នៅក្នុងសប្តាហ៍នេះ មេឃុំ-ចៅសង្កាត់ ដែលជាប់ឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ក្នុងការបោះឆ្នោត កាលពីថ្ងៃទី៤ ខែមិថុនា នឹងឡើងកាន់តំណែងជាផ្លូវការ។ គណបក្សប្រឆាំងដ៏ធំនៅកម្ពុជាគឺគណបក្សសង្រ្គោះជាតិនឹងមានមេឃុំ ចៅសង្កាត់ច្រើនជាងមុនរហូតដល់ជិត៥០០នាក់ ដែលកើនលើសជាង១០ដង បើប្រៀបធៀបនឹងការបោះឆ្នោត កាលពីឆ្នាំ២០១២ ដែលពេលនោះ គណបក្សប្រឆាំងឈ្នះបានមេឃុំតែ៤០ប៉ុណ្ណោះ។ នេះជាប្រវត្តិសាស្រ្តមួយក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលបានចាប់ផ្តើមតាំងពីឆ្នាំ២០០២ ដោយគណបក្សប្រឆាំងទទួលបានតំណែងមេឃុំ-ចៅសង្កាត់ច្រើន។
គណបក្សប្រជាជនកម្ពុជាទទួលបានតំណែងមេឃុំ-ចៅសង្កាត់ចំនួន១១៥៦ ខណៈគណបក្សសង្រ្គោះជាតិទទួលបាន៤៨៩ សម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០១៧នេះ។ គណបក្សសង្រ្គោះជាតិបានឈ្នះតំណែងមេឃុំ-ចៅសង្កាត់ច្រើននៅក្នុងខេត្តធំៗ ដែលជាគោលដៅទេសចរណ៍ ពាណិជ្ជកម្ម និងការវិនិយោគ ក្នុងនោះមានទីក្រុងភ្នំពេញផងដែរ។ បើប្រៀបធៀបសំឡេងបោះឆ្នោត គណបក្សប្រជាជនកម្ពុជាទទួលបាន៥០,៨ភាគរយ ខណៈគណបក្សសង្រ្គោះជាតិទទួលបាន៤៣,៨ភាគរយ។
លោកស្រី សេង សាខន អាយុ៦២ឆ្នាំ ចៅសង្កាត់ដែលទើបតែជាប់ឆ្នោតមកពីគណបក្សសង្រ្គោះជាតិ បានទទួលពិធីផ្ទេរតំណែងជាផ្លូវការមួយ កាលពីថ្ងៃចន្ទ ហើយលោកស្រីបានចាប់ផ្តើមការងារភ្លាមៗ នៅថ្ងៃដដែល នៅសង្កាត់ផ្សារដេប៉ូទី២។ លោកស្រីបានថ្លែងប្រាប់ VOA ថា លោកស្រីនឹងព្យាយាមកសាងស្នាដៃ ជាមួយការប្តេជ្ញាខ្ពស់ថា នឹងជួយសង្កាត់ឲ្យមានការរីកចម្រើន។ លោកស្រីបន្តថា ជាមួយការកសាងស្នាដៃទាំងនេះ លោកស្រីសង្ឃឹមថា គណបក្សប្រឆាំងនឹងឈ្នះការបោះឆ្នោតសាកល ក្នុងឆ្នាំ២០១៨។
លោកស្រីមានប្រសាសន៍ថា៖
«តាំងចិត្តថា ធ្វើឲ្យបាន ព្រោះអីដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ហើយនឹងគាត់ផ្តល់សេចក្តីទុកចិត្តឲ្យយើង។ អីចឹង ទោះបីថា វាមានឧបសគ្គយ៉ាងណា ក៏ត្រូវតែធ្វើឲ្យបាន។ អាហ្នឹងគោលជំហររបស់ខ្ញុំផ្ទាល់ថា ទោះបីជាពិបាកយ៉ាងណាក៏ដោយគឺខ្ញុំត្រូវតែធ្វើឲ្យបាន»។
