ចាប់ពីការបង្រៀននៅវិទ្យាល័យមួយក្នុងប្រទេសចិនរហូតដល់បទពិសោធន៍បម្រើការងារនៅគណ:កម្មការសភាដ៏សំខាន់មួយ ដែលផ្ដោតលើទំនាក់ទំនងរវាងរដ្ឋាភិបាលក្រុងប៉េកាំងនិងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បេក្ខជនអនុប្រធានាធិបតីខាងបក្សប្រជាធិបតេយ្យលោក Tim Walz មានចំណងទាក់ទងរាប់ទសវត្សរ៍មកហើយជាមួយចិន រាប់តាំងពីពេលបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យនៅទីលាន Tiananmen ក្នុងឆ្នាំ១៩៨៩មកម្ល៉េះ។
ក្នុងនាមជាអ្នកអប់រំម្នាក់ លោក Walz បង្រៀនប្រវត្តិសាស្ត្រ វប្បធម៌និងភាសាអង់គ្លេសដល់សិស្សចិននៅវិទ្យាល័យ Foshan No.1 នៅខេត្តGuangdong ប៉ែកខាងត្បូងប្រទេសចិននៅឆ្នាំ១៩៨៩ ជាឆ្នាំដែលនិស្សិតចិនរាប់សែននាក់ បានតវ៉ាប្រឆាំងបក្សកម្មុយនីស្តចិននៅទីលាន Tiananmen។
លោក Walz បាននិយាយក្នុងបទសម្ភាសន៍មួយកាលពីឆ្នាំ២០០៧ជាមួយសារព័ត៌មាន The Hill ដែលជាសារព័ត៌មានអនឡាញ មានមូលដ្ឋាននៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ ក្នុងពេលបង្រៀនបានមួយឆ្នាំនៅក្នុងប្រទេសចិន លោក Walz ត្រូវបានសិស្សរបស់លោកផ្ដល់រហស្សនាមឱ្យថា«អ្នកជំនាញកិច្ចការចិន»ដោយសារតែទឹកចិត្តល្អរបស់លោក។
ពេលវេលាក្នុងប្រទេសចិន បានជះឥទ្ធិពលលើទស្សន:របស់លោកចំពោះជីវិតរបស់ប្រជាជនចិនក្រោមបក្សកម្មុយនីស្តដែលកំពុងកាន់អំណាច។
លោក Walz បាននិយាយក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន the Star Herald នៅឆ្នាំ១៩៩០ថា«បើពួកគេមានមេដឹកនាំសមស្រប ម្ល៉េះគ្មានដែនកំណត់ចំពោះអ្វីដែលពួកគេអាចសម្រេចបាននោះទេ»។ លោកបានហៅបទពិសោធន៍បង្រៀនក្នុងប្រទេសចិនថា«ជារឿងល្អបំផុតមួយ»ដែលលោកបានធ្វើ។
ចំណាប់អារម្មណ៍របស់លោកក្នុងប្រទេសចិន មិនឈប់ត្រឹមនោះទេ។ ក្រោយពីវិលត្រឡប់មកដល់សហរដ្ឋអាមេរិកវិញ លោក Walzនិងភរិយា បានបង្កើតក្រុមហ៊ុនមួយឈ្មោះថា«ដំណើរផ្សងព្រេងអប់រំ» ដើម្បីសម្របសម្រួលការធ្វើដំណើរក្នុងរដូវក្តៅសម្រាប់សិស្សវិទ្យាល័យអាមេរិក។
៥ឆ្នាំក្រោយពីបាតុកម្មនៅទីលាន Tiananmen និងការបង្ក្រាបដ៏ហិង្សារបស់រដ្ឋាភិបាលចិន លោក Walz បានវិលត្រឡប់ទៅប្រទេសចិនជាមួយភរិយារបស់លោក ដើម្បីរាត្រីទឹកឃ្មុំរបស់អ្នកទាំងពីរហើយពួកគេក៏បាននាំក្រុមសិស្សវិទ្យាល័យអាមេរិកពីរក្រុមទៅជាមួយដែរ។ លោក Walz បានបន្តដំណើរការកម្មវិធីផ្លាស់ប្ដូរការសិក្សារដូវក្ដៅទៅចិន សម្រាប់សិស្សអាមេរិកាំង ជាមួយភរិយារបស់លោករហូតដល់ឆ្នាំ២០០៣។
