ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

ទីក្រុង​ហូជីមិញ​ស្ថិត​ក្រោម​បម្រាម​គោចរ​ពេល​យប់ ខណៈ​ករណី​ឆ្លង​ជំងឺ​កូវីដ​កើន​ឡើង​នៅ​វៀតណាម


រូបឯកសារ៖ បុរស​ម្នាក់ដែល​​រស់​នៅ​ក្នុង​តំបន់​បិទខ្ទប់​ទទួល​ម្ហូប​អាហារ​តាមរបង ក្នុង​ពេល​រដ្ឋាភិបាល​អនុវត្ត​វិធានការ​​បិទខ្ទប់​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១។

ប្រជាពលរដ្ឋ​ជាង​១០​លាន​នាក់​រស់នៅ​ក្នុង​ទីក្រុង​ហូជីមិញ ​ត្រូវ​ស្ថិត​ក្រោម​បម្រាម​គោចរ​ពេល​យប់​ចាប់​ពី​ថ្ងៃ​ច័ន្ទ​ត​ទៅ ដែល​នេះ​គឺ​ជា​ចំណាត់ការ​មិន​ធ្លាប់​មាន​ពី​មុន​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាតត្បាត​ជំងឺ​កូវីដ១៩ ដោយសារ​តែ​វៀតណាម​កំពុង​តែ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​កើន​ឡើង​ករណី​ឆ្លង​ជំងឺ​កូវីដ១៩។ នេះ​បើ​យោង​តាម​សេចក្ដីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

បន្ទាប់​ពី​បាន​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​កូវីដ១៩​ដោយ​ជោគជ័យ​កាល​ពី​ឆ្នាំ​មុន ប្រទេស​កុម្មុយនីស្ត​វៀតណាម​ឥឡូវ​នេះ​កំពុង​តែ​មាន​ករណី​ឆ្លង​និង​ស្លាប់​ដោយសារ​ជំងឺ​កូវីដ ១៩​ខ្ពស់​ដែល​បង្ក​ឡើង​ដោយ​វីរុស​ជំងឺ​កូវីដ១៩ដែលតា។

តំបន់​ដែល​រង​ផល​ប៉ះពាល់​ខ្លាំង​បំផុត​គឺ​មជ្ឈមណ្ឌល​ឧស្សាហកម្ម​នៅ​ភាគ​ខាង​ជើង​ និង​ទីក្រុង​ហូជីមិញ​នៅ​ភាគ​ខាង​ត្បូង ដែល​បាន​កត់ត្រា​ករណី​ឆ្លង​ជាង៦ម៉ឺន២ពាន់​ករណី​ចាប់​តាំង​ពី​ខែ​មេសា​មក ដែល​ធ្វើ​ឲ្យ​ករណី​ឆ្លង​សរុប​នៅ​ក្នុង​ប្រទេស​កើន​ឡើង​ដល់​ជាង១សែន១ពាន់​ករណី។

អាជ្ញាធរ​បាន​ដាក់​កម្រិត​លើ​ការ​ធ្វើ​ដំណើរ​នៅ​ក្នុង​ទីក្រុង​ហូជីមិញ​ដែល​ជា​តំបន់​ពាណិជ្ជ កម្ម​នេះ​រហូត​រយៈពេល​ជាង​ពីរ​ខែ និង​បាន​ធ្វើ​ការ​បិទខ្ទប់​កាល​ពី​ដើម​ខែ​កក្កដា។ ប្រជាពលរដ្ឋត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចាកចេញ​ពី​ផ្ទះ​តែ​ក្នុង​ករណី​ដែល​ត្រូវ​ការ​ម្ហូបអាហារ និង​ថ្នាំ​ពេទ្យ​តែ​ប៉ុណ្ណោះ។

ប៉ុន្តែ​ចាប់​ពី​ថ្ងៃ​ច័ន្ទ​ត​ទៅ ការ​ដាក់​កម្រិត​ឲ្យ​ស្នាក់នៅ​ក្នុង​ផ្ទះ​នឹង​ត្រូវ​អនុវត្ត​ពី​ម៉ោង​៦ល្ងាច​ដល់​ម៉ោង​៦​ព្រឹក បើ​ទោះ​ជា​អាជ្ញាធរ​បាន​បដិសេធ​មិន​ប្រើ​ពាក្យ​«បម្រាម​គោចរ»​ក៏​ដោយ។ នៅ​មិន​ទាន់​មាន​កាល​បរិច្ឆេទ​ច្បាស់លាស់​អំពី​ការ​បញ្ចប់​វិធានការ​រឹតត្បិត​នេះ​នោះ​ទេ។

នា​ពេល​បច្ចុប្បន្ន​នេះ ប្រជាពលរដ្ឋ​វៀតណាម​ជាង​១ភាគ​៣​ក្នុង​ចំណោម​ប្រជាជន​សរុប​ចំនួន​ជាង​១០០​លាន​នាក់​កំពុង​រស់នៅ​ក្នុង​តំបន់​បិទខ្ទប់​ ដោយ​រួម​ទាំង​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​រដ្ឋធានី​ហាណូយ​នៅ​ភាគ​ខាង​ជើង​ផង​ដែរ៕

XS
SM
MD
LG