ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​ឃ្លាំ​មើល៖ រដ្ឋាភិបាល​នានា​មិនបាន​ធ្វើ​គ្រប់គ្រាន់​ដើម្បី​ការពារ​សេរីភាព​សារព័ត៌មាន


រូបឯកសារ៖ សាច់ញាតិយំឱប​សាកសព​របស់​អ្នកសារព័ត៌មាន​ជនជាតិប៉ាឡេស្ទីន Akram Al-Shafi'i នៅ​មន្ទីរពេទ្យមួយ​ក្នុងទីក្រុង Rafah តំបន់ហ្កាហ្សា កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤។
រូបឯកសារ៖ សាច់ញាតិយំឱប​សាកសព​របស់​អ្នកសារព័ត៌មាន​ជនជាតិប៉ាឡេស្ទីន Akram Al-Shafi'i នៅ​មន្ទីរពេទ្យមួយ​ក្នុងទីក្រុង Rafah តំបន់ហ្កាហ្សា កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤។

ការ​គំរាមកំហែង​ដោយ​រដ្ឋាភិបាល​និង​ក្រុម​អ្នក​តាក់តែង​ច្បាប់នានា​ស្ថិត​ក្នុងចំណោម​បញ្ហា​ប្រឈម​ដ៏​គួរ​ឱ្យ​ព្រួយបារម្ភ​ខ្លាំង​បំផុត​សម្រាប់​អ្នកសារព័ត៌មាន​នៅ​ជុំវិញ​ពិភពលោក។ នេះបើ​យោង​តាម​ក្រុម​អ្នកសារព័ត៌មាន​គ្មាន​ព្រំដែន (Reporters Without Borders)​ ដែល​បាន​ថ្លែង​ក្នុង​របាយការណ៍​មួយ​កាលពីថ្ងៃ​សុក្រ​ ទី ៣ ខែឧសភា។

រដ្ឋាភិបាល​និង​អាជ្ញាធរ​នយោបាយកាន់​តែច្រើន​កំពុង​បរាជ័យ​ក្នុង​ការ​ជួយ​គាំទ្រ​និង​គោរព​ដល់​សេរីភាព​សារព័ត៌មាន។ នេះ​បើយោងតាម​ក្រុមឃ្លាំ​មើល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​ត្រូវបាន​គេស្គាល់​ថា RSF ដែល​បាន​ថ្លែង ខណៈ​ពេល​អង្គការ​នេះ​ចេញផ្សាយ​របាយការណ៍​ស្តីពី​សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​ពិភពលោក​ប្រចាំឆ្នាំ​របស់​ខ្លួន។

ចំណាត់ថ្នាក់នេះ​មើល​ទៅលើ​កត្តា​នយោបាយ​ ច្បាប់ និងសេដ្ឋកិច្ច​ដែល​ប៉ះពាល់​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ក៏ដូចជា​ស្ថានភាព​សន្តិសុខ​សម្រាប់​អ្នកសារព័ត៌មាន​នៅ​ប្រទេស​និង​ដែនដី​ចំនួន ១៨០។ ប្រទេស​និងដែនដី​នីមួយៗ​ត្រូវបាន​ផ្តល់​ចំណាត់ថ្នាក់​មួយ​ ដែល​លេខ​ ១ ​មានន័យថា​មាន​បរិយាកាស​សេរីភាពសារព័ត៌មាន​ល្អបំផុត។

វិស័យ​នយោបាយ​ជា​ផ្នែក​ដែល​គេ​ឃើញ​មានប៉ះពាល់​ដល់​សេរីភាព​សារព័ត៌មាន​ខ្លាំងបំផុត​នៅ​ទូទាំង​តំបន់​នានា។ នេះបើតាម​ការថ្លែង​របស់​អង្គការ RSF។

លោក Clayton Weimers ប្រធាន​ការិយាល័យ​អង្គការ RSF ប្រចាំ​នៅ​សហរដ្ឋ​អាមេរិក​បាន​ថ្លែងប្រាប់ VOA ថា៖ «អ្នកនយោបាយ​កាន់​តែ​ហ៊ាន​បង្អាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ ប្រមាថ​សារព័ត៌មាន​ វាយប្រហារ​សមាជិក​អ្នកសារព័ត៌មាន​និង​អ្នកកាសែត ដើម្បី​រដ្ឋាភិបាល​ប្រើ​ប្រាស់​ជា​អាវុធ​ដើម្បី​ប្រឆាំង​នឹង​ប្រព័ន្ធផ្សព្វផ្សាយ​ព័ត៌មាន​ណាមួយ​ដែល​រិះគន់​ពួកគេ»។​