ការតស៊ូមតិដើម្បីសិទ្ធិមនុស្សនៅចិន
ក្រោយពីក្លាយជាសមាជិកសភានៅឆ្នាំ២០០៧ លោក Walz បន្តផ្ដោតលើបញ្ហាទាក់ទងនឹងប្រទេសចិន។ ពេលកាន់តំណែងក្នុងសភា លោក Walz ធ្វើការនៅគណ:កម្មការទំនាក់ទំនងនីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិទទួលបន្ទុកបញ្ហាចិន ដែលផ្ដោតផ្ដាច់មុខលើបញ្ហាសិទ្ធិមនុស្សក្នុងប្រទេស។
លោកWalz បានវិវត្តខ្លួនយ៉ាងលឿនជាអ្នករិះគន់យ៉ាងខ្លាំងលើរដ្ឋាភិបាលចិន ដោយរៀបចំកិច្ចប្រជុំជាប្រចាំជាមួយសកម្មជនល្បីឈ្មោះមកពីចិននិងហុងកុង រួមទាំងសកម្មជនហុងកុងដ៏លេចធ្លោលោកJoshua Wong និងមេដឹកនាំសាសនារបស់ទីបេ គឺសម្តេសង្ឃរាជ្យDalai Lama ផងដែរ។
ក្នុងបទសម្ភាសន៍មួយជាមួយវីអូអេនៅឆ្នាំ២០១៤ លោក Walz រំលឹកអំពីចំណាប់អារម្មណ៍របស់លោកពេលឃើញបាតុកម្មដឹកនាំដោយនិស្សិតនៅទីលាន Tiananmen។ លោកថ្លែងថា«ខ្ញុំចាំថាពេលក្រោកពីដំណេក ក៏ឃើញព័ត៌មាននៅថ្ងៃទី៤ខែមិថុនាថាអ្វីដែលនឹកស្មានមិនដល់ បានកើតឡើង»។
ខណ:ដែលពលរដ្ឋអាមេរិកាំងភាគច្រើននៅពេលនោះ បានសម្រេចចិត្តចាកចេញពីប្រទេសចិនដោយសារការបារម្ភពីសន្តិសុខក្រោយពីបាតុកម្មនៅទីលាន Tiananmen ក្នុងឆ្នាំ១៩៨៩ លោក Walz ថាលោកមានអារម្មណ៍ថា«វារឹតតែសំខាន់ក្នុងការទៅ»ចិនព្រោះលោកចង់ធ្វើឲ្យប្រាកដថា«រឿងនោះនឹងត្រូវបានចែកចាយ» ហើយឲ្យប្រជាជនចិនដឹងថាពិភពខាងក្រៅនៅជាមួយពួកគេ។
ក្រៅពីប្រាស្រ័យទាក់ទងជាមួយសកម្មជនមកពីចិននិងហុងកុង លោក Walz ក៏រួមធ្វើសេចក្តីស្នើច្បាប់ជាច្រើនស្តីពីបញ្ហាសិទ្ធិមនុស្សសំខាន់ៗក្នុងប្រទេសចិន រួមទាំងការទាមទារឲ្យដោះលែងជ័យលាភីរង្វាន់ណូបែលចិនលោក Liu Xiaobo និងសកម្មជនចិនលោក Huang Qi (ហ័ងឈី) ព្រមទាំងចូលរួមចុះហត្ថលេខាលើច្បាប់ស្តីពីសិទ្ធិមនុស្សនិងប្រជាធិបតេយ្យហុងកុងនៅឆ្នាំ២០១៧ ទៀតផង។
ពេលថ្លែងក្នុងសភានៅឆ្នាំ២០១៦ លោក Walz គូសបញ្ជាក់សារ:សំខាន់ក្នុងការមាន«កិច្ចសន្ទនាប្រកបដោយលក្ខណ:ស្ថាបនា» ជាមួយរដ្ឋាភិបាលក្រុងប៉េកាំង ដើម្បីធានា«ការអភិរក្សវប្បធម៌ប្រពៃណីទីបេនិងប្រព័ន្ធអេកូឡូស៊ីដ៏ផុយស្រួយរបស់ទីបេ»។
លោក Walz បានថ្លែងពេលនោះថា«សហរដ្ឋអាមេរិក ត្រូវបានបង្កើតឡើងដោយឈរលើគំនិតសេរីភាពជាសកល ហើយខ្ញុំជឿថាយើងត្រូវតែបន្តជំរុញរដ្ឋាភិបាលចិន ឲ្យផ្ដល់សេរីភាពសាសនាដែលមិនសូវរឹតត្បិតដល់ប្រជាជនទីបេ»។
ការជំរុញគោលនយោបាយការបរទេស
