ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​រក​មធ្យោបាយ​នៃ​ក្រុម​រដ្ឋមន្រ្តី​សុខាភិបាល​ពិភពលោក​ទប់ស្កាត់​ឱសថ​ក្លែងក្លាយ​


ក្រុមរដ្ឋ​មន្ត្រី​សុខាភិបាល ​ដែល​ចូល​រួម​ក្នុង​សន្និបាត​សុខភាព​ពិភពលោក​លើក​ទី ​៦៣​ បាន​ជាប់​គាំង​នៅ​ក្នុង​ការ​ជជែក​ដេញ​ដោល​គ្នា​ដ៏​ខ្លាំងមួយ​ អំពី​មធ្យោបាយដ៏​ប្រសើរ​បំផុត​ ក្នុង​ការ​ប្រយុទ្ធ​ទល់​នឹង​ឱសថ​ក្លែង​ក្លាយ ។​ នាង Lisa Schlein រាយ​ការ​ឲ្យ​វីអូអេ​ ពី​ទី​ក្រុង Geneve ។

អ្នកស្រី​ នុច សារីតា​ សូម​ជូន​សេចក្តី​ប្រែ​សម្រួល ៖

ក្រុម​អ្នក​ឃ្លាំ​មើល​ឈ្មោះ The​ Pharmaceutical​ Security​ Institute បានចុះ​បញ្ជីឧប្បត្តិ​ហេតុ​នៃ​ឱសថ​ក្លែង​ក្លាយ​នៅ​ក្នុង​ឆ្នាំ​២០០៩​ចំនួន​ច្រើន​ជាង​ពីរ​ពាន់​ករណី​ ជា​ការ​កើន​ឡើង​ច្រើន​ជាង​៩​ភាគរយ​លើស​ពី​ឆ្នាំ​មុន ។

ប្រធាន​របស់​ក្រុម​នេះ​ប្រចាំ​ទ្វីប​អឺរុប​ មជ្ឈិម​បូព៌ា​ប្រទេស​និង​ទ្វីប​អាហ្វ្រិក​ លោក Ashley​ How និយាយថា​ ទំហំ​ពិត​ប្រាកដ​នៃ​បញ្ហា​នេះ​ដឹង​មិន​ច្បាស់​ទេ​។​ លោក​មាន​ប្រសាសន៍​ថាំ ​ក្រុម​អ្នក​ផលិត​ឱសថ​ក្លែង​ក្លាយ​ប្រើ​កល​ឧបាយ​ជា​ច្រើន ​ដើម្បីផលិត​និង​បញ្ចេញផលិតផលរបស់​ពួក​គេ​ទៅ​ពាស​ពេញ​ពិភព​លោក ។

“ពីព្រោះ​ថា​ បើ​លោក​អ្នក​គិត​ពី​ជំនាញ​ដែល​ត្រូវ​មាន​សម្រាប់​ធ្វើ​ផលិត​កម្ម​នៃ​ឱសថមួយ​ ដើម្បី​បន្លំ​ភ្នែក​ពួក​អាជ្ញាធរ​សុខា​ភិបាល , បន្លំ​ភ្នែកសាធារណជន , បន្លំ​ភ្នែក​ពួក​អាជ្ញាធរ​អនុវត្ត​ច្បាប់​នោះ​ ឱសថ​ក្លែង​ក្លាយ​ទាំង​នោះ​ត្រូវ​មាន​គុណភាព​ល្អ​ព្រោះ​ ពួក​គេ​មិន​ចង់​ឲ្យ​ក្រុម​អាជ្ញាធរ​អនុវត្ត​ច្បាប់​តាម​ដាន​ពួក​គេ​ឆាប់ពេក​ទេ​ ដូច្នេះ​ពួក​ផលិត​ឱសថ​ក្លែង​ក្លាយជា​ញឹក​ញាប់នឹង​ដាក់​គ្រឿង​ផ្សំ​សកម្ម ​ទៅ​ក្នុង​ផលិតកម្ម​ពិត​ប្រាកដ ។​ ហើយ​គ្រឿង​ផ្សំសកម្ម​នេះ ​ត្រូវ​តែ​ចែក​ចាយ​ទៅ​ជុំ​វិញ​ពិភពលោក” ។

អង្គការ​សុខភាព​ពិភព​លោក​កំពុង​មាន​ការ​លំបាក​ ដើម្បី​រក្សា​ការ​ជជែក​ដេញ​ដោល​គ្នា​នៅ​មហា​សន្និបាត​ ឲ្យ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ផល​ប៉ះ​ពាល់​ដល់​សុខភាព​ដោយ​សារ​ឱសថ​ក្លែងក្លាយ ។