និន្នាការ​នេះ​កាន់តែ​បង្កើន​ការព្រួយបារម្ភ​នៅ​ក្នុង​ឆ្នាំមួយ​ដែល​ប្រទេស​ជា​ច្រើនធ្វើការបោះ​ឆ្នោត​ថ្នាក់ជាតិ​នៅ​ក្នុង​ឆ្នាំ ២០២៤ ​នេះ។ ការបោះឆ្នោត​ជាញឹកញាប់មានភ្ជាប់​ជាមួយ​អំពើ​ហិង្សា​ប្រឆាំង​អ្នកសារព័ត៌មាន​និង​វាយប្រហារ​លើ​សេរីភាពសារព័ត៌មាន។ នេះបើយោងតាម​អង្គការ RSF។

លោក Weimers ថ្លែងថា ប្រទេស​អាហ្សង់ទីន​ជាប្រទេសដែល​សេរីភាព​ប្រព័ន្ធផ្សព្វផ្សាយ​ធា្លក់ចុះ​ខ្លាំងជាង​គេ​បើធៀប​នឹង​ឆ្នាំមុន គឺ​ពី​លេខ​រៀង​ទី ​៤០ មក​ទី​ ៦៦។ ការធ្លាក់ចុះ​នេះ​ភាគច្រើន​គឺ​ដោយសារ​តែ​ការបោះឆ្នោត​ជ្រើសរើសលោក​ប្រធានាធិបតី Javier Milei «ដែល​វាយប្រហារ​ដោយ​បើកចំហ​លើ​ប្រព័ន្ធផ្សពផ្សាយ។ លោក​បាន​កាត់​ថវិកា​ចំណាយ​លើ​ប្រព័ន្ធផ្សព្វផ្សាយ​សាធារណៈ​នៅ​ប្រទេស​អាហ្សង់ទីន ​ហើយ​កំពុង​នាំមុខ​ការ​ចោទប្រកាន់​លើបទ​វាយប្រហារ​អ្នកសារព័ត៌មាន»។

ចំណាត់ការ​របស់​ឡោក Milei ប្រឆាំងនឹង​ប្រព័ន្ធផ្សព្វផ្សាយបង្ហាញ​អំពីស្ថានការណ៍​ទូទៅ​មួយ​អំពី​ភាពកាន់តែ​ធ្ងន់ធ្ងរ ខណៈដែល​ប្រទេស​និង​កងកម្លាំង​នយោបាយ​ដទៃទៀត​កំពុង​ដើរ​តួនាទី​បន្ថយ​ការការពារ​លើ​សេរីភាព​សារព័ត៌មាន។ នេះបើយោងតាម​អង្គការ RSF។​

ស្ថានទូត​អាហ្សង់ទីន​ប្រចាំ​រដ្ឋធានី​វ៉ាស៊ីនតោន​មិនបាន​ឆ្លើយតប​ភ្លាមៗ​ទៅកាន់​សារ​អ៊ីមែល​របស់​ VOA ដែល​ស្នើសុំ​ការអត្ថាធិប្បាយ។

ប្រទេស​ន័រវែស​នៅតែ​រក្សា​តំណែង​ជា​ប្រទេស​កំពូល​លើពិភពលោក​សម្រាប់​សេរីភាព​សារព័ត៌មាន​ល្អជាងគេ។ ប្រទេស​ដទៃទៀត​ដែល​ស្ថិតក្នុងចំណោម​ប្រទេស​កំពូល​ទាំង ៥ រួមមាន​ប្រទេស​ដាណឺម៉ាក ស៊ុយអែត ហូឡង់​ និង​ហ្វាំងឡង់។​

នៅ​បាត​តារាង​រួមមាន​ប្រទេស​អ៊ីរ៉ង់ កូរ៉េខាងជើង អាហ្វហ្កានីស្ថាន ស៊ីរី​និង​អេរីត្រេ។

សហរដ្ឋ​អាមេរិក​ធ្លាក់​ចំណាត់ថ្នាក់ ១០ ​លេខ​ ដល់​លេខ ៥៥ ដោយសារ​តែ​ការ​ចាប់ខ្លួន​អ្នកកាសែត​និង​ដោយសារ​តែ​ការ​បង្ក្រាប​របស់​ប៉ូលិស​កាលពី​ឆ្នាំមុន​ទៅលើ​កាសែត​មួយ​នៅរដ្ឋ Kansas។

