ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍VOA៖ កវីជនជាតិអូស្ត្រាលីលោក Scott Bywater សរសេរកំណាព្យពណ៌នាពីកម្ពុជា


លោក Scott Bywater កវីកំណាព្យ​ និង​តន្រ្តីករ​​នៅ​តាម​បា​បារាំង​​នានា​ក្នុង​រាជ​ធានី​ភ្នំពេញ។
លោក Scott Bywater កវីកំណាព្យ​ និង​តន្រ្តីករ​​នៅ​តាម​បា​បារាំង​​នានា​ក្នុង​រាជ​ធានី​ភ្នំពេញ។

កំណត់​និពន្ធ៖លោក​ ​Scott Bywater​ ​ជា​ជនជាតិ​អូស្ត្រាលី​ម្នាក់​មាន​ដើម​កំណើត​នៅ​ក្រុង​ Hobart រដ្ឋ​ Tasmania។ លោក​បាន​មក​ដល់​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​ ២០០៨ ហើយ​បាន​ធ្វើ​ការងា​នៅ​អង្គជំនុំ​ជម្រះ​វិសាមញ្ញ​កម្ពុជា​អស់​រយៈពេល​បី​ឆ្នាំ។ បច្ចុប្បន្នលោក​ជា​កវី​និពន្ធ និង​អ្នកចម្រៀងនៅ​តាម​បា​របារាំងនានា​ក្នុង​រាជ​ធានី​ភ្នំពេញ។​ ​ការ​ចំណាយ​ពេល​ជា​ច្រើន​ឆ្នាំ​នៅ​កម្ពុជា​ជា​កត្តា​មួយ​ដែល​ជំរុញ​ចិត្ត​លោក​ឲ្យ​សរសេរកំណាព្យ​ជា​ច្រើន​ពណ៌នា​ពី​ទិដ្ឋភាពប្រចាំ​ថ្ងៃ​ផ្សេងៗ​ ក្នុង​រាជធានី​ភ្នំពេញ។

ទាញ​យក​ពី​តំណភ្ជាប់​ដើម

VOA៖ សួស្តី! លោក Bywater។ សូមអរគុណ​ចំពោះការ​និយាយ​ជាមួយ​ VOA។

Scott៖ សួស្តី​បាទ! មិនអី​ទេ។ ខ្ញុំ​មាន​អារម្មណ៍​សប្បាយ​រីករាយណាស់​ក្នុង​ការ​មក​ទី​នេះ។

VOA៖ អញ្ចឹង​ខ្ញុំ​សូម​ចាប់​ផ្តើម​ជាមួយ​នឹង​សៀវភៅ​កំណាព្យ​ក្រោម​ចំណងជើង​ថា «Upon Walking»។ តើ​លោក​អាច​ប្រាប់​យើង​បាន​ទេ​ថាតើ​សៀវភៅ​នេះ​ជា​សៀវភៅ​កំណាព្យ​ភាគ​ទី​ប៉ុន្មាន​ហើយ ​ហើយ​លោក​បាន​ចំណាយ​ពេល​ប៉ុន្មាន​ដែរ​ក្នុង​ការ​សរសេរ​វា?​

Scott៖ សៀវភៅ​កំណាព្យ​នេះ​ជា​សៀវភៅ​កំណាព្យ​ភាគ​ទី​៦​នៃ​កម្រង​សៀវភៅ​កំណាព្យ​ជា​បន្តបន្ទាប់​របស់​ខ្ញុំ។ កំណាព្យ​នៅ​ក្នុង​សៀវភៅ​នេះ​គឺ​ ត្រូវ​បាន​សរសេរ​ជា​លំដាប់លំដោយ។ ដូច្នេះ​ រាល់​ពេល​ដែលខ្ញុំ​សរសេរ​រួច ខ្ញុំ​បង្ហោះ​កំណាព្យ​ចូល​ទៅ​ក្នុង​ប្លុក​របស់​ខ្ញុំ។ ហើយ​បន្ទាប់​ពី​អស់​រយៈពេល​មួយ​រយៈ​មក ខ្ញុំ​សម្រេច​ចិត្ត​ថា ​វា​ជា​ពេលវេលា​សាកសម​នៅ​ក្នុង​ការ​បោះពុម្ពកំណាព្យ​ទាំងនោះ​ចេញ​ហើយ​ចងក្រង​ជា​សៀវភៅ​ឡើង។ ដូច្នេះ​សៀវភៅ «Upon Walking» ត្រូវ​បាន​ចាប់​ផ្តើមកាល​ពី​ខែ​មេសា​ឆ្នាំ​ទៅ ហើយ​សៀវភៅ​នេះ​មាន​កំណាព្យ​ដែល​ខ្ញុំ​បាន​សរសេរ​ចាប់​ពី​ខែ​មេសា​រហូត​ដល់​ខែ​ធ្នូ។​