គណបក្សសង្រ្គោះជាតិទទួលបាន៤អាសនៈ ក្នុងចំណោម៧អាសនៈសម្រាប់សង្កាត់ផ្សារដេប៉ូទី២។ នេះមានន័យថា គណបក្សប្រឆាំងមានសមាជិកក្រុមប្រឹក្សាចំនួន៤នាក់ ចំណែកគណបក្សប្រជាជនកម្ពុជាមានចំនួន៣នាក់។
លោកស្រីសាខន ដែលធ្លាប់បានបំពេញការងារជាសមាជិកក្រុមប្រឹក្សាជិត១០ឆ្នាំមកហើយនោះ បានលើកឡើងថា លោកស្រីនឹងផ្តល់សិទ្ធិអំណាចដល់ប្រជាពលរដ្ឋក្នុងការចូលរួមផ្តល់យោបល់លើការងារអភិវឌ្ឍសង្កាត់។ លោកស្រីបន្តថា លោកស្រីនឹងព្យាយាមលុបបំបាត់កាកសំណល់ សម្រាម ការពារបរិស្ថាន លើកកម្ពស់សុខភាព អនាម័យ ទប់ស្កាត់គ្រឿងញៀន ល្បែងស៊ីសង រក្សាសន្តិសុខ សុវត្ថិភាពនៅក្នុងសង្កាត់ និងផ្តល់សេវាកម្មមូលដ្ឋានឲ្យបានល្អផងដែរ។
លោកស្រីបន្តថា លោកស្រីនឹងសហការជាមួយសមាជិកក្រុមប្រឹក្សាផ្សេងទៀត មកពីគណបក្សប្រជាជនកម្ពុជា និងបែងចែកការងារឲ្យធ្វើ ប្រកបដោយតម្លាភាព ដោយមិនប្រកាន់និន្នាការនយោបាយខុសគ្នានោះទេ។
លោកស្រីបានថ្លែងប្រាប់ VOA ថា៖
«មកដល់ពេលនេះហើយ យើងសហការគ្នា ចាប់ដៃគ្នាដើម្បីកសាងភូមិ ឃុំយើងឲ្យមានសុវត្ថិភាព។ អីចឹងយើងទាល់តែរួមគ្នា ធ្វើការទាំងអស់គ្នា។ ខ្ញុំម្នាក់ឯង ក៏ខ្ញុំអត់អាចធ្វើបានដែរ។ អីចឹងទាល់តែមានជំនួយ ដូចជាគាត់មានបទពិសោធន៍ចាស់ស្រាប់។ យើងអាចទំនាក់ទំនងល្អជាមួយគាត់។ ហើយក៏យើងបែងចែកការងារឲ្យគាត់ធ្វើ»។
ទោះជាយ៉ាងណា លោកស្រីសាខនក៏បានបង្ហាញក្តីបារម្ភអំពីការទម្លាក់ថវិកាដល់សង្កាត់ ដោយខ្លាចថា នឹងមិនមានការបែងចែកថវិកាឲ្យបានស្មើគ្នា និងមានតម្លាភាព។ លោកស្រីបញ្ជាក់ថា ប្រសិនបើមានករណីបែបនេះកើតឡើង លោកស្រីនឹងតស៊ូមតិដើម្បីរកដំណោះស្រាយ។
លោកស្រីបញ្ជាក់ថា៖
«តស៊ូមតិទៀតទៅ! ថ្នាក់ក្រោមតមិនបាន រាយការណ៍ដល់ថ្នាក់លើ ឲ្យមេៗតទៀត អីចឹងទៅណា៎។ អាហ្នឹងយើងមានតែតស៊ូមតិ។ យើងទៅធ្វើម៉េចគេបាន?»