អ្នកស្រី Emily Wilkins ប្រធាន​ក្លឹប​អ្នកសារព័ត៌មាន​ជាតិ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ថ្លែងថា​ វាជារឿង​គួរឱ្យ​បារម្ភ​ដែល​ឃើញ​សេរីភាព​សារព័ត៌មាន​ស្ថិត​ក្រោម​ការគំរាម​កំហែង​នៅ​ក្នុងសហរដ្ឋ​អាមេរិក។ អ្នកស្រី​លើក​ពី​ហេតុផល​មួយ​ដែល​គួរ​ឱ្យ​បារម្ភ​គឺ​វោហាសាស្ត្រ​របស់​អ្នកនយោបាយ។

អ្នកស្រី Wilkins បានប្រាប់ VOA ថា៖ «អ្នកនយោបាយ​នានា​បាន​ធ្វើខ្លួន​ប្រឆាំង​នឹង​សារព័ត៌មាន ដោយ​ហៅអ្នកសារព័ត៌មាន​ថា​ជាសត្រូវ​ប្រជាជន។ គ្រប់ពេល​ដែល​ពួកគេ​ប្រមាថ​អ្នកសារព័ត៌មាន​និង​ប្រព័ន្ធផ្សព្វផ្សាយ​ទាំងមូល ដែលនេះជា​អំពើ​ប្រឆាំង​នឹង​លទ្ធិ​ប្រជាធិបតេយ្យ​ ហើយវាជា​អ្វី​ដែល​ធ្វើ​ឱ្យ​ប្រទេស​យើង​កាន់តែ​អន់ខ្សោយ»។

ការឡើង​ចំណាត់ថ្នាក់​ ២ លេខ​របស់​រុស្ស៊ី​ដល់​លេខ​ ១៦២ ​គឺជា​ការ​ងាយ​ច្រឡំ​ពី​ការពិត។ អង្គការ​ RSF ថ្លែងថា ពិន្ទុ​សេរីភាព​សារព័ត៌មាន​សាកល​របស់​ខ្លួន​តាម​ពិតអាក្រក់​ជាងមុន ប៉ុន្តែ​ប្រទេស​ដទៃ​ទៀត​កាន់​តែ​អាក្រក់​ជាងនេះ។

លោក Weimers បាន​ថ្លែង​អំពី​រុស្ស៊ីថា៖ «និយាយ​ឱ្យ​ស្មោះត្រង់ទៅ ឆ្នាំ ២០២៣ មិនមាន​ការផ្លាស់ប្តូរ​ច្រើនទេ ដោយសារ​តែ​ស្ថានការណ៍​អាក្រក់ពេក​កាលពីឆ្នាំ ២០២២ ដែល​វា​មិនអាច​អាក្រក់លើស​ហ្នឹង​ទៀត​នោះទេ»។

កត្តានានា​ដែល​នាំ​ឱ្យ​មាន​ការធ្លាក់ចុះ​នោះ​គឺ​ការ​ចាប់ខ្លួន​អ្នកកាសែត​ដោយ​រុស្ស៊ី រួមទាំង​អ្នកកាសែត​អាមេរិកាំង ២ នាក់​ផងដែរ។

លោក Evan Gershkovich សារព័ត៌មាន​ The Wall Street Journal ត្រូវបាន​ចាប់​ដាក់​ពន្ធនាគារ​តាំងពីខែ​មីនា ឆ្នាំ ២០២៣ ពីបទ​ចារកម្មដែល​លោក និយោជក​របស់​លោក​ និង​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​បដិសេធ។ ក្រសួងការបរទេស​អាមេរិក​ក៏បាន​ប្រកាស​ថា​ អ្នកកាសែត​វ័យ ៣២ ឆ្នាំរូប​នេះ ​ត្រូវបាន​ចាប់​ខ្លួន​ដោយខុស។

អ្នកស្រី Alsu Kurmasheva និពន្ធនាយក​នៃ​វិទ្យុ​អាស៊ី​អឺរ៉ុប/វិទ្យុ​សេរីភាព ហៅ​កាត់​ថា RFE/RL ត្រូវបាន​ចាប់​ដាក់​ពន្ធនាគារ​តាំងពី​ខែតុលា​ ឆ្នាំ ២០២៣ ពីបទ​ខកខាន​មិនបាន​ចុះឈ្មោះជា​ «ភ្នាក់ងារ​បរទេស» និង​ផ្សព្វផ្សាយ​ព័ត៌មាន​ដែល​រដ្ឋាភិបាល​រុស្ស៊ី​មើលឃើញថា​ជា​ព័ត៌មាន​ដែល​ខុស​អំពី​យោធា​រុស្ស៊ី។ អ្នកស្រី​និង​និយោជក​បានច្រាន​ចោល​បទ​ចោទ​ប្រកាន់​ទាំងនោះ។​

