ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តើ​អ្នក​ណាខ្លះ​អាច​ជា​គណៈរដ្ឋ​មន្ត្រី​របស់​លោក ​Trump?


ប្រធានាធិបតី​ជាប់​ឆ្នោតលោក ដូណាល់​ ត្រាំ ជាមួយ​ភរិយា​របស់​លោក​ Melania ថ្លែង​ទៅ​កាន់​អ្នក​យក​ព័ត៌មាន​នៅ Capitol Hill ក្រុង​វ៉ាស៊ីនតោន​ កាល​ពី​ថ្ងៃ​ទី​១០ ខែ​ វិច្ឆិកា។
ប្រធានាធិបតី​ជាប់​ឆ្នោតលោក ដូណាល់​ ត្រាំ ជាមួយ​ភរិយា​របស់​លោក​ Melania ថ្លែង​ទៅ​កាន់​អ្នក​យក​ព័ត៌មាន​នៅ Capitol Hill ក្រុង​វ៉ាស៊ីនតោន​ កាល​ពី​ថ្ងៃ​ទី​១០ ខែ​ វិច្ឆិកា។

ប្រធានាធិបតី​ជាប់​ឆ្នោត​លោក Donald Trump បាន​ជួប​គ្នា​ជាមួយ​នឹង​ទីប្រឹក្សា​កំពូល​ជា​ច្រើន​របស់​លោក​នៅ​ក្នុង​គេហដា្ឋន​របស់​លោក​នៅ​ក្នុង​អាគារ ​Trump Tower ​នៅ​សង្កាត់​ Manhattan ​ទីក្រុង​ New York ​ដើម្បី​ពិភាក្សា​អំពី​ការ​បង្កើត​រដ្ឋបាល​ថ្មី​មួយ។

លោក​បាន​ថ្លែង​នៅ​លើ​បណ្តាញ​សង្គម Twitter ថា៖ «ខ្ញុំ​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​មាន​សារៈ​សំខាន់​ទៅ​លើ​អ្នក​ដែល​នឹង​ត្រូវ​បំរើ​ការ​ឲ្យ​រដ្ឋាភិបាល​របស់​យើង»។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​អាមេរិក​កាលពី​ថ្ងៃ​សុក្រ​បាន​រាយការណ៍​មក​ថា អនុរដ្ឋ​ប្រធានា​ធិបតី​ជាប់​ឆ្នោត​ លោក ​Mike Pence ​នឹង​ទទួល​បាន​ការ​កាន់​កាប់​ទៅ​លើ​ក្រុម​ដែល​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ផ្លាស់​ប្តូរ​អាណត្តិ​ ជា​ជាង​លោក​អភិបាល​រដ្ឋ ​New Jersey គឺ​លោក ​Chris Christie ​ដែល​បាន​និង​កំពុងកាន់​កាប់ក្រុម​ទាំង​នោះ។

លោក Trump បាន​ប្រាប់​ទីប្រឹក្សា​របស់​លោក​ថា លោក​ចង់​ឲ្យ​លោក ​Pence​ ប្រើ​ប្រាស់​បទ​ពិសោធន៍​របស់​លោក​ដែល​បាន​បំរើ​ឲ្យ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ដើម្បី​ជួយ​ដល់​ការ​ផ្លាស់​ប្តូរ​រដ្ឋបាល​គ្រប់​គ្រង​នៅ​ក្នុង​ខែ​មករា​ខាង​មុខ​នេះ។ លោក​ Trump មាន​ពេល​ប្រហែល​ជា ៧០ថ្ងៃ​ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​ទៅ​លើ​គណៈរដ្ឋ​មន្ត្រី​របស់​លោក។

ឈ្មោះ​មួយ​ចំនួន​ត្រូវ​បាន​លើក​ឡើង​មាន​ដូច​ជា លោក Rudy Guiliani ដែល​ជា​អតីត​អភិបាល​រដ្ឋ New York និង​ជា​អ្នក​ទីប្រឹក្សា​ក្រៅ​ផ្លូវ​ការ​នៅ​ក្នុង​យុទ្ធនាការ​របស់​លោក Trump អាច​ត្រូវ​បាន​តែង​តាំង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌។

