ប៉ូលិសនៅភាគខាងកើតប្រទេសកុងហ្គោបានបាញ់គ្រាប់កាំភ្លើងពិតនិងឧស្ម័នបង្ហូរទឹកភ្នែកកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីបំបែកហ្វូងបាតុករដែលកំពុងតវ៉ាប្រឆាំងការសម្រេចចិត្តដកពួកគេចេញពីការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃអាទិត្យ។
បាតុកររាប់សិបនាក់បានដុតកង់ឡាននិងវាយប្រហារមជ្ឈមណ្ឌលជំងឺ Ebola នៅទីក្រុង Beni បន្ទាប់ពីគណៈកម្មាធិការបោះឆ្នោតកុងហ្គោបាននិយាយថា ខ្លួននឹងពន្យារពេលការបោះឆ្នោតនៅក្រុង Beni និងButembo និងតំបន់ជុំវិញរហូតដល់ខែមីនាដោយសារតែការរាលដាលជំងឺ Ebola។
ក្រសួងសុខាភិបាលបាននិយាយថា អ្នកជំងឺម្ភៃបួននាក់បានរត់គេចខ្លួនចេញពីកន្លែងព្យាបាលជំងឺ Ebola មួយ នៅពេលមានការវាយប្រហារដោយក្រុមអ្នកតវ៉ា។
ក្រុមអ្នកតវ៉ាក៏បានដើរដង្ហែទៅការិយាល័យបោះឆ្នោតមួយនៅក្នុងតំបន់ Beni ដើម្បីទាមទារសិទ្ធិបោះឆ្នោតនៅថ្ងៃអាទិត្យ រួមជាមួយតំបន់ផ្សេងទៀតក្នុងប្រទេសនិងទាមទារឲ្យប្រធានគណៈកម្មាធិការបោះឆ្នោតលាលែងពីតំណែង។
គណៈកម្មការនេះក៏បានពន្យារពេលការបោះឆ្នោតនៅទីក្រុង Yumbi ភាគខាងលិច ដោយសារតែអំពើហិង្សាខាងជាតិសាសន៍។
គណបក្សប្រឆាំងដែលនៅពីក្រោយបេក្ខជនឈ្មោះ Martin Fayulu បានអំពាវនាវឱ្យកម្មករធ្វើកូដកម្មទូទាំងប្រទេសកុងហ្គោដើម្បីតវ៉ាចំពោះការពន្យារពេលបោះឆ្នោតដែលអាចប៉ះពាល់ដល់សិទ្ធិអ្នកបោះឆ្នោតជាង១លាននាក់៕