សេដ្ឋកិច្ចវៀតណាមកំពុងងើបចេញពីការធ្លាក់ចុះជាសកល មួយផ្នែកធំដោយសារកញ្ចប់ថវិកាជួយសង្គ្រោះរបស់រដ្ឋាភិបាល។ ប៉ុន្តែ ដូចដែល Ron Corben រាយការណ៍មកពីទីក្រុងបាងកកថា សេដ្ឋវិទូនិយាយថា ប្រទេសនេះនៅតែប្រឈមទៅនឹងបញ្ហាលំបាកជាច្រើនទៀត ដោយរាប់បញ្ចូលទាំងអតិផរណា និងការព្រួយបារម្ភអំពីអំពើពុករលួយ និងការគ្រប់គ្រងរបស់រដ្ឋាភិបាល។
សេដ្ឋកិច្ចវៀតណាមមានសភាពរស់រវើក ហើយបក្សកុម្មុយនីស្តបានកំណត់ទិសដៅនៃកំណើនជាមធ្យមចំនួន៨ភាគរយក្នុងមួយឆ្នាំៗ សម្រាប់រយៈពេល៥ឆ្នាំខាងមុខទៀត។ ក្រសួងផែនការ និងវិនិយោគ (Ministry of Planning and Investment) រំពឹងថាសេដ្ឋកិច្ចនឹងមានកំណើន៧,៥ភាគរយនៅឆ្នាំ២០១១ ដោយកើនឡើងពី៦,៥ភាគរយនៅឆ្នាំនេះ។
លោកដានី អាមស្ត្រង (Danny Armstrong) ជានាយកធនាគារខមិនវ៉េលរបស់អូស្រ្តាលី (Australia's Commonwealth Bank) ប្រចាំនៅវៀតណាម។ លោកមានប្រសាសន៍ថា សេដ្ឋកិច្ចនេះបានពុះពារឆ្លងកាត់ស្ថានភាពដ៏ធ្ងន់ធ្ងរនៃការធ្លាក់ចុះជាសកល។
«ប្រសិនបើអ្នកពិចារណាទៅលើអ្វីដែលយើងទើបតែបានឆ្លងកាត់ ដែលជាស្ថានភាពហិរញ្ញវត្ថុសកលដ៏ធ្ងន់ធ្ងរបំផុតក្នុងរយៈពេល៨០ឆ្នាំនេះ សេដ្ឋកិច្ចវៀតណាមបានរីកចម្រើនក្នុងកម្រិត ៥,៣ភាគរយ កាលពីឆ្នាំមុន ខណៈដែលសេដ្ឋកិច្ចនៃប្រទេសជាច្រើនគឺ ប្រទេសមានសេដ្ឋកិច្ចរីកលូតលាស់ភាគច្រើនកំពុងដើរថយក្រោយ ខ្ញុំសូមស្នើឡើងថា ទស្សនៈវិស័យនៃការរីកលូតលាស់មានលក្ខណៈភ្លឺថ្លាគួរសម»។
រដ្ឋាភិបាលបានដាក់ចេញនូវកញ្ចប់ថវិការជួយសង្គ្រោះចំនួន៨,៥ពាន់លានដុល្លារ ដើម្បីកាត់បន្ថយការខូចខាត ដែលបណ្តាលមកពីវិបត្តិហិរញ្ញវត្ថុសកលលោក ក្នុងឆ្នាំ២០០៨។ ហើយអាជ្ញាធររូបិយវត្ថុ បានបញ្ចុះតម្លៃរូបិយប័ណ្ណ គឺប្រាក់ដុង (dong) ដែលធ្វើឲ្យការនាំចេញកាន់តែមានភាពប្រកួតប្រជែងនៅឯបរទេស។
លោកអាយុមី កូនីស្សី (Ayumi Konishi) បច្ចុប្បន្នជានាយកធនាគារអភិវឌ្ឍន៍អាស៊ី (Asian Development Bank) បានថ្លែងថា កញ្ចប់ថវិការជួយសង្គ្រោះបានដើរតួនាទីដ៏សំខាន់ក្នុងការទប់ស្កាត់ការធ្លាក់ចុះសេដ្ឋកិច្ច។ លោកកូនីស្សី បានបន្ថែមទៀតថា វាដល់ពេលហើយសម្រាប់ការចាប់ផ្តើមឈប់ជួយទ្រទ្រង់ដោយធ្វើបន្តិចម្តងៗ។
«រដ្ឋាភិបាលគួរតែមានលទ្ធភាពបញ្ឈប់បនិ្តចម្តងៗនៅក្នុងដំណាក់កាលទីមួយ នៃកញ្ចប់ថវិកាជួយសង្គ្រោះនេះ។ កិច្ចការនោះពិតជាធ្វើបាននូវអ្វីដែលគេមានបំណងចង់ធ្វើហើយ។ រឿងសំខាន់នោះគឺថាកញ្ចប់ថវិកាជួយសង្គ្រោះ ក៏រាប់បញ្ចូលឲ្យបានច្រើននូវសមាមាត្រយ៉ាងធំធេងសម្រាប់គាំទ្រដល់ហេដ្ឋារចនាសម្ព័ន្ធ ឬការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ»។
