ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វៀតណាម​បញ្ជាក់​ថា ការផ្ទុះ​ការឆ្លង​ជំងឺ​កូវីដ១៩​ចុងក្រោយ​បង្អស់​មាន​វត្តមាន​វីរុស​វិវត្តន៍​ថ្មី​មក​ពី​អង់គ្លេស ដែល​ឆ្លង​ខ្លាំង​ជាង​មុន


រូបឯកសារ៖ ប៉ូលិស​ម្នាក់ ពាក់ម៉ាស​ការពារ​ឈរ​នៅ​ពី​មុខ​មណ្ឌល​សន្និបាត​ជាតិ​ដែល​ជា​កន្លែង​សម្រាប់​ធ្វើ​សមាជជាតិ​លើក​ទី១៣ នៃ​គណបក្ស​កុម្មុយនិស្ត​វៀតណាម​នៅក្នុង​ទីក្រុង​ហាណូយ​នៃ​ប្រទេស​វៀតណាម នៅ​ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១។
រូបឯកសារ៖ ប៉ូលិស​ម្នាក់ ពាក់ម៉ាស​ការពារ​ឈរ​នៅ​ពី​មុខ​មណ្ឌល​សន្និបាត​ជាតិ​ដែល​ជា​កន្លែង​សម្រាប់​ធ្វើ​សមាជជាតិ​លើក​ទី១៣ នៃ​គណបក្ស​កុម្មុយនិស្ត​វៀតណាម​នៅក្នុង​ទីក្រុង​ហាណូយ​នៃ​ប្រទេស​វៀតណាម នៅ​ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១។

រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​វៀតណាម​ បាន​គូស​បញ្ជាក់​កាល​ពី​ថ្ងៃ​អង្គារ​ម្សិល​មិញ​នេះ​ថា ការ​រក​ឃើញ​ថ្មី​នូវ​ការ​ផ្ទុះ​ឡើង​នៃ​ការ​ឆ្លង​វីរុស​កូរ៉ូណា​ ដែល​បាន​ឆ្លង​ដល់​មនុស្ស​ចំនួន២៧៦នាក់​ និង​បាន​ឆ្លង​រាតត្បាត​ទៅ​ដល់​ខេត្ត​និង​ក្រុង​ចំនួន​១០​នៅ​ក្នុង​ប្រទេស​វៀតណាម​នោះ​ គឺ​ជា​វីរុស​កូរ៉ូណា​វិវត្តន៍​ថ្មី​ដែល​មាន​លក្ខណៈ​ឆ្លង​ខ្លាំង ហើយ​ដែល​ត្រូវ​បាន​គេ​រក​ឃើញ​ដំបូង​នៅ​ក្នុង​ប្រទេស​អង់គ្លេស​។

ចាប់​តាំង​ពី​វីរុស​កូរ៉ូណា​នេះ​ឆ្លង​រាតត្បាត​ឡើង​វិញ​ក្នុង​រយៈ​ពេល​៦​ថ្ងៃ​កន្លងទៅ​ នៅ​ក្នុង​ខេត្ត Hai Duong ដែល​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​វៀតណាម​ តំបន់​នោះ​បាន​ស្ថិតក្នុង​ស្ថានភាពគ្រប់​គ្រង​បាន។ ​នេះ​បើ​តាម​សេចក្តីថ្លែង​ការណ៍​មួយ​របស់​រដ្ឋាភិបាល​វៀតណាម​ ដែល​បាន​ស្រង់​សម្តីរដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​លោក ​Nguyen Thanh Long។

​រដ្ឋមន្ត្រី​សុខាភិបាល​វៀតណាម​ បាន​ថ្លែងក្នុង​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី​ថា៖ «ការ​វិភាគ​ត្រួតពិនិត្យ​បង្ហាញ​ថា​ អ្នក​ជំងឺ​ថ្មីៗ​ដែល​ត្រូវ​បាន​រក​ឃើញ​ចំនួន​១២​នាក់ ក្នុង​ចំណោម​អ្នក​ជំងឺ​២៧៦​នាក់​ បាន​ឆ្លង​វីរុស​កូរ៉ូណា​វិវត្តន៍​ថ្មី​ ដែល​គេ​បាន​រក​ឃើញ​នៅ​ក្នុង​ប្រទេស​អង់គ្លេស​។ ទោះ​ជា​យ៉ាង​នេះក្តី​ ប្រភព​ដែល​បណ្តាល​ឲ្យ​មាន​ការ​ផ្ទុះ​រាល​ដាល​ឆ្លង​នេះ​ នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​នោះ​ទេ។ យើង​ត្រូវ​អនុវត្ត​គោលការណ៍​ពាក់​ម៉ាស់​ឲ្យ​បាន​ហ្មត់ចត់»។

​ការ​ធ្វើ​តេស្ត​ក្នុង​ទ្រង់​ទ្រាយ​ធំ​ និង​ការអនុវត្ត​គម្លាត​សង្គម​បានតឹងរ៉ឹង បាន​ធ្វើ​ឲ្យ​ប្រទេស​វៀតណាម​ មាន​ចំនួន​អ្នក​ឆ្លងជំងឺ​កូវីដ​១៩ ក្នុង​កម្រិត​ទាប​ ត្រឹម​តែ​ចំនួន​ប្រមាណ​ ១៨៥១​ ករណី និង​មានអ្នក​ស្លាប់​ដោយ​សារ​ជំងឺ​នេះ​ចំនួនត្រឹម​តែ​៣៥​នាក់​ប៉ុណ្ណោះ។ វៀតណាម​ទទួល​បាន​ការ​កោត​សរសើរ​ជុំវិញ​ពិភពលោក​ ថា​ជា​ប្រទេស​មួយ​ ដែល​មានការ​ឆ្លើយ​តប​ប្រកប​ដោយ​ជោគ​ជ័យ​ ក្នុង​ការ​ទប់​ទល់​ការ​រាតត្បាត​ជំងឺ​កូវីដ​១៩។

រដ្ឋធានី​ហាណូយ​ នឹង​ចាត់​វិធាន​ការ​បន្ថែម​ទៀត​ ដើម្បី​ទប់​ទល់​នឹង​ការ​ឆ្លង​វីរុស​កូរ៉ូណា​នេះ។ ​ក្រសួង​សុខាភិបាល​វៀតណាម​ នឹង​គាំទ្រទីក្រុង​នេះ​ ក្នុងការ​បង្កើនសមត្ថភាព​ធ្វើ​តេស្ត​រក​មើល​វីរុស​កូរ៉ូណា​ ​ឲ្យ​បាន​ចំនួន​៤ម៉ឺន​នាក់​ក្នុង​មួយ​ថ្ងៃ​។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​រូប​នេះ។​

ប្រទេស​វៀតណាម​ បាន​ផ្តល់​ការ​យល់​ព្រម​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩​ របស់​ក្រុម​ហ៊ុន AstraZeneca​ កាល​ពី​ថ្ងៃ​សៅរ៍ បន្ទាប់​ពី​នាយក​រដ្ឋមន្ត្រីវៀតណាម​ថ្លែង​ថា ប្រទេសវៀតណាម​ ត្រូវ​មាន​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ក្នុង​ត្រីមាស​ទី​១​ ក្នុង​ឆ្នាំ​នេះ​។ រដ្ឋាភិបាល​វៀតណាម​បាន​និយាយ​ក្នុង​ពេល​កន្លង​ទៅ​ថា​ ខ្លួន​កំពុង​ចរចា​ដើម្បី​ទិញ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ ចំនួន​៣០​លាន​ដូស​៕

XS
SM
MD
LG