នៅពេលនាង Ha Tran ដែលរស់នៅទីក្រុង ហូជីមិញ ដើរផ្សារទិញម្ហូប សម្លៀកបំពាក់ ឬគ្រឿងអេឡិចត្រូនិក នាងចៀសវាងមិនទិញទំនិញដែលនាំចូលមកពីប្រទេសជិតខាងដ៏មហិមាមួយរបស់ប្រទេសវៀតណាម គឺប្រទេសចិន។ នាងផ្តល់ហេតុផលថា សម្ភារៈប្រើប្រាស់ទាំងនោះប្រហែលជាមិនដំណើរការល្អទេ ម្យ៉ាងទៀត ចិនក៏មិនមែនជាមិត្តរបស់ប្រទេសវៀតណាមដែរ។
«ចិនបាននាំចេញទំនិញជាច្រើន ដែលមានគុណភាពអន់មកកាន់ប្រទេសវៀតណាម ប៉ុន្តែយើងដឹងថាពួកគេមិននាំចេញទំនិញដែលអន់ទៅបណ្តាប្រទេសផ្សេងទៀតជុំវិញពិភពលោកនោះទេ។ ដូច្នេះយើងព្យាយាមមិនទិញនូវទំនិញណាដែលផលិតនៅប្រទេសចិនទេ។» នេះជាការលើកឡើងរបស់នាង Ha វ័យ២៤ឆ្នាំដែលជាបុគ្គលិកក្រុមហ៊ុនរចនាម៉ូតមួយនៅក្នុងទីក្រុងដែលជាបណ្តុំហិរញ្ញវត្ថុនៃប្រទេសវៀតណាមនេះ។
ជនជាតិវៀតណាមចូលចិត្តទិញទំនិញដែលនាំចូលពីប្រទេសជប៉ុនឬបស្ចិមប្រទេស។ នាង Ha បានបន្ថែមទៀតថា «យើងបានព្យាយាមទិញទំនិញនាំចូលពីចិនជាច្រើនដងកាលពីមុន ប៉ុន្តែទំនិញទាំងនោះងាយនឹងខូចណាស់»។
នាង Ha បន្តទៀតថា ទំនាក់ទំនងផ្នែកនយោបាយរវាងប្រទេសចិននិងវៀតណាម ក៏ជាកត្តាមួយផ្សេងទៀតដែលធ្វើឲ្យគ្មានការលើកទឹកចិត្តក្នុងការជាវទំនិញពីប្រទេសចិនដែរ។
នាងHa ក៏មិនខុសពីអ្នកទិញទំនិញជនជាតិវៀតណាមដទៃទៀតដែរ។ អតិថិជននៅវៀតណាម ជាទូទៅ ចៀសវាងមិនទិញទំនិញដែល«ផលិតនៅចិន»នោះទេ ដើម្បីប្រឆាំងនឹងអ្វីដែលពួកគេយល់ឃើញថាជាទំនិញដែលមានគុណភាពអន់ និងនាំចូលពីប្រទេសមួយដែលមានជម្លោះនឹងប្រទេសរបស់ពួកគេ។ ជាឧទាហរណ៍ ជម្លោះនៃប្រទេសទាំងពីរ រួមមានដូចជា ជម្លោះនៅសមុទ្រចិនខាងត្បូងដែលស្ថិតនៅភាគខាងកើតនៃប្រទេសវៀតណាម។ ការទាមទារដូចគ្នានេះបានបង្កឲ្យមានសង្គ្រាមតាមជើងទឹកពីឆ្នាំ ១៩៧៤ ដល់ ឆ្នាំ១៩៨៨។
ប្រទេសទាំងពីរក៏បានប្រយុទ្ធដណ្តើមព្រំប្រទល់ដីគោកនៅក្នុងអំឡុងទសវត្សរ៍១៩៧០ផងដែរ។ ប្រជាជនវៀតណាមមានអារម្មណ៍ថា ប្រទេសចិនដើរខ្សែលើយ៉ាងអយុត្តិធម៌ចំពោះជម្លោះដែនសមុទ្រ តាមរយៈការប្រើប្រាស់កម្លាំងយោធាដ៏ច្រើនលើសលុបរបស់ខ្លួនដើម្បីគ្រប់គ្រងលើប្រជុំកោះប៉ារ៉ាសែល (Paracel Islands) ដែលមានជម្លោះ។
កំណើនអតិថិជនវៀតណាមកើនឡើងជាលំដាប់ បើយោងទៅតាមក្រុមហ៊ុនប្រឹក្សា Boston Consulting Groupដែលបានព្យាករណ៍ថា ត្រឹមឆ្នាំ២០២០ ប្រជាជនវៀតណាមជាងមួយភាគបីនៃប្រជាជនសរុបប្រមាណជិត ៩៣ លាននាក់នឹងមានកម្រិតជីវភាពមធ្យមឬប្រសើរជាងនេះ។ តាំងពីឆ្នាំ២០១២មក កំណើនខ្លាំងនៃការនាំចេញទំនិញ បានជួយដល់កំណើនសេដ្ឋកិច្ចវៀតណាម តាមរយៈការបង្កើតការងារ។
