ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​វេណេស៊ុយអេឡា​ត្រូវ​គេ​រំពឹង​ថា​នឹង​ឈ្នះ​ការ​បោះ​ឆ្នោត​នៅ​អាណត្តិ​ទី​ពីរ​ជា​បន្ត​ទៀត


ប្រធានាធិបតី​វេណេស៊ុយអេឡា​ Nicolas Maduro លើកដៃបង្ហាញ​សញ្ញា​ជ័យ​ជម្នះ​បន្ទាប់ពីកិច្ច​ប្រជុំ​ជាមួយ​អតីតនាយករដ្ឋមន្រ្តី​អេស្ប៉ាញ​ Jose Luis Rodriguez Zapatero នៅ​វិមាន​ប្រធានាធិបតី​ក្នុង​ទីក្រុង​ Caracas ប្រទេស​វេណេស៊ុយ​អេឡាកាលពី​ថ្ងៃទី​១៨ ឧសភា ឆ្នាំ ២០១៨។
ប្រធានាធិបតី​វេណេស៊ុយអេឡា​ Nicolas Maduro លើកដៃបង្ហាញ​សញ្ញា​ជ័យ​ជម្នះ​បន្ទាប់ពីកិច្ច​ប្រជុំ​ជាមួយ​អតីតនាយករដ្ឋមន្រ្តី​អេស្ប៉ាញ​ Jose Luis Rodriguez Zapatero នៅ​វិមាន​ប្រធានាធិបតី​ក្នុង​ទីក្រុង​ Caracas ប្រទេស​វេណេស៊ុយ​អេឡាកាលពី​ថ្ងៃទី​១៨ ឧសភា ឆ្នាំ ២០១៨។

ប្រធានាធិបតី​វេណេស៊ុយអេឡា​លោក Nicolas Maduro កំពុង​ស្វែង​រក​ការ​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​នៅ​អាណត្តិ​ទី​ពីរ​ដែល​មាន​រយៈពេល ៦ ឆ្នាំ​ជា​បន្ត​ទៀត នៅ​ក្នុង​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​អាទិត្យ​នេះ។ ការ​បោះ​ឆ្នោត​នេះ​ត្រូវ​បាន​គណបក្ស​ប្រឆាំង​ធ្វើ​ពហិការ​មិន​ចូលរួម​ប្រកួត​ដោយ​ចាត់ទុក​ថា​ជា «ពិធី​តែងតាំង‍» មេដឹកនាំ​ផ្ដាច់ការ​មួយ​រួប ហើយ​ក៏​ត្រូវ​បាន​សហគមន៍​អន្តរជាតិ​ភាគ​ច្រើន​ថ្កោលទោស​ផង​ដែរ។

លោក Maduro វ័យ ៥៥ ឆ្នាំ ដែល​ជា​អតីត​អ្នក​បើក​រថយន្ត​ក្រុង​រូប​នេះ ត្រូវ​គេ​រំពឹង​ថា​នឹង​ឈ្នះ​ការ​បោះ​ឆ្នោត​នេះ ទោះបីជា​មាន​វិបត្តិ​ធ្ងន់ធ្ងរ​កើត​ឡើង​នៅ​ក្នុង​ប្រទេស​វេណេស៊ុយអេឡា ដែល​ធ្វើ​ឲ្យ​មាន​កង្វះ​ខាត​ស្បៀង​អាហារ និង​ការ​កើន​ឡើង​នូវ​អតិផរណា ស្រប​ពេល​ដែល​ការ​ផលិត​ប្រេង​ធ្លាក់ចុះ​នៅ​ក្នុង​ប្រទេស​ផលិត​ប្រេង​ដ៏​ចម្បង​មួយ​នេះ​នៅ​ក្នុង​ពិភពលោក​ក៏​ដោយ។

អតីត​អភិបាល​រដ្ឋ​លោក Henri Falcon គឺ​ជា​គូ​ប្រជែង​ដ៏​ចម្បង​បំផុត​របស់​លោក Maduro ប៉ុន្តែ​ឱកាស​របស់​លោក​ត្រូវ​បាន​ប៉ះពាល់​ដោយសារតែ​វត្តមាន​របស់​បេក្ខជន​ប្រឆាំង​នឹង​លោក Maduro មួយ​រូប​ទៀត​ដែល​បាន​ចូលរួម​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នេះ​ដែល​នោះ​គឺ​លោក Javier Bertucci។

ប្រសិនបើ​លោក Maduro ទទួល​បាន​ជ័យជំនះ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នេះ រដ្ឋាភិបាល​របស់​លោក​នឹង​ទទួល​រង​ការ​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត ដែល​ក្នុង​នោះ​មាន​ទាំង​ទណ្ឌកម្ម​លើ​ប្រេង​ផង​ដែរ ពី​សំណាក់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក និង​រង​ការ​រិះគន់​ពី​សំណាក់​សហភាព​អឺរ៉ុប និង​បណ្ដា​ប្រទេស​នៅ​តំបន់​អាមេរិក​ឡាទីន​ផង​ដែរ។

លោក Maduro បាន​និយាយ​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​ថា លោក​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​គម្រោង​សម្ងាត់​បែប «ចក្រពត្តិ​និយម» របស់​សហរដ្ឋ​អាមេរិក ដែល​ចង់​បំផ្លាញ​របប​សង្គម​និយម និង​គ្រប់គ្រង​លើ​ធនធាន​ប្រេង​របស់​ប្រទេស​វេណេស៊ុយអេឡា៕

XS
SM
MD
LG