មន្ត្រីជាន់ខ្ពស់ថៃ បានបញ្ជាក់កាលពីថ្ងៃពុធម្សិលមិញថា ប្រទេសថៃ មានគម្រោងយកថ្លៃទេសចរណ៍ចំនួន ៩ ដុល្លារអាមេរិក ពីភ្ញៀវទេសចរបរទេសម្នាក់ៗចាប់ពីខែមេសាខាងមុខនេះតទៅ ដើម្បីធ្វើការអភិវឌ្ឍតំបន់ទេសចរណ៍ និងដើម្បីចំណាយទៅលើការធានារ៉ាប់រងចំពោះទេសចរបរទេសណាដែលជួបគ្រោះថ្នាក់ និងមិនអាចចេញថ្លៃចំណាយផ្ទាល់ខ្លួនបាន។ នេះ បើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
ប្រទេសថៃ ជាទិសដៅទេសចរណ៍ដ៏ពេញនិយមបំផុតមួយនៅទ្វីបអាស៊ី។ ប្រទេសនេះ បានទទួលរងផលប៉ះពាល់ខ្លាំងលើវិស័យទេសចរណ៍ដោយសារតែការរាតត្បាតនៃជំងឺកូវីដ១៩។ កាលពីឆ្នាំមុន ប្រទេសថៃមានភ្ញៀវទេសចរបរទេសប្រមាណតែ ២០០.០០០ នាក់ប៉ុណ្ណោះ បើប្រៀបធៀបទៅនឹងចំនួនជិត ៤០ លាននាក់ កាលពីឆ្នាំ ២០១៩។
កិច្ចប្រឹងប្រែងនាពេលថ្មីៗនេះដើម្បីស្តារវិស័យទេសចរណ៍ឡើងវិញនៅក្នុងប្រទេសថៃ បានជួបនូវឧបសគ្គ ដោយសារតែការឆ្លងរាលដាលយ៉ាងលឿននៃវីរុសកូវីដ១៩ បំប្លែងថ្មីអូមីក្រុង (Omicron) នៅទូទាំងពិភពលោក។
ប្រធានអាជ្ញាធរទេសចរណ៍ថៃលោក Yuthasak Supasorn បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា៖ «មួយផ្នែកនៃថវិកាដែលយកពីភ្ញៀវទេសចរនេះ គឺសម្រាប់ការថែទាំពួកគេ»។
លោកបានបញ្ជាក់ដូច្នេះថា៖ «យើងបានជួបបញ្ហាក្នុងពេលកន្លងមក នៅពេលដែលភ្ញៀវទេសចរ មិនមានលទ្ធភាពបង់ប្រាក់នៅពេលមានបញ្ហា... ដែលនេះបានក្លាយជាបន្ទុករបស់រដ្ឋាភិបាលថៃក្នុងការថែទាំពួកគេ»។
លោកបានបន្ថែមថា ថវិកាមួយផ្នែកដែលយកពីភ្ញៀងទេសចរនេះ នឹងត្រូវប្រើសម្រាប់ការកែលម្អហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍។
អ្នកនាំពាក្យរដ្ឋាភិបាលថៃលោក Thanakorn Wangboonkongchana បានលើកឡើងថា ប្រទេសថៃ រំពឹងទទួលបានភ្ញៀវទេសចរបរទេសពី ៥ លាន ទៅ ១៥ លាននាក់នៅក្នុងឆ្នាំនេះ អាស្រ័យលើគោលនយោបាយដែលមានស្រាប់នៅក្នុងទីផ្សារទេសចរណ៍ចម្បងរបស់ខ្លួន៕