មនុស្សជាច្រើននៅក្នុងផ្នែកជំនួញ និយាយថា រដ្ឋាភិបាលត្រូវតែផ្តោតទៅលើការធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធប្រសើរឡើង។ ផ្លូវថ្នល់ កំពង់ផែ និងរោងចក្រអគ្គិសនី មិនអាចបំពេញបានតាមការទាមទារដែលចេះតែកើនឡើងនៅឡើយទេ។
លោកអាមស្ត្រង នៃធនាគារខមិនវ៉េល និយាយថា បញ្ហានេះជារឿងធំមួយសម្រាប់ការធ្វើជំនួញ។
«ខ្ញុំហ៊ានទាយថា ការត្អូញត្អែរសំខាន់ជាងគេ គឺលើបញ្ហាឋាមពលអគ្គិសនីមានមិនទៀងទាត់ កាលពីឆ្នាំមុន ឬពីរឆ្នាំមុន។ មានការអត្ថាធិប្បាយយ៉ាងច្រើនអំពីរឿងនេះនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ ហើយក៏នៅមានសេចក្តីត្រូវការធ្វើឲ្យកំពង់ផែប្រសើរឡើង។ ចំពោះផ្លូវថ្នល់វិញ? ជាការពិតណាស់ នៅទីក្រុងហូជីមិញ ប្រសិនបើអ្នកក្រឡេកមើលទៅលើចរាចរណ៍នៅតាមដងផ្លូវវិញហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់កំពុងរីកចម្រើនបន្តិចដែរ ប៉ុន្តែហេដ្ឋារចនាសម្ព័ន្ធស្ថិតនៅលើកំណាត់ផ្លូវដ៏វែងឆ្ងាយទៀតដែលត្រូវធ្វើការកែលម្អ”។
វៀតណាមកំពុងធ្វើកិច្ចការនេះហើយ។ រោងចក្រអគ្គិសនីថ្មីដើរដោយថាមពលធ្យូងថ្មចំនួន៣០កន្លែងត្រូវបានរំពឹងថា នឹងចាប់ផ្តើមដំណើរការ នាពេលឆាប់ៗខាងមុខនេះ ហើយមានផែនការសាងសង់ច្រើនថែមទៀត។
ប៉ុន្តែវិធានការមួយចំនួនរបស់រដ្ឋាភិបាលនាំឲ្យមានការព្រួយបារម្ភផ្សេងៗទៅវិញ។ សេចក្តីសម្រេចចិត្តក្នុងការបញ្ចុះតម្លៃប្រាក់ដុង បាននាំឲ្យមានការព្រួយបារម្ភទៅលើអតិផរណា។ ខណៈដែលសេចក្តីសម្រេចចិត្តនេះ សំដៅបង្កើនការនាំចេញ រូបិយប័ណ្ណដ៏ទន់ខ្សោយបានធ្វើឲ្យការនាំចូលមានតម្លៃខ្ពស់។
ហើយដូចបណ្តាប្រទេសមានសេដ្ឋកិច្ចងើបឡើងដទៃទៀតដែរ វៀតណាមបានមើលឃើញប្រាក់ទុនបានហូរចូលយ៉ាងឆាប់រហ័សទៅក្នុងទីផ្សាររបស់ខ្លួន ដោយចេញពីប្រទេសដែលមានការរីកចម្រើនយឺតជាង។
ឧទាហរណ៍ តម្លៃអចលនៈទ្រព្យបានស្ទុះឡើងថ្លៃយ៉ាងលឿន កាលពីឆ្នាំមុន ដោយបានបន្ថែមការព្រួយបារម្ភពីការឡើងហួសពីតម្លៃពិត។
លោកណាហ្គេស កុមា (Nagesh Kumar) ជាប្រធានសេដ្ឋវិទូនៃគណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចរបស់អង្គការសហប្រជាជាតិ (United Nations Economic and Social Commission) ប្រចាំនៅតំបន់អាស៊ី និងប៉ាស៊ីហិ្វក។ លោកនិយាយថា ការហូរចូលនេះបានឆ្លុះបញ្ចាំងពីតម្លៃអចលនៈទ្រព្យដែលកើនឡើង នៅកន្លែងផ្សេងៗនៅអាស៊ី ដោយរាប់បញ្ចូលទាំងប្រទេសចិន ឥណ្ឌា និងឥណ្ឌូនេស៊ីផង។