«ប្រសិនបើគេឃើញថាផលិតផលណាមួយដែលអាចមានតម្លៃដូចគ្នា ហើយឃើញថាទំនិញមួយមកពីចិន ហើយទំនិញមួយទៀតមកពីជប៉ុន កូរ៉េ ឬប្រទេសផ្សេង អ្នកនឹងដឹងថាគេជ្រើសរើសយកមួយណា»។ នេះជាការលើកឡើងរបស់លោក Oscar Mussons អ្នកស្រាវជ្រាវជាន់ខ្ពស់នៃក្រុមហ៊ុនប្រឹក្សាអាជីវកម្ម Dezan Shira & Associates នៅទីក្រុងហូជីមិញ។ លោកបន្តថា៖ «ជនជាតិវៀតណាមមិនមែនឃើញពួកគេ [ចិន] ជាបងធំនោះទេ តែជាគូប្រកួតប្រជែង»។
លោក Musson បន្តថា៖ «ម្យ៉ាងទៀត នេះក៏បណ្តាលមកពីបញ្ហានាពេលថ្មីៗនេះ ដូចជាចិនបានប៉ះពាល់ទៅលើនិមិត្តរូបជាតិផ្សេងៗ ដូចជាកោះនានានៅសមុទ្រចិនខាងត្បូងជាដើម»។ លោកបានឲ្យដឹងទៀតថា៖ «សម្រាប់ជនជាតិវៀតណាម នេះគឺជាអ្វីមួយដែលគេមិនអាចទទួលយកបាននោះទេ ទោះបីជាអ្នកមិនបានឮជារឿយៗពីវា ឬរដ្ឋាភិបាលមិនបានព្យាយាមធ្វើឲ្យរឿងនេះផ្សព្វផ្សាយជាសាធារណៈក៏ដោយ»។
មន្ត្រីរដ្ឋាភិបាលវៀតណាមព្យាយាមងាកចេញពីជម្លោះនយោបាយជាមួយនឹងចិន ចាប់តាំងពីកុបកម្មប្រឆាំងនឹងរដ្ឋាភិបាលចិនក្នុងឆ្នាំ២០១៤មក ដែលបានសម្លាប់មនុស្សអស់ជាង២០នាក់ និងគំរាមកំហែងធ្វើឲ្យវិនិយោគិនភ័យខ្លាចទៀតផង។ ការបន្តសាងសង់កន្លែងជីកប្រេងរបស់ចិននៅលើដែនសមុទ្រដែលមានជម្លោះបានធ្វើឲ្យមានការផ្ទុះកុបកម្មឡើង។
ទោះជាយ៉ាងណាក៏ដោយ វៀតណាមនៅតែចាត់ទុកចិនជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ខ្លួន។ ការនាំចេញនិងនាំចូលមានតម្លៃជាទឹកប្រាក់សរុបជាង២៥ពាន់លានដុល្លារអាមេរិក នៅក្នុងកំឡុងពេល៤ខែដំបូងនៃឆ្នាំនេះ។ នេះបើតាមការឲ្យដឹងពីសេចក្តីរាយការណ៍របស់សារព័ត៌មានវៀតណាម។ រោងចក្រផលិតនៅវៀតណាមដែលនាំទំនិញចេញទៅក្រៅប្រទេស ក៏ពឹងផ្អែកទៅលើវត្ថុធាតុដើមពីចិនផងដែរ។
បន្ថែមពីលើបញ្ហានយោបាយ អតិថិជនវៀតណាមសង្ស័យយ៉ាងខ្លាំងថាចិនបានបញ្ជូនទំនិញដែលមានគុណភាពអន់មកឲ្យពួកគេប្រើប្រាស់។ ក្រុមហ៊ុនធំៗរបស់ចិន ដែលភាគច្រើនធំជាងក្រុមហ៊ុនរបស់វៀតណាម អាចនាំចូលទំនិញលើសលប់ពីតម្រូវការដើម្បីលក់ក្នុងតម្លៃទាប ដោយសារតែទំហំនៃការផលិតរបស់ពួកគេមានចំនួនច្រើន។