គណបក្សសង្រ្គោះជាតិបានអះអាងថា ថវិកាសម្រាប់ការអភិវឌ្ឍឃុំ-សង្កាត់បច្ចុប្បន្ននេះនៅមានចំនួនតិចតួចនៅឡើយគឺត្រឹមតែ២ទៅ៣ម៉ឺនដុល្លារតែប៉ុណ្ណោះ។ គណបក្សនេះបានសន្យាថា នឹងផ្តល់ថវិកាដល់ឃុំ-សង្កាត់និមួយៗយ៉ាងតិច៥០ម៉ឺនដុល្លារក្នុងមួយឆ្នាំ ប្រសិនបើខ្លួនឈ្នះការបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំ២០១៨ខាងមុខ។
ភ្លាមៗបន្ទាប់ពីទទួលតំណែងជាផ្លូវការ លោកស្រីសាខន និងសមាជិកក្រុមប្រឹក្សាផ្សេងទៀត បានសម្អាតទីធ្លា និងរៀបចំសាលាសង្កាត់ឲ្យមានរបៀបរៀបរយ។ លោកស្រីក៏មានគម្រោងកែលម្អសាលាសង្កាត់ឲ្យមានបន្ទប់ប្រជុំធំទូលាយជាងនេះ។
អតីតចៅសង្កាត់ផ្សារដេប៉ូទី២ ដែលទើបតែចាញ់ឆ្នោតគឺលោកទូច ចាន់ថនបានថ្លែងប្រាប់ VOA ថា ប្រជាពលរដ្ឋចង់សាកល្បងការបោះឆ្នោតនេះ ដោយពួកគេចង់បានចៅសង្កាត់ថ្មីមកពីគណបក្សប្រឆាំង។ លោកអះអាងថា ការងារសង្កាត់កន្លងមកមិនមានភាពមិនប្រក្រតីនោះទេ។
លោកមានប្រសាសន៍ថា៖
«ប្រជាពលរដ្ឋ គេយល់ទេ អានេះ វាជាផ្នត់គំនិតរបស់ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋគេចង់សាកល្បង។ អីចឹងផ្នត់គំនិត គេចង់ផ្លាស់ប្តូរ ហើយគេចង់មើលអ្នកថ្មី ធ្វើការដឹកនាំ។ បែបគេចង់សាកល្បងអាហ្នឹងណា៎»។
លោកចាន់ថន ដែលជាសមាជិកក្រុមប្រឹក្សា មានតំណែងជាចៅសង្កាត់រងទី២វិញម្តង បានលើកឡើងថា លោកស្រីសាខន ចៅសង្កាត់ថ្មីមកពីគណបក្សសង្រ្គោះជាតិ មានសមត្ថភាពអាចដឹកនាំសង្កាត់បាន ដោយសារលោកស្រីធ្លាប់បានបំពេញការងារជាចៅសង្កាត់រង កាលពីអាណត្តិមុនមកហើយ។
លោកមានប្រសាសន៍ថា៖
«យី! និយាយឡើងធ្វើមិនបានម៉េច? គាត់ធ្លាប់មានបទពិសោធន៍។ គាត់ធ្លាប់នៅហ្នឹង ឃើញហើយ។ បើគាត់មិនយល់ត្រង់ណា គាត់សួរខ្ញុំមក!»
លោកបានលើកឡើងដែរថា លោកនឹងសហការគ្នាល្អជាមួយក្រុមប្រឹក្សាផ្សេងទៀត ហើយនឹងព្យាយាមបញ្ចេញយោបល់របស់លោកនៅក្នុងកិច្ចប្រជុំទៅលើការងារអភិវឌ្ឍន៍អ្វីមួយ ដើម្បីឲ្យប្រជាពលរដ្ឋទទួលផលប្រយោជន៍ច្រើន។
ទោះជាយ៉ាងណា លោកបានអះអាងថា លោកមាន «ភាពនឿយណាយ»នឹងការងារជាចៅសង្កាត់ ដែលលោកបានបំពេញជាង៣០ឆ្នាំមកហើយ។ លោកចង់ឃើញក្មេងៗជំនាន់ក្រោយចូលរួមក្នុងការដឹកនាំឃុំ-សង្កាត់វិញម្តង។
លោកបានថ្លែងថា៖
«ខ្ញុំនឿយណាស់! ខ្ញុំនិយាយត្រង់ហ្មង! ខ្ញុំរកតែឈប់ទេ តែថ្នាក់លើគេមិនឲ្យឈប់បាទ!»