លោក ​Newt Gingrich​ អតីត​ប្រធាន​សភា​ និង​ធ្លាប់​ជា​អ្នក​យុទ្ធសាស្ត្រ​ដ៏​សំខាន់​មួយ​រូប​នៅ​ក្នុង​គណបក្ស​សាធារណរដ្ឋ​ អាច​នឹង​ត្រូវ​តែង​តាំង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ឬ​ជា​នាយ​អគ្គសេនាធិកា​នៅ​ក្នុង​សេតវិមាន។

លោក ​Chris Christie ​អភិបាល​រដ្ឋ ​New Jersey​ ដែល​បាន​ងាក​មក​គាំទ្រ​លោក Trump មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី​លោក​បាន​ចាញ់​ក្នុង​ការប្រកួត​ធ្វើ​ជា​បេក្ខជន​ប្រធានធិបតី​តំណាង​ឲ្យ​គណបក្ស​សាធារណរដ្ឋ​នោះ​ អាច​នឹង​ត្រូវ​តែង​តាំង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​ ឬ​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម។

លោក ​Reince Preibus​ ដែល​បច្ចុប្បន្ន​គឺ​ជា​ប្រធាន​គណៈកម្មាធិកា​ជាតិ​នៃ​គណបក្ស​សាធារណរដ្ឋ​ដែល​បាន​គាំទ្រ​លោក Trump នៅ​ពេល​ដែល​សមាជិក​ចាស់ៗ​នៅ​ក្នុង​បក្ស​ជា​ច្រើន​ចង់​រក្សា​គម្លាត​ជាមួយ​នឹង​លោក Trump នោះ​ អាច​នឹង​ត្រូវ​តែង​តាំង​ជា​នាយអគ្គ​សេនាធិកា​នៅ​ក្នុង​សេតវិមាន។

លោក Steve Bannon ដែល​ជា​ប្រធាន​យុទ្ធនាការ​របស់​លោក Trump អាច​ជា​បេក្ខជន​សំខាន់​ក្នុង​ការ​តែង​តាំង​ជា​នាយ​អគ្គសេនាធិកា​របស់​សេតវិមាន។
លោកស្រី​ Kellyanne Conway​ អ្នក​គ្រប់​គ្រង​យុទ្ធនាការ​របស់​លោក Trump បាន​បង្ហោះ​សារ​នៅ​លើ​បណ្តាញ​សង្គម​ Twitter ថា​ លោកស្រី​ប្រហែល​ជា​ទទួល​យក​តួនាទី​ជាន់​ខ្ពស់​មួយ​នៅ​ក្នុង​សេតវិមាន។

លោក ​Jeff Sessions ​សមាជិក​ព្រឹទ្ធសភា​នៅ​ក្នុង​រដ្ឋ​ Alabama គឺ​ស្ថិត​ក្នុង​ចំណោម​អ្នក​នយោបាយ​ដែល​គាំទ្រ​លោក Trump មុន​គេ​នៅ​ពេល​ដែល​សមាជិក​នាំ​មុខ​ដទៃ​ទៀត​ប្រឆាំង​នឹង​លោក Trump។ លោក​ត្រូវ​បាន​គេ​លើក​ឡើង​ថា​អាច​ជា​បេក្ខជន​មួយ​រូប​សម្រាប់​តំណែង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ប្រទេស។

លោក Steven Mnuchin អ្នក​គ្រប់គ្រង​ផ្នែក​ហិរញ្ញវត្ថុ​នៅ​ក្នុង​យុទ្ធនាការ​របស់​លោក Trump ត្រូវ​បាន​គេ​លើក​ឡើង​ថា លោក​អាច​ជា​បេក្ខជន​សម្រាប់​តំណែង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ៕

XS
SM
MD
LG