ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក លោក H.R. McMaster និងសមាជិកដទៃទៀតនៃរដ្ឋបាលរបស់លោក Donald Trump បានបញ្ជាក់ថា របាយការណ៍ដែលបានបោះពុម្ពផ្សាយថា លោកប្រធានាធិបតី Trump បានបង្ហាញព័ត៌មានសម្ងាត់បំផុតដល់មន្ត្រីរដ្ឋាភិបាលរុស្ស៊ីនៅក្នុងការិយាល័យរបស់លោក Trump ផ្ទាល់ គឺជារបាយការណ៍មិនពិត។
លោក McMaster បានប្រាប់អ្នកសារព័ត៌មាននានានៅឯសេតវិមាន កាលពីល្ងាចថ្ងៃច័ន្ទម្សិលមិញថា ព័ត៌មានដំបូង ដែលសារព័ត៌មាន Washington Post បានរាយការណ៍ គឺជាព័ត៌មាន «មិនពិត»។ លោកបានបន្ថែមយ៉ាងដូច្នេះថា៖ «លោកប្រធានាធិបតី Trump មិនបានបង្ហាញអំពីប្រតិបត្តិការយោធាណាមួយ ដែលមិនទាន់បានផ្សព្វផ្សាយជាសាធារណៈនោះទេ។ ខ្ញុំក៏នៅទីនោះដែរ ពេលលោកពិភាក្សាគ្នាជាមួយមន្ត្រីរដ្ឋាភិបាលរុស្ស៊ី។ រឿងនេះមិនបានកើតឡើងនោះទេ»។
លោករដ្ឋមន្ត្រីការបរទេស Rex Tillerson ដែលបាននិយាយថា លោកក៏បានចូលរួមនៅក្នុងការប្រជុំកាលពីថ្ងៃទី ១០ ខែឧសភា ជាមួយនឹងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី និងអគ្គរដ្ឋទូតរុស្ស៊ីដែរនោះ បានគាំទ្រការលើកឡើងរបស់លោក McMaster។
លោក Tillerson បានបន្ថែមនៅក្នុងសេចក្ដីប្រកាសមួយក្នុងខ្លឹមសារដើមថា៖ «យើងបានពិភាក្សាបញ្ហាជាច្រើន ដែលភាគច្រើន គឺកិច្ចប្រឹងប្រែងរួមគ្នា និងការគំរាមកំហែង ពាក់ព័ន្ធនឹងការប្រឆាំងនឹងអំពើភេរវកម្ម»។
កន្លងមក អង្គការសារព័ត៌មានជាច្រើន បានរាយការណ៍ថា លោកប្រធានាធិបតី Donald Trump បានបង្ហាញព័ត៌មានដែលចាត់ទុកថាជាព័ត៌មានសម្ងាត់បំផុត ដល់លោករដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergey Lavrov និងលោកអគ្គរដ្ឋទូតរុស្ស៊ី Sergey Kislyak នៅឯការិយាល័យរបស់លោក នៅសេតវិមានប្រធានាធិបតី ក្នុងរដ្ឋធានីវ៉ាស៊ីនតោន៕