នៅក្នុងពិធីផ្ទេរតំណែងផ្លូវការតាមសង្កាត់និមួយៗ ក៏មានការចូលរួមពីអភិបាលខណ្ឌ សមាជិកភូមិ និងប្រជាពលរដ្ឋផងដែរ។ ចៅសង្កាត់ដែលមិនជាប់ឆ្នោតបានរៀបរាប់ពីរបាយការណ៍នៃការរីកចម្រើនក្នុងឃុំ-សង្កាត់រយៈពេល៥ឆ្នាំកន្លងទៅ និងគម្រោងអភិវឌ្ឍន៍ទៅថ្ងៃខាងមុខ។ ចំណែកចៅសង្កាត់ថ្មីដែលនឹងឡើងកាន់តំណែង ជាពិសេសមេឃុំ-ចៅសង្កាត់មកពីគណបក្សសង្រ្គោះជាតិ ឡើងប្តេជ្ញាចិត្តក្នុងការដឹកនាំឃុំសង្កាត់បន្ត។
លោកមាស សុភាពជាចៅសង្កាត់ផ្សារថ្មីទី២ មកពីគណបក្សប្រជាជនកម្ពុជា ដែលបានជាប់ឆ្នោតជាចៅសង្កាត់បន្តទៀត បានថ្លែងនៅក្នុងពិធីផ្ទេរតំណែងថា លោកនឹងបន្តការងារអភិវឌ្ឍនៅក្នុងសង្កាត់ ក្នុងនោះមានការរៀបចំប្រព័ន្ធលូ ការស្ថាបនាផ្លូវ និងការរៀបចំដាក់អំពូលភ្លើងនៅតាមច្រកផ្លូវទាំងអស់ក្នុងភូមិ។ ជាមួយគ្នានោះដែរ លោកបញ្ជាក់ថា លោកនឹងខិតខំបម្រើសេវាសាធារណៈដល់ប្រជាពលរដ្ឋឲ្យបានល្អបំផុត។
លោកបានថ្លែងថា៖
«រាល់សេវាផ្សេងៗ និងការទំនាក់ទំនងរបស់បងប្អូនប្រជាពលរដ្ឋ ត្រូវតែបន្តយកចិត្តទុកដាក់ឲ្យបានមួយគុណនឹង១០០ដងនៃលទ្ធផលដែលបងប្អូនបានបោះឆ្នោតជូន។ ខ្ញុំត្រូវបម្រើបងប្អូន។ ប្តេជ្ញាថា ពីថ្ងៃនេះទៅ រាល់បញ្ហាខ្វះខាត និងពេលវេលា សុំបញ្ជាក់ថា ពេលវេលា បងប្អូនយើងមួយចំនួននៅតែប្រកាន់ថា ថ្ងៃនេះ ថ្ងៃអាទិត្យ ម៉ោងនេះម៉ោងសម្រាក! អត់ទេ! អាជ្ញាធរមូលដ្ឋានគ្មានម៉ោងសម្រាកទេ ព្រោះប្រជាពលរដ្ឋមានទុក្ខលំបាកក៏គ្មានម៉ោងកំណត់ដែរ»។
លោកសុភាពក៏ចង់ឃើញការសហការគ្នាល្អ និងមានសាមគ្គីភាពក្នុងចំណោមក្រុមប្រឹក្សាដើម្បីបម្រើប្រជាពលរដ្ឋនៅក្នុងសង្កាត់។
ទោះជាយ៉ាងណា ចៅសង្កាត់រងទី២មកពីគណបក្សសង្រ្គោះជាតិគឹលោកគ្រួច ហេងបានអះអាងថា កន្លងទៅ លោកមិនត្រូវបានផ្តល់ការងារឲ្យធ្វើទៅតាមតួនាទីដែលលោកមាននោះទេ។ លោកចាត់ទុកថា នេះជាការរើសអើងមួយ។
លោកបានថ្លែងប្រាប់ VOA ក្រោយបញ្ចប់ពិធីផ្ទេរតំណែងកាលពីថ្ងៃចន្ទថា៖