«នេះជាបញ្ហាមួយ ដែលកំពុងប៉ះពាល់ដល់ប្រទេសមានសេដ្ឋកិច្ចងើបឡើងថ្មីៗ នៅអាស៊ីភាគច្រើនបំផុត។ នេះគឺដោយសារតែវិបត្តិ ដែលតម្រូវឱ្យមានការបញ្ចូលបន្ថែមនូវទំនិញសម្រាប់ដោះដូរយករូបិយប័ណ្ណ នៅទូទាំងពិភពលោក ហើយឥឡូវនេះ បញ្ហាទាំងនោះកំពុងរកផ្លូវចូលមកក្នុងប្រទេសមានសេដ្ឋកិច្ចរីកម្រើនរបស់អាស៊ី ដោយសារប្រទេសទាំងនេះកំពុងដំណើរការយ៉ាងល្អ។ ដោយសារតែលំហូរប្រាក់ទុនទាំងនេះហើយ ទើបតម្លៃទ្រព្យសម្បត្តិនិងទីផ្សារភាគហ៊ុនកំពុងកើនឡើងដែរ»។
ក្រសួងសំណង់របស់វៀតណាម បានឲ្យដឹងថា ឆ្នាំនេះ ផ្នែកអចលនៈទ្រព្យមានចំនួនប្រហែល២២ភាគរយ នៃការវិនិយោគផ្ទាល់ពីបរទេសទាំងអស់នៅក្នុងប្រទេសនេះ។
អ្នកវិភាគជំនួញ ដូចជាលោកអាមស្ត្រងនៃធនាគារខមិនវ៉េល និយាយថា វៀតណាមបានទទួលផលប្រយោជន៍ពីតម្លៃដែលចេះតែកើនឡើងនៅប្រទេសចិន ដែលបង្ខំឲ្យក្រុមហ៊ុនមួយចំនួនផ្លាស់ប្តូរប្រតិបត្តិការរបស់ខ្លួន។
«ប្រសិនបើមិនចង់ឃើញស៊ុតទាំងអស់របស់អ្នកនៅក្នុងកញ្ជើរបស់ចិនទេ (ដែលមានន័យថាប្រសិនបើអ្នកមិនចង់ដាក់ការវិនិយោគទាំងអស់របស់អ្នកនៅប្រទេសចិនទេ) ដូច្នេះត្រូវចាត់ទុកវៀតណាមថាជាជម្រើសមួយ ដែលមានកម្លាំងពលកម្មថោកប៉ុន្តែក្មេងៗ ហើយអាចបណ្តុះបណ្តាលបានទៀតផង បើតាមការប្រៀបធៀបទៅ ព្រមទាំងមានស្ថិរភាពនយោបាយ និងមានលក្ខខណ្ឌវិនិយោគដ៏អនុគ្រោះ និងការធ្វើបដិសណ្ឋារកិច្ចដ៏កក់ក្តៅចំពោះការវិនិយោគពីបរទេស»។
ការវិនិយោគបរទេសជារួមកំពុងងើបឡើងវិញយ៉ាងយឺតៗ បន្ទាប់ពីការធ្លាក់ចុះក្នុងអំឡុងពេលមានការធ្លាក់ចុះជាសកល។ ក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំនេះ ការវិនិយោគផ្ទាល់ពីបរទេសមានចំនួន១២ភាគរយ ទាបជាងការវិនិយោគពីឆ្នាំមុន ក្នុងទឹកប្រាក់ចំនួន១១ពាន់លានដុល្លារ ដែលស្ថិតនៅក្រោមទិសដៅរបស់រដ្ឋាភិបាលសម្រាប់ឆ្នាំ២០១០ ដែលត្រូវមានទឹកប្រាក់ចំនួន២២ពាន់លានដុល្លារ។ វិនិយោគិនសំខាន់ៗរបស់វៀតណាមមកពីតៃវ៉ាន់ កូរ៉េខាងត្បូង ជប៉ុន ម៉ាឡេស៊ី និងសឹង្ហបូរី ព្រមទាំងសហរដ្ឋអាមេរិក និងអឺរ៉ុប។
វិនិយោគិនបរទេសមួយចំនួនមានការព្រួយបារម្ភ ដោយសារតែទីភ្នាក់ងារវាយតម្លៃអត្រាឥណទានអន្តរជាតិឈ្មោះហ្វីជ (Fitch) បានទំលាក់ចំណាត់ថ្នាក់របស់វៀតណាម។ ហ្វីជបានសំអាងលើហេតុផលដូចជា គោលនយោបាយមិនស្របគ្នារបស់រដ្ឋ ហិរញ្ញវត្ថុខាងក្រៅ និងធនាគារក្នុងស្រុកយ៉ាងទន់ខ្សោយ ក្នុងការទម្លាក់ចំណាត់ថ្នាក់នេះ។
បើតាមការស្ទាបស្ទង់មតិក្នុងតំបន់ វិនិយោគិនបរទេសក៏បានសម្តែងនូវការព្រួយបារម្ភទៅលើអំពើពុករលួយ និងកម្មសិទ្ធិបញ្ញានៅវៀតណាម។ លើសពីនេះទៀត ពួកគេនិយាយថា ច្បាប់ធ្វើជំនួញដ៏ស្មុគស្មាញរបស់វៀតណាម បានធ្វើឲ្យថមថយដល់ការទាក់ទាញវិនិយោគិនផងដែរ៕
ប្រែសម្រួលដោយលោក លី សុខឃាង