លោក Jason Moy នាយកក្រុមហ៊ុនប្រឹក្សា Boston Consulting Group បានមានប្រសាសន៍ថា៖ «ជាទូទៅ ក្នុងចំណោមប្រជាជនវៀតណាម ផលិតផលរបស់ចិនត្រូវបានគេយល់ថា មានគុណភាពអន់។ ការយល់ឃើញមួយចំនួនគឺជាការពិត ក៏ប៉ុន្តែមួយចំនួនគឺត្រូវបានជំរុញដោយបណ្តាញព័ត៌មានសង្គម និងជាមតិយោបល់ប៉ុណ្ណោះ»។ លោកបានឲ្យដឹងទៀតថា អ្នកមានចំណូលទាបឬមានការអបរ់រំទាប ងាយនឹងជឿលើទស្សនៈទាំងនោះ «ហេតុដូចនេះហើយ ផលិតផលចិនត្រូវបានគេជ្រើសរើសមកប្រើប្រាស់ជាជម្រើសចុងក្រោយ ឬដោយសារគ្មានជម្រើសផ្សេងទៀត»។
ទំនិញដូចជាស្បែកជើង ឧបករណ៍សម្រាប់ក្មេងលេង និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃដែលលក់ដូរតាមព្រំប្រទល់ ភាគច្រើនមានតម្លៃទាប ក៏ប៉ុន្តែសង្ស័យថាជាផលិតផលដែលនាំចូលមកពីចិន។ អ្នកដែលមានចំណូលទាបទិញវាដោយសារតែវាមានតម្លៃថោក។ នេះបើតាមការលើកឡើងរបស់ លោក Le Hong Hiep អ្នកស្រាវជ្រាវនៃវិទ្យាស្ថាន ISEAS Yusof Ishak នៃប្រទេសសិង្ហបុរី។
លោកបន្តទៀតថា ការរៀបចំធ្វើពហិការប្រឆាំងនឹងផលិតផលចិន បន្ទាប់ពីកុបកម្មឆ្នាំ២០១៤ បានទទួលឥទ្ធិពលតិចតួច ពីព្រោះប្រជាជនក្រីក្រមិនមានលទ្ធភាពទិញទំនិញពីកន្លែងផ្សេងទៀត។
ថ្វីបើទូរស័ព្ទទំនើប (ស្មាតហ្វូន) របស់ចិនកំពុងទទួលបានការពេញនិយមក៏ដោយ ក៏នាង Ha បាននិយាយថា នាងធ្លាប់ទិញទូរស័ព្ទដែលផលិតនៅចិនជូនដល់ម្តាយរបស់នាង ពីព្រោះតែងនាងមានលទ្ធភាពទិញត្រឹមតែប៉ុណ្ណឹង។ ប៉ុន្តែនាងថា ទូរស័ព្ទនោះលែងដំណើរការបន្ទាប់ពីប្រើបាន«២ទៅ៣ខែ» ដូច្នេះគ្រួសារនាងបានទិញទូរស័ព្ទមួយគ្រឿងទៀត។ នាងលើកឡើងទៀតថា មានតែស្បែកជើងផ្ទាត់ដែលផលិតដោយចិនទេ ដែលសាកសមនឹងចំណាយលុយទិញ ពីព្រោះវាមានតម្លៃតែប្រហែល១ដុល្លារប៉ុណ្ណោះក្នុងមួយគូ ហើយគេអាចមានលទ្ធភាពទិញនិងផ្លាស់ប្តូរថ្មីក្រោយពីប្រើបានពីរទៅបីដង។ លោក Le មានប្រសាសន៍បន្តថា៖ «ប្រជាជនដឹងអំពីបទដ្ឋានទាប និងគុណភាពអន់នៃផលិតផលចិន។ ខ្ញុំគិតថាហេតុផលមួយក្នុងចំណោមនោះគឺថា ទំនិញទាំងនោះជាទំនិញប្រើប្រាស់ប្រចាំថ្ងៃនិងជាទំនិញធុនតូច ហើយទំនិញទាំងនោះត្រូវបាននាំចូលតាមព្រំដែន គឺមិនមែនតាមរយៈបណ្តាញផ្លូវការដែលជាធម្មតាមានបទបញ្ញត្តិនិងការត្រួតពិនិត្យតឹងរ៉ឹងដើម្បីធានាគុណភាពនោះទេ»។ អ្នកទិញទំនិញដែលមានប្រាក់ចំណូលច្រើនចូលចិត្តផលិតផលជប៉ុន ដោយសារតែវាមានគុណភាពខ្ពស់ ជាពិសេសផលិតផលដែលមានប្រជាប្រិយភាពដូចជាម៉ូតូនិងគ្រឿងអេឡិចត្រូនិកជាដើម។ នេះបើយោងតាមការលើកឡើងរបស់លោក Moy។ រីឯអាហារនិងគ្រឿងអេឡិចត្រូនិករបស់កូរ៉េក៏ទទួលបានការពេញចិត្តពីសំណាក់អ្នកប្រើប្រាស់ផងដែរ៕
ប្រែសម្រួលដោយ ខាន់ សុគុំមនោ