ការវាយបង្រ្កាបដោយរដ្ឋាភិបាលវៀតណាមមកលើក្រុមបាតុករប្រឆាំងប្រទេសចិនគឺជាការកត់សម្គាល់ការប្រែប្រួលវិធានការក្នុងរឿងពាក់ព័ន្ធនឹងជម្លោះជាមួយរដ្ឋាភិបាលទីក្រុងប៉េកាំង។
ក្រោយពីបានអត់ឱនដល់ការតវ៉ាប្រចាំសប្ដាហ៍នៅមុខស្ថានទូតចិននៅក្នុងទីក្រុងហាណូយ ជាងមួយខែមក រដ្ឋាភិបាលវៀតណាមបានចាត់វិធានការបញ្ឈប់មិនឲ្យមានការដើរតវ៉ា។ នៅថ្ងៃអាទិត្យ ប៉ូលិសបានចាប់បាតុករ១២នាក់ ហើយឃុំខ្លួនជនទាំងនោះអស់រយៈពេលច្រើនម៉ោង។ ការចាប់ខ្លួននោះជាការចាប់ផ្ដើមដំណាក់កាលថ្មីទាក់ទងនឹងជម្លោះជាមួយចិនអំពីដែនទឹកនៅលើសមុទ្រចិនភាគខាងត្បូង។ ចិនទាមទារកម្មសិទ្ធិសឹងតែទាំងអស់នៅលើសមុទ្រ តែវៀតណាមនិងប្រទេសបួនទៀត ក៏បានទាមទារកម្មសិទ្ធិរបស់ខ្លួនដែរ នៅក្នុងតំបន់នោះ រាប់ទាំងកោះ Spratly ដែលសម្បូរទៅដោយធាតុរ៉ែ។
ភាពតានតឹងបានកើនកម្រិតខ្ពស់ កាលពីប៉ុន្មានខែថ្មីៗនេះ ក្រោយពីរដ្ឋាភិបាលក្រុងហាណូយចោទប្រទេសជិតខាងដ៏ធំនេះថា បានបំពានមកលើដែនទឹករបស់ខ្លួន។ រដ្ឋាភិបាលក្រុងប៉េកាំងនិយាយថា កប៉ាល់យួនបានចូលមកក្នុងដែនទឹករបស់ខ្លួនដោយខុសច្បាប់ ហើយធ្វើឲ្យមានគ្រោះថ្នាក់ដល់អ្នកនេសាទចិន។
ភាពតានតឹងបានចុះកម្រិត ចាប់តាំងពីថ្ងៃទី២៥ ខែមិថុនា នៅពេលដែលអនុរដ្ឋមន្ដ្រីការបរទេសវៀតណាម ធ្វើទស្សនកិច្ចក្នុងទីក្រុងប៉េកាំង។ ក្រោយពីទស្សនកិច្ចនោះមក ភាគីទំាងពីរបាននិយាយសង្កត់មកលើភាពចាំបាច់ ដើម្បី“ធ្វើឲ្យមតិសាធារណជនយល់ដឹងអំពីទិសដៅត្រឹមត្រូវ ដើម្បី ចៀសវាង មិនធ្វើឲ្យខូចដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។
Carl Thayer អ្នកជំនាញខាងកិច្ចការអាស៊ីនៃសាកលវិទ្យាល័យNew South Wales ប្រទេសអូស្ត្រាលី ថ្លែងថា ការចាប់បាតុករ កាលពីថ្ងៃអាទិត្យសមស្របតាមគោលការណ៍នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួននោះ។
«ខ្ញុំយល់ថា នៅពេលដែលប្រេសិតពិសេសទៅដល់ប្រទេសចិន ហើយចេញឈ្មោះលោកនៅក្នុងសេចក្ដីប្រកាសព័ត៌មានរួមនោះ វាជាការសមរម្យដែលវៀតណាមបញ្ចុះ ភាពតានតឹង ហើយបញ្ឈប់មិនឲ្យមានបាតុកម្ម។ ការចាប់ខ្លួនធ្វើឡើង នៅពេលក្រោយសប្ដាហ៍ដែលប៉ូលិសខិតខំបំបែកហ្វូងបាតុករ ហើយឲ្យជនទាំងនោះទៅផ្ទះវិញ»។
លោក Thayer និយាយថា ដោយបញ្ឈប់មិនឲ្យមានបាតុកម្មនេះ រដ្ឋាភិបាលក្រុងហាណូយអាចប្រាប់ចិនថា ខ្លួនបំពេញតាមកិច្ចការរបស់ខ្លួនតាមកិច្ចព្រមព្រៀងគ្នានោះហើយ។ តែលោកកត់សម្គាល់ថា រដ្ឋាភិបាលហាណូយអាចបញ្ឈប់ការតវ៉ា នៅពេលមុនវាកើតឡើង។
«ដើម្បីបង្ហាញចំណុចនេះ នៅពេលដែលអាជ្ញាធរមិនចូលចិត្ដក្រុមគ្រិស្ទាន កាតុលិក គេយកយុវជននិងអតីតយុទ្ធជនមកវាយដំជនគ្រិស្ទាននោះ។ នៅក្នុងករណីនេះ អាជ្ញាធរអាចដឹងមុនថា មានការតវ៉ា ហើយប៉ូលិសសន្ដិសុខអាចបញ្ចៀសភ្លាមៗមិនឲ្យមានការដើរតវ៉ា»។
អ្នកជំនាញខាងកិច្ចការអាស៊ីដទៃទៀតនិយាយថា ហាណូយប្រហែលជាបានអត់ឱន ឬលើកទឹកចិត្ដឲ្យមានបាតុកម្ម ដែលអាចត្រួតត្រាបាន ដើម្បីចៀសវាងមិនឲ្យភាពតានតឹងកើនកាន់តែខ្លាំងជាមួយចិន។ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមបានបដិសេធការចោទប្រកាន់ដូច្នោះ។
«ដូចខ្ញុំបាននិយាយនៅក្នុងសន្និសីទកាសែតពីមុនហើយថា នេះជាការឆ្លើយតបរបស់ប្រជាពលរដ្ឋវៀតណាម ទៅនឹងរឿងជម្លោះនៅលើដែនទឹកនៃសមុទ្រខាងកើត»។
លោក Thayer និយាយថា ដូចគ្នាដែរ ចិនក៏បានប្ដូរកលល្បិចរបស់ខ្លួនដោយព្យាយាមសម្របសម្រួលគ្នា។
«នៅពេលនេះ ចិនញញឹម ហើយខិតខំប្រើភាសាការទូត ដើម្បីធ្វើឲ្យស្ថានការណ៍រលូនឡើង។ នេះជាការផ្លាស់ប្ដូរកលល្បិច»។
លោក Thayer កត់សម្គាល់ថា ភាគីទាំងពីរកំពុងចាំមើលទំនាក់ទំនងរបស់ស.រ.អា.ជាមួយសមាគមប្រទេសអាស៊ីអគ្នេយ៍ ។ ប្រទេសបួននៃសមាគមអាស៊ានបានទាមទារកម្មសិទ្ធិលើដែនសមុទ្រចិនភាគខាងត្បូង៕
ប្រែសម្រួល ដោយអ៊ូ ធួក