រឹក្សា​នយោបាយ Park Strategies ក្នុងទីក្រុង New York បាន​ថ្លែង​ថា​៖ «ស្ថាប័ន​ការិយាធិបតេយ្យ​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ប្រាកដ​ជា​មើលឃើញ​រដ្ឋាភិបាល​ក្រុង​ហាណូយ​ថា​ជា​ដៃគូ​មួយ​នៅ​ក្នុង​ការរុញច្រាន​ការ​ទាមទារ​និង​ការ​ដាក់បញ្ឈរជើង​កងកម្លាំង​យោធា​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅ​ក្នុង​សមុទ្រចិន​ខាង​ត្បូង។ ប៉ុន្តែ​វៀតណាម​មិនមែន​ជា​សម្ព័ន្ធមិត្ត​របស់​សហរដ្ឋអាមេរិក​ឬ​ជា​ប្រទេស​កាន់​លទ្ធិប្រជាធិបតេយ្យ​នោះ​ទេ ដូច្នេះ​ធ្វើឲ្យ​ភាពជា​ដៃគូ​នេះ​មាន​កម្រិត»។

លោក King បាន​ថ្លែង​ទៀត​ថា៖ «ខ្ញុំ​មាន​អារម្មណ៍​ថា វៀតណាម​ចង់​យក​សហរដ្ឋ អាមេរិក​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅ​ក្នុង​តំបន់​ ប៉ុន្តែ​មិន​ចង់​ស្ថិត​ក្រោម​យុទ្ធសាស្ត្រ​គ្រប់គ្រង​ដែល​ទូលំទូលាយ​ជាង​នេះ​រវាង​សហរដ្ឋអាមេរិក​និង​ចិន​ដីគោក​នោះ​ទេ»។

នាវា​ដឹក​យន្ដហោះ​ចម្បាំង​ឈ្មោះ​ USS Theodore Roosevelt ចូល​ចត​ក្នុង​កំពង់ផែ​មួយ​នៅ​ក្នុង​ក្រុង Da Nang ប្រទេស​វៀតណាម កាលពី​ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០។
នាវា​ដឹក​យន្ដហោះ​ចម្បាំង​ឈ្មោះ​ USS Theodore Roosevelt ចូល​ចត​ក្នុង​កំពង់ផែ​មួយ​នៅ​ក្នុង​ក្រុង Da Nang ប្រទេស​វៀតណាម កាលពី​ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០។

នាវា​ដឹក​យន្ដហោះ​ចម្បាំង​មក​ដល់​វៀតណាម

កាល​ពី​ថ្ងៃ​ទី​៥ ខែ​មីនា នាវា​ដឹក​យន្ដហោះ​ចម្បាំង​ឈ្មោះ​ USS Theodore Roosevelt របស់​សហរដ្ឋអាមេរិក​បាន​ចុះចត​នៅ​កំពង់​ផែ​ក្នុង​ទីក្រុង​ដាណាង ដែល​ស្ថិត​នៅ​ចំ​កណ្ដាល​ប្រទេស​វៀតណាម។ នេះ​បើ​តាម​សេចក្ដីរាយការណ៍​របស់គេហទំព័រ​ព័ត៌មាន​យោធា​ដែល​មាន​ឈ្មោះ​ថា Stars and Stripes។ នាវា​សម្រាប់​បាញ់​គ្រាប់​មីស៊ីល​មួយ​គ្រឿង​ក៏​បាន​អម​ដំណើរ​នាវា​ដឹក​យន្ដហោះ​ចម្បាំង​នេះ​ក្នុង​ពិធី​ស្វាគមន៍​មួយ​ផង​ដែរ។ នាវាដឹក​យន្ដហោះ​ចម្បាំង​ឈ្មោះ USS Carl Vinson គឺ​ជា​នាវា​របស់​សហរដ្ឋអាមេរិក​ទី​មួយ​ដែល​បាន​ទៅ​ចុះចត​នៅ​វៀតណាម​កាល​ពី​ពីរ​ឆ្នាំ​មុន​ ចាប់​តាំង​ពី​សង្គ្រាម​វៀតណាម​មក។

