ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សហប្រជាជាតិ​អំពាវនាវ​ឱ្យ​យកចិត្ត​ទុកដាក់​ទប់​ស្កាត់​គ្រុនចាញ់​ប្រភេទថ្មី


លោក​ស្រី​ ម៉ាហ្គារ៉េត ចាន​ អគ្គលេខាធិការ​នៃ​អង្គការ​សុខភាព​ពិភពលោក។
លោក​ស្រី​ ម៉ាហ្គារ៉េត ចាន​ អគ្គលេខាធិការ​នៃ​អង្គការ​សុខភាព​ពិភពលោក។

ទីក្រុង​ហ្ស៊ឺណែវ៖ អង្គការ​សុខភាព​ពិភពលោក​(WHO)​កំពុង​អំពាវនាវ​ឲ្យ​មាន​សកម្មភាព​បន្ទាន់​មួយ​ដើម្បី​ទប់ស្កាត់​ការរាលដាល​ការ​ស៊ាំ​ទៅ​នឹង​ការព្យាបាល​រួម​ជាមួយ​នឹង​ថ្នាំ​អាកតឺមីស៊ីនីន​ដែល​ជា​ការ​ព្យាបាលជំងឺ​គ្រុនចាញ់​ដ៏​មាន​ប្រសិទ្ធភាព​បំផុត។​ អង្គការ​ WHO​ នឹង​ដាក់​ផែនការ​សកម្មភាពថ្មី​មួយ​ដើម្បី​ការពារ​ អ្វី​ដែល​គេ​ហៅ​ថា​ អាវុធ​ខ្លាំង​បំផុត​ក្នុង​ការ​ព្យាបាល​ជំងឺ​ដ៏​មរណៈ​មួយ​នេះ។

ការ​រក​ឃើញ​ភាព​ស៊ាំ​ថ្នាំ​នៅ​តាម​បណ្តោយ​ព្រំ​ប្រទល់​ខ្មែរ-ថៃ​ក្នុង​ឆ្នាំ​២០០៨​ បាន​ធ្វើ​ឲ្យ​គេ​ភ្ញាក់​ផ្អើល​ដោយ​សារ​តែ​ថ្នាំ​ទាំង​នេះ​ជា​ថ្នាំ​ព្យាបាល​មាន​ប្រសិទ្ធភាព​បំផុត​សម្រាប់​ជំងឺ​គ្រុន​ចាញ់​ថ្មី​ឈ្មោះ​ហ្វាល់ស៊ីផារ៉ុម​ ជា​ជំងឺ​សម្លាប់​មនុស្ស​ច្រើន​បំផុត។

លោក​ស្រី​ ម៉ាហ្គារ៉េត ចាន​ អគ្គលេខាធិការ​នៃ​អង្គការ​សុខភាព​ពិភពលោក​ មាន​ប្រសាសន៍​ថា​ថ្នាំ​អាកតឺមីស៊ីនីន​ ផ្សំ​ជា​មួយ​ថ្នាំ​ប្រឆាំង​ជំងឺ​គ្រុនចាញ់​ផ្សេង​ទៀត​ បង្កើន​ភាព​ដែល​អាច​សម្លាប់​ ប៉ារ៉ាស៊ីត​នៃ​ជំងឺ​គ្រុនចាញ់។

«ភាព​មាន​ប្រយោជន៍​នៃ​ការ​ព្យាបាល​ទាំង​នេះ​កំពុង​ឋិត​នៅ​ក្រោម​ការ​គំរាម​កំហែង​....អស់​រយៈ​ពេល​ច្រើន​ទសវត្សរ៍​មក​នេះ​ យើង​បាន​បាត់​បង់​ឱសថ​ពូកែៗ​មួយ​មុខ​ហើយ​មួយ​មុខ​ទៀត​ដោយសារ​តែ​ភាព​ស៊ាំថ្នាំ​បាន​កើត​មាន​ឡើង​ ក្លាយ​ជា​ការ​បង្កើត​ភាព​ស៊ាំថ្នាំ​ ហើយ​បន្ទាប់​មក​ រាលដាល​យ៉ាង​លឿន​ជា​អន្តរជាតិ​ ធ្វើ​ឲ្យ​ឱសថ​ទាំង​នេះ​ប្រើ​ការ​មិន​កើត​...ហើយ​ការណ៍​នេះ​មិន​មែន​ជា​ការ​បំផ្លើស​សម្រាប់​ខ្ញុំ​ ដើម្បី​និយាយ​ថា​ ផលវិបាក​នៃ​ភាព​ស៊ាំថ្នាំ​ទៅ​នឹងថ្នាំ​អាកតឺមីស៊ីនីន ដែល​រាលដាល​យ៉ាង​ធំ​នោះ​ អាច​ជា​គ្រោះ​មហន្តរាយ​នោះ​ទេ»។

អង្គការ​ WHO​ កត់​សម្គាល់​ការ​ជឿនលឿន​ពេញ​ទំហឹង​ដែល​បាន​ធ្វើ​ឡើង​នៅ​ទសវត្សរ៍​មុនៗ​នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​គ្រុនចាញ់។​ អង្គការ​ WHO​ប៉ាន់ស្មាន​ចំនួន​ករណី​នៃ​ ជំងឺ​គ្រុនចាញ់​ដែល​បាន​ធ្លាក់​ចុះ​ច្រើន​ជាង​ពាក់​កណ្តាល​នៅ​ក្នុង​ប្រទេស​ជាង​៤៣។

