នៅខាងមុខក្លោងទ្វារនៃវត្តព្រះវិហារសួគ៌ ដែលមានសភាពស្ងប់ស្ងាត់នាថ្ងៃធម្មតា បានប្រែទៅជាមានសភាពអ៊ូអរ នាថ្ងៃបុណ្យភ្ជុំធំដោយមានមនុស្សមា្នជាច្រើនឈរអមពីមុខច្រកទ្វារចូលទៅក្នុងវត្ត ដែលចាស់ៗរស់នៅ នៅឃុំវិហារសួគ៌ជឿថា នៅមានព្រះបារមីខ្លាំងពូកែ អាចការពារសេចក្តីសុខប្រជាពលរដ្ឋបាន។
សភាពអ៊ូអរនេះ តែងតែបានកើតឡើង នាពេលដែលអាជ្ញាធរឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាលរៀបចំការប្រណាំងសេះ និងបំបោលក្របី និងការប្រកួតបោកចំបាប់ ដើម្បីឧទ្ទិសដល់បារមីនៃវត្តព្រះវិហារសួគ៌។
មេឃុំវិហារសួគ៌ លោក ម៉េង ជាងហេង បានថ្លែងនៅលើវេទិការៀបចំកាលពីថ្ងៃសៅរិ៍សប្តាហ៍មុន ក្នុងឃុំវិហារសួគ៌ នៅមុនការចាប់ផ្តើមនៃការប្រកួតបោកចំបាប់ បន្ទាប់ពីការប្រណាំងសេះ និងបំបោលក្របីយ៉ាងដូច្នេះថា៖
«ការណ៍ដែលបំបោលក្របីនេះ គឺដើម្បីយកមកបង្ហាញ បង្ហាញជូនដល់បារមីវត្តព្រះវិហារសួគ៌ថា យើងមានកម្លាំងពលំទាំងអស់គ្នាមាំមួនបាទ ទាំងអស់គ្នាឲ្យបានសុខ ឲ្យសត្វទាំងអស់ហ្នឹងមានសុខភាពល្អ ឲ្យមនុស្សអ្នកបោលហ្នឹងឲ្យមានសុខភាពល្អ ដូច្នេះបារមីវិហារសួគ៌នេះនឹងជួយយើង»។
លោកមេឃុំថ្លែងប្រាប់ VOA បន្ថែមតាមទូរស័ព្ទថា លោកនៅមានជំនឿថា វត្តព្រះវិហារសួគ៌ ជាទីដែលបារមីគង់នៅសម្រាប់ថែរក្សាការពារប្រជាពលរដ្ឋរស់នៅក្នុងឃុំឲ្យរួចផុតពីឧបទ្រពចង្រៃ គ្រោះថ្នាក់ និងជំងឺជាដើម។
លោកមេឃុំថ្លែងបន្តថា នៅគ្រាដែលវិទ្យាសាស្ត្ររីកចម្រើន ពលរដ្ឋខ្លះក៏នៅបន្តជឿលើបារមីរបស់វត្តព្រះវិហារសួគ៌ រីឯអ្នកខ្លះទៀតក៏ពុំមានជំនឿ។ ក៏ប៉ុន្តែសម្រាប់រូបលោក ដែលមានវ័យ៦៧ឆ្នាំ និងបានកាន់ការងារជាមេឃុំជិត២០ឆ្នាំ ក្នុងឃុំវិហារសួគ៌ បានមានប្រសាសន៍ប្រាប់ VOA ថា លោកនៅតែជឿជាក់លើបារមីព្រះអង្គនៃវត្តព្រះវិហារសួគ៌ជានិច្ច។
«ខ្ញុំទៅសុំអី ប៉ុន្តែថា បានហើយ កុំឲ្យថាយើងសុំជាលុយកាក់ បើសុំជាសេចក្តីសុខ សុខទុក្ខសុខសប្បាយ ក្នុងភូមិឃុំ ដើរបែរបន់ សព្វគ្រប់អញ្ចឹង កុំឲ្យមានមនុស្សស្លាប់នៅលើថ្នល់ នៅលើផ្លូវជាតិ ក្នុងឃុំវិហារសួគ៌អីហ្នឹង បាទ បែបន់ចុះមួយឆ្នាំ ខ្ញុំទៅកោរសក់ម្តង»។
អាជ្ញាធរឃុំវិហារសួគ៌បានរៀបចំពិធីបុណ្យប្រណាំងសេះបំបោលក្របី និងកីឡាចំបាប់នេះ ទៅតាមទំនៀមទម្លាប់ជារៀងរាល់ឆ្នាំ តែពិធីនេះក៏ធ្លាប់អាក់ខានផងដែរ នៅក្នុងសម័យខ្មែរក្រហម ដែលបានលុបបំបាត់ចោលទាំងស្រុងនូវជំនឿសាសនា ដោយសាររបបនោះជារបបពឹងផ្អែកយ៉ាងងប់ងុលលើមនោគមវិជ្ជានយោបាយកុម្មុយនិស្ត។
ត្បិតថា ពិធីបុណ្យនៅបន្តធ្វើរហូតចាប់ពីការដួលរលំរបបខ្មែរក្រហម ឬ ប៉ុល ពត មកទល់ពេលបច្ចុប្បន្ននេះ ពិធីបុណ្យក៏មានការប្រែប្រួលផងដែរ គឺនៅគ្រាដែលប្រជាពលរដ្ឋមួយចំនួនក្នុងឃុំវិហារសួគ៌ ផ្តើមមានជីវភាពធូរធារ ដោយការលក់ដោះដូរដីធ្លីទៅឲ្យក្រុមហ៊ុនឯកជន និងការបន្ថយការពឹងផ្អែកលើសត្វពាហនៈក្នុងកិច្ចការកសិកម្ម។
ការប្រែប្រួលនោះ គឺចំនួនសត្វក្របីដែលចូលរួមក្នុងការប្រណាំងបំបោល ដោយឆ្នាំនេះ គឺមានសត្វក្របីតែ៥គូប៉ុណ្ណោះ ចូលរួមក្នុងការប្រណាំង បើធៀបនឹងឆ្នំាមុនៗ ដែលមានមិនតិចជាង១៥គូ។
លោកមេឃុំ ម៉េង ជាងហេង មានប្រសាសន៍ថា៖
«សព្វថ្ងៃហ្នឹង ប្រជាពលរដ្ឋគាត់ ដូចថា ការចិញ្ចឹមសត្វហ្នឹងបាទ ឲ្យប្រទេសជាតិយើងអភិវឌ្ឍ ដីគាត់លក់ឲ្យទៅក្រុមហ៊ុន 7NG ដែលបានមកអភិវឌ្ឍហ្នឹង ក៏គាត់ចេះធ្លាក់ថយចុះក្នុងការចិញ្ចឹមសត្វហ្នឹង»។
ពិធីបុណ្យប្រណាំងសេះបំបោលក្របី និងបោកចំបាប់ ដែលបានធ្វើឡើងកាលពីថ្ងៃសៅរិ៍កន្លងទៅ នៅក្នុងឃុំវិហារសួគ៌ បានចាប់ផ្តើមឡើងតាំងព្រឹកព្រហាមរហូតដល់ពេលថ្ងៃត្រង់។
ដោយមានសេះប្រណាំងប្រមាណជា១៥គូ និងក្របី៥គូ និងអ្នកប្រកួតចំបាប់ច្រើនជាង២០គូ ពិធីបុណ្យបានប្រព្រឹត្តទៅ ក្នុងបរិយាកាសរីករាយ និងមានការចូលរួមពីមន្ត្រីរដ្ឋាភិបាលមួយចំនួនផងដែរ។
ទោះណាជាមានការប្រែប្រួលមួយចំនួននៅក្នុងការប្រារព្ធពិធីបុណ្យប្រណាំងសេះបំបោលក្របីនេះក្តី ប្រជារាស្ត្រខ្មែររស់នៅក្នុងឃុំវិហារសួគ៌ រួមទាំងលោកមេឃុំ ម៉េង ជាងហេង លើកឡើងថា ការរៀបចំបុណ្យនេះ នឹងត្រូវតែបន្តធ្វើទៅឆ្នាំក្រោយៗទៀត ដើម្បីរក្សាកេរដំណែលវប្បធម៌ ដែលមានជាយូរលង់ណាស់មកហើយក្នុងទឹកដីឃុំវិហារសួគ៌ និងដើម្បីឲ្យភូមិឃុំមានក្តីសុខ។
លោក ផាត សុខលី វ័យ២៥ ឆ្នាំ ប្រាប់ VOA នាថ្ងៃធ្វើពិធីបុណ្យនោះថា លោករំពឹងថា ពិធីបុណ្យបរមបុរាណនេះ នឹងនៅតែត្រូវបានរៀបចំទៅឆ្នាំខាងមុខទៀត ព្រោះពិធីនេះមិនត្រឹមតែផ្តល់ក្តីសប្បាយនោះទេ តែទាំងផ្តល់នូវក្តីរុងរឿងដល់ជីវភាពរស់របស់ប្រជារាស្ត្រខ្មែរផងដែរ។
«សុខសប្បាយបង រុងរឿងវា ធ្លាប់តែប្រណាំងអញ្ចឹងបានសុខសប្បាយណាស់មួយឆ្នាំ ឲ្យតែថ្ងៃភ្ជុំដឹងយើងប្រណាំង»។
លោកយាយ យឹម ណាំ វ័យ៧៤ឆ្នាំ អ្នករស់នៅក្នុងឃុំវិហារសួគ៌ម្នាក់ទៀតបា្រប់ VOA ថា អ្នកឃុំវិហារសួគ៌ នឹងមិនបោះបង់ការរៀបចំបុណ្យប្រពៃណីប្រចាំឃុំនោះទេ ដោយអ្នកឃុំយល់ថា ការឈឺថ្កាត់ នឹងកើតមានឡើងនៅក្នុងឃុំ បើមានការអាក់ខានរៀបចំបុណ្យដ៏មានប្រជាប្រិយភាពនេះ។
«អត់ឲ្យឈប់ទេ ដឹងតែនៅមានអញ្ចឹងហ្មង»។
ឃុំវិហារសួគ៌ ស្ថិតនៅត្រើយខាងកើតទន្លេមេគង្គ ក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ប្រជាពលរដ្ឋប្រមាណជាង១៥.០០០នាក់ កំពុងរស់នៅក្នុងឃុំនេះ ហើយ ៧៥ភាគរយដែលជាមនុស្សវ័យជំទង់អាយុ១៨ឆ្នាំ បានពឹងផ្អែកលើការងាររោងចក្រ។ រីឯពលរដ្ឋផ្សេងទៀតបានពឹងផ្អែកលើការងារសំណង់ និងកសិកម្ម។
ប្រជាជនក្នុងឃុំនេះ ពុំសូវធ្វើការចំណាកស្រុកដើម្បីស្វែងរកការងារធ្វើនោះឡើយ។ នេះបើយោងទៅតាមការបញ្ជាក់ពីលោកមេឃុំវិហារសួគ៌ ម៉េង ជាងហេង៕