«អាណត្តិពីមុនគឺគេមិនឲ្យតួនាទីខ្ញុំធ្វើការទេ នៅក្នុងសង្កាត់ មានតែតួនាទី តែការងារ គេមិនអត់ឲ្យយើងធ្វើទេ»។
អ្នកស្រីស៊ុន ផល្លា អាយុ៤៥ឆ្នាំ ជាអ្នកលក់ម្ហូបនៅក្នុងសង្កាត់ផ្សារថ្មីទី២ បានស្នើឲ្យសមាជិកក្រុមប្រឹក្សាទាំងអស់ រួមដៃគ្នាដើម្បីបម្រើប្រជាពលរដ្ឋ។ អ្នកស្រីចង់ឃើញចំណាត់ការបន្ថែមទៀតលើបញ្ហាគ្រឿងញៀន ចោរកម្ម ដែលជាបញ្ហាធំនៅក្នុងសង្កាត់។
អ្នកស្រីមានប្រសាសន៍ថា៖
«ក៏សំណូមពរឲ្យអ្នកដែលឡើងថ្មីហ្នឹង ឲ្យគាត់ខំធ្វើការបម្រើប្រជាពលរដ្ឋ ដើម្បីយកស្នាដៃនៅអាណត្តិឆ្នាំ២០១៨»។
អ្នកស្រីក៏បានរិះគន់ថា កន្លងទៅ ក៏មានការប្រកាន់បក្ខពួក ក្នុងការជួយប្រជាពលរដ្ឋដែលជួបការលំបាកផងដែរ។
អ្នកស្រីមានប្រសាសន៍ថា៖
«មីងចង់ឲ្យគាត់ហ្នឹង ចៅសង្កាត់ គាត់សំឡឹងមើលឲ្យដិតដល់ ចំពោះប្រជាពលរដ្ឋណាដែលក្រីក្រ កុំឲ្យតែស្ថិតតាមខ្សែរយៈណា។ អ្នកដែលក្រគឺចុចឈ្មោះឲ្យចំ កុំឲ្យរើសអើង។ អាហ្នឹងខ្ញុំពេញចិត្តហើយ។ រាល់ថ្ងៃខ្ញុំអត់ពេញចិត្តកន្លែងហ្នឹងច្រើន»។
លោកយឿង សុធារ៉ា មន្រ្តីច្បាប់ និងអង្កេតនៃអង្គការឃ្លាំមើលការបោះឆ្នោត ហៅកាត់ថា ខុមហ្រ្វែល បានថ្លែងប្រាប់ VOA ថា កន្លងទៅការរើសអើងនយោបាយនៅតែមាន សម្រាប់ការដឹកនាំឃុំ-សង្កាត់។ លោកបន្តថា មានករណីច្រើន ដែលលោកសង្កេតឃើញថា ក្រុមប្រឹក្សាទាំងនោះមិនទាន់បានសហការគ្នាល្អនៅឡើយទេ។
លោកមានប្រសាសន៍ថា៖
«ការរើសអើងរវាងពួកគាត់ ក្រុមប្រឹក្សាឃុំសង្កាត់ ដែលមកពីគណបក្សពីរផ្សេងគ្នា បានកើតឡើងច្រើន ពាក់ព័ន្ធនឹងការរើសអើងនយោបាយ។ ...មានឃុំ-សង្កាត់ខ្លះដែរ ដែលគាត់សហការគ្នាដើម្បីធ្វើការ ប៉ុន្តែមានមិនច្រើនទេ»។
លោកសុធារ៉ាបានអះអាងទៀតថា សំឡេងគណបក្សប្រឆាំងមានការកើនឡើងសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិនេះ។ ដូច្នេះប្រជាធិបតេយ្យនឹងមាននៅថ្នាក់ក្រោម ដែលលោកថា អាចធ្វើឲ្យប្រជាពលរដ្ឋទទួលបានផលប្រយោជន៍ច្រើន នៅពេលមានការប្រកួតប្រជែងគ្នាខ្លាំង៕