នៅថ្ងៃពុធនេះ សហគមន៍អន្តរជាតិដែលគាំទ្រប្រទេសអ៊ុយក្រែនបានពិភាក្សាគ្នាអំពី«អាទិភាពកំពូល» នៅក្នុងការផ្គត់ផ្គង់ឧបករណ៍ការពារដែនអាកាសបន្ថែមទៀតដល់រដ្ឋាភិបាលអ៊ុយក្រែន ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកថា ការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីលើអ៊ុយក្រែនកាលពីពេលថ្មីៗនេះមានតែធ្វើឱ្យអន្តរជាតិកាន់តែគាំទ្រអ៊ុយក្រែនបន្ថែមទៀតតែប៉ុណ្ណោះ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោក Oleksiy Reznikov បាននិយាយតែពាក្យ ៣ ម៉ាត់ប៉ុណ្ណោះ ដែលនោះគឺ «ប្រព័ន្ធការពារដែនអាកាស» នៅពេលដែលគេសួរលោកថាតើលោកសង្ឃឹមថានឹងទទួលបានអ្វីពីកិច្ចប្រជុំនៅឯទីស្នាក់ការកណ្ដាលរបស់អង្គការអូតង់ (NATO) នៅក្នុងទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក។
ក្រុមប្រទេសជិត ៥០ ដែលដឹកនាំដោយសហរដ្ឋអាមេរិកបានធ្វើការពិភាក្សាគ្នានៅឯទីស្នាក់ការកណ្ដាលអង្គការអូតង់នៅថ្ងៃពុធនេះដោយផ្ដោតលើការការពារដែនអាកាសរបស់អ៊ុយក្រែន បន្ទាប់ពីប្រទេសរុស្ស៊ីបានបើកការវាយប្រហារដោយមីស៊ីលនៅទូទាំងប្រទេសអ៊ុយក្រែននៅក្រោយពេលដែលមានការផ្ទុះកើតឡើងកាលពីថ្ងៃសៅរ៍សប្ដាហ៍មុននៅឯស្ពានមួយខ្សែដែលភ្ជាប់ប្រទេសរុស្ស៊ីទៅដែនដី Crimea។
រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin បាននិយាយនៅក្នុងកិច្ចប្រជុំនោះថា៖ «ពិភពលោកទាំងមូលទើបបានឃើញគំនិតព្យាបាទនិងភាពសាហាវព្រៃផ្សៃនៃសង្គ្រាមដែល [ប្រធានាធិបតីរុស្ស៊ីលោក Vladimir] Putin បានជ្រើសរើសធ្វើ»។
លោកបានបន្ថែមថា៖ «ប៉ុន្តែ ការវាយប្រហារថ្មីៗចុងក្រោយបំផុតរបស់ប្រទេសរុស្ស៊ីនេះមានតែធ្វើឱ្យការតាំងចិត្តរបស់ប្រជាពលរដ្ឋអ៊ុយក្រែនកាន់តែខ្លាំងក្លាបន្ថែមទៀត និងធ្វើឱ្យបណ្ដាប្រទេសដែលមានឆន្ទៈល្អនានាកាន់តែរួបរួមគ្នាបន្ថែមទៀតតែប៉ុណ្ណោះ»។
នៅក្នុងការថ្លែងនៅពេលបើកកិច្ចប្រជុំនោះ លោក Austin ក៏បានសាទរផងដែរចំពោះជ័យជម្នះមួយចំនួនរបស់យោធាអ៊ុយក្រែនតាំងពីខែកញ្ញាមក ដោយលោកបានហៅការវិវឌ្ឍទៅមុខនេះថាជារឿង «អស្ចារ្យ» និងបាននិយាយថា «ជ័យជម្នះទាំងនេះគឺជាជ័យជម្នះរបស់ទាហានដ៏ក្លាហានរបស់ប្រទេសអ៊ុយក្រែន»។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters៕
សម្ព័ន្ធមិត្តបស្ចិមប្រទេសចាត់ទុកការការពារដែនអាកាសរបស់អ៊ុយក្រែនជា«អាទិភាពកំពូល»
- AFP
- Reuters
ទីក្រុងព្រុចសែល —