នៅ​ក្នុង​ការវិភាគ​មួយ​ថ្មីៗ​នេះ​ នៅ​ក្នុង​ប្រទេស​អាហ្វ្រិក​៣៤​ រក​ឃើញ​ថា​បាន​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​ច្រើន​ជាង​៧៣០.០០០​នាក់​នៅ​រវាង​ឆ្នាំ​២០០០​និង​ឆ្នាំ​២០១០​ ជិត​បី​ភាគ​បួន​នៃ​អ្នក​ជំងឺ​គ្រុនចាញ់​ចាប់​តាំង​ពី​ឆ្នាំ​២០០៦​មក។​ ករណី​នេះ​មាន​ឡើង​ដោយ​ ការ​ប្រើ​មុង​ជ្រលក់​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ និង​ការ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​អាកតឺមីស៊ីនីន​ ផ្សំ​ជាមួយ​ថ្នាំ​ប្រឆាំង​ជំងឺ​គ្រុនចាញ់​ផ្សេង​ទៀត​បាន​ផ្សព្វផ្សាយ​ជា​សាកល​កាន់​តែ​ច្រើន​ឡើង។

ក្រុម​មន្ត្រី​សុខាភិបាល​ និយាយ​ថា​នឹងមាន​ការ​បាត់បង់​ជីវិត​មនុស្ស​ជាច្រើន​ប្រសិន​បើ​ការផុស​ចេញ​នូវ​ការ​ស៊ាំ​នឹង​ថ្នាំ​អាកតឺមីស៊ីនីន​ មិន​ឈប់​សូន្យឈឹង​សោះ​នោះ។

អ្នក​សម្រប​សម្រួល​កម្មវិធី​ជំងឺ​គ្រុនចាញ់​សាកល​របស់​អង្គការ​WHO​ លោកប៉ាស្កាល់​ រិងវ៉ុល​ ប្រាប់​វីអូអេ​ថា​ផែនការ​សកម្មភាព​សាកល​៥​ដំណាក់​ របស់​អង្គការ​WHO​ មាន​បំណង​បំបាត់​ភាពស៊ាំ​ថ្នាំ។

«អ្វី​ដែល​យើង​ព្យាយាម​ធ្វើ​គឺ​ព្យាយាម​បញ្ឈប់​ការរាលដាល​ភាព​ស៊ាំថ្នាំ​...ដោយ​ប្រើ​ការព្យាបាល​ប្រសើរ​ ចាត់​វិធានការ​បង្ការ​មេរោគ​គ្រុនចាញ់​ឲ្យ​ច្រើន​ និង​ការអប់រំ​ប្រជាជន​...យើង​ត្រូវ​តែ​បង្កើន​ផង​ដែរ​នូវ​ការត្រួត​ពិនិត្យ​ប្រសិទ្ធភាព​ឱសថ​ប្រឆាំង​ជំងឺ​គ្រុនចាញ់។​ នេះ​មាន​ន័យ​ថា​យើង​គួរ​តែ​ពិនិត្យ​មើល​ថា​តើ​ឱសថ​នៅ​តែ​មាន​ប្រសិទ្ធភាព​ដែរ​ឬ​ទេ​និង​ថា​ភាព​ស៊ាំ​នឹង​ថ្នាំ​អាកតឺមីស៊ីនីន​ មិន​មាន​ផុស​ឡើង​នៅ​ក្នុង​កន្លែង​ណា​ផ្សេងៗ​ទៀត»។

លោក​វេជ្ជ​បណ្ឌិត​ រិងវ៉ុល​ មាន​ប្រសាសន៍​ថា​ ជា​ការ​សំខាន់​ចំពោះ​ការធ្វើ​ឲ្យ​ប្រសើរ​ឡើង​ដល់​ការធ្វើតេស្ត​រោគវិនិច្ឆ័យ​ ដើម្បី​ឲ្យ​ប្រាកដ​ថា​មនុស្ស​កំពុង​ត្រូវ​បាន​ព្យាបាល​ជំងឺ​គ្រុនចាញ់​ហើយ​មិន​មែន​ព្យាបាល​ជំងឺ​គ្រុនក្តៅ​ដែល​កើត​ឡើង​ពី​មូលហេតុ​ផ្សេងៗ​ទេ។​ លោក​ថ្លែង​ថា​ឱសថ​ប្រឆាំង​ជំងឺ​គ្រុន​ចាញ់​ថ្មី​ ត្រូវ​តែ​បាន​អភិវឌ្ឍ​ដើម្បី​ជំនួស​ថ្នាំ​ អាកតឺមីស៊ីនីន​ នៅ​ពេល​ក្រោយ​ទៀត។

ហើយ​នៅ​ទី​បញ្ចប់​លោក​រិងវ៉ុល​និយាយ​ថា​ ជោគ​ជ័យ​នៃ​ផែនការ​សាកល​ នឹង​ពឹង​ពាក់​លើ​ការ​បាន​ថវិកា​ដែល​ចាំបាច់​ដើម្បី​ប្រតិបត្តិ​វិធានការ​របស់​ខ្លួន។​ ថវិកា​នោះ​មាន​ចំនួន​១៧៥​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ៕

ប្រែ​សម្រួល​ដោយ​ នុច សារីតា

XS
SM
MD
LG