វ៉ាស៊ីនតោន៖ អស់រយៈពេលជាច្រើនឆ្នាំមកហើយ លោកហ៊ូហ្គោ ឆាវេស ប្រធានាធិបតីនៃប្រទេសវេណេហ៊្សូអេឡា បានពិពណ៌នាកម្មវិធីរបស់លោកស្តីអំពីការជំរុញការគ្រប់គ្រងរដ្ឋលើសេដ្ឋកិច្ចថា ជា«លទ្ធិសង្គមនិយមសតវត្សរ៍ទី២១»។ លោកប្រធានាធិបតីមិនបានពន្យល់ឲ្យបានច្បាស់ អំពីថាតើលទ្ធិសង្គមនិយមប្រភេទនេះខុសប្លែកពីបទពិសោធន៍លទ្ធិសង្គមនិយមក្នុងសតវត្សរ៍ទី២០ នៅក្នុងប្រទេសផ្សេងទៀត ឬខុសប្លែកពីលទិ្ធម៉ាក្សស៊ីសនិយមពីមុនយ៉ាងដូចម្តេចខ្លះនោះទេ។
ពេលសាកសួរប្រជាពលរដ្ឋវេណេហ៊្សូអេឡា(Venezuela) អំពីនិយមន័យនៃពាក្យលទ្ធិសង្គមនិយមសតវត្សរ៍ទី២១ អ្នកខ្លះគ្មានវាចារ។ នេះជាសម្តីរបស់អ្នកចូលនិវត្តន៍ពីរនាក់ ដែលម្នាក់មកពីសង្កាត់អ្នកមាននៅក្នុងទីក្រុងការ៉ាកាស (Caracas) ហើយម្នាក់ទៀតមកពីស្រុកក្រីក្រមួយ។
«ខ្ញុំពិតជាមិនដឹងអំពីលទ្ធិសង្គមនិយមរបស់គាត់ជាអ្វីទេ។ ខ្ញុំមិនយល់ទេ។ វាប្រាកដជាអ្វីដែលលោកបានបង្កើតឡើងហើយ»។
«ខ្ញុំមិនយល់ពាក្យនេះច្បាស់ទេ។ ខ្ញុំដឹងថា វាជួយខ្ញុំ។ អ្នកខ្លះនិយាយថា លទ្ធិសង្គមនិយមមានន័យថា ជំនួយ ការការពារ គឺបែបនេះឯង»។
លោកប្រធានាធិបតី ឆាវេស បានកំណត់និយមន័យកម្មវិធីរបស់លោកជាពាក្យទូទៅ។ លោកថ្លែងដូច្នេះថា៖
«ប្រទេសនេះជាកម្មសិទ្ធិរបស់អ្នកទាំងអស់គ្នា។ វាជាទ្រព្យសម្បតិ្តរបស់អ្នកទាំងអស់គ្នា។ ហើយទ្រព្យសម្បតិ្តនេះត្រូវតែបែងចែកឲ្យបានស្មើៗគ្នា និងក្នុងភាពសុខដុមរមនា»។
លោកប្រធានាធិបតីភ្ជាប់ឧត្តមគតិនៃលទ្ធិសង្គមនិយមរបស់លោកទៅនឹងសាសនាគ្រិស្គ។ លោកបន្តថា៖
«ព្រះយេស៊ូគ្រិស្តយកចិត្តទុកដាក់ចំពោះអ្នកក្រ មិនមែនអ្នកមានទេ។ ព្រះយេស៊ូគ្រិស្តមានបន្ទូលថា «អ្នកមានម្នាក់ដើរចូលទៅក្នុងអាណាចក្រនៃឋានសួគិ៍លោកិយពិបាកជាងសត្វអូដ្ឋមួយក្បាលដើរចូលតាមគូទម្ជុលទៅទៀត។ អ្នកក្រត្រូវបានព្រះប្រទានពរ»។
ក្នុងចំណោមប្រជាពលរដ្ឋវេណេហ៊្សូអេឡាដែលនិយាយថា ពួកគេយល់អំពីអត្ថន័យនៃលទ្ធិសង្គមនិយមសតវត្សរ៍ទី២១ ភាគច្រើនកំណត់និយមន័យនៃពាក្យនេះ ស្របទៅតាមជំនឿនយោបាយផ្ទាល់ខ្លួនឯងតែប៉ុណ្ណោះ។ មេចុងភៅម្នាក់នៅក្នុងទីក្រុងការ៉ាកាសយល់ឃើញពាក្យនេះក្នុងផ្លូវវិជ្ជមាន។ ចុងភៅម្នាក់នោះថ្លែងថា៖
«ការរកចំណូលបានស្មើគ្នា គឺធ្វើឲ្យមនុស្សគ្រប់គ្នារស់នៅក្នុងកម្រិតជីវភាពដូចគ្នា។ រស់នៅយ៉ាងស្រួលដោយមានទ្រព្យសម្បតិ្តបែងចែកស្មើៗគ្នា ក្នុងចំណោមប្រជាពលរដ្ឋ»។
