ដោយសារតែសម្ពាធពីមន្ត្រីកំពូលៗអូស្ត្រាលី រដ្ឋាភិបាលវៀតណាមនៅថ្ងៃព្រហស្បតិ៍នេះបានលុបចោលនូវការហាមប្រាមភ្លាមៗរបស់ខ្លួនកាលពីពីរថ្ងៃមុនមិនឲ្យក្រុមទាហានជើងចាស់អូស្ត្រាលីប្រារព្ធខួបលើកទី៥០នៃការប្រយុទ្ធតស៊ូនៅក្នុងប្រទេសវៀតណាមកាលពីសម័យសង្គ្រាមវៀតណាម។
ទាហានជើងចាស់អូស្ត្រាលីច្រើនជាង១ពាន់នាក់ និងក្រុមគ្រួសាររបស់ពួកគេបានធ្វើដំណើរទៅកាន់ប្រទេសវៀតណាមដើម្បីប្រារព្ធខួបនៃការប្រយុទ្ធតស៊ូនៅក្នុងសមរភូមិ Long Tan ដែលគ្រោងនឹងធ្វើនៅថ្ងៃព្រហស្បតិ៍ស្អែកនៅជិតភូមិ Long Tan ខេត្ត Phuoc Tuy ដែលនៅទីនោះ ទាហានអូស្ត្រាលី១៨នាក់ រួមទាំងទាហានវៀតណាមខាងជើង និងទាហានវៀតកុងជាច្រើនរយនាក់ផ្សេងទៀតបានស្លាប់នៅក្នុងចម្ការកៅស៊ូមួយកន្លែងកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ១៩៦៦។
នៅថ្ងៃព្រហស្បតិ៍នេះ ក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលីបានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសមួយថា មានតែមនុស្សជាក្រុមតូចៗតែប៉ុណ្ណោះដែលវៀតណាមអនុញ្ញាតឲ្យចូលទៅកាន់កន្លែងប្រារព្ធពិធីនោះ ប៉ុន្តែអ្នកទាំងនោះត្រូវគេហាមមិនឲ្យពាក់មេដាយគ្រឿងឥស្សរិយយស និងឯកសណ្ឋាន និងកាន់បដា ឬទង់ជាតិនៅកន្លែងប្រារព្ធពិធីនោះទេ។
ក្នុងមួយក្រុមៗមានមនុស្ស៥០នាក់ ដែលក្រុមនីមួយៗបានផ្លាស់វេនគ្នាចូលទៅកាន់កន្លែងប្រារព្ធពិធីនោះ ហើយក្រុមនីមួយៗត្រូវបានអនុញ្ញាតឲ្យនៅកន្លែងនោះមិនឲ្យលើស១៥នាទីទេ។
លោករដ្ឋមន្ត្រីក្រសួងកិច្ចការអតីតយុទ្ធជនអូស្ត្រាលី Dan Tehan បានប្រាប់បណ្ដាញទូរទស្សន៍ Nine Network អូស្ត្រាលីថា៖ «ក្ដីសង្ឃឹមរបស់ពួកយើងនាពេលឥឡូវនេះ គឺថាអតីតទាហានរបស់យើង និងក្រុមគ្រួសាររបស់ពួកគេអាចមានលទ្ធភាពធ្វើដំណើរទៅកាន់កន្លែងប្រារព្ធពិធីនោះ និងធ្វើការគោរពចំពោះទាហានដែលបានស្លាប់ និងទាហានទាំងអស់ដែលបានប្រយុទ្ធនៅក្នុងសង្គ្រាមវៀតណាមដោយសេចក្ដីថ្លៃថ្នូរ និងកិត្តិយស»។
នៅថ្ងៃព្រហស្បតិ៍នេះដែរ អតីតទាហានជាច្រើនរយនាក់ និងក្រុមគ្រួសាររបស់ពួកគេបានប្រមូលផ្ដុំគ្នានៅក្នុងរដ្ឋធានីប្រទេសអូស្ត្រាលី ដើម្បីប្រារព្ធខួបនេះដែរនៅឯកន្លែងរំឭកវិញ្ញាណក្ខន្ធទាហានអូស្ត្រាលីដែលស្លាប់នៅក្នុងសម័យសង្គ្រាមវៀតណាម។
ប្រទេសអូស្ត្រាលីបានបញ្ជូនទាហានច្រើនជាង៦ម៉ឺននាក់ទៅកាន់ប្រទេសវៀតណាមនៅរវាងឆ្នាំ១៩៦២ និងឆ្នាំ១៩៧៣ ដែលក្នុងនោះ ទាហានចំនួន៥២១បានស្លាប់នៅក្នុងសង្គ្រាមវៀតណាម៕