បេក្ខជនអនុប្រធានាធិបតីអាមេរិកលោក Tim Walz ខាងបក្សប្រជាធិបតេយ្យនិងលោក JD Vance ខាងបក្សសាធារណរដ្ឋនឹងជជែកដេញដោលគ្នានៅថ្ងៃអង្គារនេះវេលាម៉ោង ៩ យប់នៅក្នុងទីក្រុង New York។ នេះជាការជជែកដេញដោលគ្នាតែម្តងគត់រវាងបេក្ខជនទាំងពីរ ដែលនឹងផ្ដល់ឱកាសឱ្យបេក្ខជននីមួយៗសង្កត់បញ្ជាក់សាររបស់បក្សរៀងៗខ្លួនប្រាប់ដល់អ្នកបោះឆ្នោតមុនការបោះឆ្នោតចូលមកដល់នៅថ្ងៃទី ៥ ខែវិច្ឆិកាខាងមុខ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
ការជជែកដេញដោលរយៈពេលេ ៩០ នាទីនេះនឹងធ្វើឡើងនៅមណ្ឌលផ្សាយព័ត៌មាន CBS ហើយនឹងត្រូវសម្របសម្រួលដោយពិធីករកម្មវិធី «ព័ត៌មានពេលល្ងាច (Evening News)» របស់ទូរទស្សន៍ CBS អ្នកស្រី Norah O'Donnell និងអ្នកសម្របសម្រួលកម្មវិធី «Face the Nation» អ្នកស្រី Margaret Brennan។
លោក Walz ដែលជាអភិបាលរដ្ឋ Minnesota ទំនងជានឹងប្រើភាពល្បីល្បាញរបស់លោកជា «មនុស្សធម្មតា» ដើម្បីព្យាយាមទាក់ទាញអ្នកបោះឆ្នោត រួមទាំងអ្នកបោះឆ្នោតឯករាជ្យផងដែរ ដែលមើលឃើញបេក្ខជនប្រធានាធិបតីអាមេរិកខាងបក្សប្រជាធិបតេយ្យអ្នកស្រី Kamala Harris ថាសេរីនិយមជ្រុល។
លោក Walz ទំនងជានឹងចាក់លោក Vance ឱ្យលោត ដូចដែលអ្នកស្រី Harris បានធ្វើដោយជោគជ័យក្នុងការជជែកដេញដោលរបស់អ្នកស្រីជាមួយបេក្ខជនប្រធានាធិបតីខាងបក្សសាធារណរដ្ឋលោក Donald Trump ដែរ។
លោក Vance ដែលជាសមាជិកព្រឹទ្ធសភាអាមេរិកខាងបក្សសាធារណរដ្ឋតំណាងរដ្ឋ Ohio នឹងត្រូវប្រយ័ត្នប្រយែងកុំឱ្យធ្លាក់ចូលអន្ទាក់ក្នុងការជជែកដេញដោលនេះ បើលោក Walz ប្រើយុទ្ធសាស្ត្រជជែកដេញដោលតាមអ្នកស្រី Harris។
លោក Vance ទំនងជានឹងត្រូវប្រឈមសំណួរអំពីវោហារសាស្ត្រអុជអាលរបស់លោក និងអាចវាយបកវិញដោយប្រើស្ទីលប្រយុទ្ធតាមចរិតធម្មតារបស់លោក៕
បេក្ខជនអនុប្រធានាធិបតីអាមេរិកទាំងពីរបក្សនឹងជជែកដេញដោលគ្នានៅថ្ងៃអង្គារនេះ
- Reuters
វេទិកាបញ្ចេញមតិ