ដំណើរ​ទស្សនកិច្ច​នេះ​បង្ហាញ​ថា ភាគី​ទាំង​សង​ខាង​មាន​គោលបំណង​នឹង​ពង្រឹង​ទំនាក់ទំនង​ផ្នែក​ការពារ​ប្រទេស​របស់​ខ្លួន។ វៀតណាម​ស្វែងរក​ការ​គាំទ្រ​ពី​ខាង​ក្រៅ​ដើម្បីឲ្យ​នាវា​ចិន​នៅ​ឆ្ងាយ​ពី​ខ្សែទឹក​សមុទ្រចិន​ខាងត្បូង​ ដោយសារ​តែ​វៀតណាម​និង​ចិន​ទាមទារ​ដូចគ្នា​នូវ​ដែនសមុទ្រ​ចិន​ខាង​ត្បូង ប៉ុន្តែ​ចិន​មាន​កម្លាំង​យោធា​ខ្លាំង​ជាង។ ​

ក្រុម​មន្ត្រី​វៀតណាម «កំពុង​តែ​កសាង​យុទ្ធសាស្ត្រ​ជឿ​ទុក​ចិត្ត​គ្នា​មួយ​រវាង​សហរដ្ឋ អាមេរិក​និង​វៀតណាម ហើយ​ក្រុម​មន្ត្រី​ទាំង​នោះ​ចង់​ឲ្យ​សហរដ្ឋអាមេរិក​ពាក់ព័ន្ធ​កាន់​តែ​ច្រើន​នៅ​ក្នុង​សមុទ្រចិន​ខាង​ត្បូង​។ នេះ​បើ​តាម​ការ​លើកឡើង​របស់​លោក Nguyen Thanh Trung នាយក​មជ្ឈមណ្ឌល​សម្រាប់​ការ​សិក្សា​អន្តរជាតិ​នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សង្គម​និង​មនុស្សជាតិ​នៅ​ក្នុង​ទីក្រុង​ហូជីមិញ។ ​

លោក​បាន​លើកឡើង​បន្ថែម​ទៀត​ថា៖ «ខ្ញុំ​គិត​ថា នៅ​ពេល​អនាគត វៀតណាម​នឹង​ស្វាគមន៍​នាវា​ទាហាន​ជើង​ទឹក​របស់​សហរដ្ឋអាមរិក​កាន់​តែ​ខ្លាំង​ជាង​នេះ»។

រូប​ឯកសារ៖ កប៉ាល់ និង​រោងចក្រ​ខួង​យក​ប្រេង​ដែល​ចិន​ហៅ​ថា Haiyang Shiyou 981 និង​វៀតណាម​ហៅ​ថា Hai Duong 981 ស្ថិត​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង កាលពី​ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៤។
រូប​ឯកសារ៖ កប៉ាល់ និង​រោងចក្រ​ខួង​យក​ប្រេង​ដែល​ចិន​ហៅ​ថា Haiyang Shiyou 981 និង​វៀតណាម​ហៅ​ថា Hai Duong 981 ស្ថិត​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង កាលពី​ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៤។

​នាវា​វៀតណាម​និង​ចិន​បាន​ប្រយុទ្ធ​គ្នា​កាល​ពី​២០១៤ ដោយសារ​ការ​ជីក​អណ្ដូង​ប្រេង​របស់​ចិន។ កាល​ពី​ឆ្នាំ​មុន ភាគី​ទាំង​ពីរ​បានឈាន​ដល់​ការ​ប្រឈមមុខ​ដាក់​គ្នា​នៅ​ក្បែរ Vanguard Bank ដែល​ជា​ដែនសមុទ្រ​មួយ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង ដែល​វៀតណាម​ស្វែងរក​ថាមពល​នៅ​ទីនោះ។

ចិន​បាន​យក​ឯកសារ​ប្រវត្តិសាស្ត្រ​ជា​សំអាង​ក្នុង​ការ​ទាមទារ​យក​ដែនសមុទ្រ​ចិន​ខាង​ត្បូង​ប្រមាណ​៩០% ដែល​មាន​ទំហំ​៣លាន​៥សែន​គីឡូម៉ែត្រ​ការ៉េ​ ហើយ​សម្បូរ​ទៅ​ដោយ​អាង​ស្ដុក​ប្រេង​ឥន្ធនៈ​ផូស៊ីល​និង​មច្ឆា។ ចិន​បាន​បន្លាច​វៀតណាម​និង​រដ្ឋាភិបាល​អាស៊ី​ចំនួន​៥​ផ្សេង​ទៀត​ ដោយ​បញ្ជូន​នាវា​នានា​និង​ដោយ​ចាក់ដី​បំពេញ​កូនកោះ​នានា​សម្រាប់​ប្រើប្រាស់​ក្នុង​វិស័យ​យោធា។

