ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឈ្មោះ​លោក JD Vance ផ្លាស់ប្ដូរ​ជា​បន្តបន្ទាប់ មុន​លោក​ក្លាយជា​បេក្ខភាព​អនុ​ប្រធានាធិបតី​អាមេរិក​ខាង​បក្ស​សាធារណរដ្ឋ


បេក្ខជន​អនុប្រធានាធិបតី​នៃ​គណបក្ស​សាធារណរដ្ឋ​ លោក JD Vance នៃ​រដ្ឋ Ohio ថ្លែង​នៅ​ក្នុង​ការ​ជួប​ជុំ​នៅ​ថ្ងៃ​ទី២២ ខែ​កក្កដា ឆ្នាំ២០២៤ នៅ​សាកលវិទ្យាល័យ Radford ក្នុង​ទីក្រុង Radford រដ្ឋ Virginia។
បេក្ខជន​អនុប្រធានាធិបតី​នៃ​គណបក្ស​សាធារណរដ្ឋ​ លោក JD Vance នៃ​រដ្ឋ Ohio ថ្លែង​នៅ​ក្នុង​ការ​ជួប​ជុំ​នៅ​ថ្ងៃ​ទី២២ ខែ​កក្កដា ឆ្នាំ២០២៤ នៅ​សាកលវិទ្យាល័យ Radford ក្នុង​ទីក្រុង Radford រដ្ឋ Virginia។

បេក្ខភាព​អនុ​ប្រធានាធិបតី​អាមេរិក​ខាង​គណបក្ស​សាធារណរដ្ឋ​លោក JD Vance មាន​ប្រវត្តិ​ផ្លាស់ប្ដូរ​ឈ្មោះ​ជា​បន្តបន្ទាប់។

សមាជិក​ព្រឹទ្ធសភា​ខាង​បក្ស​សាធារណរដ្ឋ​តំណាង​រដ្ឋ Ohio រូប​នេះ​បាន​ធ្វើ​ឱ្យ​សាធារណជន​ស្គាល់​លោក​នៅ​ឆ្នាំ ២០១៦ នៅ​ពេល​លោក​បោះពុម្ព​ផ្សាយ​សៀវភៅ​កំណត់ប្រវត្តិ​ផ្ទាល់ខ្លួន​ដែល​លក់​ដាច់​ខ្លាំង​មួយ​ឈ្មោះ​ថា «Hillbilly Elegy» ដោយ​ប្រើ​ឈ្មោះ J.D. Vance ដែល​ពាក្យ​ពេញ​នៃ​ពាក្យ J.D. គឺ James David។

មក​ទល់​នឹង​អាយុ ៣៩ ឆ្នាំ​នេះ ឈ្មោះ ឈ្មោះ​កណ្តាល និង​នាម​ត្រកូល​របស់​លោក Vance បាន​ផ្លាស់ប្តូរ​ជា​បន្តបន្ទាប់។ នៅពេល​ដែល​លោក Vance ត្រូវ​បាន​ណែនាំ​ទៅ​កាន់​អ្នក​បោះឆ្នោត​ទូទាំង​ប្រទេស​ថា​ជា​បេក្ខភាព​អនុ​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ ឈ្មោះ​របស់​លោក​បាន​ក្លាយជា​ប្រភព​នៃ​ការ​ងឿងឆ្ងល់។

លោក​កើត​នៅ​ក្នុង​ទីក្រុង Middletown រដ្ឋ Ohio នៅ​ថ្ងៃ​ទី ២ ខែ​សីហា ឆ្នាំ ១៩៨៤។ ឈ្មោះ​កំណើត​របស់​លោក​គឺ James Donald Bowman ដោយ​ឈ្មោះ​កណ្តាល​និង​នាម​ត្រកូល​របស់​លោក​គឺ​ដូច​ឈ្មោះ​ឪពុក​បង្កើត​របស់​លោក​ដែល​មាន​ឈ្មោះ​ថា Donald Bowman។

លោក​បាន​សរសេរ​ថា ឪពុកម្តាយ​របស់​លោក​បាន​លែងលះ​គ្នា​ក្នុង​អំឡុងពេល​លោក​ចាប់ផ្តើម​ចេះ​ដើរ។ នៅ​ពេល​លោក​មាន​អាយុ​ប្រមាណ ៦ ឆ្នាំ ម្តាយ​របស់​លោក អ្នកស្រី Beverly បាន​រៀបការ​ជា​លើក​ទី​បី។ លោក​មាន​ឪពុក​ចុង​ថ្មី​ឈ្មោះ Robert Hamel ហើយ​ម្តាយ​របស់​លោក​បាន​ដាក់​ឈ្មោះ​ថ្មី​ឱ្យ​លោក​ថា James David Hamel។

