ជាងមួយភាគបីនៃបុគ្គលិកអង្គការសហប្រជាជាតិទប់ទល់មេរោគអេបូឡាកំពុងធ្វើការនៅទីក្រុង Beni ភាគខាងកើតនៃប្រទេសកុងហ្គោកាលពីថ្ងៃអង្គារនៅពេលតំបន់នេះមានអសន្តិសុខកើនឡើង រីឯបុគ្គលិកផ្សេងទៀតនៅតែប្រយុទ្ធប្រឆាំងនឹងជំងឺដ៏សាហាវនេះ។
អង្គការសុខភាពពិភពលោកបាននិយាយថា ការកើនឡើងនូវអំពើហិង្សានៅក្នុងក្រុង Beni បានបង្ខំឱ្យបុគ្គលិក ៤៩នាក់ផ្លាស់ទៅតំបន់ Goma ភាគខាងត្បូង។
ទីភ្នាក់ងារសុខភាពអ.ស.ប.បាននិយាយថា បុគ្គលិកចាំបាច់ចំនួន៧១នាក់នៅតែបន្តតាមដានជំងឺនៅ Congo ដែលមានមនុស្សប្រមាណ២ពាន់ ២០០នាក់ស្លាប់។
អំពើហិង្សាបានរារាំងកិច្ចប្រឹងប្រែងក្នុងការទប់ស្កាត់ជំងឺនេះដែលបានចាប់ផ្តើមនៅខែសីហាឆ្នាំ២០១៨។
យោធាបាននិយាយថា ក្រុមបាតុករយ៉ាងតិច៤នាក់ត្រូវបានសម្លាប់កាលពីថ្ងៃច័ន្ទនៅពេលដែលពួកគេបានសម្រុកចូលជំរុំរបស់អង្គការសហប្រជាជាតិដោយសង្ស័យថា កងរក្សាសន្តិភាពអង្គការសហប្រជាជាតិមិនអាចទប់ទល់ការវាយប្រហាររបស់ក្រុមឧទ្ទាម។ ក្រុមស្រាវជ្រាវរបស់អង្គការក្រៅរដ្ឋាភិបាលនៅCongoបានឱ្យដឹងថា ជនស៊ីវិល៧៧នាក់ត្រូវបានសម្លាប់នៅក្នុងអំពើហិង្សាដែលបានកើនឡើងថ្មីៗនេះចាប់តាំងពីថ្ងៃទី៥ ខែវិច្ឆិកា។
កាលពីថ្ងៃអង្គារនៅឯសន្និសីទសារព័ត៌មានមួយនៅទីក្រុងហ្សឺណែវ លោក Christian Lindmeier អ្នកនាំពាក្យរបស់អង្គការសុខភាពពិភពលោកទទួលស្គាល់ថា មានការកើនឡើងនូវអំពើហិង្សា ប៉ុន្តែបានសង្កត់ធ្ងន់ថា បុគ្គលិកទប់ស្កាត់ជំងឺអេបូឡាមិនមែនជាគោលដៅ នៃការវាយប្រហារដូចការវាយប្រហារដោយអំពើហិង្សាពីមុនទេ៕