ការ​ប្រឆាំង​របស់​វៀតណាម​ចំពោះ​ចិន​ធ្វើ​ឲ្យ​អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក Barack Obama ចាប់​អារម្មណ៍។ កាល​ពី​ឆ្នាំ​២០១៦ លោក Obama បាន​ដក​ទណ្ឌកម្ម​ក្រោយ​សង្គ្រាម​ចេញ​ពី​វៀតណាម ដោយ​អាច​ឲ្យ​សហរដ្ឋអាមេរិក​លក់​សព្វាវុធ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ហាណូយ​បាន។

ក្រៅ​ពី​ពង្រឹង​ទំនាក់ទំនង​ជាមួយ​វៀតណាម សហរដ្ឋអាមេរិក​បញ្ជូន​នាវា​ចម្បាំង​ជា​ទៀងទាត់​ទៅ​កាន់​សមុទ្រ​ចិន​ខាង​ត្បូង​ផ្អែក​លើ​គោលការណ៍«ប្រតិបត្តិការ​ដោយ​សេរី»​ដើម្បី​ព្រមាន​ប្រទេស​ចិន ដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​មើល​ឃើញ​ថា​ជា​គូប្រជែង​ដ៏​មាន​អំណាច​របស់​ខ្លួន។ ​

វៀតណាម​មិន​ចង់​ជិតស្និទ្ធ​នឹង​សហរដ្ឋអាមេរិក​លើ​ផ្នែក​យោធា​ខ្លាំងពេក​នោះ​ទេ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Carl Thayer សាស្ត្រាចារ្យ​កិត្តិយស​នៃ​សាកល វិទ្យាល័យ New South Wales ក្នុង​ប្រទេស​អូស្ត្រាលី។ ​

វៀតណាម​ធ្វើ​ពាណិជ្ជកម្ម​យ៉ាង​គគ្រឹក​គគ្រេង​ជាមួយ​ចិន ហើយ​នៅ​តែ​រក្សា​ទំនាក់ទំនង​ដ៏​ទូលំទូលាយ​នេះ​ឲ្យ​នៅ​ស្ថិតស្ថេរ​ដដែល បើ​ទោះ​ជា​មាន​ជម្លោះ​ដែនសមុទ្រ​ក៏​ដោយ ដោយសារ​តែ​នេះ​គឺ​ជា​គោលនយោបាយ​ការ​បរទេស​ជាមួយ​ប្រទេស​ចម្រុះ​របស់​វៀតណាម។ រដ្ឋាភិបាល​វៀតណាម​ក៏​មាន​យុទ្ធសាស្ត្រ​ភាព​ជា​ដៃគូ​ទូលំទូលាយ​ជាមួយ​ឥណ្ឌា ​និង​សម្ព័ន្ធមិត្ត​ចាស់​របស់​ខ្លួន​គឺ​រុស្ស៊ី​ផង​ដែរ។

អ្នក​អភិរក្ស​និយម​មួយ​ចំនួន​នៅ​ក្នុង​រដ្ឋាភិបាល​វៀតណាម​មិន​ចង់​ឲ្យ​ទំនាក់ទំនង​រវាង​វៀតណាម​និង​សហរដ្ឋអាមេរិក​កើន​ឡើង​ឆាប់​រហ័ស​ពេក​នោះ​ទេ។ នេះ​បើ​តាម​ការ​លើកឡើង​របស់​លោក Nguyen។

តឹងរ៉ឹង​ជាង​មុន​លើ​ពាណិជ្ជកម្ម

កាល​ពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ រដ្ឋាភិបាលសហរដ្ឋអាមេរិក​លែង​ចាត់ទុក​វៀតណាម​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ទៀត​ហើយ។ ការណ៍​នេះ​បង្ហាញ​ពី​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី​ដែល​កាន់​តែ​ជិត​ស្និទ្ធ​ជាង​មុន​ ហើយ​ចំណាត់ការ​នេះ​ក៏​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីតោន​អង្កេត​មើល​ថាតើ​ការ​ជួយ​ដល់​ការ​នាំចេញ​របស់​វៀតណាម​អាច​ប៉ះពាល់​ដល់​ឧស្សាហកម្ម​សហរដ្ឋអាមេរិក​ដែរ​ឬ​ទេ។ ​