ប្រទេស​ដូច​ជា​ប្រទេស​ឥណ្ឌា​និង​ប្រទស Brazil ដែល​ជា​ប្រទេស​អ្នក​ផលិត​ដ៏​ធំ​នូវ​ឱសថ​សាមញ្ញ​ទូទៅ​នោះ​ ចោទ​ឧស្សហកម្ម​ធ្វើ​ឱសថ​ អំពី​ការ​លើក​យក​បញ្ហា​ឱសថ​ក្លែង​ក្លាយ មក​ការពារ​ប្រកាសនីយប័ត្រតក្កកម្ម​ឬ Patent របស់​ខ្លួន​ ប្រឆាំងនឹង​ពួក​អ្នក​ផលិត​ប្រកួត​ឱសថ​សាមញ្ញ​ទូទៅ ។

ប្រទេសទាំង​ពីរ​នេះ​និយាយ​ថា​ អង្គការ​សុខភាព​ពិភព​លោក​កំពុង​ជួយ​ដល់​កិច្ច​ប្រឹង​ប្រែង​នេះ។​ នាយក​នៃ​កម្មវិធី​ឱសថ​សារវន្ត​របស់​អង្គការ WHO លោក Hendrick​ Hogerzeil ឆ្លើយ​បដិសេធ​ការ​ចោទ​ទាំង​ឡាយ​នោះ ។

“គោល​បំណង​ដែល​យើង​បាន​ថ្លែង​ វា​ច្បាស់​លាស់​ណាស់ ។​ យើង​មិន​ចង់​បាន​ការ​ពិភាក្សា​គ្នា​ណា​មួយ​អំពី​ឱសថ​ក្លែង​ក្លាយ​ ទៅ​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​ការ​ដោះ​ដូរ​ឱសថ​គ្នា​ទូទៅ​ត្រឹម​ត្រូវ​តាមច្បាប់​នោះ​ទេ​ ហើយ​ថា​ អង្គការ WHO នឹង​មិន​ធ្វើការ​អនុវត្ត​ច្បាប់​កម្មសិទ្ធ​បញ្ញា​ដែរ ។​ យើង​ធ្វើ​កិច្ចការ​ខាង​សុខភាពសាធារណៈ​ ហើយ​ទុក​រឿង​ផ្សេងៗ​ទៀត​ ទៅ​ឲ្យ​អង្គការ​កម្មសិទ្ធ​បញ្ញា​ពិភព​លោក​និង​អង្គការ​ពាណិជ្ជកម្ម​ពិភព​លោក ​ និង​ក្រុម​សាមី​ប្រទេស​ជា​អ្នក​ដោះ​ស្រាយ​ទៅ​ចុះ” ។

លោក​វេជ្ជ​បណ្ឌិត Hogerzeil កត់​សំគាល់​ថា​ ឱសថ​ក្លែង​ក្លាយ​សម្រាប់​យក​ទៅ​ព្យាបាល​ជម្ងឺគ្រុនចាញ់, ជម្ងឺ​អេដស៍, និង ​ជម្ងឺ​គំរាម​កំហែង​ជីវិត​ដទៃៗ​ទៀត​មាន​ដាក់​លក់​ពាស​ពេញ​ទ្វីប​អាហ្វ្រិក ។​ ប្រតិភូ​ជាតិ​នីស្ហេរីយ៉ា​ម្នាក់​បាន​ប្រាប់​អង្គ​ប្រជុំ​ថា​ថ្នាំ​បំបាត់​ ការ​ឈឺ​ចាប់​សំរាប់​លាប​ជើង​ធ្មេញ​កូន​ក្មេង​ពេល​ធ្មេញ​ដុះ​ដែល​ធ្វើ​ក្លែង​ ក្លាយ​បាន​សម្លាប់​កុមារ​៨៤នាក់​នៅ​ក្នុង​ប្រទេស​របស់​លោក​កាល​ពី​ឆ្នាំ​ មុន ។

អង្គការ​សុខភាព​ពិភព​លោក​ដាស់​តឿន​ក្រុម​អ្នក​ប្រើ​ប្រាស់​ថ្នាំ​ឲ្យ​ប្រយ័ត្ន​ ប្រយែង​នៅ​ពេល​ទិញ​ថ្នាំ​តាម​ប្រព័ន្ធ​អ៊ិនធឺណិត ។​ នៅ​ពេល​ជា​មួយ​គ្នា​ដែរ មាន​ផលិតផលថ្នាំ​ដាក់​លក់​ស្រប​ច្បាប់​ខ្លះៗ​នោះ​ អង្គការ WHO និយាយ​ថា​មាន​ថ្នាំ​ជា​ច្រើនដែល​មិន​ស្រប​ច្បាប់​ ហើយ​ថ្នាំ​ជា​ច្រើន​អាច​សម្លាប់​មនុស្ស​បាន​ដែរ ៕

XS
SM
MD
LG