ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សត្វ​ប្រភេទ Marsupial ដែល​ជិត​ផុត​ពូជ​បានត្រូវ​ដោះលែង​នៅ​ក្នុង​តំបន់​មួយ​គ្មាន​សត្វ​ស៊ី​​សត្វ​ឯ​ទៀត​ជា​អាហារ​នៅ​អូស្ត្រាលី


រូបឯកសារ៖ សត្វ​ bilby ដែល​ជា​សត្វ​ជិតផុតពូជ​បំផុត​របស់​អូស្ត្រាលី ត្រូវ​បាន​គេ​ឃើញ​វា កំពុង​រក​ចំណី​នៅក្នុង​ទីក្រុង​ស៊ីដនី នៃ​ប្រទេស​អូស្រ្តាលី កាលពី​ថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០០៩។
រូបឯកសារ៖ សត្វ​ bilby ដែល​ជា​សត្វ​ជិតផុតពូជ​បំផុត​របស់​អូស្ត្រាលី ត្រូវ​បាន​គេ​ឃើញ​វា កំពុង​រក​ចំណី​នៅក្នុង​ទីក្រុង​ស៊ីដនី នៃ​ប្រទេស​អូស្រ្តាលី កាលពី​ថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០០៩។

ជាងមួយ​សតវត្សរ៍ក្រោយ​ពីបានត្រូវប្រកាសថា ផុតពូជនៅ​ក្នុងរដ្ឋ New South Wales នៃប្រទេស​អូស្ត្រាលី សត្វ​ bilby ដែល​ជាសត្វ​ប្រភេទ​ marsupial មានត្រចៀក​ដូចទន្សាយនិងដែល​អាច​ងាយ​រង​គ្រោះ​ បាន​ត្រូវលែង​នៅ​ក្នុង​តំបន់​ធំ​មួយ​គ្មាន​សត្វស៊ីសត្វ​ឯ​ទៀត​ជា​អាហារ​នៅ​ក្នុងទី​រហោដ្ឋាន​មួយចម្ងាយ​១ពាន់ ២រយ ​គីឡូម៉ែត្រ​ពីទី​ក្រុងស៊ីដនី។​ ការ​លែង​សត្វ​ទាំង​នេះ​ ជា​ផ្នែក​មួយ​នៃកម្មវិធីបន្ត​ពូជថ្មី​មួយនៅ​ឯសួនសត្វ​ Taronga Western Plains Zoo ក្នុង​រដ្ឋ​ New South Wales។

ការ​ដោះលែងសត្វ bilby ១០​ក្បាល ជា​ការប៉ុនប៉ង​យ៉ាង​ក្លាហាន​មួយដើម្បី​ធ្វើឲ្យ​ប្រទេសអូស្ត្រាលី ​វិលត្រឡប់​ទៅ​គ្រាមុន​ដែលសត្វដើម​នៅ​ក្នុង​ប្រទេស​នេះ មិនត្រូវ​យាយី​ដោយ​ឆ្មា​ព្រៃ​ និងកញ្ជ្រោង។ ចាប់​តាំ​ងពីជនជាតិ​អឺរ៉ុបទៅ​តាំង​លំនៅដ្ឋាន​ក្នុង​ប្រទេស​អូស្ត្រាលី​ ចំនួន​សត្វ bilby បាន​ចុះថយ​អស់​៨០%។​ ទន្សាយ បានប្រជែង​ជា​មួយ​សត្វ​ប្រភេទ marsupial ដើម្បី​រក​អាហារ​និងជម្រក។​ សត្វ​ទាំង​នេះក៏​ប្រឈម​នឹងការគំរាម​កំហែងឯ​ទៀតៗ ​ដោយសារ​ការ​រាន​ដី ​និង​ភ្លើង​ឆេះ​ព្រៃ​ផង​ដែរ។

រូបឯកសារ៖ ភ្លើងឆេះព្រៃ នៅ​ក្រុងAdaminabyក្នុង​រដ្ឋNew South Wales នៃ​ប្រទេស​អូស្ត្រាលី កាលពី​ថ្ងៃទី៩ ខែមករា ឆ្នាំ២០២០។
រូបឯកសារ៖ ភ្លើងឆេះព្រៃ នៅ​ក្រុងAdaminabyក្នុង​រដ្ឋNew South Wales នៃ​ប្រទេស​អូស្ត្រាលី កាលពី​ថ្ងៃទី៩ ខែមករា ឆ្នាំ២០២០។

សត្វ bilby នៅ​រស់​តែ​ក្នុង​ព្រៃក្នុង​ផ្នែក​ខ្លះក្នុង​តំបន់កណ្តាល​ និង​តំបន់ខាងលិច​នៃ​ប្រទេស​អូស្ត្រាលី​ប៉ុណ្ណោះ។

ក្រុមតូចមួយនៃ​សត្វ​នេះដែល​ត្រូវ​បង្កាត់នៅ​ពេលចិញ្ចឹម កំពុង​ត្រូវ​តាមឃ្លាំ​មើលនៅ​ក្នុង​កន្លែងធំ​មួយគ្មាន​សត្វ​ស៊ី​សត្វ​ឯ​ទៀត​ជា​អាហារក្នុង​ឱទ្យាន​ជាតិ​ Sturt ក្នុង​ប៉ែកពាយ័ព្យ​នៃ​រដ្ឋ​ New South Wales។

គម្រោងការ​វាល​រហោដ្ឋានដែល​ខិត​ខំប្រឹង​ប្រែងបង្កើន​ចំនួន​សត្វ bilby ជា​ថ្មី​ ជា​កិច្ច​សហប្រតិបត្តិការ​រវាង​សាកលវិទ្យាល័យ New South Wales សមាគមអភិរក្ស Taronga នៃប្រទេស​អូស្ត្រាលី​ និង​រដ្ឋាភិបាល​រដ្ឋ New South Wales។​ គម្រោងការ​នេះ​ មាន​គោលដៅ​នាំ​យក​មក​វិញ​នូវ​សត្វ​ចិញ្ចឹម​កូន​ដោយ​ទឹក​ដោះ​៧​ក្បាលដោយមានរួម​បញ្ចូលសត្វ​ប្រភេទ marsupial គឺ​ burrowing bettong និង​ golden bandicoot ដែល​បានត្រូវ​ប្រកាស​ថា ​ផុត​ពូជ​ក្នុង​រដ្ឋ New South Wales។ ក្រុម​អ្នក​អភិរក្ស​សត្វ​កម្រ បាន​ប្រើកន្លែង​ធំធេងមានរបង​ព័ទ្ធ​ជុំវិញនៅ​ក្នុងឱទ្យាន​ជាតិ​ Sturt ដើម្បី​រក្សា​ទុក​សត្វ​កម្រ​ទាំង​នេះ។ អ្នកស្រី Bec West ដែល​ជា​អ្នក​អេកូឡូស៊ីធ្វើការជា​មួយ​គម្រោងការ​នេះ​សង្ឃឹម​ថា សត្វ​ត្រូវ​អភិរក្ស​ទាំង​នេះ ​អាចរៀនឱ្យ​ចៀសវាង​សត្វ​ចង្រៃ។ អ្នកស្រី Bec West និយាយ​ថា៖

«យើងមាន​តំបន់មួយ​មាន​ទំហំ១ម៉ឺន​ហិកតា​នៅ​ជិត​កន្លែងគ្មានសត្វ​ស៊ី​សត្វឯ​ទៀតជា​អាហារ​ និង​គ្មានទន្សាយ​។​ កន្លែង​នេះ អាច​ឱ្យ​យើង​រៀប​ចំ​ដង់ស៊ីតេពួក​សត្វ​ស៊ី​សត្វ​ឯ​ទៀត​ជាអាហារ​ ដែលជា​កន្លែងយើង​អាច​លែងសត្វ bilby ហើយ​អនុញ្ញាតឱ្យ​សត្វ​ទាំង​នេះ ដឹង​អំពី​ពួក​សត្វ​ស៊ី​សត្វ​ឯ​ទៀត​ជា​អាហារ។​ ប្រសិន​បើ​សត្វ bilby ជូប​ឆ្មា​ព្រៃមាន​គ្នីគ្នា​តិច ពួកវា ​នឹង​ដឹង​ជាង​មុន​អំពីសត្វ​ស៊ី​សត្វ​ឯ​ទៀត​ជា​អាហារ​។ ម្យ៉ាងវិញ​ទៀត​សត្វ bilby នឹងចេះ​គេចខ្លួន​ពី​សត្វ​ឆ្មាព្រៃ ហើយ​នៅ​រស់​នៅ​ពេល​ត្រូវ​លែងក្នុង​តំបន់​ឯ​ទៀតៗ​ដែល​មាន​ពួក​ឆ្មាព្រៃ»។

គេ​ស្ទង់​ប្រមាណ​ថា ឆ្មា​ព្រៃបានសម្លាប់សត្វមានប្រភព​ដើម​ក្នុង​ប្រទេស​អូស្ត្រាលី​១ពាន់​ ៤រយ​ លានក្បាលជា​រៀង​រាល់​ឆ្នាំ​ក្នុង​ប្រទេស​អូស្ត្រាលី ដែល​ជា​អត្រាបាត់​បង់សត្វ​ចិញ្ចឹម​កូន​ដោយ​ទឹក​ដោះ​ខ្ពស់​បំផុត​ក្នុងពិភពលោក។

មាន​សេចក្តី​សង្ឃឹម​ថា ​ហេតុការណ៍​នេះ ​នឹង​ប្រែ​ក្រឡះជា​មួយ​ជំនួយពី​គម្រោងការ​នានាដែល​បាន​លែងសត្វ bilby មួយក្រុមដែល​មាន​កន្ទុយ​វែង​ព៌ណ​ខ្មៅ​និង​ស ​និង​មានត្រចៀក​ធំ​ដូចត្រចៀក​ទន្សាយ​ទៅ​ក្នុង​ទី​រហោដ្ឋាន។

Bilby ជា​សត្វប្រភេទ marsupial ចេញរកស៊ី​នៅ​ពេល​យប់ ​ហើយ​ជីក​រូង​នៅ​ក្រោម​ដីធ្វើ​ជា​ទី​ជម្រកពី​សីតុណ្ហភាព​ខ្ពស់​នៅ​រដូវ​ក្តៅ​ និង​ដើម្បី​ការពារខ្លួន​ពី​ពួក​សត្វ​ស៊ី​សត្វ​ឯ​ទៀត​ជា​អាហារ។

គេ​ស្ទង់​ប្រមាណ​ថា ​នៅ​សល់​សត្វ bilby ប្រមាណ៩ពាន់ក្បាល​ក្នុង​ព្រៃ​ក្នុងប្រទេស​អូស្ត្រាលី៕

ប្រែសម្រួលដោយលោក ឈឹម សុមេធ

XS
SM
MD
LG