កាលពី៤ឆ្នាំមុន លោក Donald Trump បានប្រកាសថា ប្រព័ន្ធបោះឆ្នោតជ្រើសរើសប្រតិភូរបស់អាមេរិកក្នុងការជ្រើសរើសប្រធានាធិបតីគឺជាមហន្តរាយមួយសម្រាប់លទ្ធិប្រជាធិបតេយ្យ ប៉ុន្តែឥឡូវនេះលោកកំពុងឆ្ពោះទៅកាន់សេតវិមាន ដោយសារតែប្រព័ន្ធបោះឆ្នោតនេះ មិនមែនដោយសារតែលោកបានឈ្នះសំឡេងឆ្នោតប្រជាប្រិយរបស់ជាតិនៅក្នុងការបោះឆ្នោតថ្ងៃអង្គារនោះទេ។
ក្នុងខណៈពេលដែលបេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋលោក Trump បានធ្វើដំណើរទៅកាន់សេតវិមានដើម្បីជួបជាមួយនឹងលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា កាលពីថ្ងៃព្រហស្បតិ៍ លោក Trump នៅតែចាញ់សំឡេងឆ្នោតប្រជាប្រិយរបស់លោកស្រី Hillary Clinton ចំនួន ២៣៣០០០សំឡេង គឺលោកស្រីទទួលបាន ៥៩.៩លានសំឡេង ដែលលោក Trump ទទួលសំឡេង ៥៩.៧ ហើយសំឡេងគាំទ្រលោកស្រី Clinton អាចកើនឡើងច្រើនជាងនេះ ដោយសារតែការរាប់សន្លឹកឆ្នោតនៅក្នុងរដ្ឋមួយចំនួនដែលលោកស្រីឈ្នះនោះ មិនទាន់បានចប់នៅឡើយនោះទេ។
បើតាមប្រព័ន្ធបោះឆ្នោតនៅអាមេរិក លោក Trump ដែលជាមហាសេដ្ឋីអចលនទ្រព្យដែលនិយាយឥតសំចៃមាត់មួយរូបនោះ បាននាំមុខលោកស្រី Clinton តាមរយៈប្រព័ន្ធបោះឆ្នោតជ្រើសរើសប្រតិភូ គឺលោក Trump ទទួលបាន ២៧៩ ប្រតិភូ ធៀបជាមួយនឹងលោកស្រី Clinton ដែលទទួលបាន ២២៨ ប្រតិភូ ហើយលទ្ធផលនៅក្នុងរដ្ឋចំនួន៣ទៀតនៅមិនទាន់ច្បាស់នៅឡើយ ដែលអាចធ្វើឲ្យលោកទទួលបានប្រតិភូដល់ទៅ ៣០៦ ធៀបជាមួយនឹងចំនួនប្រតិភូរបស់លោកស្រី Clintonដែលអាចនឹងកើនដល់ចំនួន ២៣២។
ការជាប់ឆ្នោតជាប្រធានាធិបតីទី៤៥ របស់អាមេរិកនឹងមិនអាចមានការកែប្រែនោះទេ មិនថាលោកស្រី Clinton អតីតរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក មានចំនួនសំឡេងឆ្នោតប្រជាប្រិយច្រើនជាងក៏ដោយ ដោយសារតែអាមេរិកគោរពទៅតាមប្រព័ន្ធបោះឆ្នោតជ្រើសរើសប្រតិភូ ដែលជាប្រព័ន្ធបោះឆ្នោតមួយដែលត្រូវបានអនុម័តជាង២សតវត្សរ៍ទៅហើយដើម្បីជ្រើសរើសប្រធានាធិបតី៕