លោក Vance បាន​ប្រើ​ឈ្មោះ James David «J.D.» Hamel អស់​រយៈពេល​ជាង​ពីរ​ទសវត្សរ៍។ នេះ​ជា​ឈ្មោះ​ដែល​លោក​ប្រើ​ពេល​រៀន​ចប់​ពី​វិទ្យាល័យ Middletown ពេល​ចូល​បម្រើការ​ជា​ទាហាន​ម៉ារីន​នៅ​អ៊ីរ៉ាក់ ពេល​ទទួល​បាន​សញ្ញាប័ត្រ​ផ្នែក​វិទ្យាសាស្រ្ត​នយោបាយ​នៅ​សាកលវិទ្យាល័យ Ohio State University និង​ពេល​ជា​និស្សិត​វ័យ ២៦ ឆ្នាំ​នៅ​មហាវិទ្យាល័យ​ច្បាប់​នៃ​សាកលវិទ្យាល័យ Yale។

ប៉ុន្តែ​ស្ថានភាព​បាន​ធ្វើ​ឱ្យ​លោក​វិលវល់ ជា​ពិសេស​បន្ទាប់ពី​ម្តាយ​និង​ឪពុក​ចុង​របស់​លោក​បាន​លែងលះ​គ្នា។ ដូច្នេះ លោក​បាន​ចាប់ផ្តើម​ផ្លាស់ប្តូរ​ឈ្មោះ​សារ​ជាថ្មី​ទៅ​ជា Vance។ ឈ្មោះ Vance នេះ​គឺ​ជា​នាម​ត្រកូល​របស់​ជីដូន​ជា​ទី​គោរព​ស្រឡាញ់​របស់​លោក ដែល​បាន​ចិញ្ចឹម​បីបាច់​រូប​លោក។

លោក Vance បាន​ប្រើ​ឈ្មោះ​ថ្មី​នេះ​នៅ​ពេល​លោក​ចាប់ផ្ដើម​អាជីព​ជា​មេធាវី​និង​ជា​អ្នក​និពន្ធ។ ក្រៅ​ពី​ប្រើ​ឈ្មោះ Vance នេះ​នៅ​លើ​សៀវភៅ​ដែល​លោក​និពន្ធ លោក​ក៏​ប្រើ​ឈ្មោះ​នេះ​ផងដែរ​ដើម្បី​ចុះ​ឈ្មោះ​ប្រឡង​ជា​មេធាវី រៀបការ និង​ចូល​ក្នុង​ពិភព​វិនិយោគ​ហិរញ្ញប្បទាន​បែប​កម្មសិទ្ធិ​ឯកជន​នៅ​តំបន់ Silicon Valley និង​នៅ​ពេល​លោក​បាន​ក្លាយជា​ឪពុក។

បន្ទាប់ពី​នេះ​មក ឈ្មោះ​របស់​លោក​ក៏​មាន​ការ​ផ្លាស់ប្ដូរ​ម្តង​ទៀត​ដែរ។

នៅ​ពេល​លោក Vance ឈាន​ចូល​ក្នុង​ឆាក​នយោបាយ​នៅ​ខែ​កក្កដា ឆ្នាំ ២០២១ លោក​បាន​លុប​សញ្ញា «ចុច» ចេញ​ពី​ឈ្មោះ​កាត់ J.D.។ លោក​តែង​ប្រើ​ឈ្មោះ​សរសេរ​ខ្លី​ថា JD ជាប់​រហូត​មក។

នៅ​ពេល​ទីភ្នាក់ងារ​សារព័ត៌មាន AP សួរ​នៅ​ពេល​នោះ​ថាតើ​នេះ​គឺជា​ការ​ផ្លាស់ប្តូរ​ផ្លូវការ​ឬ​គ្រាន់តែ​ជា​របៀប​នៃ​ការ​សរសេរ យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក​បាន​បញ្ជាក់​ថា នេះ​ជា​របៀប​ដែល​លោក​ចង់​បាន​ពេល​សរសេរ​ឈ្មោះ​នៅ​លើ​ឯកសារ​ផ្សេងៗ។

ប៉ុន្តែ ទោះបីជា​ឈ្មោះ​ផ្លូវការ​ស្របច្បាប់​របស់​លោក​គឺ James David Vance ក៏ដោយ លោក​នៅតែ​សរសេរ​ឈ្មោះ​របស់​លោក​ជា JD Vance នៅ​លើ​វេបសាយ​សមាជិក​ព្រឹទ្ធសភា​របស់​លោក នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ព័ត៌មាន និង​នៅ​ក្នុង​ឯកសារ​ឃោសនា​បោះឆ្នោត​និង​ឯកសារ​អាជីវកម្ម​មួយ​ចំនួន៕

ប្រែសម្រួល​ដោយ​លោក ណឹម សុភ័ក្រ្តបញ្ញា

XS
SM
MD
LG