VOA៖​ ​តើ​សារ​សំខាន់​នៅ​ក្នុង​សៀវភៅ​កំណាព្យ​នេះ​គឺ​អ្វី​ទៅ?

Scott៖ ខ្ញុំ​គិត​ថា​កំណាព្យ​របស់​ខ្ញុំ​គឺ​ ព្យាយាម​ជំរុញ​ឲ្យ​មនុស្ស​ទូទៅ​គិត​អំពី​ជីវិត​របស់​ពួកគេ​នៅ​ក្នុង​របៀប​ផ្សេងៗ​គ្នា។ អ្នក​មិន​ចាំបាច់​ត្រូវ​តែ​គិត​ពី​អ្វី​ដែល​មាន​តែ​នៅ​ចំពោះ​មុខ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អ្នក​អាច​គិត​ពី​អ្វី​ដែល​ខុស​ប្លែក​ពី​នេះ​បន្តិច​ទៀត​។ ខ្ញុំ​គិត​ថា​កំណាព្យ​របស់​ខ្ញុំ​គឺ ​សរសេរ​អំពី​ជន​បរទេស​ដែល​មក​រស់​នៅ​ក្នុង​ក្រុង​ភ្នំពេញ។ ពេល​ខ្លះ​ កំណាព្យ​ទាំង​នោះ​ធ្វើ​ឲ្យ​ពួកគេ​គិត​ពី​អ្វីដែល​ពួកគេ​កំពុង​ធ្វើ​នៅទី​ក្រុង​នេះ​ និង​ហេតុផល​នៅ​ពី​ក្រោយ​វា។ កំណាព្យ​របស់​ខ្ញុំ​ធ្វើ​ឲ្យ​ពួកគេ​គិត​ត្រិះរិះ​ពី​រឿងរ៉ាវ​កើត​មាន​ឡើង​កាល​ពី​អតីតកាល​ផង​ដែរ ស្រប​ពេល​ដែល​យើង​ទាំង​អស់​គ្នា​កំពុង​តែ​រស់​នៅ​ក្នុង​បច្ចុប្បន្ន​កាល។ តែ​យើង​ក៏​ត្រូវ​តែ​មាន​ភាព​សប្បាយ​រីករាយ​ជាមួយ​អ្វីៗ​តូចតាច​នៅ​ក្នុង​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​ដូច​ជា កាហ្វេ​មួយ​ពែង​តូច ឬ​ផ្កា​ដ៏​ស្រស់​ស្អាត​មួយ​ទង​ផងដែរ។​

VOA៖ ​តើ​លោក​ទទួល​បាន​ការ​ជំរុញ​អារម្មណ៍​ឬ​គំនិត​នៅ​ក្នុង​ការ​សរសេរ​សៀវភៅ​កំណាព្យ​ពី​ណា​ដែរ?​

Scott៖ ខ្ញុំ​ទទួល​បាន​ការ​ជំរុញ​នោះ​ពី​អ្វីៗ​ទាំង​អស់​ជុំវិញ​ខ្ញុំ។​ ​ខ្ញុំ​វិល​ត្រឡប់​មក​សរសេរ​កំណាព្យ​វិញ​ប្រហែល​៨ឆ្នាំ​មុន។ ហើយ​ខ្ញុំ​ទទួល​បាន​ការ​ជំរុញ​ចិត្ត​ពី​អ្វីៗ​ទាំងអស់ ក៏​ដូច​ជា​អ្នក​នៅ​ជុំវិញខ្លួនខ្ញុំ។ វា​ជា​ការ​លំបាក​មួយ​នៅ​ក្នុង​ការ​កំណត់​ឲ្យ​បាន​នូវ​ ​ការ​ជំរុញ​ចិត្ត​ជាក់​លាក់​ណាមួយ។តែ​ពិតណាស់​ ខ្ញុំ​គិត​ថា ទីក្រុង​ភ្នំពេញ​ក៏​ជា​កត្តា​ជំរុញ​ចិត្ត​ដ៏​អស្ចារ្យ​មួយ​ផង​ដែរ។​

