លោក H. R. McMaster ទីប្រឹក្សាសន្តិសុខជាតិរបស់អាមេរិកបានថ្លែងកាលពីថ្ងៃអង្គារថា ព័ត៌មានអំពីអំពើភេរវកម្មនិងការគំរាមកំហែងទៅលើអាកាសចរណ៍អន្តរជាតិដែលលោកប្រធានាធិបតី Donald Trump បានចែករំលែកជាមួយនឹងក្រុមមន្ត្រីកាទូតរុស្ស៊ីកាលពីសប្តាហ៍មុននោះគឺមានភាពសមស្របទាំងស្រុងនិងមិនបានធ្វើឲ្យប៉ះពាល់ដល់ប្រភពស៊ើបការណ៍សម្ងាត់របស់អាមេរិកនោះទេ។
លោក McMaster បានថ្លែងបញ្ជាក់ជាថ្មីម្តងទៀតចំពោះអ្វីដែលលោកបានថ្លែងកាលពីថ្ងៃច័ន្ទ ដែលថាព័ត៌មានដែលចេញផ្សាយកាលពីថ្ងៃច័ន្ទគឺខុស ដែលព័ត៌មានទាំងនោះបានថា លោក Trump បានប្រាប់ព័ត៌មានសម្ងាត់ទៅកាន់រដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ីលោក Sergei Lavrov និងឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអាមេរិកលោក Sergey Kislyak នៅក្នុងកិច្ចប្រជុំនៅឯសេតវិមាន។
លោក McMaster ដែលស្ថិតក្នុងកិច្ចប្រជុំក្នុងការិយាល័ប្រធានាធិបតី Oval Office បានថ្លែងថា៖ «ខ្ញុំមិនព្រួយបារម្ភអ្វីទាំងអស់។ កិច្ចសន្ទនានោះមានភាពសមស្របទាំងស្រុង ហើយខ្ញុំគិតថា វាមានភាពសមស្របទាំងស្រុងទៅនឹងអ្វីដែលដៃគូស៊ើបការណ៍សម្ងាត់របស់យើងរំពឹងទុក»៕