ប៉ុន្តែ ឡេស្លី ខុនត្រេរ៉ាស (Leslie Contreras) ដែលជាអ្នកច្នៃម៉ូតសម្លៀកបំពាក់ និយាយមិនល្អអំពីទស្សនៈនេះ។ គាត់និយាយដូច្នេះថា៖
«លទ្ធិសង្គមនិយមសតវត្សរ៍ទី២១ គឺជារបៀបនិយាយល្អមួយអំពីលទ្ធិកុម្មុយនីស្ត។ រឿងនោះគឺអញ្ជឹងហើយ។ មនុស្សគ្រប់គ្នា ទីបំផុត មានភាពដូចៗគ្នា។ អ្នកមានចាកចេញ ហើយពួកវណ្ណៈកណ្តាលកាន់តែក្រីក្រថែមទៀត»។
លោកប្រធានាធិបតី ឆាវេស មានចេតនាធ្វើឲ្យមានភាពស្រពេចស្រពិល ក្នុងការកំណត់និយមន័យពាក្យនេះ ដោយអនុញ្ញាតឲ្យលោកកែខៃទស្សនៈនេះ ដើម្បីឲ្យសមស្របទៅតាមសេចក្តីត្រូវការខាងវោហាសាស្ត្រនាពេលឥឡូវ។ អ្នកវិភាគនយោបាយ លោក ល្វីស វីស្សិន ឡេអុន (Luis Vicente Leon) បាននិយាយបន្ថែមថា ប្រជាពលរដ្ឋវេណេហ៊្សូអេឡាមួយចំនួនតូចចំណាយពេលសញ្ជឹងគិតអំពីពាក្យនយោបាយនេះ លុះត្រាតែពួកគេទទួលបានប្រយោជន៍។ លោកមានប្រសាសន៍ថា៖
«តើប្រជាពលរដ្ឋវេណេហ៊្សូអេឡាខ្វាយខ្វល់អំពីអ្វី? នោះគឺថា ពួកគេមានអាហារ ការថែទាំសុខភាព និងសេវាកម្មផ្សេងៗ។ ពួកគេមិនខ្វល់ថាតើ អ្វីៗទាំងអស់នេះបានមកយ៉ាងដូចម្តេចទេ គឺគ្រាន់តែដឹងថា ពួកគេបានទទួលជាការសេ្រច»។
នៅក្នុងសង្កាត់មួយ ដែលរដ្ឋាភិបាលផ្តល់ឲ្យនូវគ្លីនិកថែទាំធ្មេញមិនយកកម្រៃមួយ អ្នកគាំទ្រលោកឆាវេសកត់សម្គាល់ថា លទ្ធិសង្គមនិយមសតវត្សរ៍ទី២១នេះ ស្ថិតនៅភាពក្មេងខ្ចីនៅឡើយ។ ពួកគេនិយាយថា៖
«វាជាកិច្ចការមួយដែលកំពុងវិវត្ត។ យើងស្ថិតនៅលើមាគ៌ាឆ្ពោះទៅរកលទ្ធិសង្គមនិយម ទៅរកសមភាពទូលំទូលាយជាងមុន ក្នុងចំណោមពលរដ្ឋវេណេហ៊្សូអេឡា»។
ប៉ុន្តែលោកសេដ្ឋវិទូ អ័រឡិនដូ អូឆាវ (Orlando Ochoa) មានប្រសាសន៍ថា ពេលវេលាដែលទស្សនៈនេះទទួលបរាជ័យទាំងស្រុងនឹងចូលមកដល់។ លោកបន្តថា៖
«លទ្ធិសង្គមនិយមសតវត្សរ៍ទី២១ដែលផ្តល់ហិរញ្ញវត្ថុដោយប្រាក់ដែលបានមកពីប្រេង ជាការប៉ុនប៉ងធ្វើឲ្យរស់ឡើងវិញនូវលទ្ធិសង្គមនិយមម៉ាក្សស៊ីសក្នុងសតវត្សរ៍ទី២០។ តាមរបៀបដែលរដ្ឋាភិបាលបង្ហាញ អ្នកខ្លះចាត់ទុកការធ្វើបែបនេះ ថាមានលក្ខណៈមនុស្សធម៌និយម កិច្ចសហការណ៍ និងការវិនិយោគខាងសង្គម។ ភាពខុសគ្នាយ៉ាងខ្លាំងរវាងការពិត និងទស្សនៈនឹងត្រូវតភ្ជាប់មកវិញ»។
រហូតដល់ពេលនោះ មិនថានរណាអាចកំណត់និយមន័យនៃពាក្យនេះបានឬក៏អត់នោះទេ ពាក្យនេះនៅតែពាក្យដ៏សំខាន់សម្រាប់នយោបាយប្រចាំថ្ងៃរបស់ប្រទេសវេណេហ៊្សូអេឡា៕
ប្រែសម្រួលដោយលី សុខឃាង