ក្រៅពីជាអ្នកតិះទៀនឥតសំចៃមាត់លើកំណត់ត្រាសិទ្ធិមនុស្សរបស់ចិន លោក Walz ក៏បានសម្តែងកង្វល់អំពីការប៉ុនប៉ងរបស់ចិន ក្នុងការពង្រីកវត្តមានរបស់ខ្លួននៅសមុទ្រចិនខាងត្បូងក្នុងឆ្នាំ២០១៦ ដោយចង្អុលបង្ហាញពីកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលក្រុងប៉េកាំងក្នុងការកសាងកោះសិប្បនិម្មិតក្នុងដែនទឹកដែលមានជម្លោះថាជាមូលហេតុដើម្បីជំទាស់ការប៉ុនប៉ងរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ក្នុងការកាត់បន្ថយការចំណាយលើយោធា។
ទោះបីជាមានជំហររឹងប៉ឹងលើកំណត់ត្រាសិទ្ធិមនុស្សនិងវត្តមានយោធារបស់ចិន លោកWalz ក៏បន្តសង្កត់ធ្ងន់លើសារ:សំខាន់ក្នុងការរក្សាសហប្រតិបត្តិការជាមួយចិន។ ក្នុងបទសម្ភាសន៍វីដេអូមួយជាមួយសារព័ត៌មានAgri-Pulse Communications លោកថ្លែងថា«ខ្ញុំមិនមែនស្ថិតក្នុងក្រុមមនុស្សដែលគិតថាចិនចាំបាច់ត្រូវតែជាសត្រូវនោះទេ»។
លោក Walz បន្ថែមថា«ខ្ញុំគិតថាយើងចាំបាច់ត្រូវតែម៉ឹងម៉ាត់លើអ្វីដែលចិនកំពុងធ្វើនៅសមុទ្រចិនខាងត្បូង តែមានផ្នែកជាច្រើនដែលយើងអាចសហការគ្នាបាន»។
អ្នកវិភាគខ្លះថាចំណងដ៏ជ្រៅរបស់លោក Walz ជាមួយចិន និងប្រវត្តិការទូតអាមេរិក-ចិន អាចជួយឲ្យបេក្ខជនអនុប្រធានាធិបតីខាងបក្សប្រជាធិបតេយ្យរូបនេះ ធ្វើការសម្រេចចិត្តដែលផ្អែកលើព័ត៌មានច្រើនជាង លើគោលនយោបាយ ជាពិសេសលើបញ្ហាទាក់ទងនឹងចិន។
លោក Lev Nachman សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយនៅសកលវិទ្យាល័យជាតិតៃវ៉ាន់ និយាយថា«ខ្ញុំគិតថាលោកWalzនឹងធ្វើឲ្យមនុស្សជាច្រើនដែលយកចិត្តទុកដាក់ខ្លាំងអំពីគោលនយោបាយការបរទេសអាមេរិកនៅផ្នែកនេះនៃពិភពលោក ងាយស្រួល ពេលដឹងថាមានមនុស្សម្នាក់ឈរឈ្មោះដែលមានព័ត៌មាន បានចំណាយពេលក្នុងតំបន់នោះ ហើយមិនមែនទើបតែចាប់ផ្តើមរៀនអំពីគោលនយោបាយការបរទេសអាមេរិកនៅអាស៊ីបូព៌ានោះទេ»។
លោកថាតាំងពីលោក Walz បានសម្តែងទស្សន:ជាមួយមនុស្សជាច្រើនអំពីប្រជាជនចិន ប្រជាជនទីបេ និងប្រជាជនហុងកុងមក អភិបាលរដ្ឋ Minnesota អាចបន្ថែមចំណុចលម្អិតកាន់តែប្លែកច្រើនជាងមុនដល់ការជជែកដេញដោលគ្នាខាងគោលនយោបាយទាក់ទងនឹងចិននៅសហរដ្ឋអាមេរិក។
លោក Nachman បានថ្លែងប្រាប់វីអូអេតាមទូរសព្ទថា«គាត់ប្រហែលជាអាចប្រសប់និយាយអំពីតម្រូវការរុញច្រានអាជ្ញាធិបតេយ្យនិងការរំលោភសិទ្ធិមនុស្សរបស់ចិន នៅតំបន់ផ្សេងៗក្នុងពិភពលោក តាមរបៀបម៉្យាងដែលមិននិយាយអាក្រក់អំពីពលរដ្ឋចិនឬមិនទោរទន់ទៅរកវោហាសព្ទដែលប្រើល្បិចកលបន្លាចខ្លាំងជ្រុលដែលខ្ញុំគិតថាការនិយាយអំពីទំនាក់ទំនងអាមេរិកនិងចិនបានបែរទៅជាបែបនេះក្នុងសហរដ្ឋអាមេរិក»។