VOA៖ ប្រសិន​បើ​អ្នក​អាន​ត្រូវ​ទទួល​បាន​មេរៀន​ជីវិត​មួយ​អំពី​សៀវភៅ​នោះ​ តើ​វា​ជា​អ្វី​ដែរ​ទៅ?​

Scott៖ ​មេរៀន​នោះ​គឺ​ថា​ ​ជីវិត​គឺ​ពោរពេញ​ទៅ​ដោយ​រឿង​ល្អ និង​រឿង​សោកសៅ។ គ្មាន​អ្វី​ត្រូវ​តែ​ឋិតថេរ​នៅ​ក្នុង​សភាព​ដែល​យើង​ឃើញ​វា​នោះ​ទេ។​ អ្វីៗ​ទាំងអស់​អាច​ត្រូវ​មើល​ឃើញ​តាម​របៀប​ផ្សេងៗ​គ្នា។ កំណាព្យ​មួយ​ចំនួន​របស់​ខ្ញុំ​គឺ​និយាយ​ពី​ស្រ្តី​ម្នាក់​ ដែល​ជា​មិត្ត​របស់​ខ្ញុំ ​ហើយ​គាត់​បាន​ស្លាប់​នៅ​ក្នុង​ខែ​មីនាឆ្នាំ​ទៅ។ គាត់​ជា​ អ្នក​ចម្រៀង​ដ៏​អស្ចារ្យ​គឺ​អ្នកស្រី​ កាក់ ចន្ធី។ ដូច្នេះ​ផ្នែក​ចុងក្រោយ​នៃ​សៀវភៅ​នេះ​គឺ​មាន​កំណាព្យ​មួយ​ចំនួន​អំពី​ការ​ស្លាប់​ដ៏​ឆាប់រហ័ស​គួរមិននឹក​ស្មានដល់​របស់​អ្នកស្រី។ គាត់​ជា​មិត្ត​ដ៏​ល្អ​របស់​ខ្ញុំ​។ ហើយ​ការណ៍​មិនមាន​គាត់​ត​ទៅ​ទៀត​ ជា​ចន្លោះ​ប្រហោង​មួយ។ ដូច្នេះ​ វា​ជា​រឿង​គួរ​ឲ្យ​សោកសៅ​ ប៉ុន្តែ​ក៏​មាន​រឿង​សប្បាយរីករាយ​ផង​ដែរ​នៅ​ពេល​ដែល​គាត់​នៅ​រស់ ហើយ​គាត់​បាន​ធ្វើ​អ្វី​ដែល​គាត់ចង់​ធ្វើ។

VOA៖ និយាយ​អញ្ចឹង លោក​ក៏​បាន​ចុះ​ផ្សាយ​សៀវភៅ​ដោយ​ឡែកមួយ​ពី​កម្រង​សៀវភៅ​កំណាព្យ​របស់​លោក​ក្រោម​ឈ្មោះជា​ភាសា​អង់គ្លេស​ថា «Some of the many rains of Cambodia» ​ដែល​ប្រែ​ជា​ភាសាខ្មែរ​ថា «ភ្លៀង​ធ្លាក់​មួយចំនួន​នៅ​កម្ពុជា»។ តើ​លោក​អាច​ជម្រាប​បាន​ទេ​ថា សៀវភៅ​នោះ​និយាយ​ពី​អ្វីដែរ ហើយ​ហេតុអ្វី​បាន​ជា​វា​ខុស​ពី​កម្រង​សៀវភៅ​កំណាព្យ​ដទៃ​ទៀត?​