រូប​ឯកសារ៖ លោក Robert Lighthizer (រូប​កណ្តាល) អ្នក​តំណាង​ពាណិជ្ជកម្ម​អាមេរិកាំង ចាប់​ដៃ​ជាមួយ​នឹង​លោក Pham Quang Vinh ឯកអគ្គរដ្ឋទូត​វៀតណាម​ប្រចាំ​នៅ​សហរដ្ឋអាមេរិក នៅ​ក្នុង​ពិធីស្វាគមន៍​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ នៅ​វិមាន​ប្រធានាធិបតី​ក្នុង​ក្រុង​ហាណូយ កាលពី​ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧។
រូប​ឯកសារ៖ លោក Robert Lighthizer (រូប​កណ្តាល) អ្នក​តំណាង​ពាណិជ្ជកម្ម​អាមេរិកាំង ចាប់​ដៃ​ជាមួយ​នឹង​លោក Pham Quang Vinh ឯកអគ្គរដ្ឋទូត​វៀតណាម​ប្រចាំ​នៅ​សហរដ្ឋអាមេរិក នៅ​ក្នុង​ពិធីស្វាគមន៍​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ នៅ​វិមាន​ប្រធានាធិបតី​ក្នុង​ក្រុង​ហាណូយ កាលពី​ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧។

វៀតណាម​ឥឡូវ​នេះ​ត្រូវ​តែ​អនុវត្ត​ទៅ​តាម​គោលការណ៍​ណែនាំ​ស្ដី​ពី​ការ​នាំចេញ​ដែកថែប​និង​ស្បែកជើង។ នេះ​បើ​តាម​ការ​លើកឡើង​នៅ​ក្នុង​កំណត់ហេតុ​ក្នុង​ការ​ស្រាវជ្រាវ​មួយ​របស់​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​ជំនួញ​ឈ្មោះ Dezan Shira & Associates។ ក្រុម​មន្ត្រី​សហរដ្ឋអាមេរិក​ដែល​ភ្ញាក់ផ្អើល​រួច​ទៅ​ហើយ​ចំពោះ​ឱនភាព​ពាណិជ្ជកម្ម​ទ្វេភាគី​ដែល​មាន​ទឹកប្រាក់​៤ម៉ឺន​៧ពាន់​លាន​ដុល្លារ កាលពី​ឆ្នាំ​មុន​មាន​ការ​ព្រួយបារម្ភ​អំពី​ថា​តើ​ទំនិញ​ចិន​អាច​ត្រូវ​បាន​ដឹក​ជញ្ជូន​តាម​វៀតណាម​ដើម្បី​ចៀសវាង​ការ​បង់​ពន្ធ​គយ​នៅ​សហរដ្ឋអាមេរិក​ឬ​យ៉ាង​ណា។

ដើម្បី​សម្រួល​ដល់​ការ​ខ្នក់​ចិត្ត​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន វៀតណាម​កាល​ពី​សប្ដាហ៍​មុន​បាន​ព្រមព្រៀង​គ្នា​ទិញ​ទំនិញ​កសិកម្ម​របស់​សហរដ្ឋអាមេរិក​ចំនួន​បី​ពាន់​លាន​ដុល្លារ។

កម្លាំង​ពលកម្ម​ដែល​មាន​តម្លៃ​ទាប​របស់​វៀតណាម​បាន​បង្កើន​ផលិតផល​នាំចេញ​ក្នុង​រយៈពេល​៨​ឆ្នាំ​កន្លង​មក​នេះ។ ប្រទេស​វៀតណាម​មិន​ត្រូវការ​លក្ខខណ្ឌ​ពិសេស​អ្វី​ទៀត​ទេ។ នេះ​បើ​តាម​សម្ដី​របស់​លោក Frederick Burke ដែល​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ច្បាប់​ឈ្មោះ Baker McKenzie ក្នុង​ទីក្រុង​ហូជីមិញ។

ទោះ​ជា​យ៉ាង​ណា លោក King ថ្លែង​ថា វៀតណាម​សង្ឃឹម​ថា ខ្លួន​នឹង​មិន​ទន់ខ្សោយ​រហូត​មិន​អាច​ដាក់​សម្ពាធ​ឲ្យ​សហរដ្ឋអាមេរិក​បើក​ចំហខាង​វិស័យ​នយោបាយ​នោះ​ទេ៕

ប្រែសម្រួល​ដោយ​អ្នកស្រី ហុង ចិន្ដា

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG