ក្រុមអ្នកគាំទ្រសិទ្ធិមនុស្សនៅក្នុងប្រទេសវៀតណាម បានរិះគន់របៀបថែរក្សាមួយប្រភេទ ដែលរដ្ឋាភិបាលបានប្រើ ដើម្បីស្តារនីតិសម្បាទាឡើងវិញ ទៅលើអ្នកប្រើប្រាស់គ្រឿងញៀនខុសច្បាប់ និងអ្នករកស៊ីផ្លូវភេទទាំងឡាយ។ នៅក្នុងរបាយការណ៍មួយដែលបានចេញផ្សាយនាពេលថ្មីៗនេះ អង្គការសិទ្ធិមនុស្សអន្តរជាតិ Human Right Watch ដែលប្រែថា «អង្គការឃ្លាំមើលសិទ្ធិមនុស្ស» និយាយថា វិធីព្យាបាលរោគនោះគឺខុសពីការបង្ខំឱ្យធ្វើពលកម្មតែបន្តិចបន្តួចប៉ុណ្ណោះ។
ដោយមានរបងឬជញ្ជាំងព័ទ្ធជុំវិញ និងឃ្លាំមើលដោយអ្នកយាម មជ្ឈមណ្ឌលស្តារនីតិសម្បទាពីថ្នាំញៀនរបស់វៀតណាម ផ្តល់នូវអ្វីដែលរដ្ឋាភិបាលហៅថា វិធីព្យាបាលរោគដោយការធ្វើពលកម្ម ដើម្បីព្យាបាលអ្នកញៀនថ្នាំរាប់ពាន់នាក់ជារៀងរាល់ឆ្នាំ។ ប៉ុន្តែ របាយការណ៍មួយរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស ដែលបានបោះពុម្ពផ្សាយនៅក្នុងសប្តាហ៍នេះ បានចោទសួរថាតើជំរំទាំងនេះបានផ្តល់លទ្ធផលល្អអ្វីខ្លះ នៅពេលដែលមានការចោទប្រកាន់របស់អតីតអ្នកជាប់ឃុំឃាំង អំពីការបង្ខំកម្លាំងពលកម្ម និងការធ្វើទារុណកម្ម។
មានមជ្ឈមណ្ឌលស្តារនីតិសម្បទាពីថ្នាំញៀនចំនួនជាង១០០ នៅក្នុងប្រទេសវៀតណាម។ នៅក្រោមច្បាប់របស់វៀតណាម អ្នកញៀនថ្នាំអាចត្រូវគេឃុំឃាំងរហូតដល់ទៅបួនឆ្នាំសម្រាប់ធ្វើការព្យាបាល។ អ្នកជាប់ឃុំឃាំង ត្រូវធ្វើការងារជាច្រើនប្រភេទ ចាប់តាំងពីការងារកសិកម្ម រហូតដល់ការងារខាងសំណង់។
រដ្ឋាភិបាលនិយាយថា ការងារនេះរក្សាក្រុមអ្នកញៀនថ្នាំពីចំណង់ផ្សេងៗនៅក្នុងពិភពខាងក្រៅ ខណៈពេលដែលពួកគេបំពេញការងារដែលមានប្រយោជន៍។
ទោះជាយ៉ាងនេះក្តី អង្គការ Human Rights Watch និយាយថា មជ្ឈមណ្ឌលទាំងនេះ«មិនមានអ្វីខុសគ្នាពីជំរំបង្ខំកម្លាំងពលកម្ម»ទេ ដែលត្រូវបានរៀបចំឡើងជាម៉ាស៊ីនដើម្បីទាញយកប្រាក់ចំណេញសម្រាប់ពាណិជ្ចកម្មផ្សេងៗ។
លោក ង្វៀន វ៉ាន់មិញ (Nguyen Van Minh) ដែលជាប្រធាននាយកដ្ឋានសម្រាប់ការការពារអំពើអាក្រក់ក្នុងសង្គម នៃក្រសួងការងារ ទុព្វពលជន និងសង្គមកិច្ច និយាយថា មជ្ឈមណ្ឌលស្តារនីតិសម្បទាទាំងនេះជួយប្រជាពលរដ្ឋ ឱ្យជាសះស្បើយពីការញៀនថ្នាំរបស់ពួកគេ។
លោក មិញ (Minh) និយាយថា ការងារនេះជួយអ្នកញៀនថ្នាំឱ្យមានសុខភាពល្អឡើងវិញ និងរៀនវិជ្ជាជីវៈមួយ ដែលនឹងជួយពួកគេឱ្យអាចចូលរួមទៅក្នុងសង្គមវិញបាន នៅពេលដែលពួកគេបានចេញពីជំរំទាំងនេះ។
មជ្ឈមណ្ឌលទាំងនេះចាប់ផ្តើមចេញជារូបរាងឡើងដំបូងបង្អស់ នៅទីបញ្ចប់នៃសង្រ្គាមវៀតណាមនៅក្នុងឆ្នាំ១៩៧៥ ក្នុងនាមជាជំរំដែលផ្តល់«ការអប់រំឡើងវិញតាមរយៈការធ្វើពលកម្ម»។ ជំរំទាំងនេះ បានបង្កើនសកម្មភាពបន្ថែមទៀត នៅពាក់កណ្តាលទសវត្សរ៍១៩៩០ ដែលជាផ្នែកមួយនៃយុទ្ធនាការរបស់រដ្ឋាភិបាល នៅក្នុងការលុបបំបាត់ចោលនូវអ្វីដែលហៅថា «អំពើអាក្រក់ក្នុងសង្គម»។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch និយាយថា មនុស្សជាងបីសែននាក់បានឆ្លងកាត់មជ្ឈមណ្ឌលទាំងនេះនៅចន្លោះឆ្នាំ២០០០ទៅឆ្នាំ២០១០។ ចាប់តាំងពីឆ្នាំ២០០០មក ចំនួនជំរំបានកើនឡើងស្ទើរតែទ្វេដង ពីចំនួន៥៦ទៅ១២៣។
ទោះជាយ៉ាងនេះក្តី តួរលេខរបស់រដ្ឋាភិបាលបង្ហាញថា អ្នកជំងឺដែលជាប់ឃុំឃាំងមានអត្រារើជំងឺឡើងវិញពី៧០ទៅ៨០ភាគរយ។ ក្រុមអ្នកស្រាវជ្រាវនិយាយថា ប្រការនេះគឺបណ្តាលមកពីជំរំទាំងនេះផ្តោតការយកចិត្តទុកដាក់ទៅលើការរកលុយច្រើនជាងការព្យាបាល។ អៀម៉ុនន៍ មឺហ្វី (Eamonn Murphy) គឺជាអ្នកសម្របសម្រួលប្រចាំប្រទេសរបស់កម្មវិធីអង្គការសហប្រជាជាតិសម្រាប់ជំងឺអេដស៍ ដែលហៅកាត់ជាភាសាអង់គ្លេសថា UNAIDS នៅក្នុងប្រទេសវៀតណាម។
«ប្រសិនបើអ្នកនិយាយអំពីអ្នកញៀនជាតិហេរ៉ូអ៊ីន (heroin) អ្នកត្រូវតែមានការព្យាបាលជំនួយផ្នែកវេជ្ជសាស្រ្ត និងសារជាតិដែលជំនួសជាតិអាភៀន ដូចជាសារជាតិប្រឆាំងនឹងជាតិញៀន ឈ្មោះ មេតាដុន (methadone) ជាដើម»។
មឺហ្វី (Murphy) និយាយថា ជំរំព្យាបាលតាមពិត បានបង្កគ្រោះថ្នាក់ដល់អ្នកជាប់ឃុំឃាំងទៅវិញ ពីព្រោះពួកគេបានពន្យាពេលក្នុងការព្យាបាល។ លោកនិយាយថា ស្ថានភាពនៅក្នុងជំរំ ជំរុញឱ្យមានការរីកសាយរោគរបេងដែលស៊ាំនឹងឱសថ។
«បញ្ហានៅទីនេះគឺថា អ្នកមិនអាចរង់ចាំរហូតដល់មនុស្សម្នាក់ធ្លាក់ខ្លួនឈឺជាទម្ងន់បានទេ មុនពេលអ្នកណែនាំពួកគេឱ្យទៅរកការព្យាបាលនោះ ពីព្រោះអត្ថប្រយោជន៍នៃការព្យាបាលមានកម្រិត។ ដូច្នេះ អ្នកត្រូវតែណែនាំពួកគេឱ្យទៅព្យាបាល ឱ្យបានឆាប់តាមតែអាចធ្វើទៅបាន»។
ការងារមានប្រភេទខុសគ្នានៅទូទាំងជំរំ ដែលរួមមានចាប់ពីការងារកសិកម្មទៅការងារសំណង់។ របាយការណ៍របស់អង្គការ Human Rights Watch ពណ៌នាលម្អិត អំពីអ្នកមកនៅក្នុងជំរំថ្មីម្នាក់ ដែលធ្វើការងារបកសំបកគ្រាប់ស្វាយចន្ទី។
ជ័រស្វាយចន្ទីធ្វើឲ្យរលាកស្បែករបស់គាត់។ គាត់និយាយថា ប្រសិនបើអ្នកជាប់ឃុំណាម្នាក់ប្រកែកមិនព្រមធ្វើ ពួកគេនឹងត្រូវទះកំភ្លៀង។ គាត់បាននិយាយថា ប្រសិនបើពួកគេបន្តប្រកែកមិនព្រមធ្វើ ពួកគេនឹងត្រូវបញ្ជូនទៅកាន់បន្ទប់ដាក់ទណ្ឌកម្ម។
អតីតអ្នកជាប់ឃុំផ្សេងទៀតដែលត្រូវបានសម្ភាសបាននិយាយថា ពួកគេត្រូវបង់លុយចំពោះការចំណាយទាំងឡាយ ដូចជាទៅលើម្ហូប ដែលការចំណាយនេះត្រូវបានកាត់ចេញពីប្រាក់ឈ្នួលរបស់ពួកគេ។ អ្នកជាប់ឃុំមួយចំនួននិយាយថា ពួកគេថែមទាំងនៅជំពាក់លុយគេទៀត នៅពេលត្រូវបានដោះលែងទៅវិញ។
របាយការណ៍និយាយថា ប្រសិនបើអ្នកជាប់ឃុំប្រកែកមិនព្រមធ្វើការ ពួកគេនឹងត្រូវបានវាយដោយដំបងអគ្គីសនីឬដំបងធម្មតា។
មន្រ្តីវៀតណាម លោក ង្វៀន វ៉ាន់មិញ (Nguyen Van Minh) បានបដិសេធការចោទប្រកាន់នេះ។
លោកនិយាយថា អ្នកញៀនថ្នាំធ្វើការតែពីរទៅបីម៉ោងប៉ុណ្ណោះនៅក្នុងមជ្ឈមណ្ឌលស្តារនីតិសម្បទា។ លោកនិយាយថា នៅពេលអនាគត រដ្ឋាភិបាលនឹងចេញថ្លៃចំណាយទៅលើម្ហូបអាហាររបស់ពួកគេ។
មិនមានឯកសារសាធារណណាមួយស្តីអំពីក្រុមហ៊ុន ដែលមានទំនាក់ទំនងពាណិជ្ជកម្មឬមានកុងត្រាជាមួយមជ្ឈមណ្ឌលទាំងនេះទេ។ អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch និយាយថា ផលិតផលមួយចំនួនប្រហែលជាត្រូវបានបញ្ជូនទៅឱ្យបណ្តាញផ្គត់ផ្គង់របស់ក្រុមហ៊ុន ដែលលក់ទំនិញទៅបរទេស។
ក្រុមហ៊ុន វែសទឺហ្កាដ ហ្វ្រានដ៍សេន (Vestergaard Frandsen) ដែលមានមូលដ្ឋាននៅក្នុងប្រទេស ស្វីស (Switzerland) បានទទួលពាក្យព្រមានពីក្រុមសិទ្ធិមនុស្សនេះ បន្ទាប់ពីអង្គការនេះបានរកឃើញថា មជ្ឈមណ្ឌលទាំងនេះបានផលិតមុងសម្រាប់ក្រុមហ៊ុន វែសទឺហ្កាដ ហ្វ្រានដ៍សេន។
បន្ទាប់ពីមានការស៊ើបអង្កេតមួយ ក្រុមហ៊ុនបានលុបចោលទំនាក់ទំនងជាមួយនឹងក្រុមអ្នកម៉ៅការរង ដែលមានជាប់ទាក់ទងនៅក្នុងការរកជួលក្រុមហ៊ុនទាំងឡាយ ឱ្យធ្វើការនៅមជ្ឈមណ្ឌលទាំងនេះ។
ក្រុមអ្នកផ្តល់ជំនួយអន្តរជាតិ បានផ្តល់ថវិកាតែបន្តិចបន្តួចប៉ុណ្ណោះ សម្រាប់មជ្ឈមណ្ឌលទាំងនេះ អស់រយៈពេលជាងមួយទសវត្សរ៍មកហើយ ជាមួយនឹងកម្មវិធីដូចជាការបណ្តុះបណ្តាលបុគ្គលិក និងការគាំទ្រកម្មវិធីជួយទ្រទ្រង់ដល់អ្នកផ្ទុកមេរោគហ៊ីវ (HIV)។
អៀម៉ុនន៍ មឺហ្វី (Eamonn Murphy) ដែលជាអ្នកសម្របសម្រួលប្រចាំប្រទេសរបស់អង្គការ UNAIDS នៅក្នុងប្រទេសវៀតណាម និយាយថា ការឃុំឃាំងដោយបង្ខំមិនមែនជាចម្លើយនោះទេ។ លោកនិយាយថា ជាជំនួសរដ្ឋាភិបាលគួរតែបន្តពង្រីកសេវាកម្មស្ម័គ្រចិត្តដែលមានមូលដ្ឋាននៅតាមសហគមន៍ ដែលបានផ្តល់លទ្ធភាពនៅក្នុងការទទួលបានសេវាព្យាបាលការញៀនថ្នាំដ៏មានប្រសិទ្ធិភាព ដែលរួមទាំងការផ្តល់ថ្នាំ មេតាដុន (methadone) ចាប់តាំងពីឆ្នាំ២០០៨។
«កម្មវិធីដែលមានមូលដ្ឋាននៅតាមសហគមន៍ ដែលរដ្ឋាភិបាលកំពុងស្វែងរកការឈានទៅដល់អ្នកដែលញៀនជាតិហេរ៉ូអ៊ីនចំនួន៨ម៉ឺននាក់មកត្រឹមឆ្នាំ២០១៥ គឺមានសារៈសំខាន់ណាស់។ វាគឺជាវិធីមួយដែលគួរធ្វើ។ ហើយកន្លងមក នៅក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលបានធ្វើកិច្ចខិតខំប្រឹងប្រែងយ៉ាងលឿន ដើម្បីពង្រីកកម្មវិធីនេះ។ ឥឡូវនេះ កម្មវិធីនេះបានកើនឡើងពីកម្មវិធីសាកល្បងបឋមចំនួនពីរ ទៅដល់២៦មជ្ឈមណ្ឌលនៅទូទាំងប្រទេស ហើយមានផែនការសម្រាប់បង្កើតច្រើនជាងនេះបន្ថែមទៀត»។
អង្គការសហប្រជាជាតិនិយាយថា មានភស្តុតាងតិចតួចដែលបង្ហាញថា ការឃុំឃាំងដោយបង្ខំ អាចកាត់បន្ថយអត្រារើជំងឺឡើងវិញបាន។ តាមពិត ភាគច្រើននៃអ្នករស់នៅក្នុងជំរំ ធ្លាប់បានត្រូវឃុំឃាំងពីមុនមក យ៉ាងហោចណាស់ក៏ម្តងរួចមកហើយដែរ។
អង្គការ Human Rights Watch បានអំពាវនាវដល់គ្រប់ម្ចាស់ជំនួយ និងក្រុមហ៊ុនទាំងអស់ឱ្យឈប់ធ្វើការជាមួយមជ្ឈមណ្ឌលឃុំខ្លួនដោយបង្ខំទាំងនេះ៕
ប្រែសម្រួលដោយ ឌី ខាំបូលី