Scott៖ សៀវភៅ​ «ភ្លៀងធ្លាក់​មួយ​ចំនួន​នៅ​កម្ពុជា» ​គឺ​ ជា​សៀវភៅ​កំណាព្យ​បែប​រៀបរាប់​មួយ​ខុស​ពី​កំណាព្យ​ដទៃ​ទៀត។ ជា​ទូទៅ​ខ្ញុំ​ចេះ​តែ​ធ្វើអ្វី​ជា​បន្ត​បន្ទាប់​តាម​ពេលវេលា​ និង​ប្រធានបទ​ផ្សេងៗ​ពី​គ្នា​។ ប៉ុន្តែ​ពេល​នេះ​ ខ្ញុំ​សម្រេច​ថា ខ្ញុំ​នឹង​ផ្តោត​ទៅ​លើ​ប្រធានបទ​តែ​មួយ​ប៉ុណ្ណោះ។ ហើយ​ដូច​ដែល​ចំណង​ជើង​បាន​បង្ហាញ​អញ្ចឹង វា​ជា​កំណាព្យផ្សេងៗ​ដែល​ខ្ញុំ​បាន​សរសេរ​អស់រយៈពេល​ជាង​ប្រាំបី​ឆ្នាំ​មក​នេះ​គឺ​អំពី​កម្ពុជា ឬ​ភ្លៀងធ្លាក់​នៅ​កម្ពុជា​ បើ​និយាយ​ឲ្យ​ចំ​ទៅ។ ភ្លៀង​ធ្លាក់​គឺ​មាន​គ្រប់​ពេល​នៅ​ក្នុង​កំណាព្យ​របស់​ខ្ញុំ។ មិន​ការ​រៀបរាប់​សំដៅ​ជា​ច្រើន​ទៅ​លើ​ទឹក​ ជា​ពិសេស​ទឹកភ្លៀង​តែ​ម្តង។ ​ខ្ញុំ​ធ្លាប់​មាន​អារម្មណ៍​មិនសូវ​ល្អ​ជាមួយ​នឹង​ភ្លៀង​ធ្លាក់​។ ប៉ុន្តែ​ឥឡូវ​នេះ​នៅ​ពេល​ដែល​ភ្លៀង​រាំង​ម្តងៗ ខ្ញុំ​តែង​តែ​នឹកស្រណោះ​ នៅ​ពេល​ដែល​វា​ត្រជាក់។ ហើយ​ខ្ញុំ​ក៏​ចូលចិត្ត​ដែរ​ នៅ​ពេល​ដែល​វា​ក្តៅ​ ហើយ​មាន​ភ្លៀងធ្លាក់​បន្ទាប់​មក។ វា​ផ្តល់​ជា​ការ​សម្រួល​អារម្មណ៍​មួយ​នៅ​ពេល​ដែល​ភ្លៀងធ្លាក់​មក​។ ដូច្នេះ​ ខ្ញុំ​គិត​ថា វា​ជា​ការ​ល្អ​មួយ​នៅ​ក្នុង​ការ​សរសេរ​ពី​ភ្លៀងធ្លាក់​។ ហើយ​អ្វី​ដែល​ជា​ ការ​ជំរុញ​ចិត្ត​ខ្ញុំ​ឲ្យ​សរសេរ​នោះ​ផង​ដែរ​គឺ ដើម្បី​រៃអង្គាស​ប្រាក់​ខ្លះៗ​ឲ្យ​គ្រួសារ​របស់​អ្នកស្រី​កាក់​ ចន្ធី។ ដូច្នេះ​ប្រាក់​ដែល​បាន​ពី​ការ​លក់​សៀវភៅ​នេះ​នឹង​ត្រូវ​ផ្តល់​ឲ្យ​ក្រុម​គ្រួសារ​របស់​អ្នកស្រី។

VOA៖ តើ​លោក​ធ្លាប់​បាន​ទទួល​ការ​ផ្តល់​មតិ​យោបល់​រិះគន់​អ្វីខ្លះ​ទេ​ចំពោះ​សៀវភៅ​របស់​លោក?​