ក្រុម​សេរីភាព​សារព័ត៌មាន​បាន​រិះគន់​ក្រសួងការបរទេស​អាមេរិក​ដែល​មិនបាន​ប្រកាស​ថា​អ្នកស្រី Kurmasheva ត្រូវបាន​ចាប់ខ្លួន​ដោយខុស។ ការប្រកាស​បែបនេះ​អាច​នឹង​បើក​ឱ្យ​មាន​ធនធាន​បន្ថែម​ដើម្បី​ជួយ​ដល់​ការដោះលែងអ្នកស្រី។

អ្នកស្រី Wilkins បាន​ថ្លែង​ថា៖ «វាសំខាន់ណាស់​ដែល​ក្រសួង​ការបរទេស​ត្រូវ​ចេញ​មុខ​ប្រកាស​ពីការ​ចាប់ខ្លួន​អ្នកស្រី Kurmasheva ដោយខុស។ ខ្ញុំគិតថា​ ពួកយើង​ជាច្រើន​ក្នុង​សហគមន៍​អ្នក​សារព័ត៌មាន​បារម្ភ​ខ្លាំងណាស់​ដែល​ក្រសួង​នេះ​មិនទាន់​ប្រកាស»។

មន្ត្រីក្រសួងការបរទេស​កំពុង​នៅ​សម្រេចចិត្តនៅឡើយ​ថា តើ​ត្រូវ​ប្រកាស​ថា​អ្នកស្រី Kurmasheva ត្រូវបាន​ចាប់ខ្លួនដោយខុស។ នេះបើតាម​លោក Roger Carsten ប្រធាន​ប្រេសិត​ពិសេស​របស់​អាមេរិកទទួល​បន្ទុកកិច្ចការ​ចំណាប់​ខ្មាំង​ដែល​បាន​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​កាលពីខែមេសា។

អ្នកនាំពាក្យ​ក្រសួងការបរទេស​ធ្លាប់ប្រាប់ VOA ថា៖ «ក្រសួង​ការបរទស​បន្ត​ពិនិត្យ​ទៅលើ​ស្ថានការណ៍​ជុំវិញ​ការចាប់ខ្លួន​ជនជាតិ​អាមេរិកាំង​នៅ​ក្រៅប្រទេស រួមទាំង​អ្នកដែល​ត្រូវបាន​ចាប់ខ្លួន​នៅ​រុស្ស៊ី ដែល​បានចោទ​ថា​ការ​ចាប់​ខ្លួន​នោះ​បាន​ប្រព្រឹត្ត​ខុស»។

ចិនដែល​ជា​ប្រទេស​ចាប់​អ្នកកាសែត​ដាក់​ពន្ធនាគារ​អាក្រក់​បំផុត​នៅ​លើ​ពិភពលោក នៅតែ​បន្ត​ស្ថិត​នៅ​បាត​តារាង​ក្នុង​ចំណាត់​លេខរៀង​ទី ១៧២។

លោក Weimers បានថ្លែងថា៖ «យើងបារម្ភយ៉ាង​ខ្លាំង​ដែលចិន​ចាត់ទុក​ខ្លួនឯង​ជា​គំរូ​ខាង​ប្រឆាំង​តម្លៃ​លទ្ធិប្រជាធិបតេយ្យ​ដែល​បង្ក្រាបសេរីភាព​សារព័ត៌មាន​និង​សេរីភាព​ក្នុងការបញ្ចេញ​មតិ»។

ប៉ុន្តែ​មិនមែន​មាន​តែ​ព័ត៌មាន​អាក្រក់​ប៉ុណ្ណោះទេ។

ឧទាហរណ៍ ស្ថានភាព​ប្រសើរ​ជាងមុន​នៅ​អ៊ុយក្រែន ដែល​ប្រទេស នេះ​ឡើង​ចំណាត់ថ្នាក់​ ១៨ លេខ​ដល់​ចំណាត់ថ្នាក់ទី ៦១ ហើយ​នៅ​អាមេរិក​ខាងត្បូង ប្រទេស​ឈីលី​កើន ៣១ លេខ​ដល់​លេខ ៥២៕

ប្រែសម្រួល​ដោយ​អ្នក​នាង ស្រេង លក្ខិណា

XS
SM
MD
LG