យ៉ាងហោចណាស់មានសមាជិកសំខាន់ពីររូបនៃអង្គការសង្គមស៊ីវិលវៀតណាម ដែលត្រូវបានគេរារាំងមិនឲ្យចូលរួមក្នុងកិច្ចប្រជុំតូចមួយជាមួយនឹងលោកប្រធានាធិបតីអូបាម៉ា កាលពីថ្ងៃអង្គារ ដើម្បីពិភាក្សាអំពីបញ្ហាសិទ្ធិមនុស្សនិងបញ្ហាសង្គមនៅវៀតណាម។
លោកស្រី Doan Trang អ្នកកាសែតដែលបានប្ដូរទៅជាអ្នកសរសេរប្លុកនិងជាសកម្មជនផងនោះបាននិយាយថា លោកស្រីត្រូវបានគេបង្ខាំងឲ្យនៅក្នុងផ្ទះសំណាក់មួយក្នុងខេត្ត Ninh Binh រយៈពេលមួយថ្ងៃ នៅពេលដែលលោកស្រីកំពុងតែធ្វើដំណើរពីទីក្រុងហូជីមិញទៅកាន់ទីក្រុងហាណូយ ដើម្បីជួបជាមួយនឹងលោកអូបាម៉ាតាមការអញ្ជើញរបស់ស្ថានទូតអាមេរិកនៅក្នុងទីក្រុងហាណូយ។
លោកស្រីបានថ្លែងប្រាប់ VOA យ៉ាងដូច្នេះថា «ពួកគេបានប្រាប់ខ្ញុំថា ខ្ញុំត្រូវឃុំខ្លួនដោយសារតែសារដែលខ្ញុំបានបង្ហោះលើបណ្តាញសង្គម Facebook ពាក់ព័ន្ធជាមួយនឹងសេចក្តីរាយការណ៍របស់ខ្ញុំស្តីពីដំណើរការបោះឆ្នោតមិនមានលក្ខណៈប្រជាធិបតេយ្យនៅវៀតណាម។ ពួកគេបានបដិសេធថា មិនបានរារាំងខ្ញុំមិនឲ្យជួបជាមួយនឹងលោកប្រធានាធិបតីអូបាម៉ាទេ ប៉ុន្តែយើងអាចមើលឃើញថា ហេតុអ្វីបានជាពួកគេធ្វើដូច្នេះ។ នៅពេលដែលខ្ញុំប្រាប់ពួកគេថា វាមិនត្រឹមត្រូវនោះទេហើយវាក៏មិនមានលក្ខណៈការទូតដែរក្នុងការធ្វើដូច្នេះ ពួកគេបានប្រាប់ខ្ញុំថា ខ្ញុំអាចប្តឹងពួកគេបាន។ ពួកគេថែមទាំងប្រាប់ខ្ញុំថា វាជារឿងកុហក លោកប្រធានាធិបតី អូបាម៉ា គ្មានគម្រោងនឹងជួបជាមួយសកម្មជននៅក្នុងរបៀបវារៈផ្លូវការរបស់លោកនោះទេ»។
ស្របពេលជាមួយគ្នានេះដែរ លោកបណ្ឌិត Nguyen Quang A ក៏មិនបានមានវត្តមានទៅតាមការអញ្ជើញនោះដែរ ដោយលោកបាននិយាយថា លោកត្រូវបានគេចាប់បញ្ចូលទៅក្នុងរថយន្តមួយគ្រឿង រួចបើកចេញទៅជាយក្រុងហាណូយ រហូតទាល់តែលោក អូបាម៉ា ចាកចេញពីទីក្រុងនេះទៅកាន់ទីក្រុងហូជីមិញ ដែលជាកន្លែងចុងក្រោយបំផុតដែលលោកទៅធ្វើទស្សនកិច្ចផ្លូវរដ្ឋនោះ។
លោក អូបាម៉ា បានជួបជាមួយនឹងសមាជិកអង្គការសង្គមស៊ីវិលវៀតណាមចំនួន៦នាក់ ប៉ុន្តែលោកក៏បានបញ្ជាក់ថា «មានសកម្មជនមួយចំនួនផ្សេងទៀតដែលត្រូវបានអញ្ជើញ ប៉ុន្តែត្រូវបានគេរារាំងមិនឲ្យមកដោយសារតែហេតុផលមួយចំនួន»៕