Scott៖ មាន​មនុស្ស​ជា​ច្រើន​ចូលចិត្ត​អ្វី​ដែល​ខ្ញុំ​ធ្វើ។ ពាក់ព័ន្ធ​នឹង​ជាមួយ​កំណាព្យ​គឺ​ជា​ទូទៅ​ អ្នក​អានសរសើរ ឬ​ក៏​មិន​និយាយ​អ្វី​ទាល់តែ​សោះ។ មនុស្ស​មួយ​ចំនួន​មិន​ចូលចិត្ត​កំណាព្យ​ ឬ​មិន​អាន​កំណាព្យ។​ ដោយសារ​តែ​ខ្ញុំ​មិនមែន​ជា​កវី​និពន្ធ​អាជីព​ទេ ខ្ញុំ​មិន​ស្រាវជ្រាវ​លម្អិត​ពី​កវី​កំណាព្យ​ដទៃ​ទៀត​ទេ។ តែ​ខ្ញុំ​អាន​ស្នាដៃ​របស់​កវី​ដទៃ​ទៀត។ ខ្ញុំ​មិន​ព្យាយាម​ធ្វើ​ជា​អ្នក​រិះគន់​ទេ។ ខ្ញុំ​គ្រាន់​តែ​សរសេរ​ប៉ុណ្ណោះ។ ខ្ញុំ​គិត​ថា អ្វី​ដែល​គួរ​ឲ្យ​ទាក់​ទាញ​សម្រាប់​ខ្ញុំ​គឺ​ ភាគច្រើន​នៃ​អ្នក​អាន​សៀវភៅ​កំណាព្យ​របស់​ខ្ញុំ​ជា​ ជន​បរទេស​ដែល​មក​រស់​នៅ​កម្ពុជា។ ដូច្នេះ​ ខ្ញុំ​គិត​ថា ខ្ញុំ​គួរ​តែ​សរសេរ​ជា​ភាសា​អង់គ្លេស។ ហើយ​សម្រាប់​ជន​បរទេស​ទាំង​នោះ​ ពួកគេ​រស់​នៅ​ក្នុង​ទីក្រុង​ ប៉ុន្តែ​មានឱកាស​តិចតួច​ដែល​ពួកគេ​អាច​អាន​ពី​គំនិត​ ការ​យល់ឃើញ​ផ្សេងៗ​អំពី​ពួកគេ។ ពួកគេ​នឹង​រអ៊ូរទាំ​ពី​អាកាសធាតុ​ ឬ​ចរាចរណ៍​ ឬ​មាន​ការ​សន្ទនា​អំពី​អ្វី​ម្យ៉ាង។ ប៉ុន្តែ​ពួកគេ​មិន​សូវ​សង្កេត​មើល​អ្វី​ៗ​ជា​ច្រើន​ដែល​កំពុង​តែ​កើត​មាន​ជុំវិញ​ពួក​គេ​នោះ​ទេ។ ដូច្នេះ​ជា​ទូទៅ​ អ្នក​អាន​កំណាព្យ​ខ្ញុំ​អាច​ត្រឹម​និយាយ​ថា «អូ! ខ្ញុំ​ដឹង​ថា អ្នក​កំពុង​តែ​និយាយ​អំពី​ក្លិន​ផ្លែក្រូច​នៅ​លើ​ផ្លូវ​លេខ ១៩ ឬខ្ញុំ​ដឹង​ថា អ្នក​កំពុង​និយាយ​អំពី​ភ្លៀងធ្លាក់​នៅ​ម៉ោង​ណា​មួយ​នៅ​ពេល​រសៀល»។ អ្នក​ដែល​ចូលចិត្ត​កំណាព្យ​របស់​ខ្ញុំ​ពិត​ជា​ចូលចិត្ត​វា​ខ្លាំង​ណាស់។

VOA៖ អញ្ចឹង​តើ​លោក​មាន​គម្រោង​នឹង​ចុះផ្សាយ​សៀវភៅ​កំណាព្យ​មួយ​ទៀត​នៅ​ក្នុង​ពេល​ឆាប់ៗ​នេះ​ដែរ​ឬ​ទេ? បើ​មាន​ តើ​លោក​អាច​បង្ហើប​ឲ្យ​ដឹង​ខ្លះៗ​បាន​ទេ?

