នៅមិនដល់៣អាទិត្យមុនពេលកំណត់ត្រូវដំឡើងកម្រិតប្រាក់កម្ចីសម្រាប់រដ្ឋាភិបាលសហព័ន្ធ ក៏សេតវិមាន និងមេដឹកនាំសភានៅតែរឹងទទឹង ថាសហរដ្ឋអាមេរិកនឹងមិនខកខានសងបំណុលជាតិរបស់ខ្លួនចំនួន១៤,៣ លានលានដុល្លារទេ។ ក៏ប៉ុន្តែដំណោះស្រាយមួយធ្វើឡើងដោយគណបក្សទាំងពីរដើម្បីដាក់ប្រទេសក្នុងផ្លូវមួយដែលអាចទ្រាំទ្ររួចក្នុងការសងបំណុលនោះបង្ហាញថាគ្មានសញ្ញាថាអាចទៅរួចទេ។
មានចំណុចមួយដែលមន្រ្តីជាន់ខ្ពស់របស់គណបក្សប្រជាធិបតេយ្យ និងសាធារណរដ្ឋយល់ស្របគ្នានោះគឺ ការខកខានមិនបានដំឡើងប្រាក់បំណុលអតិបរមារបស់អាមេរិកទាន់ពេលដើម្បីជៀសផុតពីការខកខានមិនបានសងបំណុលមួយដែលជាកាតព្វកិច្ចរបស់រដ្ឋាភិបាលសហព័ន្ធនោះគឺមិនអាចគិតដល់ទេ។ លោក ចាកុប លូវ (Jacob Lew) គឺជាមន្រ្តីជាន់ខ្ពស់របស់លោកប្រធានាធិបតីទទួលបន្ទុកថវិកា។ លោកបានមានប្រសាសន៍ថា៖
«រាល់មេដឹកនាំសភា និងប្រធានាធិបតីបានទទួលស្គាល់ថា យើងត្រូវដំឡើងកម្រិតប្រាក់កម្ចី ហើយសំណួរនោះគឺតើត្រូវធ្វើយ៉ាងដូចម្តេច?»
លោក លូវ បាននិយាយដូច្នេះនៅកម្មវិធី This Week របស់បណ្តាញទូរទស្សន៍ABC។
សមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋលំដាប់ទីពីរលោក ចន ឃីល (Jon Kyl) បានមានប្រសាសន៍ស្រដៀងគ្នានេះដែរ។
«ប្រទេសយើងនឹងមិនអាចខកខានសងបំណុលទេ។ ទោះជាអាចទៅរួចឬមិនរួចការសន្សំសំចៃដែលទទួលបានក្នុងដំណើរការនេះនៅតែមានការចោទសួរជានិច្ច»។
ការចរចានៅប៉ុន្មានសប្តាហ៍នេះគឺបរាជ័យក្នុងការសម្រេចបាននូវអ្វីដែលហៅថា«ការតថ្លៃដ៏ធំ»ដើម្បីតម្រឹមឱនភាពថវិការបស់សហរដ្ឋអាមេរិកឲ្យនៅត្រឹម៤លានលាននៅក្នុងអំឡុងពេល១០ឆ្នាំ។ ការទាល់ច្រកនេះបានជំរុញឲ្យគម្រោងជាច្រើនដើរថយក្រោយក្នុងការដំឡើងកម្រិតបំណុលអតិបរមា ប្រសិនបើគោលដៅ៤លានលានមិនអាចសម្រេចបាននោះ៕
ប្រែសម្រួលដោយ នាងហ៊ុយ សម្ផស្ស