ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​រុស្ស៊ី៖ យន្ត​ហោះ​ក្រុម​ចម្រុះ​ដឹក​នាំ​ដោយ​​អាមេរិក​មិន​អនុញ្ញាត​ឲ្យ​ហោះ​ក្នុង​តំបន់​បន្ថយ​ភាព​តាន​តឹង​ក្នុង​ប្រទេស​ស៊ីរី​ទេ


រូបឯកសារ៖ យន្តហោះ​ចម្បាំង​របស់​អាមេរិក​ហោះ​ចេញ​ពី​មូលដ្ឋាន​ទ័ព​អាកាស​ Incirlik នៅ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​តួកគី។
រូបឯកសារ៖ យន្តហោះ​ចម្បាំង​របស់​អាមេរិក​ហោះ​ចេញ​ពី​មូលដ្ឋាន​ទ័ព​អាកាស​ Incirlik នៅ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​តួកគី។

ប្រទេស​រុស្ស៊ី​បាន​និយាយ​ថា ​តំបន់​ដែល​ចាត់​ទុក​ថា​ជា​កន្លែង​បន្ថយ​ភាព​តាន​តឹង​ដែល​បាន​ស្នើឡើង​នៅ​ក្នុង​ប្រ​ទេស​ស៊ីរី​នោះ​ នឹង​ត្រូវ​បិទ​មិន​ឲ្យ​យន្តហោះ​មក​ពី​ក្រុម​ចម្រុះ​ដែល​ដឹក​នាំ​ដោយ​សហរដ្ឋ​អាមេរិក​ហោះឆ្លង​កាត់​ទេ។

លោក ​Alexander Lavrentyev ​បេសកជន​របស់​ប្រទេស​រុស្ស៊ី​ប្រចាំ​នៅ​កិច្ច​ចរចា​សន្តិភាព​ក្នុង​ប្រទេស​កាហ្សាក់​ស្ថាន​បាន​និយាយកាល​ពី​ថ្ងៃ​សុក្រ​នៅ​ក្នុង​កំណត់​សម្គាល់​មួយ​ដែលត្រូវ​បាន​បណ្តាញ​ព័ត៌មាន​រុស្ស៊ី​យក​មក​រាយការណ៍។ លោក​បាន​និយាយ​ថា៖ «កិច្ចប្រតិបត្តិ​ការ​អាកាស​ចរណ៍​នៅ​ក្នុង​តំបន់​បន្ធូ​បន្ថយ​ការ​តាន​តឹង ជាពិសេស ​កង​ទ័ព​ចម្រុះ​អន្តរជាតិ​មិន​ត្រូវ​នឹក​មមៃ​ទៀត​ទេ ​ទោះ​ជា​មាន​ការ​ជូន​ដំណឹង​ឬ​មិន​មាន​ក៏ដោយ។ បញ្ហា​នេះ​ចប់​ហើយ‍»។

ប្រទេស​រុស្ស៊ី តួកគី​ និង ​អ៊ីរ៉ង់ បាន​ព្រម​ព្រៀង​គ្នាលើ​កិច្ច​ព្រម​ព្រៀង​មួយ​ដែល​បាន​ស្នើ​ឡើង​ដោយ​រដ្ឋាភិបាល​ក្រុង​មូស្គូ​កាល​ពី​ថ្ងៃ​ព្រហស្បត៍​ដើម្បី​បង្កើត​អ្វី​ដែល​ហៅ​ថា ​តំបន់​បន្ធូ​បន្ថយ​ការ​តាន​តឹងក្នុង​ប្រទេស​ស៊ីរី ​ដើម្បី​ព្យាយាម​បញ្ចប់​សង្គ្រាម​រយៈ​ពេល​៦​ឆ្នាំ។

ពួក​អ្នក​តំណាងប្រទេស​ទាំង​៣​ ដែល​ធានា​ការ​ឈប់​បាញ់​គ្នាក្នុង​ប្រទេស​ស៊ីរី​បាន​ចុះ​ហត្ថលេខា​លើ​អនុសារណៈ​មួយ​ដែល​ចូល​ជា​ធរមាន​នៅ​ពេល​បញ្ចប់​ការ​ចរចា​សន្តិភាព​នៅ​ក្នុង​រដ្ឋ​ធានី​អាស្តាណា​នៃ​ប្រទេស​កាហ្សាក់​ស្ថាន។

​សំណើ​នោះ​អំពាវ​នាវ​ឲ្យ​ចាត់​វិធានការ​ដើម្បី​កាត់​បន្ថយ​ការ​ប្រយុទ្ធ​គ្នា​នៅ​ក្នុង​តំបន់​ដែល​បាន​កំណត់​៤​ នៅ​ក្នុង​ប្រទេស​ស៊ីរី​ ដែល​នៅ​ទី​នោះ​ពួក​ឧទ្ទាមដែល​មិន​បាន​ពាក់​ព័ន្ធ​ជាមួយ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​បាន​ត្រួត​ត្រាទឹក​ដី​ទាំង​នោះ៕

XS
SM
MD
LG