Scott៖ បាទ​ដូច​ខ្ញុំ​ជម្រាប​អញ្ចឹង ខ្ញុំ​សរសេរ​ ហើយ​បន្ទាប់​មក​ខ្ញុំ​បាន​បង្ហោះ​ក្នុង​ប្លុក​ខ្ញុំ​ភ្លាមៗ។ ពេលខ្លះ​អាច​មាន​ពីរ​កំណាព្យ​ក្នុង​មួយ​ថ្ងៃ​ ឬ​ពេល​ខ្លះត្រូវ​ការ​ពេល​មួយ​ខែ ឬ​ប្រាំ​មួយ​សប្តាហ៍អំពី​ការ​តាក់តែង​កំណាព្យ​មួយ​ទៅ​កំណាព្យ​មួយ​ទៀត។ ទាំងអស់​នេះ​គឺ​អាស្រ័យ​ទៅ​លើ​ស្ថានភាព​របស់​ខ្ញុំ ឬ​ថា​តើ​ខ្ញុំ​មាន​ការ​ជំរុញ​ចិត្ត​ប៉ុណ្ណា។ ជា​ទូទៅ​ រាល់​ប្រាំ​បួន​ខែ​ម្តង​ ជា​ពេល​ដែល​ខ្ញុំត្រូវ​បញ្ចេញ​សៀវភៅ​ថ្មី។ ប្រាំមួយ​ខែ​គឺ​ឆាប់​ពេក មួយ​ឆ្នាំ​គឺ​យឺត​ពេក។ យើង​ខ្ញុំ​ចាប់ផ្តើម​មាន​អារម្មណ៍​ថា «អូ! នេះ​ដល់​ពេល​ហើយ។ ខ្ញុំ​មាន​អារម្មណ៍​ថា មាន​អ្វី​មួយ​ផ្លាស់ប្តូរ​គ្រប់គ្រាន់​ដែល​ប្រធានបទ​មួយ​បង្ហាញ​និយមន័យ​គ្រប់គ្រាន់​នៅ​ក្នុង​ស្នាដៃ​របស់​ខ្ញុំ។ ហើយ​ខ្ញុំ​ដឹង​ថា ខ្ញុំ​ត្រៀមខ្លួន​រួចរាល់​សម្រាប់​អ្វី​ថ្មី​មួយ។ ខ្ញុំ​រំពឹង​ថា នឹង​ចេញ​សៀវភៅ​ថ្មី​មួយ​នៅ​ចុង​ឆ្នាំ​នេះ។ ប៉ុន្តែ​ ខ្ញុំ​មាន​គំនិត​ផ្សេង​ទៀតផង​ដែរ​ក្រៅ​ពី​ការ​សរសេរ​សៀវភៅ។

VOA៖ លោក​ជា​សិល្បករ​ម្នាក់។ តើ​មនុស្ស​ទូទៅ​អាច​ទាញ​យក​និយមន័យ​ផ្សេងៗ​ពី​ស្នាដៃ​សិល្បៈ​យ៉ាង​ដូចម្តេច? ហើយ​ក្នុង​ករណី​នេះ​គឺ កំណាព្យ​ និង​បទចម្រៀង​របស់​លោក។ ​

Scott៖ ​ខ្ញុំ​គិត​ថា ជា​សិល្បករ​ម្នាក់​ អ្នក​មាន​ការ​ប្តេជ្ញា​នៅ​ក្នុង​ការ​ទៅ​កាន់​កន្លែង​ផ្សេងៗ​ដែល​មនុស្ស​ដទៃ​ទៀត​មិន​សូវ​គិត​អំពី។ ឬ​ប្រសិន​បើ​ពួកគេ​មិន​គិត​ពី​វា ប៉ុន្តែ​មិន​មាន​វិធី​ណា​មួយ​ក្នុងការ​រៀបរាប់​ពី​កន្លែង​នោះ​។ ខ្ញុំ​ប្រហែល​ជា​មាន​គំនិត​មួយ​សម្រាប់​ការ​គូរ​រូប​ ប៉ុន្តែ​ខ្ញុំ​មិន​អាច​គូរ​បាន​ឡើយ។ មនុស្ស​មួយ​ចំនួន​មិន​អាច​រៀបរាប់​ជា​ពាក្យ​ពេចន៍​បាន​ឡើយ។ ខ្ញុំ​មាន​ទេពកោសល្យ​នៅ​ក្នុង​ការ​រៀបរាប់​ជា​ពាក្យ​ពេចន៍។​ ជា​ថ្មី​ម្ត​ងទៀត ដោយ​មិន​ចង់​និយាយ​រៀបរាប់​លម្អិត​ច្រើន នៅ​ពេល​ដែល​ចន្ធី​ស្លាប់​ មាន​កំណាព្យ​ជាក់លាក់​មួយ​ ដែល​ខ្ញុំ​បាន​សរសេរ​នៅ​ថ្ងៃ​បន្ទាប់នៅ​ពេល​ដែល​មិត្តភក្តិ​របស់​ខ្ញុំ​មួយ​ចំនួន​មាន​ការ​រន្ធត់​ចិត្ត និង​សោកសៅ​អំពី​រឿង​នេះ។ ហើយ​មនុស្ស​មួយ​ចំនួន​បាន​និយាយ​មក​កាន់​ខ្ញុំ​នៅ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ថា «ខ្ញុំ​បាន​ឃើញ​កំណាព្យ​មួយ​នេះក្រោម​ចំណង​ជើង​ថា «ខ្ញុំ​សង្ឃឹម​ថា អ្នក​នឹង​ត្រឡប់​មក​វិញ​ជា​ដើមឈើ»។ កំណាព្យ​នោះ​ហាក់ដូចជា​ ជួយ​ឲ្យ​ពួកគេ​រំងាប់​នូវ​ភាព​ខឹងសម្បារ​ក្នុង​ចិត្ត​ ហើយ​ទទួលស្គាល់​ថា រឿង​ហេតុ​អកុសល​ដូច​នេះ​អាច​កើត​ឡើង។ ដោយសារ​កវី​កំណាព្យ​មិន​ខ្លាច​នៅ​ក្នុង​ការ​រៀបរាប់​ពី​ការ​ពិត​ ហើយ​ពួកគេ​និយាយ ឬ​សរសេរ​ពី​អ្វី​ដែល​ពួកគេ​បាន​ឃើញ។ មនុស្ស​មួយ​ចំនួន​នឹង​និយាយ​ថា «ខ្ញុំ​មិន​ចង់​គិត​ពី​វា​ទេ។ ខ្ញុំ​មិន​ចង់​ទៅ​ទី​នោះ​ទេ។ ប៉ុន្តែ​កំណាព្យ​នឹង​ជួយ​ឲ្យ​ពួក​គេ​បើក​ទូលាយ​ក្នុង​ការ​គិត​អំពី​សភាព​នៃ​អ្វី​មួយនៅ​ក្នុង​ករណី​មាន​ការ​ស្លាប់។ មនុស្ស​ទូទៅ​មាន​អារម្មណ៍​របស់​ពួកគេ។ ពួកគេ​ចង់​បាន​កំណាព្យ​មួយ​បែប​ដែល​អាច​ជួយ​ពួកគេ​ទប់​ទល់​នឹង​ភាព​សោកសៅ​បាន។

VOA៖ តើ​លោក​មាន​អ្វី​ចង់​បន្ថែម​ទេ?​

Scott៖ អ្វី​ដែល​ខ្ញុំ​ចូលចិត្ត​ខ្លាំង ហើយ​វា​កំពុង​តែ​កើត​មាន​បន្តិច​ម្តងៗ ខ្ញុំ​សង្ឃឹម​ថា ខ្ញុំ​អាច​ឈោង​ចាប់​អារម្មណ៍​អ្នក​អាន​ជា​ជនជាតិ​កម្ពុជា​ជាមួយ​នឹង​កំណាព្យ​របស់​ខ្ញុំ។ ខ្ញុំ​មិន​អាច​និយាយ​សរសេរ​ ឬ​យល់​ភាសា​ខ្មែរ​ទេ គ្រាន់​តែ​ចេះតិចតួច​តែ​ប៉ុណ្ណោះ ហើយ​ភាគច្រើន​នៃ​ស្នាដៃ​សរសេរ​របស់​ខ្ញុំ​គឺ​ជា​ ភាសាអង់គ្លេស។ ខ្ញុំ​ក៏​សង្ឃឹម​ថា ខ្ញុំ​អាច​ជំរុញ​ចិត្ត​ឲ្យ​ជនវ័យក្មេង ឬ​មនុស្ស​វ័យចំណាស់​ឲ្យ​សរសេរកំណាព្យ​ និង​ស្វែង​រក​គំនិត​ផ្ទាល់​ខ្លួន​របស់​ពួកគេ ឬ​ក៏​សរសេរ​សៀវភៅ​មួយ​ក្បាល។

VOA៖ សូម​អរគុណ​ច្រើន​លោក​សម្រាប់​ការ​ចំណាយ​ពេល​និយាយ​ជាមួយ​VOA។​

​Scott៖ បាទ​ សូម​អរគុណ​ច្រើន៕​

XS
SM
MD
LG